October 26, 2015

« បណ្ណសារស្ថិតក្នុងគ្រោះថ្នាក់ ៖ ការពារអត្តសញ្ញាណសាកលលោក – ការចងចាំឥណ្ឌូចិន »

ទិវាបេតិក​ភណ្ឌ​សោតទស្សន៍​ពិភពលោក​របស់​អង្គការ​យូណេស្កូ – ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ២០១៥ មជ្ឈ​មណ្ឌល​បុប្ផាណា សហការ​ជាមួយ វិទ្យាស្ថាន​បារាំង និង​មជ្ឈមណ្ឌល​ខេមរ​សិក្សា ដើម្បី​ប្រារព្ធ​ព្រឹត្តិការណ៍ មួយ​សប្ដាហ៍​នៃការ​បញ្ចាំង​ខ្សែ​ភាពយន្ដ

ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក អង្គការយូណេស្កូ បាន​ចាត់​ទុក​ថ្ងៃទី២៧ តុលា ជា​ថ្ងៃ​នៃ​ទិវា​បេតិកភណ្ឌ​សោតទស្សន៍​ពិភពលោក ដើម្បី​រម្លឹក​ឡើង​វិញ​ដល់​ពិភពលោក​នូវ​ការ​ងារ​របស់​ស្ថាប័ន​បណ្ណសារ ដែលជាឱកាស​​នៃ​ការ​បង្ហាញ​នូវ​ការ​ងារ​របស់​ពួកគេ ក៏​ដូច​ជា​ប្រារព្ធ​ទិវា​បេតិកភណ្ឌ​សោតទស្សន៍​ពិភពលោក។ក្នុង​រយៈ​ពេល​មួយ​ សប្ដាហ៍ មជ្ឈ​មណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា និង​វិទ្យាស្ថាន​បារាំង​ប្រចាំ​នៅ​កម្ពុជា​ សហ​ការ​ធ្វើ​ការ​បញ្ចាំង​ភាពយន្ដ​ដ៏​កម្រ​ស្ដីពី​ឥណ្ឌូចិន ជូន​សាធារណ​ជនទស្សនា ដែល​ថ្មីៗ​នេះត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ដោយ​មជ្ឈ​មណ្ឌល​ជាតិ​ភាព​យន្ដ​ បារាំង និង គំនូរ​ជីវចល ជា​លើក​ទីមួយ​នៅកម្ពុជា។
ភាពយន្ដ​ដែល​នឹង​ចាក់​បញ្ចាំង​ទាំងអស់ គឺ​ក្នុង​គោល​បំនង​ចែក​រំលែក​ប្រវត្តិ​សាស្រ្ដ និង ការ​ចងចាំ​នៃ​ប្រជាជន​នៅ​ឥណ្ឌូចិន ហើយ​លើស​ពី​នេះ គឺ​លើក​ឡើង​អំពី​បញ្ហា​អត្តសញ្ញាណ​របស់​ប្រជាជន ដែល​រស់​នៅ​ក្រោម​អំណាច​អាណានិគម។
ការ​បញ្ចាំង​ភាពយន្ដ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​បើក​ទិវា​បេតិកភណ្ឌ​សោត​ទស្សន៍​ពិភព​លោក និង​មាន​រយៈ​ពេល​ពេញ​មួយ​សប្ដាហ៍។
នៅ​ថ្ងៃ​ទី២៧ តុលា ដែល​ជា​ថ្ងៃ​ការ​បើក​សម្ភោធ​នៃ​ការ​ចាក់​បញ្ចាំង​ភាពយន្ត មជ្ឈ​មណ្ឌល​បុប្ផាណា នឹង​ស្វាគមន៍ លោក ហង់រី ឡូកា អម​ដោយ​បាឋកថា​ស្ដី​ពី​ឥណ្ឌូចិន។

នៅថ្ងៃទី៤ វិច្ឆិកា ជាថ្ងៃបិទការបញ្ចាំងភាពយន្ដ អមជាមួយនឹងបាឋកថា ដែលផ្ដល់ជូនដោយលោក ឃួន វិច្ឆិកា «បាត់ដំបងក្នុងបរិបទនៃការថមថយអំណាចរបស់បារាំងនៅឥណ្ឌូចិនក្នុងកំឡុងសង្រ្គាមលោកលើកទី២» ។