បុប្ផាណា​ ផ្កា​ដែល​ត្រូវ​គេ​កម្ទេច

បុប្ផាណា អាយុ​ ២៥ ​ឆ្នាំ នៅ​ពេល​​ដែល​​នាង​​ត្រូវ​​បាន​​សម្លាប់​​ដោយ​​ខ្មែរ​​​ក្រហម ហើយ​​សាក​​សព​​របស់​​នាង​​ត្រូវ​​បាន​​យក​​ទៅ​​បោះ​ចោល​​នៅ​​រណ្ដៅ​​ជើង​​ឯក ថ្ងៃ​ទី ​​១៨ ខែ​​មីនា ឆ្នាំ​​ ១៩៧៧ ដែល​​ជា​​ថ្ងៃ​​តែ​​មួយ​​ជា​​មួយ​​ស្វាមី​​នាង​​ឈ្មោះ លី ស៊ីថា។ រយៈ​ពេល ​​៥ ​​ខែ​មុន​​នោះ នាង​​ត្រូវ​​បាន​​គេ​​ធ្វើ​​ទារុណ​​កម្ម និង​​បន្សល់​​ទុក​​នូវ​​លិខិត​​សារ​​ភាព​​ទោស​​កំហុស​ ​លើស​​ពី ​​១ ​​ពាន់​​ទំព័រ។ នៅ​​ក្នុង​​នោះ​នាង​​បាន​​សារ​​ភាព​​ពី​ឪពុក​​របស់​​នាង ដែល​​ជា​​គ្រូ​​បង្រៀន និង​​ជា​​មេ​​ស្រុក ដែល​​ត្រូវ​​បាន​​គេ​​សម្លាប់​​នៅ​​ក្នុង​​ជំរំ​​ខ្មែរ​​ក្រហម។ នាង​ប្រាប់​​ពី​​ការ​​ដែល​​​នាង​​ត្រូវ​​ភៀស​​ខ្លួន​​ចេញ​​ពី​​ផ្ទះ និង​​ទៅ​​ជ្រក​​កោន​​នៅ​​ផ្ទះ​​បង​ស្រី​​ទាំង​​ពីរ​​របស់​​នាង ក្នុង​​ទី​រួម​​ខេត្ត​​កំពង់​ធំ។

Portrait de Bophana par le peintre Vann Nath. Visible au premier étage du centre.

នៅ​ទី​នោះ ទាហាន​​នៃ​​របប លន់ នល់ បោះ​​គ្រាប់​​បែក​​ដៃ​​នៅ​​ផ្ទះ​​របស់​​នាង និងចោទ​​ប្រកាន់​​នាង​​ថា ជា​​ជន​​ចំណូល​​ខ្មែរ​​ក្រហម ហើយ​​ក៏រំលោភ​នាង។ ពេល​មាន​ផ្ទៃ​ពោះ នាង​ព្យាយាម​សម្លាប់​ខ្លួន។ ប៉ុន្តែ​គ្រូ​ពេទ្យ​ជា​ច្រើន​ បាន​ជួយ​សង្គ្រោះ​នាង។ ក្នុង​ឆ្នាំ ​១៩៧១ នាង​ត្រឡប់​ទៅ​ទី​ក្រុង​ភ្នំពេញ​វិញ ជា​មួយ​បង​ស្រី​របស់​នាង ហើយក៏​សម្រាល​បាន​កូន​ប្រុស​មួយ។ ជា​ម្ដាយ​វ័យ​ក្មេង​ម្នាក់ គ្មាន​ស្វាមី នាង​ត្រូវ​បាន​សង្គម​មើល​ងាយ។ សម្រាប់​យុវតី​វ័យ​ក្មេង ​បុប្ផាណា ដែល​យក​ឈ្មោះ​ផ្កា​មក​ដាក់ ជីវិត​ប្រចាំ​ថ្ងៃ​របស់​នាង​គឺ​គ្រោត​គ្រាត។ សុភមង្គល​ដែល​មិន​ឋិត​ថេរ​យូរ​អង្វែង ឆ្លង​កាត់​នាង​ក្នុង​ឆ្នាំ​ ១៩៧៤ នៅ​ពេល​ដែល​នាង​ជួប​នឹង​បង​ជីដូន​មួយ​នាង ស៊ីថា ដែល​បួស​ជា​សង្ឃ នៅ​ក្នុង​ពិធី​បុណ្យ​ព្រះ​ពុទ្ធ​សាសនា​មួយ។ ពួក​គេ​បាន​ធំ​ធាត់​ជា​មួយ​គ្នា នាង​ស្រលាញ់​ស៊ីថា​យ៉ាង​ខ្លាំង។ នៅ​ពេល​ដែល​ខ្មែរ​ក្រហម​ចូល​មក​កាន់​កាប់​ទី​ក្រុង​ភ្នំ​ពេញ បុប្ផាណា​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដោយ​ប្ដូរ​ឈ្មោះ​ទៅ​ជា ​មុំ។ ស៊ីថា ក្លាយ​ជា​កម្មា​ភិបាល​បក្ស​កុម្មុយ​នីស្ត​របប​កម្ពុជា និង​ប្ដូរ​ឈ្មោះ​ថា ដេត បាន​ទៅ​ស្វែង​រក​នាង និង​រៀប​ការ​ក្នុង​ឆ្នាំ ​១៩៧៥។ ក្នុង​របប​កម្ពុជា​ប្រជាធិប​តេយ្យ ដែល​បដិ​សេធ​ការ​មាន​គ្រួសារ សេចក្ដី​ស្នេហា ជីវិត​ផ្ទាល់​ខ្លួន លិខិត​ដ៏​វែង​ ដែល​បុប្ផាណា​សរ​សេរ​ឱ្យទៅ​ស៊ីថា គឺ​ជា​ការ​បំពាន​យ៉ាង​ពេញ​ទំហឹង។ ពួក​គេ​បង្ហាញ​ពី​ភាព​ឆ្កួត​លីលា​នៃ​របប​នេះ និង​ការ​ចុះ​ថយ​នៃ​ស្ថាន​ភាព​ជា​គូ​សង្សារ។ នៅ​ក្នុង​សំបុត្រ​ទាំង​នោះ ​បុប្ផាណា​ប្រដូច​ខ្លួន​នឹង​នាង​សីតា ក្សត្រី​នៃ​ល្ខោន​ប្រជា​ប្រិយ​រឿង «រាមកេរ្តិ៍»។ ជាប់​នៅ​ក្នុង​ការ​ឃុំ​ឃាំង និង​ភាព​ស្មោះ​ស្ម័គ្រ​ចំពោះ​ស្វាមី សីតា​រង់​ចាំ​រហូត​ដល់​ស្វាមី​មក​រំដោះ​នាង។

«មិត្តភក្តិ​ខ្ញុំ​ប្រាប់​​ខ្ញុំថា ប្រជា​ជន​​ចាស់​​បញ្ជូន​​ខ្ញុំ​ទៅ​​លើក​ទំនប់ ព្រោះ​​ពួក​គេ​​មិន​​ចង់ឱ្យ​​ស្បែក​​ខ្ញុំ​​នៅ​ស»

“នៅ​ពេល​ដែល​នាង​ធ្វើ​ការ​រហូត​ដល់​អស់​កម្លាំង​នៅ​ក្នុង​ជំរំ​បដិវត្តន៍​ដ៏​ធំ​នោះ បុប្ផាណា​សរ​សេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ស្វាមី​របស់​នាង ៖ «គេ​នាំ​គ្នា​និយាយ​ថា​ សីតា គឺ​ជា​ពេស្យា​ចារនៅ​ទី​ក្រុង​ភ្នំពេញ។ […] បង​សម្លាញ់! នៅ​មាន​ពាក្យ​បង្កាច់​បង្ខូច​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឱ្យ​សី​តា​ឈឺ​ចាប់​យ៉ាង​ខ្លាំង និង​ធ្វើ​ឱ្យ​ទឹក​ភ្នែក​អូន​ហូរ​ស្រក់​ចុះ​មក។ មិត្ត​របស់​អូន​និយាយ​ថា​ប្រជា​ជន​ចាស់​បញ្ជូន​ខ្ញុំទៅ​លើក​ទំនប់ ព្រោះ​គេ​មិន​ចង់​ខ្ញុំនៅ​មាន​ស្បែក​សរ​លោង គេ​ត្រូវ​ប្រើ​ខ្ញុំ​ឱ្យធ្វើ​ការ។ […] សីតា​ដឹង​ថា​បង​មាន​ការ​មមា​ញឹក​ខ្លាំង​ណាស់​ជា​មួយ ​«អង្គការ»។ ប៉ុន្តែ​មួយ​ថ្ងៃ​ដែល​សីតា​រស់​នៅ​បារាយណ៍​ ហាក់​ដូច​ជា​មួយ​ឆ្នាំ​នៃ​ជីវិត​របស់​សីតា»។

«ថ្ងៃ​ណា​មួយ ខ្ញុំ​​ប្រាកដ​​ជា​​ធ្លាក់​​​ជា​​ជន​​រង​គ្រោះ​​របស់​​សត្រូវ​​យើង​​នៅ​​ទី​នេះ​មិន​ខាន»

នាង​ធ្លាក់​ខ្លួន​ឈឺ។ នាង​ទទួល​បាន​ការ​ព្យាបាល​ដ៏​គ្មាន​វិជ្ជា​ជីវៈ។ នាង​ព្យាយាម​សម្លាប់​ខ្លួន និង​រលូត​កូន​ក្នុង​ពេល​ដែល​នាង​រង់​ចាំ​ស៊ីថា។ ស៊ីថា​ ក៏​មាន​ការ​ឈឺ​ចាប់​ដូច​នាង​ដែរ។ ស៊ីថា បាន​ហៅ​ប្រពន្ធ​របស់​គេ​ថា «ស្ត្រី​ពោរ​ពេញ​ដោយ​ទុក្ខ​ព្រួយ»។ «បើបង​ក្លាយ​ជា​ខ្មោច អូន​អាច​ធ្វើអ្វី​ក៏​បាន​ដែរ! បង​ស្គាល់​តែ​សមុទ្រ​ទឹក​ភ្នែក​ម្យ៉ាង​គត់​នៃ​អូន ដូច​ជា​អូន​បាន​ស្គាល់​ភ្នំ​ភ្លើង​នៃ​ជីវិត​បង​ដូច្នោះ​ដែរ។ សីតា ជា​ទី​ស្រលាញ់! ជឿ​ចិត្ត​បង​ចុះ​អូន​សម្លាញ់!» ស៊ីថា ឆ្លើយ​តប​មុន​​នឹង​​រៀប​រាប់​ពី Macbeth ឬ Paul និង Virginie។

ក្រោយ​មក សីតា បាន​ឆ្លើយ​តប៖ «ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​សត្រូវ​នៅ​ទីនេះ​ហើយ។ អូន​ចង់​ជម្រាប​​បង​ថា សព្វ​ថ្ងៃ​នេះ​អ្នក​ភូមិ​បារាយណ៍​ មាន​ការ​ភ័យ​ខ្លាច​ចំពោះ​អូន​ណាស់… មិត្ត​ភកិ្ត​ជិត​ស្និទ្ធ​របស់​អូន​លែង​ហ៊ាន​និយាយ​ស្ដី​ជា​មួយ​អូន​ដូច​មុន​ទៀត​ហើយ។ អូន​គ្មាន​ទេ​សេចក្ដី​សង្ឃឹម អូន​មិន​អាច​ប្រឆាំង​នឹង​វាសនា​ទេ​ ក្នុង​ការ​ជួប​បង ពីព្រោះ​ជីវិត​មាន​គោល​ដៅ ហើយ​នៅ​ពេល​ដែល​យើង​ទៅ​ដល់​ទី​បញ្ចប់​នៃ​ជីវិត យើង​ត្រូវ​ដឹង​ថា តើត្រូវ​បញ្ចប់​ជីវិត​នេះ​យ៉ាង​ដូច​ម្ដេច។ អូន​សូម​ឱបបង និង​ថើប​បង… ពី​បេះ​ដូង​ខ្ទេច​ខ្ទាំ​នៃ​ភរិយា ដែល​រង​ការ​ឈឺ​ចាប់… សីតា​ដេត»។