ជំពូក ២. សកម្មភាពបើកថ្នាក់ «ភ្លយ»

៣ ឆ្នាំ​ក្រោយមក កម្មវិធី «រថយន្ដ​តន្រ្ដីទិព្វខ្មែរ» បាន​ក្លាយជា​កម្មវិធី​របស់​អង្គការ​សិល្បៈខ្មែរអមតៈ និងបាន​ទទួល​ជំនួយ​ពីស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។ ដោយ​មិនភ្លេច​ពាក្យសន្យា យើង​ក៏បាន​ចុះទៅ​តំប​ន់​អារ៉ែង​ម្ដងទៀត តែយើង​មាន​អារម្មណ៍ថា វាហាក់​ដូចជា​យឺតពេល​បន្តិច​សម្រាប់​លោកតា​ហើយ ព្រោះ​គាត់មាន​អាយុជាង​៨០ឆ្នាំទៅហើយ។ ជាបច្ច័យល្អ ពេលនោះ ផ្លូវធ្វើដំណើរ​មាន​សភាព​ល្អប្រសើរ​ជាងមុនឆ្ងាយ មិនលំបាក​ដូចមុនទេ តែក៏នៅ​មាន​បញ្ហា​ខ្លះៗ​ដែរដូចជា​ទឹកហូរ​កាត់ផ្លូវ ពិបាក​ឆ្លងកាត់ ជាដើម។ នៅពេលនោះ ពួកយើង​ចេញពី​ភ្នំពេញ​នៅម៉ោង​៧ព្រឹក ហើយយើង​ក៏បាន​ទៅដល់​អារ៉ែង​នៅម៉ោង៥ ឬ ៥កន្លះ​ល្ងាច តែពួកយើង​នៅមិនទាន់​ទៅដល់​ទីតាំងផ្ទះ​លោកតា​នៅឡើយ។ យើង​នៅតែ​មានការលំបាក​ក្នុងការ​ចម្លង​មនុស្ស និង​ម៉ូតូ ដើម្បី​ឆ្លងកាត់​ទឹក​នៅទីនោះ។

Phloy 2.1

យប់ទៅហើយ ទើបយើង​ទៅដល់​សហគមន៍​អេកូ​ទេសចរណ៍​អារ៉ែង។ គឺ​សហគមន៍​អេកូទេសចរណ៍​នេះហើយ​ដែលបាន​ជួយ​សម្របសម្រួល​ពួកយើង​ក្នុងការ​បើកថ្នាក់​ឧបករណ៍ភ្លយ​នៅទីនោះ។ យើងក៏បាន​ទៅជួប​លោកមេឃុំ​នៅក្នុង​តំបន់​អារ៉ែង ព្រមទាំង​ក្រុមការងារ​របស់​សហគមន៍ ដោយយើង​បាន​ប្រជុំគ្នា​អំពីការ​បង្កើត​ថ្នាក់រៀន​ឧបករណ៍​ភ្លយ។

Phloy 2.2  Phloy 2.3

ជាលទ្ធផល យើងបាន​បង្កើត​ថ្នាក់​នេះ​ដោយ​ជោគជ័យ ហើយ​ជាមួយគ្នា​នោះដែរ យើងក៏បាន​យក​ផ្ទាំងស្លាក​អំពី​ការបង្កើត​ថ្នាក់​ភ្លយ​នេះទៅដាក់​នៅផ្ទះ​របស់​លោកតា​ទៀតផង ដោយយើង​មានសិស្ស​៣នាក់​បានចូលរួម​ជាមួយ​ពួកយើង។ ក្នុងនោះ​មាន​សិស្សស្រី​ពីរនាក់ ៖ ទិត្យ នីន និង ទិត្យ គឿន និង​សិស្សប្រុស​ម្នាក់ ៖ ព្រំ ចិន។ លោកតា​បាន​បង្រៀន​ពួកគេ​អំពី​ការផ្លុំភ្លយ ដោយ​ប្រើប្រាស់​បទភ្លេង​ដែលមាន​ចំនួន​តិចតួច​បំផុត។ ចំណុចនេះ​គឺដោយសារ​លោកតា​មានអាយុ​ច្រើន ដង្ហើម​ខ្លី ដូច្នេះ​លោកតា​មិនអាច​បង្ហាត់​ឱ្យបាន​ច្រើនបទ ឬច្រើនបែប​នោះឡើយ។ យើង​សប្បាយចិត្ត​ជានិច្ច ដោយសារ​លោកយាយ​តែងតែ​នៅក្បែរ​ប្ដីរបស់​គាត់ និង​ជួយជំរុញ​លើកទឹកចិត្ត​លោកតា​ឱ្យបង្រៀន​ដល់សិស្ស​ទាំង៣នាក់​នោះ។

Phloy 2.4 Phloy 2.5 Phloy 2.6
Phloy 2.10  Phloy 2.7
Phloy 2.9

ក្រៅពីការ​បង្រៀន​ផ្លុំភ្លយ លោកតា​ក៏បាន​បង្រៀន​ពីការ​ធ្វើ​ឧបករណ៍ភ្លយ​ទៀតផង។ យើងក៏បាន​ដឹងដែរថា មុនពេល​លោកតា​ចេះផ្លុំ​ឧបករណ៍នេះ គឺលោកតា​ចេះធ្វើ​ឧបករណ៍នេះ​ដោយហាត់រៀន​ពីជីតា​របស់គាត់ ហើយ​ការរៀន​ផ្លុំ​នៅពេលនោះ ​គឺត្រូវប្រើ​ស្មារតី​ចងចាំ​ទាំងស្រុង ដោយពុំមាន​ការហាត់រៀន​ដោយប្រើ​អក្សរភ្លេង​អ្វីនោះ​ឡើយ។ ការរៀននេះ​គឺត្រូវប្រើ​ភ្នែក​មើល និង​ត្រចៀក​ស្ដាប់ ទើបអាច​ចេះចាំ​រហូត​មកដល់​សព្វថ្ងៃ។

ចំណែក​សិស្សទាំង​៣រូបវិញ សម្រាប់​សិស្សស្រី​ទាំង២នាក់​គឺមានផ្ទះ​នៅជិត​លោកតា​បន្តិច ចំណែកឯ​សិស្សប្រុស​មានផ្ទះ​នៅឆ្ងាយ​ពីលោកតា​ប្រហែលជា ៣០ ឬ ៤០ គីឡូម៉ែត្រ។ ដូច្នោះហើយ វាជារឿង​ពិបាក​សម្រាប់​ពួកគាត់​ក្នុងការមក​ហាត់រៀន​ពីលោកតា។ តែទោះជា​យ៉ាងណា ខាងឃុំ សហគមន៍ និង​ប្រជាជន​នៅទីនោះ​នៅតែ​ជួយ​សម្របសម្រួល​ដល់ពួកគាត់​ដើម្បី​បានមករៀន​បន្ដ​ចំណេះដឹង​ពីលោកតា។

Phloy 2.11  Phloy 2.12

លោកតា ឌួង ញឹក មាន​អារម្មណ៍​សប្បាយចិត្ត​ណាស់ នៅពេល​យើងបាន​បង្កើតថ្នាក់​ឧបករណ៍ភ្លយ ហើយ​គាត់នៅ​រង់ចាំ​ពួកយើង​មិនដែល​ភ្លេច។ គាត់ប្រាប់ថា គាត់នៅ​​ចងចាំ​ខ្ញុំ មិនដែល​ភ្លេចឡើយ។ ហើយ​ប្រពន្ធគាត់​ក៏និយាយ​ដូចគ្នា​ដែរ។

បើទោះ​ជាយូរ ក៏ខ្ញុំ​នៅតែ​វិលត្រឡប់​មកជួប​លោកតា​វិញ​ឱ្យទាល់តែ​បាន ព្រោះ​សព្វថ្ងៃ​មានតែ​លោកតា​ប៉ុណ្ណោះ​ដែលចេះផ្លុំ និងចេះ​ធ្វើឧបករណ៍​ភ្លយ។

Phloy 2.8

• ជំពូក ៣. សកម្មភាពជាមួយ “ភ្លយ” នៅក្នុងភូមិ »
• ជំពូក ៤. សកម្មភាពជាមួយ “ភ្លយ” ពេលចេញពីភូមិ »
• ជំពូក ៥. សំឡេង “ភ្លយ” »
• ត្រឡប់ទៅទំព័រដើមនៃពិព័រណ៍ “សំឡេងភ្លយ” »
• ជំពូក ១. ការស្វែងរក “ភ្លយ” ដ៏លំបាក »