• ភាពយន្ត​ថ្ងៃសៅរ៍​

    ភាពយន្តថ្ងៃសៅរ៍ គឺជា​​​កម្ម​​វិធី​​បញ្ចាំង​​ភាព​​យន្ត​​ប្រចាំ​​សប្ដាហ៍ ក្នុង​​គោល​​បំណង​ឱ្យ​​សាធារណ​ជន បាន​​ស្គាល់​​ពី​​ភាព​​យន្ត​​នៅ​​​ក្នុង​មូល​​ដ្ឋាន​​​ទិន្ន​​ន័យ​​​ហនុ​មាន ​​នៃ​​​ផ្នែក​​បណ្ណសារ​​របស់​​យើង ក៏​​ដូច​​ជា​​​សមុច្ច័យ​​​ឯក​​​ជន​​​មួយ​​​ចំនួន។ ការ​​​​​​បញ្ចាំង​​​​​ភាព​​​​យន្ត ​គឺ​​​​​ដោយ​​​​ឥត​គិត​​​​​ថ្លៃ នឹង​​​​ប្រព្រឹត្ត​​​ទៅ​​ជា​​រៀង​​រាល់​​ថ្ងៃ​​សៅរ៍ ម៉ោង​​៥​​ល្ងាច ក្នុង​​​សាល​​​បញ្ចាំង​​​ភាព​​យន្ត​​​នៃ​​​មជ្ឈ​​​មណ្ឌល​​​បុប្ផាណា។ សមិទ្ធិករ​ភាព​យន្ត​​​នានា​ តែង​​​ត្រូវ​​​បាន​​​អញ្ជើញ​​​មក ដើម្បី​​​ជួប​​​ជា​​​មួយ​​​សាធារណជន។

  • ក្លឹប​ភាពយន្ត​

    ក្លឹប​ភាព​យន្ត ផ្ដល់​​ឱ្យ​​យុវ​​ជន​​ខ្មែរ​ ដែល​​មាន​​ចំណាប់​​អារម្មណ៍​​ លើ​​វិស័យ​​ភាព​​យន្ត​ ដើម្បី​ស្វែង​យល់​រាល់​ពីរ​សប្ដាហ៍​ម្ដង នូវ​ភាពយន្ត​​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ផលិត​ នៅ​ជុំ​វិញ​ពិភព​លោក។ ក្រោម​ការ​ធ្វើ​បទ​បង្ហាញ ​ដោយ​ភ្ញៀវ​កិត្តិ​យស​ម្នាក់ ក្លឹប​ភាពយន្ត​គឺ​ជា​ឱកាស​នៃ​ការ​ពិភាក្សា និង​ផ្លាស់​ប្ដូរ​គំនិត​យោបល់។ ក្លឹប​ភាព​យន្ត​រៀប​ចំ​ផង​ដែរ នូវ​ការ​អនុវត្ត​ការ​បណ្ដុះ​បណ្ដាល​ជាក់​ស្ដែង នៅ​ក្នុង​អាជីព​ភាព​យន្ត ឧទាហរណ៍​ដូចជា​ ការ​សរ​សេរ​អត្ថ​បទ​ភាព​យន្ត​ជា​ដើម។

  • បាឋកថា

    បាឋកថារបស់យើងធ្វើឡើង ផ្ដោតលើប្រធានប្រវត្តិសាស្ត្រ វប្បធម៌ ស្ថាបត្យកម្ម ប្រពៃណី និង​បញ្ហា​​​ប្រឈម​​​របស់​​​ប្រទេស​​​កម្ពុជា​នា​​​សម័យ​​បច្ចុប្បន្ន។ បាឋកថា ​ទាំង​​នេះ​​ក៏​​មាន​​​​រួម​​ទាំង​​​ការ​​​វិភាគ​​លើ​​​រូប​​ភាព និង​អាជីព​​​ផ្នែក​​​ភាព​​យន្ត​​​ផង​​ដែរ។

  • ពិព័រណ៍​

    ពិព័រណ៍​របស់​យើង គឺ​ដក​ស្រង់​ចេញ​ពី​សមុច្ច័យ​របស់​យើង។ នោះ​ក៏​ជា​ឱកាស​ចែក​រំលែក​ការ​ឆ្លុះ បញ្ចាំង​លក្ខណៈ​សិល្បៈ​នូវ​អតីត​កាល​កាន់​តែ​ទូលំ​ទូលាយ​ អំពី​បញ្ហា​សង្គម និង​ប្រវត្តិ​សាស្ត្រ។ លើស​ពី​ការ​ធ្វើ​ពិព័រណ៍ យើង​តែង​រៀប​ចំ​ការ​​បញ្ចាំង​​ភាព​យន្ត និង​បាឋកថា​ពិសេសៗ​នានា។

  • រំឭក

    រំឭក ជាកម្មវិធីសហការដោយមជ្ឈមណ្ឌលធនធាន​សោតទស្សន៍​បុប្ផាណា និង អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែល​នាំ​មក​ជូន​ដោយ មហោ​ស្រព​រដូវ​កាល​សិល្បៈ​ខ្មែរ (Season of Cambodia)។ស្ថាប័ន​​សិល្បៈ​​ពីរ ​ដែល​​នាំ​​មុខ​​គេ​​នៅ​​ក្នុង​​ទី​​ក្រុង​​ភ្នំពេញ​​ បាន​សហ​ការ​​គ្នា​​ក្នុង​​គោល​បំណង​​រៀប​​ចំ​​កម្ម​​វិធី​​មនុស្ស​​ធម៌​ ដែល​​នឹង​​បង្កើត​​ជា​​ការ​​ត្រិះ​​រិះ​​ស្វែង​​យល់​​ពី​​ខួប​​ទី​​៤០​ឆ្នាំ​ នៃ​​ការ​​ដួល​​រលំ​ក្រុង​​ភ្នំពេញ​​ចូល​​ក្នុង​​ដៃ​​ខ្មែរ​ក្រហម។ កម្ម​វិធី​ រំឭក ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ពុធ ទី០៨ ខែ​មេសា ឆ្នាំ​២០១៥ រហូត​​ដល់​​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​​២០១៥​ ដោយ​​មាន​​ព្រឹត្តិ​ការណ៍​​បើក​​កម្ម​វិធី​ ដែល​​ប្រព្រឹត្ត​ក្នុង​​ទី​ក្រុង​​ភ្នំពេញ នៅ​​មជ្ឈ​មណ្ឌល​ធន​ធាន​សោត​ទស្សន៍​បុប្ផាណា។

  • ការបញ្ចាំងភាពយន្តចល័ត

    យើងបានចាប់​ផ្ដើមបញ្ចាំងភាពយន្តចល័ត នៅ​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​​ឆ្នាំ​២០០៨ ដើម្បី​​ធ្វើ​​ឱ្យ​​អ្នក​​ដែល​​មិន​ទាន់​​មាន​​ឱកាស​​ទស្សនា បាន​​ទស្សនា​​ឯក​សារ​ចង​ចាំ​​ទាំង​នេះ។ ការ​​បញ្ចាំង​​ភាព​យន្ត ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​ទូ​ទៅ​នៅ​ក្នុង​ភូមិ ក្នុង​​ទី​ធ្លា​​សា​លា​រៀន ឬ​វត្ត​អារាម ដើម្បី​ទាក់​ទាញ​អ្នក​ភូមិ​គ្រប់​វ័យ​ទាំង​អស់។ ការ​ជ្រើស​រើស​ភាព​យន្ត​ ធ្វើ​ឡើង​ដោយ​ដៃ​គូ​សហការ​របស់​យើង និង​​ជា​មួយ​សហគមន៍​ផ្ទាល់ ហើយ​ការ​បញ្ចាំង​ភាព​យន្ត គឺ​ធ្វើ​ឡើង​រយះ​ពេល​ច្រើន​ម៉ោង។ ក្នុង​ឆ្នាំ​២០១៣ ប្រជា​ជន​​លើស​​ពី​​ ២៣​០០០​​នាក់​ បាន​ចូល​រួម​ទស្សនា​ការ​បញ្ចាំង​ភាព​យន្ត​ចល័ត​នេះ។

  • មហោស្រពភាពយន្ត CIFF

    នេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា​លើកទី៧ នឹង​បង្ហាញ​ខ្សែ​​ភាពយន្ត​ជាង​១៣០​រឿង នៅ​ក្នុង​រោង​ភាពយន្ត​ចំនួន៩ នា​ទី​ក្រុង​ភ្នំពេញ រយៈពេល​៦ថ្ងៃ​ជាប់​គ្នា គឺ​ចាប់​ពី​ថ្ងៃទី ៣ រហូត​ដល់​ថ្ងៃទី ៩ ខែ​មីនា ឆ្នាំ​២០១៧។ កម្មវិធី​នេះ​មិន​ត្រឹម​តែ​ជ្រើស​យក​ភាពយន្ត ដែល​ផលិត​នៅ​កម្ពុជា ឬ ភាពយន្ត​ដែល​ពាក់​ព័ន្ធ​នឹង​កម្ពុជា​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ភាពយន្ត​ជា​ច្រើន​មក​ពី​ជុំវិញ​ពិភព​លោក​ជាមួយ​នឹង​ទម្រង់​ផ្សេងៗ​គ្នា​​ដូចជា ខ្សែ​ភាពយន្ត​ប្រឌិត​ខ្នាត​វែង និង​ខ្នាត​​ខ្លី ខ្សែ​ភាពយន្ត​ឯកសារ និង​​គំនូរ​ជីវចល។ គោល​បំណង​សំខាន់​របស់​មហោ​ស្រព​ភាពយន្ត​នេះ គឺ​មិន​មែន​គ្រាន់​តែ​​បង្ហាញ​ពី​វប្បធម៌​ដទៃ និង​ការ​ផ្លាស់​ប្តូរ​គំនិត​មតិ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ផ្លូវ​មួយ​សម្រាប់​សមិទ្ធិករ​ភាពយន្ត​​វ័យ​​ក្មេង និង​​អ្នក​​មាន​​បទ​ពិសោធន៍​​ស្រាប់​ ក្នុង​​ការ​​បង្ហាញ​​ស្នាដៃ​​របស់​​ខ្លួន​ផង​ដែរ​។ ការ​បញ្ចាំង​ភាពយន្ត​​នឹង​ប្រព្រឹត្ត​​ឡើង​នៅ​តាម​រោង​កុន​ល្បីៗ​នា​ទី​ក្រុង​ភ្នំពេញ (Major Cineplex by CellCard, Platinum Cineplex, សាខា​ទាំង​បី​របស់ Legend Cinemas, សាល​សន្និសីទ​ចតុមុខ, វិទ្យាស្ថាន​បារាំង និង​មជ្ឈ​មណ្ឌល​បុប្ផាណា)។ ការ​ចាក់​បញ្ចាំង​ហាល​វាល​នឹង​មាន​នៅ​កោះ​ពេជ្រ។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ត្រូវ​បានរៀបចំ​ឡើង​ដោយ​ មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ និង​ទទួល​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា និង​មជ្ឈមណ្ឌល​បុប្ផាណា​តាំង​​ពី​​ឆ្នាំ​​២០១០​មក ហើយ​សព្វ​ថ្ងៃនេះ បាន​​ក្លាយ​ជា​វេទិកា​ភាពយន្ត​ដ៏​មាន​សារសំខាន់​បំផុត​មួយ​របស់​កម្ពុជា។

  • មហោស្រពការចងចាំ!

    “មហោស្រពបេតិកភណ្ឌ​ភាពយន្ត​អន្តរ​ជាតិ ការចងចាំ! គឺ​ជា​​ប្រភេទ​មហោ​ស្រព ដែល​​បង្ហាញ​​ពី​​បេតិ​កភណ្ឌ​​ភាពយន្ត​​​សាកល​លោក​​ ដំបូង​បង្អស់​​​ដែល​​ធ្វើ​​ឡើង​​នៅ​អាស៊ី។ គោលបំណងនៃ​មហោ​ស្រព គឺ​ថែ​រក្សា​ការ​ចង​ចាំ និង​ភាសា​សាកល​​របស់​​ភាព​យន្ត​ ព្រម​​ទាំង​​​អនុញ្ញាត​​ឲ្យ​​ទស្សនិក​ជន ​បាន​​ចូល​​ទៅ​​កាន់​​បេតិក​ភណ្ឌ​​របស់​​មនុស្ស​​ជាតិ​​ កាន់​​តែ​​ទូលំ​ទូលាយ​​ឡើង​ ខណៈ​ពេល​​ដែល​៩០%​​នៃ​​ភាពយន្ត ​ដែល​​ត្រូវ​​បាន​​ផលិត​នៅ​ជុំវិញ​ពិភព​លោក​មុន​ឆ្នាំ​១៩២៩ បាន​បាត់​បង់​​ទៅ​ហើយ​នោះ។ គោល​បំណង​របស់​មហោ​ស្រព ការចងចាំ! នេះ ក៏​ដើម្បីបង្ហាញ​ដល់​​សាធារណ​ជន​  ក៏​ដូច​ជា​អ្នក​ជំនាញ​​ផង​ដែរ​​ថា ឧស្សាហកម្ម​ភាពយន្ត​​មិន​អាច​​មាន​​ភាព​រស់​រវើក​បាន​​ទេ បើ​គ្មាន​បេតិកភណ្ឌ​ភាពយន្ត​​ចាស់ៗ​​ទេ​នោះ។ ជា​​ចុង​ក្រោយ​ បញ្ហា​​ប្រឈម​​​មួយ​ទៀត ​ដែល​​យើង​​ត្រូវ​​ប្រកួត​​ជា​មួយនោះ គឺ​ការ​បង្ហាញ​​​រូប​ភាព​នៅ​​លើ​​អេក្រង់​​ធំ​ នៅ​​សម័យ​​កាល​ឌីជីថល​ដូច​សព្វ​ថ្ងៃ ដើម្បី​​ឲ្យ​​ទស្សនិក​ជន​​ទទួល​​បាន​​បទ​ពិសោធន៍​ផ្នែក​​​សោភណ្ឌភាព​​សិល្បៈ​​ សំឡេង និង​​ពន្លឺ​​មួយ​​បែប​​ផ្សេង​​ទៀត ខុស​​ពី​​ការ​ទស្សនា​តាម​ទូរស័ព្ទ​ទំនើប ឬ​តាប្លែត។

  • សប្តាហ៍នៃភាពយន្តឥណ្ឌា លើកទី២

    សប្តាហ៍នៃភាពយន្តឥណ្ឌា​លើក​ទី​២​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ភ្នំពេញ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃទី ២២ ខែ មិថុនា រហូត​ដល់​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៦។ ជា​​​មួយ​​​​ភាព​យន្ត​​​ចំនួន ​១៤​​រឿង ដែល​​​រួម​​​មាន​​​រឿង​បែប​បុរាណ ​រឿង​បែប​សម័យ​​ និង​ខ្សែ​ភាព​យន្ត ដែល​ឈ្នះ​ពាន​រង្វាន់​ឥណ្ឌា នឹង​ចាក់​បញ្ចាំង​នៅ​សាល​មហោ​ស្រព​ចតុមុខ។ រឿង​ដែល​បាន​ជ្រើស​រើស ជា​ភាព​យន្ត​គួរ​ទី​ពេញ​និយម​របស់​ទស្សនិក​ជន និង​មាន​ទំនាក់​ទំនង​ជា​មួយ​គ្រួសារ ដែល​មាន​លក្ខណៈ​ជា​ភាព​យន្ត​កំប្លែង​ ភាព​យន្ត​មនោសញ្ចេតនា និង​ភាព​យន្ត​បូលីវូត។ មហោស្រព​ភាព​យន្ត​នេះ​ជា​គំនិត​ផ្តួច​ផ្តើម និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី នាយក​ដ្ឋាន​វប្បធម៌​នៃ​ស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​ប្រទេស​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ និង​ទទួល​រៀប​ចំ​ដោយ​អង្គការ​ពីរ​​គឺ មជ្ឈមណ្ឌល​បុប្ជាណា និង​មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​ជំនាញ និងទទួលការថតភាពយន្ត​នៅ​កម្ពុជា​(CFC) ដែល​ជា​ស្ថាប័ន​គាំទ្រ​វិស័យ​ភាព​យន្ត​នៅកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវ​បាន​គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា។ ចូលរួមទស្សនាដោយសេរី ! ទាញយកកម្មវិធី