មហោស្រពការចងចាំ!

“មហោស្រពបេតិកភណ្ឌ​ភាពយន្ត​អន្តរ​ជាតិ ការចងចាំ! គឺ​ជា​​ប្រភេទ​មហោ​ស្រព ដែល​​បង្ហាញ​​ពី​​បេតិ​កភណ្ឌ​​ភាពយន្ត​​​សាកល​លោក​​ ដំបូង​បង្អស់​​​ដែល​​ធ្វើ​​ឡើង​​នៅ​អាស៊ី។ គោលបំណងនៃ​មហោ​ស្រព គឺ​ថែ​រក្សា​ការ​ចង​ចាំ និង​ភាសា​សាកល​​របស់​​ភាព​យន្ត​ ព្រម​​ទាំង​​​អនុញ្ញាត​​ឲ្យ​​ទស្សនិក​ជន ​បាន​​ចូល​​ទៅ​​កាន់​​បេតិក​ភណ្ឌ​​របស់​​មនុស្ស​​ជាតិ​​ កាន់​​តែ​​ទូលំ​ទូលាយ​​ឡើង​ ខណៈ​ពេល​​ដែល​៩០%​​នៃ​​ភាពយន្ត ​ដែល​​ត្រូវ​​បាន​​ផលិត​នៅ​ជុំវិញ​ពិភព​លោក​មុន​ឆ្នាំ​១៩២៩ បាន​បាត់​បង់​​ទៅ​ហើយ​នោះ។ គោល​បំណង​របស់​មហោ​ស្រព ការចងចាំ! នេះ ក៏​ដើម្បីបង្ហាញ​ដល់​​សាធារណ​ជន​  ក៏​ដូច​ជា​អ្នក​ជំនាញ​​ផង​ដែរ​​ថា ឧស្សាហកម្ម​ភាពយន្ត​​មិន​អាច​​មាន​​ភាព​រស់​រវើក​បាន​​ទេ បើ​គ្មាន​បេតិកភណ្ឌ​ភាពយន្ត​​ចាស់ៗ​​ទេ​នោះ។ ជា​​ចុង​ក្រោយ​ បញ្ហា​​ប្រឈម​​​មួយ​ទៀត ​ដែល​​យើង​​ត្រូវ​​ប្រកួត​​ជា​មួយនោះ គឺ​ការ​បង្ហាញ​​​រូប​ភាព​នៅ​​លើ​​អេក្រង់​​ធំ​ នៅ​​សម័យ​​កាល​ឌីជីថល​ដូច​សព្វ​ថ្ងៃ ដើម្បី​​ឲ្យ​​ទស្សនិក​ជន​​ទទួល​​បាន​​បទ​ពិសោធន៍​ផ្នែក​​​សោភណ្ឌភាព​​សិល្បៈ​​ សំឡេង និង​​ពន្លឺ​​មួយ​​បែប​​ផ្សេង​​ទៀត ខុស​​ពី​​ការ​ទស្សនា​តាម​ទូរស័ព្ទ​ទំនើប ឬ​តាប្លែត។