ទិវាបេតិកភណ្ឌសោតទស្សន៍​ពិភព​លោក​២០១៧

មជ្ឈមណ្ឌលបុប្ផាណាមានក្ដីសោមនស្ស​ធ្វើការចាក់​បញ្ចាំង​នូវ​បណ្ណសារ​កម្រៗ ដែល​បណ្ណសារ​មួយ​ចំនួន​នៅ​ក្នុង​នោះ​ទើប​តែត្រូវបានរកឃើញមកវិញ កាលពីពេលថ្មីៗ​នេះ។ កម្មវិធី​ចាប់​ផ្ដើម​ចាប់ពី​ម៉ោង៥​ល្ងាច​តទៅ។ ចូលរួមដោយសេរី!

«របាំព្រះរាជទ្រព្យខ្មែរ»
អាមេរិក-កម្ពុជា/៨០នាទី/១៩៦៥/​ពណ៌ធម្មជាតិ/​ភាសាខ្មែរ និង​មាន​អក្សរ​អង់គ្លេស​រត់​ពីក្រោម។
ខ្សែភាពយន្តនេះគឺជាឯកសារដ៏កម្រមួយអំពីរបាំក្បាច់បុរាណខ្មែរនៅក្នុងវាំង។ ឈុត​ដំបូង​នៃ​​ខ្សែ​ភាពយន្ត​ឯកសារ​បង្ហាញ​ល្ខោន​របាំ​រឿង​ព្រះ​កេតុមាលា។ ឈុត​បន្ទាប់​មក​ទៀត​គឺ​បង្ហាញ​ពី​ការ​ហាត់​រៀន​ដ៏ល្អិត​ល្អន់ ការ​ធ្វើ​សម្លៀក​បំពាក់ ក្បាំងមុខ និង​គ្រឿង​អលង្ការ​ដ៏​ផ្ចិត​ផ្ចង់​សម្រាប់​​អ្នក​របាំ។ ភាពយន្ត​ឯកសារ​នេះ​ក៏​និយាយ​ផង​ដែរ​ពី​ពិធី​សែន​ព្រែន​ដល់​ទេវៈរបាំ គ្រូបាធ្យាយ ព្រលឹងក្បាំងមុខ និងឧបករណ៍តន្ត្រី។

«ក្រុងចាស់ដែលត្រូវគេបំភ្លេចចោល»
អូស្ត្រាលី/១០នាទី/១៩៥២/ពណ៌ធម្មជាតិ/ភាសាអង់គ្លេស
ខ្សែភាពយន្តនេះបង្ហាញពី​ការ​រក​ឃើញ​អង្គរ​ធំ​ដែល​​ជា​​ក្រុង​ដ៏​ធំ​មួយ​នៅឥណ្ឌូចិន និង​អរិយធម៌​ ព្រម​ទាំង​​ប្រាសាទ​បុរាណ​​នៃ​​ក្រុង​​ចាស់​មួយនេះ។

«អ៊ំ និងព្រំពីកម្ពុជា»
អូស្ត្រាលី/៨នាទី/១៩៦៥/សខ្មៅ/ភាសាអង់គ្លេស
ការប្រើ​ប្រាស់​ជីវិត​មួយ​​ថ្ងៃ​របស់​ក្មេង​ប្រុសកម្ពុជា​ពីរ​នាក់​នៅ​សម័យ​នោះ ៖ ទៅសាលារៀន លេងល្បែង​ប្រជាប្រិយ នៅផ្ទះ និង​ទៅដក​ស្ទូង​នៅស្រែ...

មជ្ឈមណ្ឌលបុប្ផាណាសូមថ្លែង​​អំណរគុណ​ដល់​មជ្ឈមណ្ឌល​រូបភាព​ជីវចល​អូស្រា្តលី ដែល​​បាន​ផ្ដល់​នូវ​បណ្ណសារ​កម្រ​ពីរ ដើម្បី​បង្ហាញ​ជូន​សាធារណជន​នៅ​កម្ពុជា​ក្នុង​ឱកាស​នេះ។

avatar
  • October 27, 2017 · 5:00 pm
  • Bophana Center
  • Special Screening