ប្រេវ៉ាឡង់នៃរោគសញ្ញាឈឺតាមសាច់ដុំ និងឆ្អឹង ក្នុងចំណោមកម្មករកាត់ដេរនៅខេត្តកណ្តាល ប្រទេសកម្ពុជា

វាគ្មិន៖ លោក វ៉ាន លៀប

សេចក្តីសង្ខេប

វត្ថុបំណង៖ វត្ថុ​បំណង​ចម្បង​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ ក្នុង​រយៈ​ពេល​ខ្លី តាម​បែប​ពិពណ៌នា​នេះ​គឺ ដើម្បី​កំណត់​ប្រេវ៉ាឡង់​រោគ​សញ្ញា​ឈឺ​តាម​សាច់​ដុំ និង​ឆ្អឹង ព្រម​ទាំង​កម្រិត​ហានិភ័យ​ជីវមេកានិច នៅ​កន្លែង​ធ្វើ​ការ​របស់​កម្មករ​កាត់​ដេរ​ នៅ​ខេត្ត​កណ្តាល​នៃ​ប្រទេស​កម្ពុជា។

វិធីសាស្រ្តស្រាវជ្រាវ៖ ការ​សិក្សា​ស្រាវ​ជា្រវ​ក្នុង​រយៈ​ពេល​ខ្លី តាម​បែប​ពិពណ៌នា​នេះ ប្រើ​បច្ចេក​ទេស​ជ្រើស​គំរូ​សំណាក តាម​បែប​ពហុ​ជំហាន ដើម្បី​ជ្រើស​រើស​កម្មករ​ចំនួន​៧១៤​នាក់ ពី​រោង​ចក្រ​បី​កន្លែង​ ក្នុង​ចំណោម​រោង​ចក្រ​ខ្នាត​មធ្យម​ចំនួន​​២២ ដែល​មាន​កម្មករ​ចន្លោះ​ពី​២៥០នាក់ ទៅ​១០០០​នាក់។ ការ​សម្ភាសន៍​ផ្ទាល់​មាត់ និង​ការ​ចុះ​សង្កេត​ផ្ទាល់ ដោយ​ប្រើ​តារាង​វាយ​តម្លៃ​រហ័ស​នៃ​អវយវៈ​​ផ្នែក​ខាង​លើ (RULA) ត្រូវ​បាន​ប្រើ​ប្រាស់ ដើម្បី​ប្រមូល​ទិន្នន័យ។

របកគំហើញ៖ អត្រា​ឆ្លើយ​សំណួរ​មាន៩៨.៣% (៧០២/៧១៤) ដែល​ភាគ​ច្រើន​នៃ​អ្នក ឆ្លើយ​សំណួរ​ជា​ស្ត្រី (៨៩.៣%)។ ៩២.០% (៩៥% CI=៩០.០-៩៤.០) នៃ​កម្មករ​បាន​ឆ្លើយ​ថា មាន​រោគ​សញ្ញា​ឈឺ​តាម​សាច់​ដុំ និង​ឆ្អឹង​យ៉ាង​ហោច​ណាស់ ក្នុង​ផ្នែក​ណា​មួយ នៃ​រាង​កាយ​នៅ​​រយៈ​ពេល​១២​ខែ​ចុង​ក្រោយ ហើយ​៨៩.០% (៩៥%CI=៨៦.៧-៩១.៣) បាន​រាយការណ៍​មាន​រោគ​សញ្ញា​បែប​នេះ ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ចុង​ក្រោយ។ កញ្ចឹងករ ស្មា និង​ឆ្អឹង​ខ្នង​ផ្នែក​ខាង​ក្រោម ជា​ផ្នែក​នៃ​រាង​កាយ ដែល​ទទួល​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង។ លើស​ពី​នេះ​ទៀត ទិន្ន​ន័យ​ពី RULA បាន​បង្ហាញ​ថា ៨១.២%​នៃ​កម្ម​ករ​មាន​ឥរិយា​បទ​ការ​ងារ គឺ​ស្ថិត​ក្នុង​កម្រិត​វិធាន​ការ​ទី​៣ ដែល​បាន​ចង្អុល​បង្ហាញ​ថា ការ​អង្កេត និង​ការ​ផ្លាស់​ប្តូរ​តម្រូវ​ឲ្យ​មាន​ក្នុង​ពេល​ឆាប់ៗ ព្រម​ទាំង​៧.៥%​មាន​ឥរិយា​បថ​ការ​ងារ ​ស្ថិត​ក្នុង​កម្រិត​វិធាន​ការ​ទី​៤ ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា ការ​អង្កេត និង​ការ​ផ្លាស់​ប្តូរ​តម្រូវ​ឲ្យ​មាន​ជា​បន្ទាន់។

សន្និដ្ឋាន៖ កម្មកររោង​ចក្រ​នៅ​ប្រទេស​កម្ពុជា បាន​រាយការណ៍​នូវ​ប្រេវ៉ាឡង់​ខ្ពស់​នៃ​រោគ​សញ្ញា ឈឺ​តាម​សាច់​ដុំ និង​ឆ្អឹង​នៃ​ផ្នែក​ខាង​លើ​នៃ​រាង​កាយ ហើយ​កន្លែង​ការងារ​របស់​គេ ត្រូវ​បាន​កំនត់​ថា មាន​ហានិភ័យ​ផ្នែក​ចលនា​រាង​កាយ​ខ្ពស់។

avatar
  • April 29, 2016 · 6:30 pm
  • Bophana Center
  • Conferences