រំឭកចំពោះវេជ្ជបណ្ឌិត ប៊ីត រីឆនើរ

មជ្ឈមណ្ឌលបុប្ផាណា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះដំណឹងមរណភាពរបស់លោកវេជ្ជបណ្ឌិត ប៊ីត រីឆន័រ ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា ដោយលោកបានជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់ ឲ្យរួចផុតពីសេចក្ដីស្លាប់។ មជ្ឈមណ្ឌលបុប្ផាណា នឹងធ្វើការបញ្ចាំងខ្សែភាពយន្តឯកសារចំនួន ២ រឿង ដើម្បីជាការរំឭក និងជាការចូលរួមរំលែកមរណទុក្ខចំពោះរូបលោក។

១. «១៥ ឆ្នាំ នៃមន្ទីរពេទ្យគន្ធបុប្ផា»
ដឹកនាំដោយ ហ្ស៊ក ហ្គាស្សូ ឆ្នាំ ២០០៧ រយៈពេល ៣៣ នាទី ភាសាបារាំង មានអក្សរអង់គ្លេសរត់ពីក្រោម
ឯកសារនេះបង្ហាញពីកិច្ចការដ៏អស្ចារ្យរបស់លោកវេជ្ជបណ្ឌិត ប៊ីត វីឆនើរ ដែលបានជួយសង្គ្រោះកុមារកម្ពុជា អស់រយៈពេល ១៥ ឆ្នាំមកហើយ។ លោក រីឆនើរ បានសាងសង់មន្ទីរពេទ្យចំនួន ៥ កន្លែង ព្រមទាំងគ្លីនិកមួយកន្លែងសម្រាប់ស្ត្រីជាម្ដាយដែលមានផ្ទុកមេរោគអេដស៍ ដែលក្នុងនោះ មានកុមាររហូតដល់ទៅ ៧.២ លាននាក់ បានសម្រាកព្យាបាលនៅទីនោះ។

២. «លោកវេជ្ជបណ្ឌិត រីឆនើរ! កុំធ្វើការដល់យប់អធ្រាត្រពេក»
ដឹកនាំដោយ ទ្យែរី ហ្វួកនេ និង ប៉ាទ្រីក ស្ម៊ីត ឆ្នាំ ២០០២ រយៈពេល ៥២ នាទី ភាសាបារាំង
ឯកសារនេះ ផ្តោតលើដំណើរជីវិតរបស់លោក ប៊ីត រីឆនើរ ដែលជាវេជ្ជបណ្ឌិតជំនាញព្យាបាលកុមារដ៏ល្បីឈ្មោះ និងជាអ្នកកូដវីយ៉ូឡុងសែល ជនជាតិស្វ៊ីស។ គាត់បានសម្រេចចិត្តបោះបង់ចោលអ្វីៗទាំងអស់របស់គាត់ ដើម្បីធ្វើការនៅក្នុងមន្ទីរពេទ្យមួយក្នុងក្រុងភ្នំពេញ។ ដោយសារមានឆន្ទៈដ៏មោះមុត គ្មានអ្វីអាចវាស់បាន គាត់បានស្ថាបនាមន្ទីរពេទ្យកុមារ គន្ធបុប្ផា នៅឯទីក្រុងភ្នំពេញ។ បន្ទាប់ពីដំណើរការអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ មន្ទីរពេទ្យពីរផ្សេងទៀតបានកកើតឡើង នៅឯខេត្តសៀមរាប និងនៅទីក្រុងភ្នំពេញ ដោយសារការរៃអង្គាសប្រាក់តាមរយៈការប្រគំតន្ត្រីរបស់គាត់ និងជំនួយសប្បុរសជាច្រើន។ ទង្វើនេះអាចជួយសង្រ្គោះជីវិតកុមាររាប់ពាន់នាក់។

ចូលរួមដោយសេរី

avatar
  • September 13, 2018 · 6:00 pm
  • Bophana Center
  • Special Screening