បុប្ផាណា៖ រឿងសោកនាដកម្មនៃស្ត្រីខ្មែរម្នាក់ – Online
ដឹកនាំដោយ ប៉ាន់ រិទ្ធី ៥៩នាទី ឆ្នាំ១៩៩៦ ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
១៨ មីនា ១៩៧៧ ហួត បុប្ផាណា អាយុ២៥ឆ្នាំ ត្រូវបានសម្លាប់ដោយខ្មែរក្រហម ហើយសាកសពរបស់នាងត្រូវបានយកទៅបោះចោលនៅរណ្ដៅជើងឯក ក្នុងថ្ងៃតែមួយជាមួយស្វាមីនាងឈ្មោះ លី ស៊ីថា។ ដើម្បីរំឭកពីមរណភាពរបស់អ្នកស្រី និងស្វាមី មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាសូមជូនភាពយន្តឯកសារមួយក្រោមចំណងជើងថា “បុប្ផាណា៖ រឿងសោកនាដកម្មនៃស្ត្រីខ្មែរម្នាក់”។
គូស្វាមីវ័យក្មេងមួយគូនេះបានរស់នៅក្នុងសុបិនដ៏អាក្រក់មួយ។ ពួកគេត្រូវបានចាប់ខ្លួន ទទួលទារុណកម្ម ត្រូវគេបង្ខិតបង្ខំឱ្យទទួលសារភាព ហើយបានត្រូវគេសម្លាប់នៅក្នុងឆ្នាំ១៩៧៧។ សំបុត្រ និងភស្តុតាងជាច្រើនអាចបង្ហាញពីប្រវត្តិពិតរបស់ពួកគេ រីឯរូបភាពឯកសារជាច្រើនបង្ហាញប្រាប់យើងឱ្យដឹងអំពីការពិតជាក់ស្តែងរបស់កម្ពុជានាសម័យកាលនោះ។
ភាពយន្តឯកសារនេះនឹងបញ្ចាំងជាលក្ខណៈផ្សាយផ្ទាល់នៅលើទំព័រ Facebook របស់មជ្ឈមណ្ឌលបុប្ផាណា (Bophana Center) នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ចាប់ពីម៉ោង៥ល្ងាចតទៅ។