ការបញ្ចាំងភាពយន្តស្ដីពីការរៀបការដោយបង្ខំក្នុងសម័យខ្មែរក្រហម

សាលក្រម​ក្នុង​សំណុំរឿង​ ០០២/០២ ដែល​ប្រឆាំង​នឹង​មេដឹកនាំ​ជាន់ខ្ពស់​របស់​ខ្មែរក្រហម​ ២ រូប គឺ ខៀវ សំផន និង នួន ជា នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខ​នេះ​ហើយ​។ ការ​រៀបការ​ដោយ​បង្ខំ​ក្នុង​សម័យ​ខ្មែរក្រហម​ គឺជា​អង្គហេតុ​ដ៏​សំខាន់​មួយ​នៅក្នុង​សំណុំរឿង​នេះ​។ ដើម្បី​ជា​ការចូលរួម​ផ្សព្វផ្សាយ​អំពី​ការស្វែងរក​យុត្ដិធម៌​ជូនដល់​ជនរងគ្រោះ​ក្នុង​សម័យ​នោះ មជ្ឈមណ្ឌល​បុប្ផាណា​នឹង​រៀបចំ​ការ​បញ្ចាំង​ភាពយន្ត​ចំនួន​ ២ រឿង ដែល​មាន​ខ្លឹមសារ​ពាក់ព័ន្ធនឹង​ការ​រៀបការ​ដោយ​បង្ខំ​ក្នុង​សម័យ​ខ្មែរក្រហម​ ៖

១. «របាំផ្កាស្លា »
ផលិតដោយ មជ្ឈមណ្ឌលបុប្ផាណា ឆ្នាំ ២០១៧ រយៈពេល ៨២ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
អ្នក​របាំ ១៦ នាក់ បាន​ប្រើប្រាស់​របាំ​បុរាណ ដើម្បី​បង្ហាញពី​ភាព​រន្ធត់ ក្រោម​ការបង្ខំ​ឲ្យ​រៀបការ​ក្នុង​សម័យ​ខ្មែរក្រហម ព្រមទាំង​បង្ហាញពី​ភាពសាហាវ​ឃោរឃៅ​នៃ​អំពើហឹង្សា​លើ​រាងកាយ និង​ផ្លូវភេទ។ ស្នាដៃ​របាំ​បុរាណ​បង្កើត​ថ្មី​នេះ ត្រូវបាន​និពន្ធ​រឿង​ បង្កើត​ក្បាច់​រាំ និង​ដឹកនាំ​ការសម្តែង​ដោយ លោកស្រី សុភីលីន ជាម ស្សាភីរ៉ូ។

២. «អាពាហ៍ពិពាហ៍ក្រហម»
ដឹកនាំដោយ ចាន់ លីដា និង ហ្គីយ៉ូម សួន ឆ្នាំ ២០១២ រយៈពេល ៥៨ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
សុខចាន់ មានអាយុ ១៦ ឆ្នាំ នៅពេល​ខ្មែរក្រហម​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​ទាហាន​ខ្មែរក្រហម​ម្នាក់។ ក្រោយពី​ស្ងៀមស្ងាត់​អស់ ៣០ ឆ្នាំ គាត់បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ខ្មែរក្រហម​។ អាពាហ៍ពិពាហ៍​ក្រហម បង្ហាញពី​ផ្លូវ​របស់​អ្នក​រួច​ជីវិត​ ដែល​ទាមទាររក​មនុស្សធម៌​ប្រឆាំង​នឹង​មនោគមន៍វិជ្ជា និង​ប្រព័ន្ធ​ដែល​បំផ្លាញ​ឲ្យ​វិនាស​សាបសូន្យ​។

ទស្សនាដោយសេរី

avatar
  • November 16, 2018 · 3:00 pm
  • Bophana Center
  • Special Screening