ការបញ្ចាំងភាពយន្តឯកសារ និងការចែករំលែកបទពិសោធនៅឯខេត្តគោលដៅ – Online
រៀបចំដោយមជ្ឈមណ្ឌលបុប្ផាណា
មជ្ឈមណ្ឌលបុប្ផាណាកំពុងអនុវត្តគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី” ដែលគម្រោងនេះមានគោលបំណងបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង តាមរយៈភាពយន្តឯកសារដែលផលិតឡើងដោយផ្ទាល់ពីយុវជនដែលមកពីសហគមន៍របស់ពួកគេ។
ដើម្បីឆ្លុះបញ្ចាំងពីអ្វីដែលគម្រោងនេះសម្រេចបាន មជ្ឈមណ្ឌលបុប្ផាណានឹងរៀបចំកម្មវិធីបញ្ចាំងខ្សែភាពយន្តរបស់យុវជន ព្រមទាំងវេទិកាចែករំលែកនូវបទពិសោធស្តីពីការធ្វើការងារជាមួយស្ត្រីជនជាតិដើមភាគតិច។ គោលបំណងនៃកម្មវិធីនេះរួមមាន ៖
– ដើម្បីចែករំលែកគំនិតទាក់ទងនឹងបញ្ហាដែលស្ត្រីជនជាតិដើមភាគតិចនៅកម្ពុជាកំពុងតែប្រឈមមុខ។
– ទទួលយក និងប្រមូលគំនិត អនុសាសន៍ ពីអ្នកចូលរួម ដើម្បីស្វែងរកវិធីជួយពង្រីកសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច នាំឱ្យបញ្ហារបស់ពួកគេកាន់តែត្រូវបានស្ដាប់ឮដោយភាគី និងអាជ្ញាធរដែលពាក់ព័ន្ធ។
កម្មវិធីនេះនឹងប្រព្រឹត្តទៅចំនួនពីរលើក ៖
១. ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង៨ព្រឹក នៅខេត្តរតនគិរី
២. ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង៨ព្រឹក នៅខេត្តមណ្ឌលគិរី (ត្រូវបានលើកពេល)
យើងនឹងផ្សាយផ្ទាល់កម្មវិធីទាំងពីរនេះនៅលើទំព័រ Facebook របស់មជ្ឈមណ្ឌលបុប្ផាណា និងទំព័រ Facebook របស់គម្រោង (Amplifying Voices of Indigenous Women and Discriminated Groups) ដូច្នេះសាធារណជនគ្រប់រូបអាចចូលរួមបាន។ កម្មវិធីនេះនឹងធ្វើឡើងជាភាសាខ្មែរ។
គម្រោងនេះអនុវត្តដោយមជ្ឈមណ្ឌលបុប្ផាណា ទទួលបានការឧបត្ថម្ភពី Voice តាមរយៈអង្គការអុកស្វាមកម្ពុជា ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា មូលនិធិ Heinrich Böll មូលនិធិ Ford និងវិទ្យាស្ថាន Sundance ដោយមានការចូលរួមសហការពី Cambodia Film Commission (CFC)។