៤ ទសវត្សរ៍ក្រោយការដួលរលំនៃរបបខ្មែរក្រហម

ពិព័រណ៍គំនូរដោយ សាំង ណាន

ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩
សម្ពោធពិព័រណ៍នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង ៦ ល្ងាច

ស្ថិតនៅក្នុងការចងចាំរបស់ជនរងគ្រោះនៃរបបខ្មែរក្រហម ក៏ដូចជាដើម្បីឆ្លុះបញ្ចាំងឲ្យឃើញនូវអតីតកាលរបស់ប្រទេសកម្ពុជា មជ្ឈមណ្ឌលបុប្ផាណានឹងរៀបចំពិព័រណ៍គំនូរមួយ ដែលជាស្នាដៃរបស់លោក សាំង ណាន ក្នុងឱកាសខួបគម្រប់ ៤០ ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម។

ក្នុងនាមជាយុវជនដែលកើតក្រោយរបបខ្មែរក្រហម លោក សាំង ណាន ត្រូវបានបំផុសគំនិតជាចម្បងតាមរយៈរឿងរ៉ាវនៃអ្នកដែលរស់រានមានជីវិតពីរបបមួយនេះ។ សាំង ណាន បានរំលេចឲ្យឃើញនូវការឈឺចាប់ ព្រមទាំងក្ដីសង្ឃឹមរបស់ជនរងគ្រោះទាំងឡាយដែលរស់នៅក្នុងរបបខ្មែរក្រហម តាមរយៈរូបគំនូររបស់គាត់។ គាត់បានគាស់កកាយឲ្យឃើញឡើងវិញនូវប្រវត្តិសាស្ត្ររបស់កម្ពុជា និងលើកទឹកចិត្តឲ្យគ្រប់គ្នាចងចាំអំពីអតីតកាលដ៏ខ្មៅងងឹតនេះ ជាពិសេស គឺយុវជនជំនាន់ក្រោយៗទៀត។

ស្នាដៃគំនូរចំនួន ១១ ផ្ទាំងរបស់គាត់នឹងត្រូវតាំងបង្ហាញរយៈពេល ២ សប្ដាហ៍ នៅមជ្ឈមណ្ឌលបុប្ផាណា។

– អំពីសិល្បករ ៖ សាំង ណាន

សាំង ណាន ជាសិល្បករផ្នែកគំនូរមកពីខេត្តតាកែវ។ ដោយសារមានទេពកោសល្យខ្ពស់លើផ្នែកគំនូរនេះស្រាប់ លោកក៏បានចាប់យកជំនាញនេះតាំងពីកុមារភាព រហូតដល់លោកបានចូលរៀននៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកគំនូរសារគមនាគមន៍ ហើយលោកក៏បានបញ្ចប់បរិញ្ញាបត្រក្នុងឆ្នាំ ២០១២។

ក្រៅពីការសិក្សា លោកក៏បានចូលរួមតាំងបង្ហាញស្នាដៃរបស់លោកនៅក្នុងពិព័រណ៍ជាច្រើន ទាំងក្នុងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ហើយថែមទាំងធ្លាប់ទទួលបានជ័យលាភីទៀតផង។ ស្នាដៃគំនូរដ៏ទាក់ទាញរបស់លោក បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ផលិតករភាពយន្តដ៏ល្បីល្បាញ គឺលោក ប៉ាន់ រិទ្ធី។ ជាក់ស្ដែង គំនូរជាច្រើនផ្ទាំងដែលយើងបានឃើញនៅក្នុងខ្សែភាពយន្តរឿង «កង្វះរូបភាព» (២០១៣) គឺជាស្នាដៃរបស់លោកផ្ទាល់។ ក្រោយមកទៀត មានដូចជារឿង «ភៀសខ្លួន» (២០១៥) និងរឿង «ផ្នូរគ្មានឈ្មោះ» (២០១៨) ក៏លោកបានចូលរួមផងដែរ។ ក្រៅពីនេះ នៅមានខ្សែភាពយន្តរឿង «Le Chemin» (២០១៧) របស់អ្នកដឹកនាំរឿង Jeanne Labrune ព្រមទាំងកម្មវិធីទូរទស្សន៍ដ៏ល្បីរបស់ពិភពលោក «Survivor» ក៏លោកបានចូលរួមជាអ្នករចនាឆាកមួយរូបផងដែរ។

បច្ចុប្បន្ន លោក សាំង ណាន កំពុងបម្រើការងារនៅឯមជ្ឈមណ្ឌលបុប្ផាណា ក្នុងនាមជាអ្នករចនាក្រាហ្វិក និងគូរគំនូរក្នុងកម្មវិធី «អេប-ប្រវត្តិសាស្រ្តខ្មែរក្រហម» របស់មជ្ឈមណ្ឌលផ្ទាល់។

ចូលរួមដោយសេរី

avatar
  • March 9, 2019 · 8:00 am
  • Bophana Center
  • Exhibitions