ផ្ទេរ ២០១៨

ក្រោយពី​ “ផ្ទេរ ២០១៥” បាន​បញ្ចប់ទៅ​ដោយ​ជោគជ័យ មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា​បាន​បន្ត​សកម្មភាព​នេះ​ម្ដងទៀត​នៅឆ្នាំ ២០១៨។ “ផ្ទេរ ២០១៨” អាច​និយាយ​បានថា​ជា​ការ​តាំង​ពិព័រណ៍ Online ស្តីពី​កិច្ចសន្ទនា​អន្តរជំនាន់​រវាង​អ្នក​រស់រាន​ពី​របប​ខ្មែរក្រហម និង​យុវជន។ តាមរយៈ​ការ​ចងក្រង​ជា​ឯកសារ និង​ចែករំលែក​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​ពួកគេ “ផ្ទេរ ២០១៨” ជា​ផ្នែក​ដ៏​សំខាន់​នៃ​កម្មវិធី “រំឭក” សម្រាប់​ប្រជាជន​កម្ពុជា​ដើម្បី​ឆ្ពោះទៅ​មុខ។

avatar
  • July 30, 2018 · 12:00 am
  • Bophana Center
  • Acts of Memory

១. ដំណើរនៃជីវិត

រយៈពេល ១៨’២០ នាទី

ឆ្នាំ ២០១៧

ទីកន្លែង : បាត់ដំបង

បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម កិច្ចសន្ទនារវាងជនរងគ្រោះដែលបានរស់រានមានជីវិតពីរបបដ៏ភ័យរន្ធត់នេះជាមួយនឹងយុវជនជំនាន់ក្រោយ នៅមានចន្លោះប្រហោងយ៉ាងធំ។ នៅក្នុងគ្រួសារ កិច្ចសន្ទនាអន្តរជំនាន់កើតមានឡើងរវាងឪពុកម្តាយ និងកូនៗ។ ជាក់ស្ដែងលោក អ៊ឹម ប៊ុនឈឿន និងអ្នកស្រី សឺ ចាន់ថន ដែលសុទ្ធជាជនរងគ្រោះពីរបបខ្មែរក្រហម នឹងរម្លឹកពីដំណើរជីវិតដែលពួកគាត់បានឆ្លងកាត់ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ប្រាប់ទៅកាន់កូនៗពួកគាត់ដែលបានកើតក្រោយរបបខ្មែរក្រហម។

២. កិច្ចសម្ភាសជាមួយអ្នកស្រី ចាន់ ផៃ

រយៈពេល ១៨’២៥ នាទី

ឆ្នាំ ២០១៧

ទីកន្លែង : ពោធិ៍សាត់

អ្នកស្រី ចាន់ ផៃ រៀបរាប់យ៉ាងលម្អិតអំពីរឿងរ៉ាវជីវិតក្រោមរបបខ្មែរក្រហម ថាតើគាត់ត្រូវគេឱ្យប្ដូរកន្លែងរស់នៅពីមួយទៅមួយយ៉ាងដូចម្ដេច?ដោយសារតែគោលនយោបាយកសិកម្មរបស់ខ្មែរក្រហម តើខ្មែរក្រហមបំបែកគាត់ចេញពីស្វាមីយ៉ាងដូចម្ដេច? តើគាត់ឈឺចាប់យ៉ាងណានៅពេលត្រូវគេបង្ខំឱ្យរៀបការជាមួយបុរសផ្សេង? និងថាតើវាកម្សត់បែបណានៅពេលគាត់ត្រូវខ្មែរក្រហមចាប់ដាក់គុក ហើយបានមើលឃើញពីទារុណកម្មផ្លូវភេទដែលពួកអ្នកទោសជាស្ត្រីបានទទួលរង?

៣. កិច្ចសម្ភាសជាមួយអ្នកស្រី អ៊ឹម សាម៉េត

រយៈពេល ១៩’៥៧ នាទី

ឆ្នាំ ២០១៧

ទីកន្លែង : បាត់ដំបង

អ្នកស្រី អ៊ីម សាម៉េត ជាគ្រូបង្រៀននៅសាលាបឋមសិក្សាមួយនៅឃុំកំពង់ព្រៀង ខេត្តបាត់ដំបង។ អ្នកស្រីជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០២/០២ នៅសាលាក្តីខ្មែរក្រហម។ អ្នកស្រីគឺជាសិស្សវិទ្យាល័យម្នាក់មុនពេលដែលខ្មែរក្រហមបានឡើងកាន់អំណាច។ ក្នុងសម័យខ្មែរក្រហម អ្នកស្រីបានរៀបការជាមួយលោក ឡុង ឈឿន ដែលជាប្រជាជនមូលដ្ឋាន។ វាជាអាពាហ៍ពិពាហ៍សមូហភាពមួយដែលបានរៀបចំដោយអង្គការ (ខ្មែរក្រហម)។ នៅក្នុងបទសម្ភាសនេះ ពួកគាត់បានរម្លឹកពីអតីតកាលរបស់ពួកគាត់ដែលបានឆ្លងកាត់នៅក្នុងរបបនេះ ជាពិសេសអាពាហ៍ពិពាហ៍បដិវត្តរបស់ពួកគាត់។

៤​. កិច្ចសម្ភាសជាមួយអ្នកស្រី ហេង គុយឡាង

រយៈពេល ១៦’៥០ នាទី

ឆ្នាំ ២០១៧

ទីកន្លែង : បាត់ដំបង

អ្នកស្រី ហេង គុយឡាង បាននិយាយអំពីជីវិតអាពាហ៍ពិពាហ៍របស់អ្នកស្រីក្រោមរបបខ្មែរក្រហម។ នៅថ្ងៃ ១៧ មេសា ១៩៧៥ អ្នកស្រីត្រូវបានខ្មែរក្រហមបង្ខំឱ្យចាកចេញពីទីក្រុងភ្នំពេញទៅទីជនបទ។ នៅដើមឆ្នាំ ១៩៧៦ អ្នកស្រីត្រូវបានខ្មែរក្រហមបង្ខំឱ្យរៀបការជាមួយបុរសម្នាក់នៅសហករណ៍ក្នុងខេត្តបាត់ដំបង។ អ្នកស្រីត្រូវបានខ្មែរក្រហមជូនដំណឹងតែមួយថ្ងៃប៉ុណ្ណោះមុនថ្ងៃរៀបការ។ ពុំមានពិធីប្រពៃណីនោះឡើយ ពោលគឺគូស្វាមីភរិយាគ្រាន់តែឡើងចាប់ដៃគ្នាប្តេជ្ញា ចំពោះមុខកម្មាភិបាលខ្មែរក្រហមប៉ុណ្ណោះ។ នៅពេលយប់ មានពួកឈ្លបនៅក្រោមផ្ទះគូស្វាមីភរិយាថ្មី ដើម្បីលួចមើលថាតើពួកគេរួមដំណេកជាមួយគ្នាឬអត់។ ពួកគេនឹងត្រូវខ្មែរក្រហមចាប់យកទៅធ្វើទារុណកម្ម បើមិនព្រមរួមដំណេកជាមួយគ្នាទេ។

៥. កិច្ចសម្ភាសជាមួយលោក ហេង គៀប

រយៈពេល ១២’៤២ នាទី

ឆ្នាំ ២០១៧

ទីកន្លែង : កំពត

កិច្ចសម្ភាសនេះត្រូវបានធ្វើឡើងដោយអ្នកស្រី យឹម សុធារី អ្នកពិគ្រោះយោបល់ផ្នែកចិត្តសាស្រ្ត។ កិច្ចសម្ភាសនេះគឺពាក់ព័ន្ធនឹងជីវិតអាពាហ៍ពិពាហ៍របស់លោក ហេង គៀប អាយុ ៥៧ ឆ្នាំ ក្រោមរបបប៉ុល ពត (១៩៧៥-១៩៧៩) ។ ខ្មែរក្រហមបានរៀបចំអាពាហ៍ពិពាហ៍ជាសមូហភាពសម្រាប់គូស្វាមី ភរិយាចំនួន ៩ គូនៅក្នុងសហករណ៍របស់គាត់។ ក្នុងនាមជាសមាជិកម្នាក់នៃកងចល័តយុវជន លោកត្រូវបានខ្មែរក្រហមឱ្យរៀបការជាមួយនារីម្នាក់ដែលលោកបានចាប់ចិត្ត តែនារីម្នាក់នោះមិនបានស្រឡាញ់លោកវិញទេ។ បន្ទាប់ពីរៀបការ អ្នកទាំងពីរបានចំណាយពេល ៧ ទៅ ៨ ខែ ទើបមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា។ ពួកគាត់បានចែកផ្លូវគ្នា បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ទោះបីជាពួកគាត់មានកូន ៣ នាក់រួចទៅហើយក្តី។

៦. កិច្ចសម្ភាសជាមួយអ្នកស្រី ចឹក សុផា

រយៈពេល ១៤’៥០ នាទី

ឆ្នាំ ២០១៧

ទីកន្លែង : បាត់ដំបង

អ្នកស្រី ចឹក សុផា មានបងប្រុសម្នាក់ និងប្អូនស្រីម្នាក់។ អ្នកស្រីរស់នៅក្នុងខេត្តបាត់ដំបងជាមួយនឹងឪពុក នៅពេលដែលខ្មែរក្រហមបានឈ្នះសង្គ្រាមលើរបប លន់ នល់។ ដូចប្រជាជនកម្ពុជាដទៃទៀតដែរ គ្រួសាររបស់អ្នកស្រីត្រូវបានខ្មែរក្រហមបញ្ជូនទៅព្រៃរនាម។ ឪពុករបស់អ្នកស្រីបានស្លាប់ដោយសារជំងឺគ្រុនចាញ់ ឯបងប្រុសរបស់អ្នកស្រីត្រូវខ្មែរក្រហមសម្លាប់ ដោយពួកគេបានចោទប្រកាន់គាត់ថាជាភ្នាក់ងារសេអ៊ីអា។ អ្នកស្រីត្រូវបានខ្មែរក្រហមបង្ខំឱ្យរៀបការ ហើយក្រោយមកស្វាមីរបស់អ្នកស្រីក៏ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ចោល។

៧. អាឡស់ ព្រះជាម្ចាស់របស់ខ្ញុំ

រយៈពេល ១៣’២១ នាទី

ឆ្នាំ ២០១៧

ទីកន្លែង : កំពត នៅឆ្នាំ ១៩៧៥

អ្នកស្រី តើ រី ត្រូវបានខ្មែរក្រហមចាប់យកទៅកោះខ្យង។ ដោយសារតែអ្នកស្រីមានអត្តសញ្ញាណជាជនជាតិចាម អ្នកស្រីបានទទួលរងការធ្វើទុក្ខបុកម្នេញជាច្រើនដូចជា ៖ បង្ខំឱ្យហូបសាច់ជ្រូក បង្ខំឱ្យកាត់សក់ខ្លី និងបង្ខំឱ្យធ្វើពលកម្មធ្ងន់ធ្ងរ។ ខ្មែរក្រហមបានបង្ខំអ្នកស្រីឱ្យរៀបការជាមួយបុរសប្លែកមុខម្នាក់។ នៅពេលនោះមានប្រហែល ២០ គូ ហើយជាសំណាងល្អ ដៃគូអ្នកស្រីដែលខ្មែរក្រហមជ្រើសរើសឱ្យនោះមិនបានបង្ហាញខ្លួន។ បុរសនោះបានលួចរត់ទៅប្រទេសវៀតណាម។ អ្នកស្រី តើ រី ត្រូវបានខ្មែរក្រហមបញ្ជូនទៅដាក់គុកនៅកោះខ្យង ហើយនៅទីនោះអ្នកស្រីបានមើលឃើញនូវការធ្វើទារុណកម្មដ៏ឃោរឃៅគ្រប់បែបយ៉ាងរបស់ពួកឆ្មាំគុកខ្មែរក្រហម ដែលបានសម្លាប់អ្នកទោស រួចវះយកគ្រឿងក្នុងមកហូប។

​៨. កិច្ចសន្ទនាជាមួយអ្នកស្រី ឌឿក សំ

រយៈពេល ១៨’០០ នាទី

ឆ្នាំ ២០១៧

ទីកន្លែង : ពោធិ៍សាត់

ដោយសារតែភាពក្រីក្រ និងសង្រ្គាមស៊ីវិល អ្នកស្រី ឌឿក សំ មិនអាចទៅរៀនបានទេ។ នៅឆ្នាំ ១៩៧៤ ពួកទាហានខ្មែរក្រហមបានចូលមកដល់ភូមិរបស់អ្នកស្រីក្នុងខេត្តពោធិ៍សាត់ ហើយបានកៀរអ្នកភូមិចូលព្រៃ។ ខ្មែរក្រហមបានបញ្ជ្រាបមនោគមវិជ្ជារបស់ខ្លួនដល់អ្នកភូមិ ហើយបានបញ្ជូនប្រជាជនទាំងនោះឱ្យទៅប្រយុទ្ធនឹងកងទ័ពលន់ នល់ ដោយបាតដៃទទេ។ បន្ទាប់ពីជ័យជម្នះរបស់ខ្មែរក្រហម អ្នកស្រីក៏ដូចជាប្រជាជនកម្ពុជាដទៃទៀតដែរ ត្រូវបានគេបញ្ជូនឱ្យទៅលើកទំនប់ និងជីកប្រឡាយ។ នៅក្នុងឆ្នាំ ១៩៧៧ អ្នកស្រីត្រូវបានខ្មែរក្រហមចាប់ខ្លួន និងដាក់ពន្ធនាគារ ដោយពួកគេបានចោទអ្នកស្រីថាជាជនក្បត់។ អ្នកស្រីត្រូវបានពួកខ្មែរក្រហមធ្វើទារុណកម្មដោយឆក់ខ្សែភ្លើង និងបង្ខំឱ្យធ្វើការធ្ងន់រហូតដល់ពាក់កណ្តាលឆ្នាំ ១៩៧៨។ ប៉ុន្មានខែក្រោយមក អ្នកស្រីត្រូវបានខ្មែរក្រហមចាប់បង្ខំឱ្យរៀបការ។ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម ប្តីរបស់អ្នកស្រីបានចុះចោលអ្នកស្រី និងកូនៗ។

៩. កិច្ចសន្ទនាជាមួយអ្នកស្រី សុត ឡាស់

រយៈពេល ១២’១០ នាទី

ឆ្នាំ ២០១៧

ទីកន្លែង : កំពត

អ្នកស្រី សុត ឡាស់ អាយុ ៥៧ ឆ្នាំ ជាខ្មែរអ៊ីស្លាម ត្រូវបានសម្ភាសដោយអ្នកស្រី យឹម សុធារី អ្នកព្យាបាលជំងឺផ្លូវចិត្ត ពាក់ព័ន្ធនឹងជីវិតរស់នៅក្រោមរបបខ្មែរក្រហម។ ដោយសារតែដើមកំណើតអ្នកស្រីជាខ្មែរអ៊ីស្លាម អ្នកស្រីបានទទួលរងនូវការធ្វើទុក្ខបុកម្នេញពីសំណាក់ខ្មែរក្រហម និងប្រជាជនចាស់។ អ្នកស្រីត្រូវបានខ្មែរក្រហមជម្លៀសទៅស្រុកឈូក ខេត្ដកំពត និងត្រូវបង្ខំឱ្យរៀបការនៅចុងឆ្នាំ ១៩៧៥។

១០.  ដីខ្លាញ់ប្រមាញ់ជីវិត

រយៈពេល ១៨’២៦ នាទី

ឆ្នាំ ២០១៧

ទីកន្លែង : កំពង់ស្ពឺ

អ្នកស្រី ប៉ូ ឌីណា និងប្អូនប្រុស និយាយពីរឿងគ្រួសារគាត់នាអតីតកាល។ គាត់រៀបការ ហើយទៅរស់នៅទីក្រុងភ្នំពេញជាមួយប្តីមុននាឆ្នាំ ១៩៧៥។ ខ្មែរក្រហមបានចូលមកដល់ក្រុង និងបានជម្លៀសគាត់ទៅខេត្តកណ្តាល។ បន្ទាប់មក ខ្មែរក្រហមបានជម្លៀសគាត់បន្តទៀតរហូតដល់ខេត្តពោធិ៍សាត់។ ខ្មែរក្រហមចាប់ផ្តើមបង្ខំឱ្យគាត់ធ្វើការហួសកម្លាំង និងបង្អត់អាហារ ​ថែមទាំងសម្លាប់ប្អូនគាត់ ឯកូនប្រុសរបស់គាត់វិញត្រូវគេកប់ទាំងរស់ ទាំងដែលគាត់ឃើញនឹងភ្នែក។ ខ្មែរក្រហមបានវាយបំបាក់ជើងគាត់ និងចាប់គាត់ដាក់គុក ព្រោះតែគាត់មិនព្រមរៀបការ។

១១. កិច្ចសន្ទនារវាងកញ្ញា អ៊ុន ដានេ និងអ្នកស្រី អ៊ឹម តែម

រយៈពេល ១៧’៣២ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តកំពង់ស្ពឺ

អ្នកស្រី អ៊ឹម តែម និងក្រុមគ្រួសារ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភ្នំពេញទៅតាមបណ្ដាខេត្ត។ ក្នុងរបបនោះ អ្នកស្រីធ្វើការនៅក្នុងកងចល័តកុមារ។ ខ្មែរក្រហមធ្លាប់គំរាមសម្លាប់អ្នកស្រីចោល ព្រោះអ្នកស្រីបានធ្វើឱ្យបាត់សត្វឆ្មាមួយក្បាលរបស់អង្គការ។ ដោយមានការអង្វរករពីមេក្រុមរបស់អ្នកស្រី អ្នកស្រីត្រូវបានខ្មែរក្រហមអនុញ្ញាតអោយដើររកសត្វឆ្មានោះឱ្យឃើញវិញក្នុងរយៈពេល ៣ ថ្ងៃ។

១២. កិច្ចសន្ទនារវាងកញ្ញា អ៊ុន ដានេ និងអ្នកស្រី អ៊ឹម សាទុំ

រយៈពេល ៤០’៣១ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តកំពង់ស្ពឺ

អ្នកស្រី សាទុំ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញទៅកាន់ខេត្តកំពង់ស្ពឺ។ អ្នកស្រីរស់នៅតែពីរនាក់ម្ដាយ និងធ្វើការក្នុងកងចល័ត។ អ្នកស្រីធ្លាប់បានសម្រាកនៅក្នុងមន្ទីរពេទ្យខ្មែរក្រហមចំនួន ២ ដង។ នៅក្នុងមន្ទីរពេទ្យ អ្នកស្រីបានឃើញនូវស្ថានភាពអ្នកជំងឺជាច្រើនដែលបានស្លាប់ គ្មានគ្រូពេទ្យមើលថែបានត្រឹមត្រូវ និងគ្មានថ្នាំសង្កូវគ្រប់គ្រាន់ឡើយ។

១៣. កិច្ចសន្ទនារវាងកញ្ញា អ៊ឹម សិលា និងលោក អ៊ឹម សាវន

រយៈពេល ២១’៥២ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តស្វាយរៀង

លោក អ៊ឹម សាវន រស់នៅឯខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម លោកមានអាយុប្រហែល ១០ ឆ្នាំ។ លោកបានចូលធ្វើការនៅក្នុងកងកុមារ មើលគោក្របី​ រើសលាមកគោ​យកទៅធ្វើជី ជាដើម។ ក្រោយមក លោកបានចូលធ្វើការនៅក្នុងកងចល័ត ដូចជាជីក​ព្រែក ប្រឡាយ លើកភ្លឺស្រែ ជាដើម។ លោកបានបាត់បង់សាច់ញាតិនៅក្នុងរបបខ្មែរក្រហមទាំងអស់ ៤ នាក់ ដោយសារតែការធ្វើទារុណកម្មធ្ងន់ធ្ងរ ការបង្អត់អាហារ និងគ្មានថ្នាំព្យាបាលពេលមានជំងឺ។

១៤. កិច្ចសន្ទនារវាងកញ្ញា អ៊ឹម សិលា និងអ្នកស្រី ងិន រីណា

រយៈពេល ២១’០៩ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តស្វាយរៀង

ក្នុង​សម័យ​ខ្មែរក្រហម អ្នក​ស្រី​ រីណា មាន​អាយុ ៧ ឆ្នាំ។ ខ្មែរក្រហមឱ្យអ្នកស្រីដើររើសលាមកគោ និង​ជួយ​មើល​ក្មេងតូចៗជាមួយ​យាយ។ ចំណែក​បងពីរនាក់​ទៀតមើលគោ មើល​ក្របី។ ដល់​អាយុ​បាន​ ៨ ឆ្នាំ អ្នកស្រីត្រូវ​ដឹក​គោបន្ថែមពីលើការងារប្រចាំថ្ងៃ។ ខ្មែរក្រហមបានចោទ​ម្តាយរបស់​អ្នកស្រី​ថាខុស​សីលធម៌ គាត់ក៏ត្រូវគេពិន័យឱ្យ​ទៅ​លើក​ដី​​មួយ​ថ្ងៃ​ ៣ ម៉ែត្រ​ និង​​ជម្រៅ​ ១ ​ម៉ែត្រ ហើយឆ្ងាយពី​ក្រុម​គ្រួសារ។

១៥. កិច្ចសន្ទនារវាងលោក ហួត ឆៃរ៉ាត់ និងអ្នកស្រី រ័ត្ន រ៉ា

រយៈពេល ២៩’៣៧ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តតាកែវ

ក្នុងរបបខ្មែរក្រហម អ្នកស្រី រ័ត្ន រ៉ា ត្រូវបានប្រធានភូមិចាត់តាំងឱ្យធ្វើជាប្រធានក្រុម ហើយបន្ទាប់មក អ្នកស្រីរៀនហាត់បាញ់កាំភ្លើង និងធ្វើជាឈ្លបដើរល្បាតនៅក្នុងភូមិនៅពេលយប់។ ក្រោយមក អ្នកស្រីត្រូវបានខ្មែរក្រហមបញ្ជូនឱ្យទៅធ្វើការនៅកងតំបន់វិញ ដោយសារតែអ្នកស្រីលួចដោះលែងអ្នកទោសដែលគេបានចងទុក។ អ្នកស្រីត្រូវបានខ្មែរក្រហមបង្ខំឱ្យរៀបការជាមួយបុរសម្នាក់ដែលជាស្វាមីអ្នកស្រីបច្ចុប្បន្ន។

១៦. កិច្ចសន្ទនារវាងលោក ហុក ឈាងឃី និងលោក ស៊ីម ពន្លឺ

រយៈពេល ១៨’៥៣ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តត្បូងឃ្មុំ

លោក ស៊ីម ពន្លឺ ​បាន​ចូល​រួមក្នុង​ចលនារំដោះ​ជា​តិ​របស់​ខ្មែរក្រហម។ កាលនោះ លោកធ្វើការនៅ​ក្នុងមន្ទីរ​មួយ​ដែល​មាន​ឈ្មោះថា ឃ.វ.ស. (ឃោសនាវប្បធម៌​របស់​ស្រុក) ដែល​មាន​តួនាទី​ជាអ្នក​ចាក់កាសែត​ផ្សាយពីការងាររបស់សមរភូមិមុខ និងក្រោយ។ ​ក្រោយមក លោកក៏បាន​ក្លាយជាអ្នកអូសឯកសារបោះពុម្ព​សម្រាប់​ចែក​ជូន​ប្រជាជនឱ្យបាន​យល់ដឹងអំពីសមរភូមិមុខ និងក្រោយ។ គាត់ក៏​បាន​រៀនពីបច្ចេកទេស​សិល្បៈ ហើយក៏បាន​ក្លាយជាគ្រូបង្វឹក​សិល្បៈស្រុក។

១៧. កិច្ចសន្ទនារវាងលោក ហុក ឈាងឃី និងអ្នកស្រី យាវ ធៀង

រយៈពេល ៤៨’២៧ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តត្បូងឃ្មុំ

នៅសម័យខ្មែរក្រហម អ្នកស្រី យាវ ធៀង មានអាយុប្រហែលជា ១៥-១៦ ហើយគាត់បានចូលរួមក្នុងក្រុមសិល្បៈស្រុកក្រូចឆ្មារ។ នៅសម័យនោះ គាត់ត្រូវបែកពីឪពុកម្ដាយ ដើម្បីទៅរៀនបច្ចេកទេសសិល្បៈនៅឯស្រុក ហើយក្រោយមកគាត់ក៏បានក្លាយជាអ្នកបង្ហាត់។ នៅពេលសម្ដែង គេបង្គាប់ឱ្យគាត់និយាយ ហើយគាត់ត្រូវតែនិយាយតាមជាដាច់ខាត។ ក្រៅពីការងារជាសិល្បករ គាត់ក៏ធ្វើការដូចជាប្រជាជនដទៃដែរ ដូចជាជីកប្រឡាយ លើកទំនប់ ហើយគាត់ថែមទាំងបានជួយយកអាសាប្រជាជនថ្មីជាច្រើនដែលគេជម្លៀសមកកាន់តំបន់នោះទៀតផង។

១៨. កិច្ចសន្ទនារវាងលោក អាន សុភត្រា និងលោកតា មាស ហាយ

រយៈពេល ៤៤’២៨ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តស្វាយរៀង

លោកតា មាស ហាយ ពីដើមឡើយរៀននៅសាលាក្នុងវត្តមួយនៅឯខេត្តស្វាយរៀង។ ក្រោយមក ខេត្តនេះត្រូវបានកាន់កាប់ដោយកងទ័ពរំដោះ គាត់ក៏លែងបានរៀន ហើយក៏បង្ខំចិត្តចូលជាទាហានខ្មែរក្រហម។ គាត់បានចូលក្នុងសមរភូមិជាច្រើន ហើយថ្ងៃមួយ គាត់បានត្រូវរបួស ហើយក៏បញ្ជូនទៅក្រុងភ្នំពេញ។ គាត់ក៏បានឃើញទិដ្ឋភាពមួយចំនួននៅក្នុងទីក្រុងភ្នំពេញនាពេលនោះ។

១៩. កិច្ចសន្ទនារវាងលោក អាន សុភត្រា និងអ្នកស្រី យស់ យិន

រយៈពេល ៤៩’០៣ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តស្វាយរៀង

អ្នកស្រី យស់ យិន រស់នៅក្នុងខេត្តស្វាយរៀង។ នៅសម័យ លន់ នល់ គាត់ និងគ្រួសារ ត្រូវរត់គេចពីការទម្លាក់គ្រាប់បែក ហើយនៅក្នុងសម័យខ្មែរក្រហម គាត់បានធ្វើជាប្រធានកងកុមារ។ ក្រោយមក គាត់ក៏ចូលទៅក្នុងកងចល័ត ធ្វើការងារលើកទំនប់ ជីកប្រឡាយ។ គាត់ធ្វើការហត់នឿយណាស់ក្នុងសម័យនោះ ហើយគាត់មិនបានទទួលរបបអាហារគ្រប់គ្រាន់ទេ មិនដូចជាពួកប្រធានកង ឬកម្មាភិបាលទេ ដែលគេមានម្ហូបឆ្ងាញ់ៗ។

២០. កិច្ចសន្ទនារវាងលោក ជីវ ចន និងលោកយាយ សែម

រយៈពេល ២២’១៧ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

លោកយាយ សែម មានទីលំនៅនៅក្នុងខេត្តសៀមរាប។ មុនពេលដែលខ្មែរក្រហមចូលមកកាន់កាប់នៅក្នុងតំបន់របស់លោកយាយ គ្រួសាររបស់លោកយាយមិនបានរស់នៅក្នុងស្រុកភូមិទេ ដោយនាំគ្នាទៅរស់នៅក្នុងព្រៃដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់អាមេរិក។ នៅក្នុងរបបខ្មែរក្រហម លោកយាយគឺជាអ្នកសិល្បៈ គាត់បានរៀនច្រៀង រាំ ហើយបន្ទាប់មកលោកយាយត្រូវបានខ្មែរក្រហមបង្ខំឱ្យរៀបការ។

២១. កិច្ចសន្ទនារវាងលោក ភី ផាវ និងលោកតា ទឹម ឡេ

រយៈពេល ២៦’៥៣ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

លោកតា ទឹម ឡេ មានអាយុ ៦០ ឆ្នាំ។ លោកតាធ្លាប់បួសជាសង្ឃនៅក្នុងសម័យ លន់ នល់ ក្រោយមកខ្មែរក្រហមបានផ្សឹកលោកតា ហើយឱ្យលោកតាធ្វើការក្នុងកងចល័តនៅតំបន់ឆ្ងាយៗដូចជានៅវ៉ារិន ជាដើម។ លោកតាក៏ធ្លាប់រងទារុណកម្មដោយឱ្យរត់តាមសេះ ព្រោះតែលោកតាលួចរត់មកផ្ទះវិញ។ ក្រោយមកគេក៏បានដោះលែងគាត់ ហើយឱ្យធ្វើការនៅក្នុងកងចល័តបន្ត តែលោកតាមិនដែលបានទទួលអាហារគ្រប់គ្រាន់ទេ ទោះបីលោកតាខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃក៏ដោយ។

២២. កិច្ចសន្ទនារវាងកញ្ញា ហាប់ គឹមហឿន និងអ្នកស្រី ជា នឿន

រយៈពេល ៣៥’៣៦ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

អ្នកស្រី ជា នឿន ជាជនរងគ្រោះម្នាក់ដែលបានរួចផុតពីការសម្លាប់នៅឯឡពិឃាដភ្នំទ្រុងបាត។ អ្នកស្រីត្រូវបានខ្មែរក្រហមតាមចាប់ខ្លួន និងដាក់ទារុណកម្មចំនួន ២ ដងដោយចោទប្រកាន់ថាអ្នកស្រីជាជនក្បត់ ហ៊ានលួចមាន់ និងអង្កររបស់អង្គការហូប។ អ្នកស្រីគឺជាមនុស្សតែម្នាក់គត់ដែលបានឃើញនូវរាល់ទិដ្ឋភាពទាំងអស់របស់ខ្មែរក្រហមដែលបានកាប់សម្លាប់មនុស្សនៅឯឡពិឃាដភ្នំទ្រុងបាត។

២៣. កិច្ចសន្ទនារវាងកញ្ញា រេត ធីតធីត និងលោក ឆោម ណារ៉េត

រយៈពេល ៥១’១២ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

លោក ឆោម ណារ៉េត មានទីលំនៅបច្ចុប្បន្នក្នុងខេត្តសៀមរាប។ ក្នុងរបប លន់ នល់ លោកមានអាយុប្រហែល ៧ ទៅ ៨ ឆ្នាំ។ លោកគិតតែពីសប្បាយកាលបើបានឃើញទិដ្ឋភាពនៃការទម្លាក់គ្រាប់របស់សហរដ្ឋអាមេរិក។ ចូលដល់សម័យខ្មែរក្រហម លោកត្រូវបានគេចាត់តាំងឱ្យធ្វើការនៅក្នុងកងកុមារ។ លោកពិតជាមានការលំបាកណាស់ ដោយពេលនោះខ្មែរក្រហមបានបង្ខំឱ្យកុមារទាំងអស់កាប់ដើមទន្ទ្រានខេត្ត ជីកដីដំបូកសម្រាប់ធ្វើជី និងឱ្យរែកដី ទាំងដែលបង្គីរែកដីទាំងនោះធំជាងមាឌរបស់លោកទៅទៀត។

២៤. កិច្ចសន្ទនារវាងកញ្ញា រេត ធីតធីត និងលោកតា ពេញ ជួប

រយៈពេល ៤១’០២ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

លោកតា ពេញ ជួប បច្ចុប្បន្នរស់នៅក្នុងខេត្តសៀមរាប។ ក្រោយរដ្ឋប្រហារទម្លាក់សម្តេចសីហនុ ក្រុមគ្រួសារលោកតាបានរត់ភៀសខ្លួនចូលក្នុងព្រៃដើម្បីគេចពីការទម្លាក់គ្រាប់បែក។ ក្នុងរបបខ្មែរក្រហម លោកតាត្រូវបានគេចាត់តាំងឱ្យបររទេះដឹកសំណាប ភ្ជួរស្រែ ដឹកអង្ករ ស្បៀង ជាដើម។ ក្រោយខ្មែរក្រហមដួលរលំ លោកតាបានខិតខំតស៊ូយ៉ាងខ្លាំងដើម្បីចិញ្ចឹមជីវិតគ្រួសារ។ លោកតាក៏សង្ឃឹមផងដែរថា រឿងរ៉ាវដែលគាត់បានឆ្លងកាត់ទាំងនេះនឹងត្រូវបានផ្សព្វផ្សាយទៅកាន់ក្មេងជំនាន់ក្រោយជាច្រើននាក់ទៀត។

២៥. កិច្ចសន្ទនារវាងលោក រស់ សុភ័ក្រ និងលោកតា ឈុំ រស់

រយៈពេល ៥៧’២៧ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

លោកតា ឈុំ រស់ មានអាយុ ៦៦ ឆ្នាំ មានទីលំនៅសព្វថ្ងៃនៅខេត្តសៀមរាប។ នៅក្នុងសម័យខ្មែរក្រហម លោកតាធ្វើការក្នុងកងចល័ត ដោយធ្វើស្រែចម្ការ រែកដី កាប់ព្រៃ ជាដើម ហើយជួនកាលខ្មែរក្រហមបានឱ្យលោកតាលេងភ្លេងបុរាណ ពេលដែលមានការសម្ដែងសិល្បៈម្ដងៗ។ លោកតាប្រាប់ថា ការរស់នៅក្នុងសម័យខ្មែរក្រហមលំបាកណាស់ ព្រោះត្រូវធ្វើការងារធ្ងន់ ហើយរបបអាហារមិនគ្រប់គ្រាន់។

២៦. កិច្ចសន្ទនារវាងកញ្ញា ដួង ផល្លា និងអ្នកស្រី រិន ព្រិច

រយៈពេល ៣៥’១៤ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

អ្នកស្រី រិន ព្រិច មានទីលំនៅបច្ចុប្បន្ននៅភូមិភ្នំទ្រុងបាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។ មុនរបបខ្មែរក្រហម អ្នកស្រីត្រូវបានម្តាយបញ្ជូនឱ្យទៅធ្វើការស៊ីឈ្នួលគេនៅឯខេត្តបាត់ដំបង។ អ្នកស្រីមិនបានរៀនសូត្រអ្វីនោះទេ។ នៅអាយុ ១៣ ឆ្នាំ ខ្មែរក្រហមក៏បានចូលមកដល់ភូមិរបស់អ្នកស្រី ហើយក៏មានការទម្លាក់គ្រាប់បែកនៅក្នុងភូមិរបស់អ្នកស្រីយ៉ាងច្រើនសន្ធឹកសន្ធាប់។ ឪពុកម្តាយរបស់អ្នកស្រីក៏ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ ដោយខ្មែរក្រហមបានចោទពួកគេថាជាពូជខ្មែរសុរិន្ទ។

២៧. កិច្ចសន្ទនារវាងកញ្ញា ផុន សីហា និងលោកតា សៅ សឿន

រយៈពេល ២៩’៤៤ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

លោកតា សៅ សឿន សព្វថ្ងៃមានអាយុ ៧៦ ឆ្នាំ និងមានទីលំនៅបច្ចុប្បន្ននៅភូមិត្បែង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្នុងរបបខ្មែរក្រហម លោកតាមានអាយុ ៣៤ ឆ្នាំ។ គ្រានោះ លោកតាបានបង្រៀនពីការដឹកនាំនយោបាយសង្គមរបស់គេ បង្ហាញពីការជិះជាន់ពីវណ្ណៈនាយទុន និងបង្រៀនឱ្យដឹងពីប្រវត្តិនៃការជិះជាន់របស់ពួកទាំងនោះ។ ខ្មែរក្រហមមិនបានជម្លៀសលោកតាទៅណាទេ ហើយគេក៏បានឱ្យលោកតាធ្វើការនៅក្នុងកសិដ្ឋាន។ ការងារទី ១ គឺធ្វើការជាគ្រូបង្រៀន ទី ២ ធ្វើការជាយោធានៅខេត្តឧត្តរមានជ័យ និងក្រោយមកធ្វើសិប្បកម្ម។

២៨. កិច្ចសន្ទនារវាងកញ្ញា ឃុត ធីតា និងអ្នកស្រី លាត សុខា

រយៈពេល ២០’៥០ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

អ្នកស្រី លាត សុខា មានទីលំនៅបច្ចុប្បន្ននៅស្រុកបន្ទាយស្រី។ អ្នកស្រីមានបងប្អូន ៨ នាក់។ ក្នុងរបបខ្មែរក្រហម អ្នកស្រីធ្វើការនៅក្នុងកងកុមារជាមួយបងប្អូនតែ ៣ នាក់។ អ្នកស្រីធ្វើការមួយចំនួនដូចជាកាប់ដើមទន្ទ្រានខេត្ត និងរើសលាមកគោទុកធ្វើជី។ នៅពេលសម្រាកម៉ោងបាយ ក្មេងៗដែលនៅក្នុងកងកុមារត្រូវបានគេបង្រៀន ១ ម៉ោងអំពីកសិកម្ម។ អ្នកស្រីគ្មានខោអាវស្លៀកពាក់គ្រប់គ្រាន់ទេ ដោយគេចែកខោអាវឱ្យម្នាក់តែ ២ ឈុតប៉ុណ្ណោះក្នុងមួយឆ្នាំ។

២៩. កិច្ចសន្ទនារវាងកញ្ញា ណុក សែងស៊ុម និងអ្នកស្រី ចាន់ ស៊ុន

រយៈពេល ១៦’២០ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

នៅអាយុ ១៤ ឆ្នាំ អ្នកស្រី ចាន់ ស៊ុន ត្រូវបានខ្មែរក្រហមដាក់ឱ្យនៅក្នុងសហករណ៍រួម។ អ្នកស្រីបានដើរគាស់គល់ឈើ បន្ទាប់មកគេឱ្យអ្នកស្រីទៅជីកប្រឡាយ ដកសំណាបជាដើម។ យប់ឡើង ខ្មែរក្រហមឱ្យហាត់រៀនសិល្បៈផង។ ការហាត់រៀនសិល្បៈគឺមានតែលើកតម្កើងនយោបាយបដិវត្តន៍ និងបង្អាប់បដិវត្តន៍នៃរបប លន់ នល់។ បន្ទាប់ពីនោះមក ខ្មែរក្រហមបានឱ្យអ្នកស្រីធ្វើការជាកងពិសេស។ ពេលដែលមានសមរភូមិ ក្រុមអ្នកស្រីត្រូវតែទៅមុន ប៉ុន្តែអ្នកស្រីមិនដែលបានចូលសមរភូមិអ្វីទេ ព្រោះអ្នកស្រីមានលេសដោះសារហូត។

៣០. កិច្ចសន្ទនារវាងលោក ជង់ សុខេន និងលោក ឃិន ហឿង

រយៈពេល ៥០’១៥ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

លោក ឃិន ហឿង សព្វថ្ងៃមានអាយុ ៦៣ ឆ្នាំហើយ។ ក្នុងសម័យខ្មែរក្រហម លោកត្រូវបានគេចាត់តាំងឱ្យធ្វើការងារជាច្រើនដូចជា ដកស្ទូង ដឹកសំណាប យាមស្ករ រកត្រី ដឹកស្បៀង។ ថ្ងៃមួយ នៅពេលគាត់ដឹកស្បៀង គាត់ក៏បានឃើញខ្មែរក្រហមដឹកប្រជាជនយកទៅសម្លាប់ទាំងគ្រួសារៗ តែសំណាងល្អដែរ ដែលគាត់គ្មានសាច់ញាតិបានស្លាប់នៅក្នុងសម័យខ្មែរក្រហមនោះទេ។

៣១. កិច្ចសន្ទនារវាងកញ្ញា មាស សាលីន និងលោកយាយ សន

រយៈពេល ២១’៤០ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

លោកយាយ សន មានទីលំនៅបច្ចុប្បន្ននៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកយាយមានបងប្អូន៩ នាក់។ នៅក្នុងរបបខ្មែរក្រហម លោកយាយរស់នៅក្នុងផ្ទះសហករណ៍ ប៉ុន្តែតំបន់លោកយាយមិនសូវតឹងរ៉ឹងទេដូចតំបន់ផ្សេងទេ ដោយក្នុងតំបន់លោកយាយ គេអនុញ្ញាតឱ្យដាំបន្លែនិងដំឡូងហូបខ្លួនឯងបាន។ កូនរបស់លោកយាយបានរៀបការនៅក្នុងរបបខ្មែរក្រហម។ លោកយាយមានតែលុយ ៥ កាក់ប៉ុណ្ណោះសម្រាប់ចងដៃកូន។ បន្ទាប់ពីរៀបការរួច លោកយាយបានលួចសែនព្រេនតិចតួចដើម្បីសុំសេចក្តីសុខដល់កូន និងប្រាប់ចាស់ទុំ ជីដូនជីតាឱ្យបានដឹងឮ។

៣២. កិច្ចសន្ទនារវាងលោក ភ្លត់ ដារ៉ា និងអ្នកស្រី ប៉ាន់ សារឿម

រយៈពេល ៥៧’១៣ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

អ្នកស្រី ប៉ាន់ សារឿម សព្វថ្ងៃមានអាយុ ៦៤ ឆ្នាំ។ អ្នកស្រីបានរៀបការក្នុងសម័យ លន់ នល់។ មិនបានប៉ុន្មានផង ប្ដីរបស់អ្នកស្រីត្រូវគេបង្ខំឱ្យទៅធ្វើទាហាន លន់ នល់។ ចូលមកដល់របបខ្មែរក្រហម អ្នកស្រី និងស្វាមីមិនសូវបាននៅជាមួយគ្នាទេ ហើយអ្នកស្រីស្នាក់នៅជាមួយប្អូនស្រី។ របបខ្មែរក្រហមបានបន្សល់ទុកនូវភាពឈឺចាប់យ៉ាងខ្លាំងសម្រាប់អ្នកស្រី។ អ្នកស្រីបានបាត់បង់បងប្អូន និងសាច់ញាតិ ក្នុងនោះមាន ១២ នាក់បានស្លាប់ ហើយក្នុងនោះក៏មានម្ដាយរបស់គាត់ផងដែរ។

៣៣. កិច្ចសន្ទនារវាងកញ្ញា រិច ស្រីម៉ាច និងអ្នកស្រី អូត សូត

រយៈពេល ៦៤’០៦ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

នៅពេលដែលសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែក ប្រជាជនជាច្រើនបាននាំគ្នារត់ចូលព្រៃដើម្បីគេចពីការទម្លាក់គ្រាប់បែកនេះ។ នៅឆ្នាំ ១៩៧៥ អ្នកស្រី អូត សូត ត្រូវបានគេជម្លៀសឱ្យទៅធ្វើការនៅឯរោងចក្រក្នុងក្រុងភ្នំពេញ។ នៅឆ្នាំ ១៩៧៨ ខ្មែរក្រហមបានបង្ខំឱ្យអ្នកស្រីរៀបការជាមួយនឹងបុរសជនជាតិដើមភាគតិច តែអ្នកស្រីមិនព្រម។ បន្ទាប់មកអ្នកស្រីបានរៀបការម្តងទៀតជាមួយនឹងស្វាមីរបស់អ្នកស្រីបច្ចុប្បន្ន។

៣៤. កិច្ចសន្ទនារវាងលោក កែវ ឌួង និងលោក ខាត់ ចាន់

រយៈពេល ៤៩’៣១ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តកំពង់ចាម

នៅក្នុងរបបខ្មែរក្រហម លោក ខាត់ ចាន់ ធ្វើការក្នុងកងកុមារដែលបែកពីឪពុកម្តាយរបស់គាត់។ ថ្ងៃមួយ គាត់នឹកឪពុកម្តាយខ្លាំងពេក គាត់ក៏បានរត់គេចទៅជួបពួកគាត់។ នៅពេលដែលគាត់ធ្វើការងារមិនរួចទៅតាមផែនការ គេក៏បានដាក់ពិន័យគាត់ដោយបង្អត់អាហារ។ គាត់ស្នើឱ្យយុវជនជំនាន់ក្រោយត្រូវតែសិក្សាស្រាវជ្រាវ ដើម្បីស្គាល់អំពីប្រវត្តិសាស្ត្រខ្មែរ ហើយមិនត្រូវធ្វើសកម្មភាពដែលផ្ទុយពីសង្គមឡើយ។

៣៥. កិច្ចសន្ទនារវាងលោក វីន មេត្តា និងអ្នកស្រី លួង សាវី

រយៈពេល ៣៣’៣៣ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

អ្នកស្រី លួង សាវី មានបងប្អូន ៦ នាក់ និងរស់នៅក្នុងខេត្តសៀមរាប។ ក្នុងសម័យ លន់ នល់ អ្នកស្រី និងគ្រួសារ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក។ ចូលមកដល់សម័យខ្មែរក្រហម អ្នកស្រីត្រូវធ្វើការក្នុងកងចល័ត។ ចុងឆ្នាំ ១៩៧៨ ខ្មែរក្រហមបានបង្ខំឱ្យអ្នកស្រីរៀបការ ប៉ុន្ដែពួកគាត់មិនបាននៅជាមួយគ្នាទេ។ លុះដល់ចប់របបនេះ ទើបគាត់បានរៀបការម្ដងទៀត។

៣៦. កិច្ចសន្ទនារវាងកញ្ញា សំ ស្រីនិត និងលោក យ៉ាត​ យ៉ែម

រយៈពេល ៤៦’១៥ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

លោកតា យ៉ាត យ៉ែម បានកើត និងរស់នៅក្នុងសម័យអាណានិគមនិយមបារាំង។ ក្នុងសម័យនោះ លោកតាបានចូលរៀនភាសាសៀមអស់រយៈពេល ២ ឆ្នាំ ហើយលោកតាក៏បានប្រលងជាប់ និងបានទៅរៀននៅឯប្រទេសថៃ។ លោកតានៅចងចាំទាំងអស់នូវរាល់ទិដ្ឋភាពនានាតាំងពីសម័យនោះមកម្ល៉េះ។ ក្នុងរបបខ្មែរក្រហម គេបានបង្ខំឱ្យលោកតាធ្វើការធ្ងន់ ដូចជារែកដី លើកប្រឡាយ ហើយមិនបានហូបចុកគ្រប់គ្រាន់ទេ។

៣៧. កិច្ចសន្ទនារវាងលោក ជាង ផារ៉េន និងលោកយាយ សូរ ហ៊ាន

រយៈពេល ១៧’៤៣ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

លោកយាយ សូរ ហ៊ាន មានបងប្អូន ៤ នាក់ និងមានកូន ៨ នាក់។ ក្នុងសម័យខ្មែរក្រហម លោកយាយមិនត្រូវបានគេជម្លៀសចេញពីភូមិស្រុករបស់លោកយាយទេ។ លោកយាយធ្វើការនៅក្នុងក្រុមស្ដ្រី ដោយធ្វើស្រែចម្ការ ដកស្ទូង ជាដើម។ នៅក្នុងភូមិដែលលោកយាយរស់នៅ ចាប់ផ្ដើមមានការកាប់សម្លាប់ប្រជាជនតាំងពីពេលដែលពួកនិរតីចូលមកដល់។

៣៨. កិច្ចសន្ទនារវាងកញ្ញា ចូរ អ៊ិញតាយ និងលោកតា ផូ ហុង

រយៈពេល ២១’១៨ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

លោកតា ផូ ហុង រស់នៅក្នុងភូមិត្បែង ខេត្តសៀមរាប។ លោកតាមានកូន ៨ នាក់ ហើយសព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ នៅក្នុងឆ្នាំ ១៩៧០ អ្នកភូមិរបស់លោកតាត្រូវបានខ្មែរក្រហមកៀរឱ្យទៅសមរភូមិ ដើម្បីដឹកស្បៀងឱ្យកងទ័ពខ្មែរក្រហម។ ចូលមកដល់សម័យខ្មែរក្រហម លោកតាបានធ្វើការនៅក្នុងក្រុមគមនាគមន៍ ដែលមានតួនាទីដឹកស្បៀង ឬសំណាបឱ្យអ្នកស្ទូងនៅស្រែ។ នៅក្នុងរបបខ្មែរក្រហម គាត់បានបាត់បង់សាច់ញាតិចំនួន ៣ នាក់ ក្នុងនោះមានបងប្រុសបង្កើតរបស់គាត់ម្នាក់ដែរ។

៣៩. កិច្ចសន្ទនារវាងកញ្ញា ជ័យ សាវីន និងលោកយាយ ម៉ក់

រយៈពេល ១៦’៣៣ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

លោកយាយ ម៉ក់ មានកូន ៥ នាក់។ ក្នុងសម័យខ្មែរក្រហម លោកយាយធ្វើស្រែ ដកស្ទូង ដូចប្រជាជនទូទៅដែរ តែក្រោយមកខ្មែរក្រហមបានចាត់តាំងឱ្យលោកយាយធ្វើជាអ្នកក្ដាប់ខាងបុកស្រូវ។ នៅពេលនោះហើយដែលលោកយាយបានប្រទះឃើញអន្លង់កប់សពមនុស្សជាច្រើនដែលពួកខ្មែរក្រហមបានសម្លាប់។ លោកយាយមិនបាននៅជាមួយស្វាមីរបស់លោកយាយទេ ព្រោះគាត់ត្រូវទៅធ្វើការនៅកន្លែងឆ្ងាយ ហើយច្រើនខែបានមកផ្ទះម្ដង។ ក្រោយមកប្ដីរបស់គាត់បានធ្លាក់ខ្លួនឈឺ ហើយទទួលមរណភាព។ ក្រោយសម័យខ្មែរក្រហម កូនប្រុសរបស់គាត់ក៏បានចូលធ្វើទាហានឱ្យរដ្ឋាភិបាល។

៤០. កិច្ចសន្ទនារវាងលោក សឺត ពេញចិត្ត និងលោក ឆេង ថេង

រយៈពេល ៧៦’១៤ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

លោក ឆេង ថេង មានអាយុ ៦៩ ឆ្នាំ។ គាត់គឺជាប្រជាជនរំដោះថ្មីក្នុងសម័យខ្មែរក្រហម។ ខ្មែរក្រហមបានផ្លាស់ប្ដូរលោកឱ្យទៅធ្វើការនៅកន្លែងជាច្រើនដូចជា ដកស្ទូង ធ្វើជាងឈើ ហើយចុងក្រោយគាត់ទៅធ្វើការជាអ្នកបើកទ្វារទឹកប្រឡាយ។ នៅក្នុងរបបខ្មែរក្រហម គាត់បានតស៊ូ និងខិតខំធ្វើការណាស់ រហូតដល់គាត់បានក្លាយជាកងចល័តពិសេស។ គាត់ប្រាប់ថា យើងត្រូវតែចេះផ្លាស់ប្ដូរទៅតាមសង្គមទើបអាចមានជីវិត។

៤១. កិច្ចសន្ទនារវាងលោក អ៊ុល ពៅ និងលោកតា អ៊ីង ភាន់

រយៈពេល ៥៦’៥៨ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

នាសម័យសង្គមរាស្ដ្រនិយម លោកតា អ៊ីង ភាន់ ជាសិស្ស និងប្រកបរបរធ្វើស្រែចម្ការ។ មកដល់សម័យ លន់ នល់ ដោយសារសង្រ្គាម លោកតាមិនបានរៀនសូត្រទៀតទេ។ ក្រោយមក ខ្មែរក្រហមបានចូលមកឃោសនានៅក្នុងភូមិរបស់លោកតាដើម្បីបញ្ចុះបញ្ចូលឱ្យប្រជាជនប្រឆាំងនឹងអាមេរិក។ លុះមកដល់សម័យខ្មែរក្រហម លោកតាបានធ្វើការនៅក្នុងកងចល័ត។ ក្នុងរបបនោះ លោកតាបានយកស្ដ្រីមេម៉ាយម្នាក់ដែលជាប្រជាជន ១៧ មេសា មកធ្វើជាប្រពន្ធ ព្រោះតែក្ដីអាណិត។

៤២. កិច្ចសន្ទនារវាងកញ្ញា ឆាយ ស៊ីរស្មី និងលោកយាយ ជិន រុន

រយៈពេល ៤៤’០២ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

លោកយាយ ជិន រុន មានអាយុ ៦៥ ឆ្នាំ។ ក្នុងសម័យខ្មែរក្រហម លោកយាយធ្វើការលើកទំនប់ ជីកប្រឡាយ។ ថ្ងៃមួយ លោកយាយ និងក្រុមនារីផ្សេងទៀត បានលួចរត់មកផ្ទះដើម្បីមកលេងម្តាយ។ តែមិនបានប៉ុន្មានថ្ងៃផង គាត់ត្រូវបានគេហៅឱ្យទៅវិញ។ ខ្មែរក្រហមបានបង្ខំឱ្យលោកយាយរៀបការ តែលោកយាយបដិសេធ។ អ្វីដែលធ្វើឱ្យលោកយាយឈឺចាប់ ហើយបំភ្លេចមិនបាន គឺការរស់នៅបែកពីឪពុកម្ដាយ និងការបាត់បង់បងប្អូន ២ នាក់របស់លោកយាយក្នុងសម័យនោះ។

៤៣. កិច្ចសន្ទនារវាងកញ្ញា សំណាង ចន្ទរី និងលោកតា ក្រឹម រ៉េត

រយៈពេល ៤៩’៤១ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

លោកតា ក្រឹម រ៉េត រស់នៅក្នុងខេត្តសៀមរាប។ មុនរបបខ្មែរក្រហម លោកតាបានបួសជាសង្ឃ។ ពេលដែលខ្មែរក្រហមចូលមកដល់ភូមិស្រុករបស់គាត់ ទើបលោកតាសឹក ហើយធ្វើការនៅក្នុងកងចល័ត។ លោកតាមានការលំបាកណាស់ដោយសារគ្មានអាហារហូបចុកគ្រប់គ្រាន់។ ក្រោយមក ដោយសារមានការយោគយល់ពីប្រធានសហករណ៍ លោកតាក៏លែងទៅកងចល័ត ហើយមកធ្វើការនៅក្នុងសហករណ៍វិញ។

៤៤. កិច្ចសន្ទនារវាងលោក ប៉ក ផាត និងអ្នកស្រី ប៉ក យាន

រយៈពេល ៣២’១៣​ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

នាសម័យសង្គមរាស្រ្តនិយម កាលអ្នកស្រី ប៉ក យាន នៅក្មេង អ្នកស្រីធ្លាប់បានទៅមើលសម្តេច នរោត្តម សីហនុ ធ្វើពិធីច្រត់ព្រះនង្គ័ល ជាមួយនឹងលោកឪពុករបស់អ្នកស្រី។ ក្នុងសម័យខ្មែរក្រហម អ្នកស្រីធ្វើការក្នុងកងចល័ត។ ដោយសារតែបែកពីម្តាយយូរពេក ថ្ងៃមួយអ្នកស្រីបានលួចរត់ចេញពីកងចល័តទាំងយប់ដើម្បីមកជួបម្តាយ។ មេក្រុមរបស់អ្នកស្រីបានដឹងថាអ្នកស្រីលួចរត់ចេញមក គេក៏នាំគ្នាតាមចាប់អ្នកស្រី។ នៅពេលដែលអ្នកស្រីដឹងថាគេតាមចាប់ អ្នកស្រីក៏លួចរត់ចេញពីផ្ទះមកការដ្ឋានវិញទាំងយប់ ហើយក៏គ្មានអ្នកណាម្នាក់ចាប់បានអ្នកស្រីដែរ។

៤៥. កិច្ចសន្ទនារវាងកញ្ញា ប៉ិន សំណាង និងអ្នកស្រី ជា ម៉ឹង

រយៈពេល ២៩’២៨ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

ក្រុមគ្រួសាររបស់អ្នកស្រី ជា ម៉ឹង ត្រូវបានខ្មែរក្រហមបំបែកឱ្យទៅធ្វើការនៅកន្លែងផ្សេងៗគ្នា។ កាលនោះ អ្នកស្រីមានអាយុ ២៣ ឆ្នាំ និងធ្វើការនៅក្នុងកងចល័តនារី។ ឪពុករបស់អ្នកស្រី បងប្រុស និងបងថ្លៃ ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលដោយចោទថាជាជនក្បត់។ អ្នកស្រីត្រូវបានខ្មែរក្រហមបង្ខំអោយរៀបការជាមួយបុរសពិការម្នាក់។ អ្នកស្រីមិនពេញចិត្តនឹងអាពាហ៍ពិពាហ៍នេះឡើយ តែខ្មែរក្រហមបានគំរាមសម្លាប់គាត់។ សព្វថ្ងៃនេះ អ្នកស្រីមានកូន ៥ នាក់ និងរស់នៅជាមួយស្វាមីយ៉ាងមានសេចក្តីសុខ។

៤៦. កិច្ចសន្ទនារវាងលោក ធិញ ផល និងលោកយាយ ព្រាប ដៀង

រយៈពេល ៣៤’១៧ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

លោកយាយ ព្រាប ដៀង មានអាយុ ៨៦ ឆ្នាំ និងមានកូន ៤ នាក់។ ក្នុងសម័យខ្មែរក្រហម លោកយាយពិបាកណាស់ ព្រោះត្រូវធ្វើការធ្ងន់ ហូបតែបបរ ហើយត្រូវធ្វើការដល់យប់ជ្រៅទៀតផង។ ក្រៅពីនេះ លោកយាយក៏ធ្លាប់ឃើញគេដឹកមនុស្សយកទៅសម្លាប់ទាំងរទេះៗ មានទាំងចាស់ ទាំងក្មេង។ លោកយាយបន្ថែមថា ទោះចប់សម័យខ្មែរក្រហម ក៏ប្រជាជនខ្លះនៅតែលំបាកវេទនា ព្រោះនៅតែមានសង្រ្គាមមិនឈប់ ហើយលោកយាយក៏មិនចង់ឱ្យមានសង្រ្គាមកើតឡើងទៀតដែរ ព្រោះលោកយាយវេទនាគ្រប់គ្រាន់ហើយ។

៤៧. កិច្ចសន្ទនារវាងលោក ប៉ាច់ ពៅ និងលោកយាយ ប៉ាត ឌួង

រយៈពេល ១៥’៤៨ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

ក្នុងសម័យខ្មែរក្រហម អ្នកមីង ប៉ាត ឌួង មានអាយុប្រហែលជា ១០ ឆ្នាំ។ គាត់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីម្ដាយឪពុក ហើយមកធ្វើការនៅក្នុងកងកុមារ។ គាត់បន្តថា គាត់ហូបចុកមិនគ្រប់គ្រាន់ទេ ដេកក៏មិនសូវស្កប់ដែរ។ ខ្មែរក្រហមឱ្យគាត់កាប់ទន្រ្ទានខេត្តដើម្បីធ្វើជី។ ក្រៅពីធ្វើជី ខ្មែរក្រហមប្រើគាត់ទៅស្ទូង។ អ្នកមីងមិនចង់ឱ្យមានសង្រ្គាមទៀតនោះទេ ហើយការរស់នៅសព្វថ្ងៃនេះគឺសុខសាន្តហើយ។

៤៨. កិច្ចសន្ទនារវាងកញ្ញា ហុន លាន និងលោកតា ហ៊ុប ទូច

រយៈពេល ៦៩’២៤ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

នៅសម័យសង្គមរាស្រ្តនិយម លោក ហ៊ុប ទូច ធ្លាប់បានឮសម្តេចតាប្រកាសតាមវិទ្យុ អំពាវនាវឱ្យប្រជាជនទាំងអស់រត់ចូលព្រៃម៉ាគី និងជីកលេណដ្ឋានដើម្បីរត់គេចពីការទម្លាក់គ្រាប់បែក។ បើលួចដំាបាយ សូមកុំឱ្យមានផ្សែងឱ្យសោះ ​បើមានផ្សែង គេនឹងមកទម្លាក់គ្រាប់បែកនៅទីនោះតែម្តង។ ក្នុងរបបខ្មែរក្រហមលោកបានធ្វើជាប្រធានគ្រប់គ្រងមួយកងតូច​ដោយចាំស្ដាប់បង្គាប់ពីមេបញ្ជាការធំ។ លោកបានសំណូមពរឱ្យគ្រប់គ្នារៀនសូត្រឱ្យបានច្រើនពីរបបខ្មែរក្រហម និងដឹងពីរឿងរ៉ាវពិតដែលប្រជាជនខ្មែរយើងបានឆ្លងកាត់។

៤៩. កិច្ចសន្ទនារវាងកញ្ញា អ៊ឹម ពន្លៃ និងលោកយាយ ភឹង ហុក

រយៈពេល ៤៩’៤៤ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

អ្នកស្រី ភឹង ហុក បានរៀបការនៅអាយុ ២១ ឆ្នាំ ហើយស្វាមីរបស់អ្នកស្រីជាទាហាន លន់ នល់។ នៅជំនាន់ លន់ នល់ គេឱ្យអ្នកស្រីហាត់ទាហាន ប៉ុន្តែមិនទាន់ទាំងបានចូលសមរភូមិផង ស្រុកទេសក៏កើតសង្គ្រាម។ ក្នុងរបបខ្មែរក្រហម អ្នកស្រីត្រូវបានខ្មែរក្រហមឱ្យទៅដកសំណាប ស្ទូង ធ្វើស្រែ រែកដី។ ដល់ពេលជិតភ្លឺ គេឱ្យទៅរវៃអំបោះ ហើយរៀនត្បាញ។ គេឱ្យរៀនត្បាញ គាស់កប្បាសដើម្បីធ្វើអំបោះ។ ខ្មែរក្រហមបានបង្ខំឱ្យអ្នកស្រីរៀបការ។ ជំនាន់នោះ រៀបការម្ដងៗមានរហូតដល់ទៅ ៥០ គូ។

៥០. កិច្ចសន្ទនារវាងកញ្ញា ហូ ហាន់ និងអ្នកស្រី ឯម ផុន

រយៈពេល ៣៧’០៤​ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

នៅក្នុងឆ្នាំ ១៩៧១ រហូតដល់ឆ្នាំ ១៩៧៣ អ្នកស្រី ឯម ផុន ត្រូវបានខ្មែរក្រហមជ្រើសរើសឱ្យធ្វើជាយោធាប្រចាំការនៅមុខអង្គរវត្តសម្រាប់ត្រៀមបាញ់ជាមួយទាហាន លន់ នល់។ អ្នកស្រីបានរៀនពីវីធីប្រយុទ្ធមួយចំនួនដូចជារបៀបនៃការប្រើប្រាស់កាំភ្លើង រត់ លូន ជាដើម។ ពីឆ្នាំ ១៩៧៣ ដល់ឆ្នាំ ១៩៧៥ អ្នកស្រីត្រូវបានបញ្ជូនពីដុំដែកទៅភូមិប្រដាក ដោយនៅទីនោះ អ្នកស្រីត្រូវបានខ្មែរក្រហមចាត់តាំងឱ្យធ្វើជាមេកងគ្រប់គ្រងកងនារីមួយកងតូចដែលមានសមាជិក ៣០០ នាក់។ ក្រោយមក អ្នកស្រីត្រូវបានខ្មែរក្រហមបង្ខំឱ្យរៀបការនៅក្នុងឆ្នាំ ១៩៧៦។

៥១. កិច្ចសន្ទនារវាងកញ្ញា ឃន់ មល់ និងលោក អ៊ឹម អ៊ី

រយៈពេល ២៩’៣៤ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

លោក អ៊ឹម អ៊ី មានស្រុកកំណើតនៅរាជធានីភ្នំពេញ ហើយទីលំនៅបច្ចុប្បន្ននៅខេត្តសៀមរាប។ កាលនៅតូច លោកគ្រាន់តែដឹងថាមានរដ្ឋប្រហារទម្លាក់សម្តេចសីហនុ ហើយពេលនោះមានការបះបោរធ្វើបាតុកម្ម។ ប្រជាជនមកពីខេត្តកំពង់ចាមបានទាមទារតវ៉ាមិនឱ្យមានការទម្លាក់ទេ ប៉ុន្តែត្រូវបានទាហាន លន់ នល់ សម្លាប់ចោលទាំងអស់។ ពេលនោះ ម្តាយឪពុករបស់លោកមិនហ៊ានឱ្យលោកទៅធ្វើជាទាហានទេ ដោយឱ្យលោកទៅបួស។

៥២. កិច្ចសន្ទនារវាងកញ្ញា ប៉ះ សុខណា និងអ្នកស្រី ទុយ ប៊ុនរឿន

រយៈពេល ៤៨’២០ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

អ្នកស្រី ទុយ ប៊ុនរឿន មានទីលំនៅបច្ចុប្បន្ននៅខេត្តសៀមរាប។ ក្នុងរបប លន់ នល់ អ្នកស្រីមានអាយុ ១០ ឆ្នាំ។ អ្នកស្រីមិនបានចងចាំអ្វីច្រើនទេ គ្រាន់តែដឹងថាអ្នកស្រីត្រូវបានម្តាយឪពុកនាំរត់ចូលព្រៃដើម្បីគេចពីការទម្លាក់គ្រាប់បែក។ នៅក្នុងរបបខ្មែរក្រហម អ្នកស្រីធ្វើការនៅក្នុងកងកុមារ មានរែកដី លើកទំនប់ប្រឡាយ ជាដើម។ អ្នកស្រីមានអារម្មណ៍ថាធូរស្បើយក្រោយពីបានរៀបរាប់រឿងរបស់គាត់ទៅដល់ក្មេងជំនាន់ក្រោយ ថាតើនៅជំនាន់នោះ គាត់លំបាកប៉ុនណា។

៥៣. កិច្ចសន្ទនារវាងលោក យុន សុភាព និងឪពុកម្តាយ

រយៈពេល ២១’៤៤ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តកំពង់ធំ

លោក ចាប ញន រស់នៅឯត្រាច មានបងប្អូន ៥ នាក់។ គាត់មានអាយុប្រហែល ១០ ទៅ ១១ ឆ្នាំ នៅក្នុងសម័យ លន់ នល់ ហើយគាត់គឺជាព្រះសង្ឃ។ ដល់អាយុ ១២ ឆ្នាំ ខ្មែរក្រហមចូលមកដល់ គាត់បានដើរកាប់ទន្រ្ទានខេត្ត រើសលាមកគោ កាប់ដីដំបូក យកទៅចាក់នៅវត្តស្រងែ។ ក្រោយរបបខ្មែរក្រហម គាត់ប្រកបរបររកស៊ីធម្មតា។

៥៤. កិច្ចសន្ទនារវាងលោក អេង វ៉ាទូច និងអ្នកស្រី យ៉ាន់ ថន

រយៈពេល ១៦’១៧ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តត្បូងឃ្មុំ

លោក អេង ងួន និងអ្នកស្រី យ៉ាន់ ថន បានរៀបការក្រោយពីបែករបប ប៉ុល ពត។ នៅក្នុងសម័យខ្មែរក្រហម គាត់ទាំងពីរនៅជាកុមារនៅឡើយ។ នៅពេលនោះ គេប្រើគាត់ឱ្យមើលគោក្របី រើសជីដាក់ស្រែ និងលើកភ្លឺស្រែបន្តិចបន្តួច។ ចំពោះការហូបចុក គឺបានត្រឹមបបររាវ ហូបមិនឆ្អែតឡើយ។ ក្រោយចប់របបនោះ គាត់ក៏រកស៊ីធម្មតារហូតមកដល់បច្ចុប្បន្ន។

៥៥. កិច្ចសន្ទនារវាងកញ្ញា ទេព លាងអាង និងលោក ពួយ ស

រយៈពេល ២៦’៥៦ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តរតនគិរី

លោក ពួយ ស មានទីលំនៅបច្ចុប្បន្ននៅភូមិប៉ាអរ ឃុំប៉ាកតេ ស្រុកបានលុង ខេត្តរតនគិរី។ ក្នុងសម័យសង្គមរាស្រ្តនិយម គាត់មានអាយុប្រហែល ១៧ ឆ្នាំ និងរៀនថ្នាក់ទី ៨។ នៅក្នុងរបបខ្មែរក្រហម គេឱ្យគាត់ទៅដាំកប្បាស ហើយគាត់បានរៀបការក្នុងសម័យនោះ។

៥៦. កិច្ចសន្ទនារវាងលោក ស ហ៊ល និងអ្នកស្រី ភិន សាមេត

រយៈពេល ២៨’០៣ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តត្បូងឃ្មុំ

អ្នកស្រី ភិន សាមេត រស់នៅក្នុងខេត្តកំពង់ធំ។ កាលពីសម័យសង្គមរាស្រ្តនិយម គាត់នៅក្មេង គាត់មិនបានចាំរឿងរ៉ាវអ្វីច្រើនទេ។ ចូលដល់ឆ្នាំ ១៩៧៥ គាត់ត្រូវបានគេបញ្ជូនឱ្យទៅធ្វើការនៅក្នុងកងចល័ត ទៅលើកទំនប់ ជីកប្រឡាយ ជីកព្រែក ប្រព័ន្ធភ្លឺស្រែ ដេកតាមវាលស្រែ និងត្រូវឃ្លាតពីឪពុកម្តាយ។ នៅក្នុងសម័យនោះ ម្ហូបអាហារមានតែសម្លដើមចេកជាមួយត្រី មិនដែលមានសាច់ហូបឡើយ។

៥៧. កិច្ចសន្ទនារវាងកញ្ញា ឃី មុនីរដ្ឋ និងអ្នកស្រី ឡាន់ ឡៃ

រយៈពេល ៤៥’១០ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

អ្នកស្រី ឡាន់ ឡៃ មានអាយុ ៥៩ ឆ្នាំ។ អ្នកស្រីរស់នៅលំបាកខ្លាំងណាស់ក្នុងសម័យសង្គ្រាមដោយសារត្រូវរត់គេចពីការទម្លាក់គ្រាប់បែក។ ក្នុងរបបខ្មែរក្រហម អ្នកស្រីត្រូវរស់នៅឆ្ងាយពីឪពុកម្តាយ ហើយធ្វើការនៅក្នុងកងចល័ត។ អ្នកស្រីត្រូវបានខ្មែរក្រហមបង្ខំឱ្យរៀបការជាមួយស្វាមីរបស់អ្នកស្រីបច្ចុប្បន្ន ហើយរស់នៅជាមួយគ្នាមកដល់សព្វថ្ងៃ។ ក្រោយពីរបបខ្មែរក្រហមបានបញ្ចប់ គាត់បានរស់នៅជួបជុំគ្រួសារ និងឪពុកម្តាយរបស់គាត់វិញ ប៉ុន្តែជីវភាពពេលនោះលំបាកខ្លាំងណាស់ ព្រោះតែគ្មានអាហារហូបគ្រប់គ្រាន់។

៥៨. កិច្ចសន្ទនារវាងកញ្ញា ភឿង ពេទ្យ និងលោកតា សេង ថង់

រយៈពេល ៦១’៣៧ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តរតនគិរី

លោក សេង ថង់ សព្វថ្ងៃរស់នៅខេត្តរតនគិរី។ នាសម័យសង្គមរាស្រ្តនិយម ឪពុកម្តាយរបស់លោកធ្វើស្រែចម្ការ និងដើរបរបាញ់សត្វដើម្បីចិញ្ចឹមជីវិត។ លោកមិនបានរៀនសូត្រជ្រៅជ្រះទេ ដោយសារតែសាលានៅឆ្ងាយពីផ្ទះ និងដោយសាររដ្ឋប្រហារក្នុងសម័យ លន់ នល់។ នៅក្នុងឆ្នាំ ១៩៧៧ ខ្មែរក្រហមបានចាត់តាំងឱ្យលោកធ្វើជាពេទ្យចល័តនៅតាមសហករណ៍។ ខ្មែរក្រហមក៏បានបង្រៀនលោកពីវិធីសាស្រ្តធ្វើថ្នាំ ស្ងោរថ្នាំ សូនគ្រាប់ថ្នាំ ជាដើម។ លោកក៏ត្រូវបានខ្មែរក្រហមរៀបចំឱ្យមានគូស្រករ។ ក្រោយពីបានរស់នៅជាមួយគ្នាមួយសប្តាហ៍ ខ្មែរក្រហមក៏បានបំបែកពួកគាត់ទាំង ២ ឱ្យទៅធ្វើការរៀងៗខ្លួនវិញ។

៥៩. កិច្ចសន្ទនារវាងកញ្ញា តាន់ និស្ស័យ និងលោកតា យីវ ស៊ីន

រយៈពេល ៣០’៥៤ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តក្រចេះ

លោក យីវ ស៊ីន មានអាយុ ៧០ ឆ្នាំហើយ។ នៅមុនសម័យខ្មែរក្រហម គាត់ធ្លាប់បួសរៀន ហើយនៅដើមសម័យខ្មែរក្រហម គាត់បានធ្វើជាមេភូមិ ប៉ុន្តែត្រូវបានគេដកហូតតំណែងវិញដោយចោទថាខុសសីលធម៌។ ក្រោយមកគាត់ក៏បានរស់នៅ និងធ្វើការធម្មតានៅតាមសហករណ៍។ ក្រោយរបបខ្មែរក្រហម គាត់បានរស់នៅឯភូមិរបស់គាត់ជាមួយនឹងគ្រួសារ។ គាត់បានដឹងខ្លះៗពីសាលាក្តីខ្មែរក្រហម ប៉ុន្តែគាត់មិនសូវពេញចិត្តនឹងការកាត់ទោសប៉ុន្មានទេ ហើយគាត់មិនជឿថានឹងអាចកើតមានខ្មែរក្រហមម្តងទៀតឡើយ។

៦០. កិច្ចសន្ទនារវាងកញ្ញា ឡាយ ឌីនណា និងលោក ឃួន សារីន

រយៈពេល ៥១’២៧ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្ត​រតនគិរី

លោក ឃួន សារីន រស់នៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ពេលខ្មែរក្រហមចូលមក គេបានជម្លៀសប្រជាជនពីភ្នំពេញឱ្យទៅនៅតាមក្រុមសហករណ៍ផ្សេងៗ។ ដំបូងគេឱ្យគាត់នៅក្នុងក្រុមកុមារឃ្វាលគោក្របីនៅឯភ្នំប៉ែន។ ពីរឆ្នាំក្រោយមក គេយកគាត់ឱ្យទៅធ្វើការនៅកងចល័តវិញ។ បន្ទាប់មកទៀត គេក៏ឱ្យគាត់ឡើងត្នោត។ ក្នុងសម័យនោះ គាត់ហូបតែបបរ ហើយពេលខ្លះគាត់លួចទៅស្ទួចត្រី។ រហូតដល់ថ្ងៃរំដោះ គាត់ក៏បានរស់នៅជុំប្រពន្ធគាត់វិញ។

៦១. កិច្ចសន្ទនារវាងលោក ស ហ៊ល និងលោកតា ឃុន ស្រស់

រយៈពេល ៤០’២៦ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្ត​ត្បូងឃ្មុំ

ពេលដែល លន់ នល់ ទម្លាក់សម្តេចសីហនុ លោកតា ឃុន ស្រស់ មានអាយុ ១៣ ឆ្នាំ។ គាត់បានរៀនត្រឹមថ្នាក់ទី ១០ ក្នុងជំនាន់នោះ។ ក្រោយមក គាត់ក៏បានចូលក្នុងព្រៃម៉ាគីដើម្បីតស៊ូ។ ចូលដល់របបខ្មែរក្រហម គាត់ត្រូវបានគេចាប់ធ្វើទាហានទៅវាយជាមួយវៀតណាម ដែលជាកងពល សោ ភឹម។ ជាអកុសល គាត់ធ្លាក់ខ្លួនពិការ រហូតមកដល់សព្វថ្ងៃ។

៦២. កិច្ចសន្ទនារវាងកញ្ញា តាន់ និស្ស័យ និងលោកតា យីវ សុន

រយៈពេល ៤៩’៤២ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តក្រចេះ

នៅសម័យសង្គមរាស្រ្តនិយម លោកតា យីវ សុន បានបួសរៀន ហើយក្រោយមក លោកតាបានលាចាកសិក្ខាបទ។ បន្ទាប់ពីមានរដ្ឋប្រហារឆ្នាំ ១៩៧០ មក គាត់បានចូលធ្វើទាហានខាងសាធារណរដ្ឋ ហើយត្រូវបានគេបញ្ជូនឱ្យទៅរៀននៅប្រទេសថៃ។ ក្រោយពីត្រឡប់ចូលស្រុកវិញ ចូលដល់សម័យខ្មែរក្រហម គាត់ត្រូវបានគេជម្លៀសទៅកាន់ខេត្តកំពង់ចាមជាមួយគ្រួសារ។ កាលនោះ គាត់ត្រូវបានគេសង្ស័យ និងសាកសួរពីប្រវត្តិរូបជាច្រើនដង ប៉ុន្តែគាត់បានលាក់ប្រវត្តិពិតរបស់គាត់យ៉ាងជិត។ រហូតមកដល់សព្វថ្ងៃនេះ លោកតានៅតែឆ្ងល់ថា ហេតុអ្វីសាលាក្ដីក្រហមកាត់ទោសតែខ្មែរ ចំណែកឯបរទេសដែលគាំទ្រខ្មែរក្រហមបែរជាមិនត្រូវបានគេកាត់ទោសទៅវិញ?

៦៣. កិច្ចសន្ទនារវាងកញ្ញា តាន់ និស្ស័យ និងអ្នកស្រី យីវ ណារីន

រយៈពេល ៤១’០៤ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តក្រចេះ

អ្នកស្រី យីវ ណារីន រស់នៅក្នុងខេត្តកំពង់ធំ។ គាត់កើតទាន់សម័យសង្គមរាស្រ្តនិយម ហើយកាលនោះ គាត់មានអាយុ ១០ ឆ្នាំ និងបានរៀនត្រឹមថ្នាក់ទី៧។ ចូលដល់របបខ្មែរក្រហម គាត់បានចូលធ្វើការនៅកន្លែងកាត់ដេរ និងកន្លែងភ័ស្ដុភារ នៅឯវត្តដីដុះ។ គាត់មិនបានទៅដកស្ទូង ឬក៏ធ្វើការហាលថ្ងៃនោះដែរ តែគេតម្រូវឱ្យគាត់កាត់ដេរតាមបញ្ជារបស់អង្គការតែមួយមុខគត់។ រឿងហូប គាត់បានតែបបរលាយដើមចេក ត្រកួន ហើយបានពេលថ្ងៃត្រង់ម្ដង និងល្ងាចម្ដង។

៦៤. កិច្ចសន្ទនារវាងលោក​ យុន សុភាព និងអ្នកស្រី ប្រាក់ ណន

រយៈពេល ៤២’១៩ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តត្បូងឃ្មុំ

នៅសម័យសាធារណរដ្ឋ អ្នកស្រី ប្រាក់ ណន មានអាយុ ១០ ឆ្នាំ និងរៀនថ្នាក់ទីមួយ។ ចូលដល់របប ប៉ុល ពត គាត់ត្រូវបានគេជម្លៀសចេញពីស្រុកឱ្យទៅនៅក្នុងកងកុមារ ហើយថែមទាំងឱ្យធ្វើការធ្ងន់ៗ ដូចជារែកដី និងជីកប្រឡាយ។ ដល់ម៉ោងហូប អង្គការចែករបបឱ្យ លុះដល់ម៉ោងមួយ ក៏ចេញធ្វើការបន្តទៀត។ អ្នកស្រីរែកដីម្ដងពីរទៅបីម៉ែត្រគីប រហូតដល់ម៉ោងប្រាំ បានគេឱ្យឈប់។ ក្រោយចប់របបខ្មែរក្រហម គាត់បាត់បងប្អូនអស់ នៅសល់តែអ្នកស្រីម្នាក់គត់ ហើយអ្នកស្រីក៏បានមករស់នៅស្រុកចម្ការលើ ខេត្តកំពង់ចាម។

៦៥. កិច្ចសន្ទនារវាងលោក​ ចេង រតនា និងអ្នកស្រី អៀន គីមសុភាព

រយៈពេល ៧៦’២៨​​ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : រាជធានីភ្នំពេញ

អ្នកស្រី អៀន គីមសុភាព អាយុ ៥៣ ឆ្នាំ កើតនៅទីក្រុងភ្នំពេញ និងបានរៀននៅសាលាបឋមសិក្សាផ្សារតូចក្នុងរបប លន់ នល់។ រៀនបណ្តើរ ឮសំឡេងគ្រាប់បែកបណ្តើរ ហើយក៏នាំគ្នារត់ចូលពួនក្នុងលេណដ្ឋាន។ ចូលដល់របបខ្មែរក្រហម គាត់ត្រូវបានជម្លៀសចេញពីភ្នំពេញជាមួយគ្រួសារដោយជិះកាណូតតាមផ្លូវទឹកទៅកំពង់ឆ្នាំង រួចបន្តទៅកំពង់ធំដោយជិះឡាន។ ក្រោយមក អ្នកស្រីបានចូលទៅក្នុងកងចល័តកុមារ។ រៀនសូត្របានតែមួយរយៈខ្លី កុមារៗទាំងអស់ត្រូវចេញទៅធ្វើការ។ កាលនោះ អ្នកស្រីបានបាយហូបឆ្អែត និងបានលួចដុតដំឡូងខ្លះៗ។ រឿងមួយដែលគាត់ចាំមិនភ្លេច គឺនៅពេលដែលគាត់បានប្រទះឃើញរណ្ដៅសាកសព។

៦៦. កិច្ចសន្ទនារវាងកញ្ញា ទេព លាងអាង និងលោក ម៉ា ទីន

រយៈពេល ៨១’៥៩ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តរតនគិរី

លោក ម៉ា ទីន មានទីកំណើតនៅឯស្រុកលំផាត់ ខេត្តរតនគិរី។ ក្នុងជំនាន់ខ្មែរឥស្សរៈ គាត់រៀនបានតិចតួចនៅឯជំរំក្នុងព្រៃ។ លុះដល់ឆ្នាំ ១៩៦៧ ខ្មែរឥស្សរៈបានប្រកាសតាមវិទ្យុឱ្យប្រជាជនទាំងអស់នាំគ្នាទិញអំបិល ទិញអង្ករទុក ព្រោះស្រុកទេសអាចនឹងកើតមានសង្គ្រាម។ ចូលដល់ឆ្នាំ ១៩៦៨ ក្រុមគ្រួសារគាត់ក៏ដូចប្រជាជនផ្សេងទៀតបាននាំគ្នារត់ចូលក្នុងព្រៃ។ ក្នុងរបបខ្មែរក្រហម ឪពុកគាត់ត្រូវបានខ្មែរក្រហមសម្លាប់ដោយចោទប្រកាន់គាត់ថាជាមនុស្សដែលមានវោហារស័ព្ទ មានការងារធ្វើពីរបបចាស់ និងអាចនិយាយបានដល់ទៅ ៣ ភាសា គឺខ្មែរ លាវ និងទំពួន។

៦៧. កិច្ចសន្ទនារវាងលោក អាន សុភត្រា និងលោកយាយ យស់ យន្ត

រយៈពេល ៥០’២២ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តស្វាយរៀង

នាសម័យសង្គមរាស្រ្តនិយម លោកយាយ យស់ យន្ត នៅពេញវ័យ។ គាត់ប្រកបរបររកស៊ី ធ្វើស្រែ និងចិញ្ចឹមជីវិតធម្មតាជាមួយម្តាយគាត់ ហើយគាត់ក៏បានរៀបការ។ ចូលមកដល់សម័យខ្មែរក្រហម គេបានឱ្យគាត់ទៅធ្វើស្រែ លើកភ្លឺ ទាំងគ្មានបាយហូបគ្រប់គ្រាន់។ ក្រោយមកទៀត ខ្មែរក្រហមបានយកប្តីគាត់ទៅសម្លាប់។ ក្រោយពីកងទ័ពវៀតណាមមកជួយរំដោះ គ្រួសារលោកយាយក៏វិលទៅប្រកបរបររកស៊ីដូចពីមុនវិញ។ គាត់ចាំមិនភ្លេច ព្រោះតែរបបខ្មែរក្រហមនេះឯង គាត់បែកទាំងប្តី ទាំងកូន។

៦៨. កិច្ចសន្ទនារវាងលោក សេវ បៃ និងលោក រចំ ញ៉ុង

រយៈពេល ៧១’០៨ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តរតនគិរី

លោក​ រចំ ញ៉ុង ​រស់នៅក្នុងភូមិលៀ​​​ ឃុំរំជ ស្រុកអូរយ៉ាដាវ​ ខេត្តរតនគិរី។ នាសម័យសង្គមរាស្រ្តនិយម គាត់បានចូលធ្វើទាហានកុម្មុយនីស្តនៅឯវៀតណាម​។ ក្រោយមក គាត់ក៏បានត្រឡប់មកបម្រើការងារ​នៅខ្មែរវិញ ដោយធ្វើការជាមួយខ្មែរក្រហម ជាមួយនឹងមុខតំណែងជាច្រើន។​ បើទោះជាគាត់បម្រើការឱ្យខ្មែរក្រហមក្តី ប៉ុន្តែគាត់មិនសូវមានគំនិតស្របជាមួយខ្មែរក្រហមប៉ុន្មានឡើយ ឬ​អាចនិយាយបានថាគាត់គឺជាកម្មាភិបាលដែលល្អសម្រាប់ប្រជាជន​ក្នុងជំនាន់នោះ​។​ ចុងក្រោយ គាត់ត្រូវបានខ្មែរក្រហមចាប់​ខ្លួនប្រុងនឹងសម្លាប់ចោល តែគាត់បានរត់គេចខ្លួនរហូតទៅដល់វៀតណាម។ នៅទីនោះ គាត់បានស្គាល់ជាមួយថ្នាក់ដឹកនាំវៀតណាមមួយចំនួន ប៉ុន្តែគាត់មិនត្រូវបានគេទុកចិត្តឡើយ។ ​គាត់​ត្រូវបានគេចាប់ដាក់គុករហូតដល់ឆ្នាំ ១៩៨៤ ទើបគាត់ត្រូវគេបញ្ជូនមកមាតុប្រទេសវិញ​។

៦៩. កិច្ចសន្ទនារវាងកញ្ញា ប្រម ជឿត និងលោកយាយ លឹម វ៉ាត

រយៈពេល ៤២’១៩ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ខេត្តសៀមរាប

លោកយាយ លឹម វ៉ាត មានទីលំនៅបច្ចុប្បន្ននៅភូមិកំព្រំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកយាយមានបងប្អូន ១២ នាក់។ ក្នុងរបបខ្មែរក្រហម លោកយាយបានធ្វើការនៅក្នុងសហករណ៍ ដោយធ្វើជាអ្នកត្បាញកន្ទេល ដេញចាប បុកស្រូវ និងស្ទូង។ ប្តីរបស់លោកយាយ គេឱ្យទៅភ្ជួរនៅឯស្រែក្រោម។ ក្រោយពីបានចែករំលែករឿងរ៉ាវដែលគាត់បានឆ្លងកាត់ទៅចៅរបស់គាត់ លោកយាយពិតជាមានអារម្មណ៍ធូរស្បើយច្រើនណាស់។

៧០. កិច្ចសន្ទនារវាងលោក អាន សុភត្រា និងអ្នកស្រី យស់ យ៉ាត

រយៈពេល ៥១’០៥ នាទី

ឆ្នាំ ២០១៨

ទីកន្លែង : ភ្នំពេញ

អ្នកស្រី យស់ យ៉ាត​ មានស្រុកកំណើតនៅ​ភូមិស្វាយប៉ាហ៊ូ ស្រុកស្វាយរៀង​ ខេត្តស្វាយរៀង។​ ក្នុងសម័យសង្រ្គាម​ គាត់បានមករស់នៅភ្នំពេញ ជុំគ្នាជាមួយគ្រួសារ ប៉ុន្តែនៅឆ្នាំ ១៩៧៥ គាត់បានត្រឡប់ទៅខេត្តស្វាយរៀងវិញ។ ប្តីរបស់គាត់ត្រូវបានគេយកទៅរៀនសូត្រ​ ហើយក្រោយមក កូនរបស់គាត់ក៏បានស្លាប់ទៀត។ ប្រហែលពីរឆ្នាំក្រោយមក គាត់ និងបងស្រី ត្រូវគេជម្លៀសបន្តទៅពោធិ៍សាត់​។​ នៅទីនោះ គាត់ត្រូវរស់នៅជាមួយស្រ្តីមេម៉ាយៗដូចគ្នា​ និងធ្វើការដូចប្រជាជនធម្មតា​។​ ក្រោយមក គេឱ្យគាត់ទៅជីករណ្តៅសាកសព។ ដោយលំបាកពេក​ ថ្ងៃមួយ ខណៈពេលកំពុង​ធ្វើការ​​ ​​គាត់បានបួងសួងសូមឱ្យមានគេមកជួយ ស្រាប់តែពេលនោះមានកម្មាភិបាលមកទាន់។

៧១. កិច្ចសន្ទនារវាងលោក ខ្លឹម ឌីណា និងលោក ជុំ នេត

រយៈពេល ៤៧’០៤ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : ខេត្តពោធិ៍សាត់

លោក​ ជុំ នេត សព្វថ្ងៃរស់នៅឯខេត្តពោធិ៍សាត់។ នាសម័យសង្គមរាស្រ្តនិយម លោកបានរៀនត្រឹមថ្នាក់បឋម ហើយក្រោយមកលោកក៏បានបួសរៀននៅឯវត្តពុទ្ធរង្សី។ លោកបានសឹកវិញមុនពេលដែលខ្មែរក្រហមចូលមកដល់​។​​ ក្នុងរបបខ្មែរក្រហម គេបានឱ្យលោកទៅព្យួរស្រែ និងឃ្វាលគោ។ បងប្អូនរបស់លោកត្រូវបានខ្មែរក្រហមសម្លាប់ចោល​អស់ ហើយលោកមិនបានរស់នៅជួបជុំឪពុកម្តាយលោកឡើយ។ ក្រោយមក គេក៏បានជម្លៀសលោកទៅដល់បឹងស្តុក ដោយឱ្យលោកធ្វើជាជាងរទេះ និងជាងដែក។

៧២. កិច្ចសន្ទនារវាងលោក ខ្លឹម ឌីណា និងអ្នកស្រី វ៉ាន់ គី

រយៈពេល ២៥’៤៩ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : ខេត្តពោធិ៍សាត់

ក្នុងរបប លន់ នល់ អ្នកស្រី វ៉ាន់ គី ធ្វើការងារស្រែចម្ការតាមធម្មតាជាមួយនឹងឪពុកម្តាយ។ ដល់ពេលខ្មែរក្រហមចូល អ្នកស្រីត្រូវគេបង្ខំឱ្យធ្វើការធ្ងន់ៗ ដូចជាជីកប្រឡាយ ច្រូតស្រូវ ដកស្ទូង ជាដើម។ ទោះជាការហូបចុកមិនគ្រប់គ្រាន់ក្ដី ប៉ុន្តែគាត់នៅតែខិតខំតស៊ូធ្វើការ ព្រោះខ្លាចគេសម្លាប់។ ដោយសារគេឃើញអ្នកស្រីធ្វើការងារល្អ គេក៏បានចាត់តាំងឱ្យអ្នកស្រីធ្វើជាមេក្រុមដែលគ្រប់គ្រងមនុស្សចំនួន ៣០ នាក់។ អ្នកស្រីមិនដែលមាននរណាធ្វើបាបទេ ដោយសារអ្នកស្រីខិតខំប្រឹងប្រែងធ្វើការងារ។

៧៣. កិច្ចសន្ទនារវាងអ្នកគ្រូ ឃឹម ម៉ាលីស និងអ្នកស្រី ភោគ ហន

រយៈពេល ២៤’០៥ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : ខេត្តកំពង់ឆ្នាំង

នាសម័យសង្គមរាស្ត្រនិយម អ្នកស្រី ភោគ ហន បានទៅរស់នៅភ្នំពេញជាមួយបងប្រុស។​ ចូលដល់របបខ្មែរក្រហម អ្នកស្រីត្រូវបានគេជម្លៀសទៅដល់ភូមិត្បែង ខេត្តកំពង់ឆ្នាំង។ ដំបូង គេឱ្យអ្នកស្រីរែកដី បន្ទាប់មកគេក៏ឱ្យគាត់ទៅដេរខោអាវនៅឯសហករណ៍ទី ១។ នៅទីនោះ មិនមានប្រជាជនថ្មីទេ គឺមានតែពួកមូលដ្ឋាន និងពួកកម្មាភិបាល។ អ្នកស្រីបានរៀបការនៅក្នុងរបបខ្មែរក្រហម។ ជាអកុសល បងប្រុសអ្នកស្រីត្រូវបានខ្មែរក្រហមសម្លាប់។ មកដល់បច្ចុប្បន្ន អ្នកស្រីនៅតែចងចាំអ្នកដែលសម្លាប់បងប្រុសអ្នកស្រី​ តែអ្នកស្រីមិនបានចងកម្មចងពៀរអ្វីឡើយ ដោយទុកឱ្យគេទទួលកម្មផលនោះដោយខ្លួនឯង។

៧៤. កិច្ចសន្ទនារវាងអ្នកគ្រូ ជិន វ៉ាន់នី និងលោក​​ អ៊ុច សាគៀន

រយៈពេល ៤១’០៧ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : ខេត្តកំពង់ឆ្នាំង

នៅអាយុ ៨ ឆ្នាំ លោក​​ អ៊ុច សាគៀន បានចូលសិក្សានៅឯសាលាបឋមសិក្សាត្រងិល រហូតដល់ថ្នាក់ឧត្តមដ្ឋានដែលស្មើនឹងថ្នាក់ទី ៦ សព្វថ្ងៃ។ នៅឆ្នាំ ១៩៦៨ គាត់បានបួសជាព្រះសង្ឃ និងបានសឹកវិញនាអំឡុងរដ្ឋប្រហារទម្លាក់សម្តេច សីហនុ។ លោកបានរៀបការនៅឆ្នាំ ១៩៧១ បន្ទាប់មកលោកបានក្លាយជាកងស្វាយត្រាន ក្រុមស្វាយត្រាន។ ក្នុងរបបខ្មែរក្រហម លោកបានរស់នៅបែកពីប្រពន្ធកូន ហើយគេបានប្រើលោកឱ្យទៅលើកទំនប់នៅឯតំបន់ផ្សេង។ ក្រោយរំដោះ លោកក៏បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារលោកវិញ។

៧៥. កិច្ចសន្ទនារវាងលោក នួន សុផុន និង អ្នកស្រី ក្រែន រ៉េន

រយៈពេល ៤៩’០២ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : ខេត្តពោធិ៍សាត់

ក្នុងរបបខ្មែរក្រហម អ្នកស្រី ក្រែន រ៉េន មានតួនាទីជាគ្រូពេទ្យតំបន់។ អ្នកស្រីត្រូវបានខ្មែរក្រហមជ្រើសរើសឱ្យរៀនពេទ្យ ដោយសារអ្នកស្រីជាប្រជាជនមូលដ្ឋាន។ ចំពោះវិជ្ជាពេទ្យនេះ អ្នកស្រីបានចាប់យកជំនាញផ្នែកច្រមុះ ត្រចៀក និងបំពង់ក។ គ្រានោះ អ្នកស្រីមិនសូវមានការលំបាកប៉ុន្មានទេព្រោះមានអាហារហូបចុក និងពេលវេលាសម្រាកគ្រប់គ្រាន់ ហើយគេក៏មិនតម្រូវឱ្យគាត់ធ្វើការងារបន្ថែមឡើយ។ អ្នកស្រីបានក្លាយជាគ្រូពេទ្យចាប់តាំងពីឆ្នាំ ១៩៧៥ រហូតដល់ពេលរបបខ្មែរក្រហមដួលរលំ។ បន្ទាប់ពីនោះ អ្នកស្រីបានបន្តប្រើប្រាស់វិជ្ជាជីវៈជាគ្រូពេទ្យនេះបាន ៤ ទៅ ៥ ឆ្នាំទៀតដែរ តែក្រោយមកអ្នកស្រីបានបោះបង់វាចោលវិញដោយសារជរាភាពរបស់អ្នកស្រី។

៧៦. កិច្ចសន្ទនារវាងលោក សឿង សេង និងលោក ជា សារួន

រយៈពេល ៤៤’០៧ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : ខេត្តពោធិ៍សាត់

លោក ជា សារួន បានកើតក្នុងសម័យ លន់ នល់។ ក្នុងរបបខ្មែរក្រហម គេបានប្រើឱ្យគាត់ទៅកាប់ដើមទន្ទ្រានខេត្ត និងកាប់អុស។ លុះខែប្រាំង គេឱ្យគាត់ដើររើសលាមកគោតាមវាលស្រែយកទៅដាក់តាមរោងជី ហើយក្រោយមក គេក៏ឱ្យគាត់ទៅធ្វើស្រែ ដកសំណាប​ បោចស្មៅ​ និងស្ទូង ជាមួយមនុស្សធំៗវិញ។ ក្នុងសម័យនោះ ការហូបចុកមិនគ្រប់គ្រាន់ឡើយ ពេលខ្លះគ្មានអ្វីហូបសោះក៏មាន។ ដល់ឆ្នាំ ១៩៧៨ លោកបានក្លាយទៅជាកងឈ្លប ឯមូលហេតុគឺដោយសារតែគេគិតថាគាត់នៅក្មេង និងជាមនុស្សដែលសកម្មនឹងការងារ។ ពេលចប់ខ្មែរក្រហម គាត់ក៏បានចូលធ្វើជាទាហាន។

៧៧. កិច្ចសន្ទនារវាងលោក សឿង សេង និងលោក ហេង វិត

រយៈពេល ៣៨’០៤ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : ខេត្តពោធិ៍សាត់

លោក ហេង វិត មានអាយុ ៩ ឆ្នាំ នៅពេលខ្មែរក្រហមចូលមកដល់។ ខ្មែរក្រហមបានចាត់តាំងលោកឱ្យធ្វើជាកងកុមារប្តេជ្ញារបស់អង្គការដើម្បីស៊ើបការណ៍សម្ងាត់​។ ក្រោយមក គេក៏ឱ្យគាត់ទៅធ្វើស្រែវិញ។ ថ្ងៃមួយ ខ្មែរក្រហមមានគម្រោងយកគាត់ទៅសម្លាប់ចោល តែចៃដន្យក៏មានមនុស្សស្រី ៥ នាក់មកពីខេត្តស្វាយរៀង ត្រូវគេយកទៅម្លាប់មុន គាត់ក៏បានឆ្លៀតឱកាសនេះរត់គេចខ្លួន។ លុះដល់ចប់របបខ្មែរក្រហម លោកបានវិលទៅជួបជុំម្តាយ និងបងប្អូនរបស់លោកវិញ។ នៅឆ្នាំ ១៩៨១ គាត់បានចូលធ្វើទាហាន រហូតដល់ឆ្នាំ ១៩៨៣។

៧៨. កិច្ចសន្ទនារវាងអ្នកគ្រូ ប៉ាន ម៉ូនីដា និងអ្នកស្រី ភួរ គឹមយ៉េង

រយៈពេល ៣៥’២២ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : រាជធានីភ្នំពេញ

ក្នុងសម័យសង្គមរាស្រ្តនិយម អ្នកស្រី ភួរ គឹមយ៉េង ត្រូវបានគេជ្រើសរើសឱ្យចូលក្នុងកងទ័ពនារីក្លាហាន ដោយមានការហាត់បាញ់កាំភ្លើង និងការហាត់សមផ្សេងៗជាច្រើនទៀត។ ប៉ុន្តែអ្នកស្រីមិនដែលបានចូលក្នុងសមរភូមិម្ដងណាឡើយ។ ក្នុងរបបខ្មែរក្រហម អ្នកស្រីត្រូវបានគេជម្លៀសឱ្យទៅនៅខេត្តកំពង់ចាម ហើយគេក៏បានដាក់ឱ្យគាត់ធ្វើការនៅតាមសហករណ៍។ ក្នុងពេលនោះ អ្នកស្រីមិនបានរស់នៅជួបជុំគ្នាជាមួយគ្រួសារទេ។ ដោយសារអ្នកស្រីជាប្រជាជនថ្មី​ អ្នកស្រីតែងតែមានគេតាមដានជាប់ជានិច្ច។ យ៉ាងណាក៏ដោយ អ្នកស្រីតែងតែខិតខំធ្វើការដោយមិនហ៊ានសម្រាកឡើយ ដើម្បីគេចឱ្យផុតពីការតាមដាន និងការសម្លាប់របស់ពួកខ្មែរក្រហម។

៧៩. កិច្ចសន្ទនារវាងលោក ប៊ូ ចន្ថា និងអ្នកស្រី សឿ​ នួន

រយៈពេល ២៩’៣៦ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : តាកែវ

នាសម័យសង្គមរាស្ត្រនិយម អ្នកស្រី សឿ​ នួន ប្រកបមុខរបរធ្វើស្រែចម្ការ​។ ចូលដល់របបខ្មែរក្រហម អ្នកស្រីមិនត្រូវបានគេជម្លៀសទៅណានោះទេ។ ក្រោយមក អ្នកស្រីត្រូវបានខ្មែរក្រហមបង្ខំឱ្យរៀបការជាមួយនឹងស្វាមីអ្នកស្រីបច្ចុប្បន្ន​។ អ្នកស្រីក៏ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យកាប់ដី លើកទំនប់ ហើយការហូបចុកមិនដែលបានគ្រប់គ្រាន់ម្ដងណាឡើយ។ នៅពេលដែលរបបខ្មែរក្រហមដួលរលំ អ្នកស្រីក៏បានវិលត្រឡប់ទៅជួបជុំគ្រួសាររបស់អ្នកស្រីវិញ។

៨០. កិច្ចសន្ទនារវាងអ្នកគ្រូ ណុប ចន្ទ្រា និងអ្នកស្រី គង់ ជា

រយៈពេល ៤២’៣០ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : តាកែវ

នាសម័យអាណានិគមនិយមបារាំង អ្នកស្រី គង់ ជា មានអាយុ ១០ ឆ្នាំ។ ម្តាយរបស់អ្នកស្រីមានមុខរបរលក់ដូរបន្តិចបន្តួច ចំណែកឪពុកអ្នកស្រីធ្វើនំបញ្ចុករែកលក់។ ក្នុងសម័យសង្គមរាស្រ្តនិយម គ្រួសារអ្នកស្រីមានជីវភាពក្រីក្រ ហើយក្នុងរបប លន់ នល់ អ្នកស្រីឃើញតែការទម្លាក់គ្រាប់បែក ហើយគ្រប់ផ្ទះទាំងអស់សុទ្ធតែមានរណ្តៅលេណដ្ឋាន។ ចូលមកដល់សម័យខ្មែរក្រហម គេប្រើឱ្យអ្នកស្រីលើកលាមកទៅចាក់បំពេញក្នុងរណ្តៅ ធ្វើស្រែ ច្រូតស្រូវ ហើយក្រោយមកគេឱ្យគាត់ទៅធ្វើអង្ករទៀត។

៨១. កិច្ចសន្ទនារវាងលោកគ្រូ ហែម ធែល និងអ្នកស្រី សោម សួរ

រយៈពេល ៤៨’៣៦ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : កំពង់ធំ

អ្នកស្រី សោម សួរ កើតនៅឆ្នាំ ១៩៥៣ នៅភូមិត្នោត ខេត្តកំពង់ធំ។ នាសម័យខ្មែរក្រហម គាត់ជាប្រជាជនចាស់ និងជាកសិករ។ នៅពេលដែលគាត់មានផ្ទៃពោះ ពួកខ្មែរក្រហមបានឱ្យគាត់ធ្វើជីសម្រាប់ទុកដាក់បន្លែ រហូតដល់ពេលគាត់សម្រាលកូន ទើបគាត់បានសម្រាក។ សាច់ញាតិរបស់គាត់មិនត្រូវបានពួកខ្មែរក្រហមសម្លាប់ឡើយ តែកូនប្រុសគាត់ម្នាក់បានស្លាប់ដោយសារជំងឺ។

៨២. កិច្ចសន្ទនារវាងលោកគ្រូ ហែម ធែល និងអ្នកស្រី ប៉ង់ ចរិយា

រយៈពេល ៥៧’៣៥ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : កំពង់ធំ

នៅក្នុងរបប លន់ នល់ អ្នកស្រី ប៉ង់ ចរិយា មានអាយុ ៦ ទៅ ៧ ឆ្នាំ ហើយអ្នកស្រីនៅមានការចងចាំខ្លះៗពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក។ ក្រោយមក គេបានជម្លៀសអ្នកស្រី និងក្រុមគ្រួសារ ចេញពីទីក្រុងភ្នំពេញ ទៅរស់នៅឯខេត្តកំពង់ធំ។ ដោយសារក្រុមគ្រួសារអ្នកស្រីជាប្រជាជនថ្មី គឺតែងតែរងការធ្វើបាបពីកងឈ្លប និងការបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរជាងប្រជាជនចាស់។ សំណាងល្អ មានក្រុមគ្រួសារប្រជាជនចាស់មួយតែងតែរាប់អាន និងជួយក្រុមគ្រួសាររបស់អ្នកស្រីរហូត។ ក្រុមគ្រួសាររបស់ពួកគាត់នៅតែរាប់អានគ្នាដូចបងប្អូនរហូតមកដល់សព្វថ្ងៃ។

៨៣. កិច្ចសន្ទនារវាងលោកគ្រូ នៅ សុខុន និងលោក ស៊ិន សុខុម

រយៈពេល ៥៨’០៤ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : ភ្នំពេញ

នាសម័យសង្គមរាស្រ្តនិយម លោក​ ស៊ិន សុខុម បានរៀនត្រឹមថ្នាក់ទី ៧ ​រហូតដល់ឆ្នាំ​ ១៩៦៧​ លោកបានឈប់រៀន។ នាអំឡុងរដ្ឋប្រហារឆ្នាំ ១៩៧០ លោកមានអាយុ ២៣ ឆ្នាំ។ ពេលចូលដល់របបខ្មែរក្រហម លោកត្រូវបានគេចាត់ឱ្យឡើងត្នោត និងបង្រៀនឱ្យអ្នកមូលដ្ឋានចេះឡើងត្នោត។ បន្ទាប់មកគេចាត់តាំងឱ្យលោកទៅព្រោះស្រូវ​​ និងរកត្រី។ នារដូវច្រូតកាត់ គេតម្រូវឱ្យគាត់ច្រូតស្រូវក្នុងមួយថ្ងៃយ៉ាងហោចណាស់ឱ្យបាន ៧៥ បាច់។

៨៤. កិច្ចសន្ទនារវាងអ្នកគ្រូ ជា សុថាវី និងលោក ជា សុផុន

រយៈពេល ៣៦’១៨ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : ព្រៃវែង

នាសម័យខ្មែរក្រហម លោក ជា សុផុន ត្រូវបានខ្មែរក្រហមបង្គាប់ឱ្យធ្វើស្រែចម្ការ ហើយក្រោយមកគេក៏ឱ្យគាត់ឡើងត្នោត។ គាត់ប្ដូរការងារពីមួយទៅមួយ ដោយសារខ្មែរក្រហមមិនទុកចិត្តគាត់។ ក្នុងសម័យនោះ បងប្អូនរបស់គាត់ ៣ នាក់ ត្រូវបានខ្មែរក្រហមសម្លាប់។ ក្រោយពីចប់របប ប៉ុល ពត គាត់បានរៀបចំគ្រួសារ និងប្រកបរបរជាអ្នកយកទំនិញពីតៃនិញមកលក់នៅតាមស្រុក ហើយក្រោយមកលោកក៏បានក្លាយជានាយកសាលាបឋមសិក្សា។

៨៥. កិច្ចសន្ទនារវាងកញ្ញា រី ក្រវ៉ាន់ និងលោក សុំ រី

រយៈពេល ៤២’២៦ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : កណ្តាល

មុនខ្មែរក្រហម លោក សុំ រី រស់នៅឯទីក្រុងភ្នំពេញ។ ចូលដល់ខ្មែរក្រហម គាត់បានចូលធ្វើការនៅក្នុងកងកុមារដែលត្រូវធ្វើការច្រើនដូចជា លើកទំនប់ ធ្វើជី ជាដើម។ ដោយសារការងារនៅក្នុងកងកុមារពិបាកពេក គាត់ និងមិត្តភក្ដិរបស់គាត់ប៉ុន្មាននាក់ទៀតបាននាំគ្នារត់គេចទៅភ្នំ ហើយទៅមើលគោជាមួយនឹងតាៗចាស់ៗ។ ទោះជាយ៉ាងណាក៏ដោយ ក៏ការរស់នៅក្នុងសហករណ៍របស់គាត់មានភាពងាយស្រួលច្រើន ព្រោះគាត់មានបាយហូបគ្រប់គ្រាន់។

៨៦. កិច្ចសន្ទនារវាងលោក អ៊ិត វុន និងលោក អ៊ិត វ៉ុត

រយៈពេល ៤៩’០២ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : ព្រះវិហារ

នាសម័យ​ខ្មែរ​ក្រហម​ លោក អ៊ិត វ៉ុត ត្រូវបានពួក​ខ្មែរ​ក្រហម​បង្គាប់ឱ្យកាប់ដើមទន្រ្ទាន​ខេត្តដើម្បី​យក​ទៅ​ធ្វើ​ជី​។ ក្នុងអំឡុងពេលនោះ គាត់​រៀន​​បានតិច​តួចដែរ​ពេល​ដែល​សម្រាក​ពី​ការងារ ដូចជាពួក​ខ្មែរ​ក្រហម​បាន​បង្រៀនគាត់​ពី​មនោគមន៍​វិជ្ជារបស់កុម្មុយនីស្ដ និង​បណ្ដុះ​ស្មារតី​ឱ្យ​ស្អប់​ពួក​វៀត​ណាម​។ ក្រោយ​ថ្ងៃ ​៧​ មករា​​ គាត់​បាន​ចូល​ធ្វើ​ជា​កង​ទ័ព​ខ្មែរ​ក្រហម​នៅ​តាម​ព្រំដែន​ថៃ​។ ប៉ុន្តែ​ក្រោយ​សមាហរណកម្ម​ គាត់​បានលាលែងពីឈ្មោះជាទាហាន ហើយគាត់ក៏​បាន​ត្រឡប់​មក​ស្រុក​កំណើត​ដើម្បី​ប្រកប​របរស្រែចម្ការធម្មតាវិញ​។

៨៧. កិច្ចសន្ទនារវាងលោក អ៊ិត វុន និងលោក អ៊ិត សំអឿន

រយៈពេល ៣៥’១៤ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : ព្រះវិហារ

នៅពេលដែលខ្មែរក្រហមចូលមក ​ក្រុមគ្រួសាររបស់លោក អ៊ិត សំអឿន និងអ្នកភូមិទាំងអស់ត្រូវបានជម្លៀសពីភូមិព្រៃវែងទៅកាន់ភូមិកន្ទួតចារ​ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅក្នុងឆ្នាំ ១៩៨៣ លោកបានចូលធ្វើជាទាហានខ្មែរក្រហម និងកាន់អាវុធ ដើម្បីចូលរួមប្រឆាំងជាមួយយួនឈ្លានពាន។ ឆ្នាំ ១៩៨៩ ក៏មានការចរចាគ្នារវាងលោក ខៀវ សំផន និងលោក ហ៊ុន សែន នៅឯទីក្រុងប៉ារីស ហើយសង្គ្រាមក៏ត្រូវបានបញ្ចប់។ លោកបានឈប់ធ្វើជាទាហាននៅក្នុងឆ្នាំ ១៩៩៨ និងបានត្រឡប់មកស្រុកកំណើតវិញនៅក្នុងឆ្នាំ ១៩៩៩។

៨៨. កិច្ចសន្ទនារវាងកញ្ញា នាង ភារិ និងលោក កែន ឆន

រយៈពេល ៣៧’២៣ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : ស្វាយរៀង

កាលជំនាន់ជប៉ុនចូលមកប្រទេសកម្ពុជា លោកតា កែន ឆន មានអាយុប្រហែល ១០ ឆ្នាំ។ ក្នុងរបបខ្មែរក្រហម លោកតាត្រូវបានគេចាត់តាំងឱ្យធ្វើជាគ្រូខ្មែរផ្សំថ្នាំសម្រាប់ព្យាបាលជំងឺ។ ក្រុមគ្រួសាររបស់លោកតាមិនបានរស់នៅជុំគ្នាទេ ដោយលោកតាធ្វើការនៅកន្លែងផ្សំថ្នាំ រីឯភរិយា និងកូនៗរបស់លោកតា ធ្វើការនៅកន្លែងផ្សេង។ ក្រោយចប់របបខ្មែរក្រហម លោកតា និងភរិយា ខំប្រឹងធ្វើស្រែចម្ការដើម្បីចិញ្ចឹមកូនៗ។

៨៩. កិច្ចសន្ទនារវាងកញ្ញា កាន ស្រីធា និងលោក គង់ យឿន

រយៈពេល ២៤’១៨ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : កំពង់ស្ពឺ

ក្រោយរដ្ឋប្រហារទម្លាក់សម្តេចសីហនុ មានការដេញចាប់ប្រជាជនដើម្បីកេណ្ឌធ្វើជាទាហាន។ ក្នុងឆ្នាំ ១៩៧០ លោក គង់ យឿន បានចូលធ្វើជាទាហាន លន់ នល់។ ក្រោយពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះ លោកក៏បានដាក់អាវុធចុះ ដោយចុះចូលជាមួយនឹងខ្មែរក្រហមវិញ។ អំឡុងពេលធ្វើទាហាននោះ លោកតែងតែចូលទៅសមរភូមិមុខជានិច្ច ហើយលោកក៏ធ្លាប់ត្រូវរបួសចំក្បាលជង្គង់ និងបន្សល់ទុកនូវស្លាកស្នាមរហូតមកដល់សព្វថ្ងៃ។

៩០. កិច្ចសន្ទនារវាងកញ្ញា ភឿ សានិត និងអ្នកស្រី ហាយ គីម

រយៈពេល ៣៩’២៣ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : ស្វាយរៀង

នៅពេលដែលពួកខ្មែរក្រហមចូលមកគ្រប់គ្រង លោកយាយ ហាយ គីម ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យធ្វើជាប្រធានកងនារីភូមិ។ គាត់ថែមទាំងលើកឡើងទៀតថា ការហូបចុកនៅកន្លែងគាត់ គឺប្រជាជនបានបាយហូបឆ្អែត ហើយមិនសូវហូបបបរនោះទេ​ មិនតែប៉ុណ្ណោះ ថែមទាំងអាចដាំបន្លែហូបបានដោយខ្លួនឯងទៀតផង។​ គាត់និយាយទៀតថា នៅសហករណ៍របស់គាត់ ការរៀបអាពាហ៍ពិពាហ៍មិនមានអ្វីលំបាកខ្លាំងនោះទេ ហើយប្រុសៗថែមទាំងអាចស្នើរៀបការជាមួយនារីដែលខ្លួនស្រលាញ់បានថែមទៀត។

៩១. កិច្ចសន្ទនារវាងលោកគ្រូ ចាន់ រដ្ឋា និងអ្នកស្រី ចាន់ ផល្លី

រយៈពេល ៤៩’២២ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : ស្វាយរៀង

អ្នក​ស្រី​ ចាន់​ ផល្លី​ ជា​កូន​ទី​ ៥​ ក្នុង​ចំណោម​បង​ប្អូន ​៧​ នាក់​ ហើយគាត់​បាន​រៀន​សូត្រ​ដល់​ថ្នាក់​ទី​ ១២។ មុន​ខ្មែរ​ក្រហម​​ទទួល​បានជ័យ​ជម្នះ ​គាត់​ និង​គ្រួសារ​បាន​ភៀស​ខ្លួន​ទៅ​កាន់​ទី​រួម​ខេត្ត​ស្វាយ​រៀង​ដើម្បី​សុវត្ថិភាព​។ ក្រោយជ័យជម្នះ ពួក​ខ្មែរ​ក្រហម​បាន​ជម្លៀស​ពួកគាត់ទៅដល់​ស្រុក​ស្រែ​ចម្ការ​ និងបានចាត់​ទុក​ពួក​គាត់​ជា​ប្រជាជន​ថ្មី។ អ្នកស្រី​បាន​ធ្វើ​ការ​នៅ​ក្នុង​កង​ចល័ត​ ហើយត្រូវ​រស់នៅ​បែក​ពីឪពុកម្ដាយ​ មិន​តែ​ប៉ុណ្ណោះ​គាត់​ត្រូវ​បាន​ខ្មែរ​ក្រហម​ប៉ង​សម្លាប់​ជាច្រើន​ដង​ទៀតផង តែ​មិន​ដែលបានសម្រេច​។ ក្រោយ​មក​គេ​ក៏​បង្ខំ​ឱ្យ​គាត់​រៀប​ការ​ ប៉ុន្តែ​គាត់ត្រូវ​បាន​ប្រធាន​កង​ជួយ​ ទើប​គាត់​អាច​រួចខ្លួន។

៩២. កិច្ចសន្ទនារវាងកញ្ញា ឆឺយ ភឿន និងលោក​ ចាប ឆឺយ

រយៈពេល ២២’៥៥ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : ព្រៃវែង

លោក ចាប ឆឺយ​ មានស្រុកកំណើតនៅភូមិខ្លែងគង់ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ហើយគាត់មានបងប្អូន ៩ នាក់។ គាត់បួសបាន ២ ឆ្នាំ ហើយធ្លាប់ធ្វើជាប្រធានក្រុមយុវជនភូមិ។ នាឆ្នាំ ១៩៧២ គាត់បានចូលរួមក្នុងកងទ័ពខ្មែរក្រហមដើម្បីប្រឆាំងនឹង លន់ នល់ ប៉ុន្តែគាត់មិនបានដឹងទេថា គាត់កំពុងតែធ្វើការឱ្យខ្មែរក្រហម ដោយគាត់ស្មានតែចូលបម្រើថ្វាយសម្តេចតា។ ចូលដល់ឆ្នាំ ១៩៧៦ លោកបានត្រូវរបួសក្រោយធ្វើសង្គ្រាម និងបានរៀបការក្នុងឆ្នាំ ១៩៧៧។

៩៣. កិច្ចសន្ទនារវាងកញ្ញា គួយ សុខលី និងអ្នក​ស្រី ម៉ី សារី

រយៈពេល ៣៨’៤១ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : តាកែវ

លោក​យាយ​ ម៉ី សារី បានរៀបការនាចុង​សម័យ​ លន់ នល់​។ ​ចូល​​ដល់​សម័យ​ខ្មែរ​ក្រហម​ គាត់​ត្រូវ​បាន​ខ្មែរ​ក្រហម​បង្ខំឱ្យ​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ដូច​ជា ​រែក​ដី​ លើក​ទំនប់​ ជីក​ស្រះ ធ្វើ​ជី​ ដក​សំណាប​ ស្ទូង បុកស្រូវ ជាដើម​។ ទោះ​ជាគាត់​ទើប​តែ​សម្រាល​កូន​ហើយ​ក៏​ដោយ ក៏គាត់ពុំអាចសម្រាកបានឡើយ​។ ពួក​ខ្មែរ​ក្រហម​បាន​យក​បងថ្លៃ​ ប្អូន​ថ្លៃ​ របស់​គាត់​ទៅ​សម្លាប់​ ដោយចោទថា​ពួកគេ​ជាទាហាន​ លន់​ នល់​។ ក្រោយ​ចប់​សម័យ​ខ្មែរ​ក្រហម គាត់​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហមកេណ្ឌ​ឱ្យឡើង​ភ្នំ​ ក្រោយ​មក​ទើប​គាត់​បានរួចខ្លួន ហើយ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​។

៩៤. កិច្ចសន្ទនារវាងកញ្ញា ម៉ី បុរី និងអ្នកស្រី ប៊ុត ណាត

រយៈពេល ២២’០១ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : កំពង់ស្ពឺ

មុនសម័យខ្មែរក្រហម អ្នកស្រី ប៊ុន ណាត រស់នៅឯស្រុកត្បូងឃ្មុំ។ អ្នកស្រីមានបងប្អូន ១១ នាក់។ ដោយសារជីវភាពគ្រួសារក្រីក្រ ឪពុកម្តាយអ្នកស្រីបានផ្លាស់ប្ដូរទីលំនៅជាញឹកញាប់។ ចូលដល់សម័យខ្មែរក្រហម គាត់បានចូលធ្វើការនៅក្នុងកងចល័ត ដោយរែកដីសង់ទំនប់ទាំងយប់ទាំងថ្ងៃ ហើយគាត់មិនសូវបានសម្រាកឡើយ ។ ចំណែកឯការហូបចុកវិញ មិនដែលបានឆ្អែតម្ដងណាទេ។ ពេលចប់របបខ្មែរក្រហម គាត់ក៏មិនបានត្រឡប់ទៅស្រុកកំណើតវិញដែរ គឺគាត់រស់នៅឯស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

៩៥. កិច្ចសន្ទនារវាងកញ្ញា ដាំ សុស្រីនាង និងលោក ឈួរ នីម

រយៈពេល ៣៦’១៤ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : កំពង់ឆ្នាំង

លោក ឈួរ​ នីម​ ជា​ទាហាន​ម្នាក់​ក្នុងសម័យ​ លន់ នល់ ដោយគាត់​បាន​ទៅ​ហាត់​រៀន​នៅឯ​ប្រទេស​វៀតណាម។​ ក្រោយ​ពេល​ដែលខ្មែរក្រហម​ទទួល​បានជោគជ័យ​ គាត់​ក៏​ឈប់ធ្វើទាហាន ​ហើយ​មកធ្វើ​ជា​ប្រជាជន​ធម្មតា​វិញ។ គាត់​ត្រូវ​បាន​ខ្មែរ​ក្រហម​ចាត់​ទុក​ជា​ប្រជាជន​ថ្មី ហើយ​គេ​បានប្រើឱ្យ​គាត់​ឡើងត្នោត​ ភ្ជួរ​ស្រែ​ និងកាប់ស្លឹក។ គាត់​ក៏ត្រូវ​បាន​ខ្មែរ​ក្រហម​កេណ្ឌនៅ​ពេល​ដែល​កង​ទ័ព​វៀតណាមមក​រំដោះ ​ប៉ុន្តែ​គាត់​មិន​ព្រម​ទៅ ​ទើប​គាត់​អាចរួច​រស់​ជីវិត​មក​ទល់សព្វ​ថ្ងៃ។ ក្រោយមក គាត់ក៏​បាន​ចូល​រួម​នៅ​ក្នុង​កង​កម្លាំង​ ក៥ នៅ​ក្នុង​ឆ្នាំ​ ១៩៨៥ ផងដែរ។

៩៦. កិច្ចសន្ទនារវាងកញ្ញា ម៉ិច ជូឡាយ និងលោក ម៉ិច ចាន់ឌី

រយៈពេល ៤៨’៤១ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : ភ្នំពេញ

គ្រាដំបូងនាសម័យខ្មែរក្រហម គ្រួសាររបស់លោក ម៉ិច ចាន់ឌី​ ត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ស្រុកកំណើតរបស់ឪពុកម្តាយលោក។ ចូលដល់សម័យខ្មែរក្រហម លោកក៏បានចូលរួមលើកទំនប់ និងជីកប្រឡាយ។​ ទៅដល់ទីនោះ លោកមិនបានហូបគ្រប់គ្រាន់ទេ។ ជាងនេះទៅទៀត ឪពុកលោក ព្រមទាំងបងប្អូនជីដូនមួយរបស់លោក ត្រូវបានខ្មែរក្រហមសម្លាប់ចោល។

៩៧. កិច្ចសន្ទនារវាងកញ្ញា ខន ស្រីណង និងអ្នកស្រី ជា សុគន្ធ

រយៈពេល ៤៩’៤៦ នាទី

ឆ្នាំ ២០១៩

ទីកន្លែង : ភ្នំពេញ

អ្នកស្រី ជា សុគន្ធ មានអាយុ ៦៣ ឆ្នាំ។ នាសម័យសង្គមរាស្រ្តនិយម គាត់រស់នៅឯខេត្តបាត់ដំបង និងរៀនដល់ថ្នាក់ទី ៨។ ចូលដល់ឆ្នាំ ១៩៧៥ ខ្មែរក្រហមចូលមកដល់ គេក៏បានជម្លៀសគាត់ទៅដល់ខេត្តសៀមរាប។ គេបានបង្ខំឱ្យគាត់ធ្វើការជាច្រើន ព្រមទាំងបង្អត់អាហារទៀតផង យ៉ាងច្រើនបានត្រឹមតែបបរប៉ុណ្ណោះ។​