ការអភិរក្ស និងដាក់ឱ្យប្រើប្រាស់នូវបណ្ណសារសោតទស្សន៍របស់ប្រទេសកម្ពុជា

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ចាប់បដិសន្ធិឡើងក្នុងឆ្នាំ ២០០៥ ក្រោមឈ្មោះជាសមាគមផលិតស្រាវជ្រាវតម្កល់ឯកសារសោតទស្សន៍ (ARPAA) ជាមជ្ឈមណ្ឌលបណ្ណសារឈានមុខគេនៅកម្ពុជា ដែលមិនរកប្រាក់ចំណេញ និងជាអង្គការមិនមែនរដ្ឋាភិបាល។ មជ្ឈមណ្ឌលមានឆន្ទៈធ្វើឱ្យការចងចាំស្ដីពីប្រទេសកម្ពុជាមានជីវិតរស់រានឡើងវិញ និងលើកស្ទួយវប្បធម៌ខ្មែរតាមរយៈសិល្បៈ និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្រោយការចងចាំ និងវប្បធម៌របស់ប្រទេសកម្ពុជាបានរងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងដោយសារសង្គ្រាម និងអំពើប្រល័យពូជសាសន៍អស់រយៈកាល ៣ ទសវត្សរ៍។

ML 11

ក្រោមពាក្យស្លោកថា “សង្គ្រោះ និងរំឭកឡើងវិញនូវអនុស្សាវរីយ៍កាលពីម្សិលមិញ និងថ្ងៃនេះ” មជ្ឈមណ្ឌលបុប្ផាណាបានប្រមូល និងគាំពារនូវបណ្ណសារសោតទស្សន៍ស្ដីពីប្រទេសកម្ពុជា មានដូចជាខ្សែភាពយន្ត រូបថត និងបណ្ណសារសំឡេង ដែលមាននៅគ្រប់ទិសទីជុំវិញពិភពលោក។ មជ្ឈមណ្ឌលស្វាគមន៍សាធារណជនចូលទស្សនា និងស្រាវជ្រាវពីបេតិកភណ្ឌសោតទស្សន៍ទាំងនោះ ព្រមទាំងបណ្តុះបណ្តាលយុវជនផ្នែកផលិតភាពយន្តឯកសារ ដើម្បីឱ្យសំឡេង និងការច្នៃប្រតិដ្ឋផ្នែកសិល្បៈរបស់ប្រទេសកម្ពុជាកាន់តែរីកដុះដាលឡើងទាំងគុណភាព និងបរិមាណ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងជួយប្រជាជនកម្ពុជាក្នុងការស្តារនូវមរតកដ៏មានតម្លៃ ព្រមទាំងជួយឱ្យពួកគេយល់ពីអតីតកាលខ្លួនឯង កសាងបច្ចុប្បន្ន និងច្នៃប្រតិដ្ឋអនាគតពួកគេតទៅមុខទៀត។

ដោយមានការគាំទ្រពីមូលនិធិ Andrew W. Mellon មជ្ឈមណ្ឌលបុប្ផាណាបានអនុវត្តនូវគម្រោង “ការអភិរក្ស និងដាក់ឱ្យប្រើប្រាស់នូវបណ្ណសារសោតទស្សន៍របស់ប្រទេសកម្ពុជា” ដែលចាប់ផ្តើមពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១។ តាមរយៈគម្រោងនេះ យើងបានធ្វើការបម្លែងបណ្ណសារសោតទស្សន៍ដែលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ទៅជាបណ្ណសារឌីជីថលដែលមានរយៈពេលសរុប ៣០០ ម៉ោង ក្នុងចំណោម ២០០០ ម៉ោងដែលនៅសេសសល់ និងដែលមានតម្រូវការផ្នែកគាំពារជាចាំបាច់ ទាំងផ្នែករូបវន្តសម្រាប់បម្លែង និងផ្នែកឌីជីថលសម្រាប់ការប្រើប្រាស់។

ML 1  ML 3

យើងបានជ្រើសរើស និងរៀបចំបញ្ជីឈ្មោះបណ្ណសារជាក់លាក់មួយ ដោយផ្អែកលើស្ថានភាពរូបវន្តជាក់ស្ដែង និងមាតិកា ហើយបណ្ណសារទាំងនោះរួមមាន ៖
– រូបភាពដ៏កម្រនៃប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩០ និងវីដេអូសម្ភាសន៍របស់កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម ដែលដកស្រង់ពីបណ្ណសាររបស់លោក ប៉ាន់ រិទ្ធី។
– ភាពយន្តឯកសារទាក់ទងនឹងបញ្ហាប្រឈមមួយចំនួនក្នុងអំឡុងឆ្នាំ ១៩៩០ ដកស្រង់ពីបណ្ណសាររបស់អង្គការយូនីសេហ្វ (តួយ៉ាងដូចជា សិទ្ធិកុមារ បញ្ហាសុខភាព ជីវភាពរស់នៅប្រចាំថ្ងៃក្នុងប្រទេសកម្ពុជា ។ល។ ) បណ្ណសារទាំងនេះស្ថិតនៅក្នុងលក្ខខណ្ឌដែលត្រូវការកិច្ចគាំពារជាបន្ទាន់ព្រោះងាយនឹងរងការខូចខាតយ៉ាងឆាប់រហ័ស។

ML 8

បន្ថែមពីលើការបម្លែងបណ្ណសាររយៈពេល ៣០០ ម៉ោងនេះ គម្រោងក៏បានជួយគាំទ្រដល់ផ្នែកសម្ភារៈសម្រាប់បម្លែងបណ្ណសារសោតទស្សន៍ដ៏សំខាន់ទាំងអស់នេះផងដែរ រួមមានម៉ាស៊ីនមេ (Server) ឃ្លាំងផ្ទុកទិន្នន័យ (Storage) ដើម្បីរក្សាទុកទិន្នន័យដែលបានបម្លែងចប់រួចរាល់ ម៉ាស៊ីនបម្លែងឯកសារដើម្បីឱ្យការបម្លែងបណ្ណសារកាន់តែមានគុណភាព ព្រមទាំងប្រព័ន្ធបម្រុងទុក (back-up system) ដើម្បីការពារសមុច្ច័យបណ្ណសារទាំងអស់ដែលបុប្ផាណាមាន។

ML 12  ML 5  ML 13

ផ្ដល់មូលនិធិដោយ ៖

The-Andrew-W-Mellon-Foundation