February 1, 2019

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីពិធីសម្ពោធវគ្គបណ្តុះបណ្តាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

វគ្គបណ្តុះបណ្តាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ របស់គម្រោង «ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី» ត្រូវបានផ្តួចផ្តើមគំនិត និងរៀបចំឡើងដោយសមាគមផលិតស្រាវជ្រាវតម្កល់ឯកសារសោតទស្សន៍ (មជ្ឈមណ្ឌលបុប្ផាណា) ដោយសហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលផលិតភាពយន្តនៅកម្ពុជា (CFC) ក្រោមការឧបត្ថម្ភពីកម្មវិធី VOICE តាមរយៈអង្គការអុកស្វាម (Oxfam) និងការឧបត្ថម្ភពីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។ គម្រោងនេះបានផ្តល់អាហារូបករណ៍ដល់សិក្ខាកាមជាជនជាតិខ្មែរ និងជនជាតិដើមភាគតិច ចំនួន ១២ (ដប់ពីរ) រូប មកពីខេត្តអាទិភាពចំនួន ៣ គឺខេត្តរតនគិរី មណ្ឌលគិរី និងបន្ទាយមានជ័យ។

គោលបំណងសំខាន់របស់គម្រោងនេះ គឺការលើកកម្ពស់សិទ្ធិ និងផ្តល់ឱកាសក្នុងការបញ្ចេញសំឡេងដល់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង តាមរយៈភាពយន្តឯកសារដែលផលិតឡើងដោយផ្ទាល់ពីយុវជនដែលមកពីសហគមន៍របស់ពួកគេ ក្រោមគោលគំនិត៖ «គ្មានអ្វីដែលអាចបកស្រាយអំពីបញ្ហារបស់យើងបានឡើយ ប្រសិនបើគ្មានការចូលរួមពីពួកយើង» (Nothing about us without us)។

វគ្គបណ្តុះបណ្តាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយនេះផងដែរ នឹងត្រូវប្រកាសសម្ពោធជាផ្លូវការនៅថ្ងៃសុក្រ ទី ១ ខែកុម្ភៈ ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៦ ល្ងាចតទៅ នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ដោយមានការចូលរួមក្រោមអធិបតីភាព ឯកឧត្តម ទិត្យ ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកស្រី សុខ ច័ន្ទឆវី តំណាងកម្មវិធីវ៉យ (Voice) នៃអង្គការអុកស្វាមប្រចំានៅកម្ពុជា, លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា, លោក ប៉ាន់ រិទ្ធី ស្ថាបនិកមជ្ឈមណ្ឌលបុប្ផាណា និងលោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។

ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ៖
– លោក ទៀង ពិសិដ្ឋ ជាមន្ត្រីផ្នែកទំនាក់ទំនង និងទីផ្សារ នៃគម្រោង
លេខទូរស័ព្ទ ៖ ០១០ ៧៧ ៥១ ៥១ / អ៊ីមែល ៖ piseth.tieng@bophana.org