 នៅថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០០៧ ពីម៉ោង១១ថ្ងៃត្រង់ដល់ម៉ោង០៩យប់ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណានឹងរៀបចំការបើកទ្វារពេញមួយថ្ងៃ ដើម្បីអបអរទិវាបេតិកភ័ណ្ឌសោតទស្សន៍ពិភពលោករបស់អង្គការយូណេស្កូ។ គោលបំណងនៃការរៀបចំនេះគឺដើម្បីផ្សព្វផ្សាយដល់សាធារណជនកម្ពុជាអំពីកិច្ចការពារបេតិកភ័ណ្ឌសោតទស្សន៍។ ឯកសារសោតទស្សន៍រងការគំរាមកំហែងយ៉ាងខ្លាំង មិនថាតែឯកសារនោះទំហំប៉ុណ្ណាក៏ដោយ។ មួយផ្នែកនៃបណ្ណសារសោតទស្សន៍ដ៏មានសារសំខាន់នៅសតវត្សទី២០ បានបាត់បង់អស់រួចទៅហើយ ហើយមួយផ្នែកទៀតកំពុងរងការគំរាមកំហែងខូចខាតដោយសារកត្តាធម្មជាតិ និងកង្វះបច្ចេកទេស រួមទាំងអវត្តមានវិធានការការពារឲ្យបានត្រឹមត្រូវ។ នៅទីក្រុងភ្នំពេញ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាធ្វើការប្រមូល និងថែរក្សាបណ្ណសារសោតទស្សន៍ស្តីពីប្រទេសកម្ពុជា រួចហើយដាក់ជូនសាធារណជនទស្សនាពិគ្រោះ។ ហេតុនេះ សកម្មភាពរបស់មជ្ឈមណ្ឌលគឺដូចសកម្មភាពរបស់អង្គការយូណេស្កូដែរ ដែលបានអនុម័ត«អនុសាសន៍ដើម្បីការពារ និងថែរក្សារូបភាពផ្សេងៗឲ្យបានប្រសើរឡើងវិញ» នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៨០។ អនុសាសន៍នេះគឺជាអត្ថបទអន្តរជាតិទី១ដែលបានប្រកាសទទួលស្គាល់ជាឱឡារឹកអំពីសារសំខាន់ផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត របស់បណ្ណសារភាពយន្ត និងទូរទស្សន៍។ ក្រុមការងាររបស់មជ្ឈមណ្ឌលបុប្ផាណា នឹងបើកទទួលស្វាគមន៍សាធារណជនចាប់ពីម៉ោង១១ថ្ងៃត្រង់ទៅ ដើម្បីពន្យល់ពីការងារប្រមូល ការបំលែងជាឌីជីថល និងការថែរក្សាឯកសារសោតទស្សន៍របស់យើង។ ការទស្សនាមជ្ឈមណ្ឌល និងការបង្ហាញអំពីកន្លែងពិគ្រោះបណ្ណសារនឹងត្រូវរៀបចំធ្វើឡើង។ ខ្សែភាពយន្តជាច្រើនដែលផលិតដោយអង្គការសមាគមនានានៅកម្ពុជា នឹងត្រូវចាក់បញ្ចាំងជាបន្តបន្ទាប់ ហើយចាប់ពីម៉ោង៤ល្ងាចទៅ អង្គការសមាគមទាំងនោះនឹងពន្យល់សាធារណជនអំពីមូលហេតុ ដែលពួកគេបានប្រគល់វណ្ណកម្មសោតទស្សន៍របស់ខ្លួនឲ្យមកមជ្ឈមណ្ឌលបុប្ផាណា។ កម្មវិធីនេះនឹងបិទបញ្ចប់ជាមួយនឹងកម្មវិធីភាពយន្តពេលរាត្រី ដោយមានការចាក់បញ្ចាំងភាពយន្តឯកសារស្តីពីប្រទេសកម្ពុជានៅលើផ្ទាំងសំពត់ស ចាប់ពីម៉ោង៦ និង៣០នាទីទៅ។ ព្រឹត្តិការណ៍បន្តពីទិវានេះ នឹងមានមហោស្រពភាពយន្តឯកសារ ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៧នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា [១]។ កំណត់សម្គាល់ ៖ [១] កម្មវិធីមានបង្ហាញនៅក្នុងវិបសាយ http://bophana.org/site/index.php?option=com_events&Itemid=84
|