បញ្ហាបរិស្ថាននិងជនជាតិដើមភាគតិចនៅកម្ពុជា ៖ ការតស៊ូមតិតាមរយៈខ្សែភាពយន្តផលិតឡើងជាមួយយុវជន និងដើម្បីយុវជន
ដោយ បណ្ឌិត Pete Manning សាកលវិទ្យាល័យ Bath និង បណ្ឌិត Rachel Killean សាកលវិទ្យាល័យ Queens University Belfast
សេចក្ដីថ្លែងអំណរគុណ
យើងសូមអរគុណបុគ្គលិកទាំងអស់នៅមជ្ឈមណ្ឌលបុប្ផាណា និងអង្គការថែរក្សាសត្វដំរី។ សូមថ្លែងអំណរគុណជាពិសេសដល់ ជា សុភាពជា, កោះ រតនី, Jemma Bullock និង Chris Iverson ។ សូមអរគុណផងដែរដល់លោក Paul Cooke សម្រាប់ការគាំទ្ររបស់លោកជុំវិញការងារនេះ។ ជាចុងក្រោយ យើងសូមថ្លែងអំណរគុណដល់សហគមន៍ជនជាតិព្នង ភូមិពូទ្រុំ ដែលបានចំណាយពេលវេលា និងចែករំលែកបទពិសោធន៍របស់ពួកគេជាមួយយើង។
ថវិកាក្នុងគម្រោងនេះត្រូវបានផ្តល់ដោយក្រុមប្រឹក្សាស្រាវជ្រាវមនុស្សជាតិ និងសិល្បៈចក្រភពអង់គ្លេស (UK Arts and Humanities Research Council) រួមជាមួយមូលនិធិស្រាវជ្រាវបញ្ហាប្រឈមជាសាកល (Global Challenges Research Fund) (AH / T007923 / 1) ក្រោមគម្រោង«Follow on funding for impact (តាមដានការផ្តល់មូលនិធិសម្រាប់ផលប៉ះពាល់)»។ គម្រោងមេ មានឈ្មោះថា Changing the Story (AH/R005354/1) ។
ដើម្បីផ្សព្វផ្សាយបន្តពីរបាយការណ៍នេះ សូមដាក់ប្រភព ៖ Manning P. and R. Killean (2021) «បញ្ហាបរិស្ថាននិងជនជាតិដើមភាគតិចនៅកម្ពុជា ៖ ការតស៊ូមតិតាមរយៈខ្សែភាពយន្តផលិតឡើងជាមួយយុវជន និងដើម្បីយុវជន» មជ្ឈមណ្ឌលបុប្ផាណា ភ្នំពេញ។
សង្ខេប
ក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ យុវជនកម្ពុជាចំនួន១២នាក់បានទទួលការបណ្តុះបណ្តាលជំនាញផលិតខ្សែភាពយន្តឯកសារ និងការសិក្សាស្វែងយល់អំពីបញ្ហាបរិស្ថាន និងជនជាតិដើមនៅកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះប្រើប្រាស់វិធីសាស្រ្តតម្រូវឱ្យការចូលរួមពីអ្នកសិក្សា ពោលគឺយើងផ្តល់ឱ្យពួកគេនូវភាពជាម្ចាស់ការលើដំណើរការច្នៃប្រឌិត ហើយស្របពេលជាមួយគ្នានោះយើងជួយជំរុញពួកគេក្នុងការផលិតខ្សែភាពយន្តរបស់ខ្លួន តាមរយៈការសន្ទនាជាមួយសហគមន៍ជនជាតិដើមភាគតិច ដែលពួកគេបានទៅធ្វើការជាមួយ។ គោលបំណងសំខាន់នៃគម្រោងនេះគឺដើម្បីផលិតខ្សែភាពយន្ត ដែលអាចប្រើជាឧបករណ៍តស៊ូមតិ ក្នុងទិសដៅបង្កើនការយល់ដឹងអំពីផលប៉ះពាល់ផ្នែកបរិស្ថាន និងបញ្ហាដែលសហគមន៍ជនជាតិព្នងនៅកម្ពុជាកំពុងប្រឈមមុខ។ ខ្សែភាពយន្តចំនួន ៣ ត្រូវបានផលិតរួចហើយជុំវិញអំពីប្រធានបទទាំងនេះ រួមមានការកាប់បំផ្លាញព្រៃឈើ សុខមាលភាពសត្វព្រៃ ហើយនិងវប្បធម៌និងកេរដំណែលរបស់ជនជាតិព្នង។
គម្រោងនេះដឹកនាំដោយសាកលវិទ្យាល័យ Bath និងឧបត្ថម្ភគាំទ្រដោយក្រុមប្រឹក្សាស្រាវជ្រាវមនុស្សជាតិ និងសិល្បៈ រួមជាមួយនិងមូលនិធិស្រាវជ្រាវបញ្ហាប្រឈមសាកល។ វាត្រូវបានរៀបចំឡើងក្នុងភាពជាដៃគូរវាងមជ្ឈមណ្ឌលបុប្ផាណា ដែលជាអង្គការនាំមុខមួយផ្នែកសិល្បៈ និងអង្គការថែរក្សាសត្វដំរី ដែលជាអង្គការមួយគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិច និងការថែរក្សាសត្វដំរីនៅខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា។ ការឧបត្ថម្ភបន្ថែមទៀតត្រូវបានផ្ដល់ដោយសាកលវិទ្យាល័យ Leeds និងសាកលវិទ្យាល័យ Queens University Belfast ។
របាយការណ៍នេះជាការពិចារណា និងសម្រិតសម្រាំងបទពិសោធន៍សំខាន់ៗទទួលបានពីគម្រោង ដែលអាចបូកសរុបដូចខាងក្រោម៖
- ការផលិតភាពយន្តដោយមានការចូលរួមពីយុវជនជាវិធីសាស្ត្រមួយដែលផ្តល់នូវការតស៊ូមតិជុំវិញបញ្ហាបរិស្ថាន និងអយុត្តិធម៌សង្គម។ នៅពេលដែលយុវជនខ្លួនឯងផ្ទាល់ជាអ្នកនិពន្ធរឿងរ៉ាវអំពីគ្រោះថ្នាក់បរិស្ថាន និងបញ្ហារបស់ជនជាតិដើមភាគតិច ពួកគេនឹងក្លាយទៅជាម្ចាស់លើបញ្ហាទាំងនេះ ហើយពួកគេនឹងចូលខ្លួនកាន់តែជ្រៅនៅក្នុងការតស៊ូមតិនៅជុំវិញបញ្ហាទាំងនោះ។ ហើយនេះជាសក្ដានុពលសម្រាប់សារដែលមាននៅក្នុងខ្សែភាពយន្ត ដើម្បីបង្កើនទម្ងន់ «ទ្វេដង» នៅក្នុងសហគមន៍ និងឆ្លងហួសពីសហគមន៍។
– ខ្សែភាពយន្តផលិតក្នុងគម្រោងនេះបង្ហាញពីតួនាទីដ៏មានឥទ្ធិពលរបស់ឯកសារអំពីសត្វព្រៃ ជាមធ្យោបាយក្នុងការគ្រប់គ្រងការព្រួយបារម្ភសម្រាប់បញ្ហាប្រឈមនៃបរិស្ថាន។ ដោយផ្តោតលើទំនាក់ទំនងរវាងសត្វព្រៃ និងសហគមន៍ ខ្សែភាពយន្តទាំងនេះបង្ហាញផងដែរថា ការបំផ្លាញបរិស្ថាន ហើយនិងបញ្ហាដែលសហគមន៍ជនជាតិដើមកំពុងប្រឈមមុខ គឺមិនអាចកាត់ផ្ដាច់ចេញពីគ្នាបានឡើយ។
– ខ្សែភាពយន្តទាំងនេះអាចជួយលើកកម្ពស់ការយល់ដឹង និងធ្វើឱ្យបេតិកភណ្ឌនិងប្រពៃណីរបស់ជនជាតិដើមមានសុពលភាពនៅកម្ពុជា ដែលសហគមន៍ជនជាតិដើមភាគតិចតែងតែត្រូវបានគេមើលងាយនិងយល់ច្រលំ។ ជាងនេះទៅទៀតសង្ឃឹមថាការផលិតភាពយន្តជាភាសាខ្មែរ និងព្នងអាចចូលរួមចំណែកក្នុងការអភិរក្សភាសាដើមរបស់ជនជាតិដើមភាគតិចព្នង។
– វិធីសាស្រ្តនេះអាចជួយបង្កើតការយល់ចិត្ត និងទំនាក់ទំនងកាន់តែរឹងមាំនៅក្នុងសហគមន៍ផ្ទាល់ និងឆ្លងសហគមន៍ផងដែរ។ ដំណើរការនិងការអនុវត្តផ្ទាល់នៃការផលិតភាពយន្តជាមួយ សហគមន៍ជនជាតិដើមភាគតិច និងនៅក្នុងសហគមន៍ពួកគេផ្ទាល់តែម្ដង បានជួយបំបាត់គំនិតដែលតែងតែគិតថាខ្លួនឯងអន់នៅក្នុងចំណោមអ្នកហាត់រៀន។
– បញ្ហាប្រឈមសំខាន់គឺការភ្ជាប់បញ្ហាក្នុងស្រុកទៅនឹងបញ្ហាប្រឈមក្នុងតំបន់និងពិភពលោក។ ផលប៉ះពាល់ផ្នែកបរិស្ថាន និងបញ្ហាប្រឈមរបស់ក្រុមជនជាតិដើមភាគតិចដែលត្រូវបានបង្ហាញនៅក្នុងខ្សែភាពយន្តមានឥទ្ធិពលអាចខ្ទរទៅក្នុងបរិបទតំបន់ និងពិភពលោកបាន។ ទោះយ៉ាងណា យុវជននិងអ្នកដទៃទៀតដែលធ្វើការតស៊ូមតិផ្នែកបរិស្ថាន ត្រូវតែទទួលបានការគាំទ្រ ដើម្បីបង្កើតទំនាក់ទំនងទាំងនេះ។
សេចក្ដីផ្ដើម
ភាពយន្ត និងការផលិតខ្សែភាពយន្តគឺជាមធ្យោបាយដ៏ល្អសម្រាប់លើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមផ្នែកបរិស្ថាន។ កន្លងមក មានខ្សែភាពយន្តឯកសារធំៗ ត្រូវបានចេញផ្សាយជុំវិញប្រធានបទ ដូចជាកំដៅផែនដី (រឿង An Inconvenient Truth) ការប្រើប្រាស់ផ្លាស្ទិក (រឿង Blue Planet) និងការអភិរក្សសមុទ្រ (រឿង Seaspiracy) ។ ខ្សែភាពយន្តទាំងនេះគឺជាឧទាហរណ៍នៃលក្ខណៈពិសេសរបស់«ភាពយន្តឯកសារអំពីបរិស្ថាន» ក្នុងការធ្វើឱ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមផ្នែកបរិស្ថាន និងមានយុទ្ធនាការ ដើម្បីការផ្លាស់ប្តូរ និងសកម្មភាព (Duvall ២០១៧)។ ការរីកសាយនៃភាពយន្តឯកសារស្ដីពីបរិស្ថានក្នុងប៉ុន្មានទសវត្សថ្មីៗនេះបានកើតឡើងស្របពេលជាមួយនឹងការទទួលស្គាល់កាន់តែច្រើនឡើងនៃនយោបាយអន្តរជំនាន់ ជុំវិញបញ្ហាប៉ះពាល់ផ្នែកបរិស្ថាន។ យុវជននាពេលបច្ចុប្បន្ននេះនឹងទទួលឥទ្ធិពលពីផលប៉ះពាល់កាន់តែអាក្រក់ទៅៗ នៃវិបត្តិសេដ្ឋកិច្ចជាច្រើន ហើយបានបង្កើនការនាំមុខក្នុងយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីអាកាសធាតុ និងយុត្តិធម៌ នៅស្ថាប័នសំខាន់ៗ ដូចជាអង្គការសហប្រជាជាតិជាដើម។
នៅក្នុងទិដ្ឋភាពដ៏ទូលំទូលាយនេះ ការងាររបស់យើងជាមួយផលិតករភាពយន្តវ័យក្មេងនៅក្នុងប្រទេសកម្ពុជា បានបង្ហាញថាតើបញ្ហាប្រឈមរបស់ពិភពលោក មានន័យយ៉ាងដូចម្ដេចសម្រាប់សហគមន៍នៅថ្នាក់មូលដ្ឋាន។ ជម្លោះអស់រយៈពេលជាង៤០ឆ្នាំបានធ្វើឱ្យធម្មជាតិនៅកម្ពុជាធ្លាក់ចុះ នាំទៅរកការបាត់បង់ព្រៃ និងទីជម្រកសត្វព្រៃ ក៏ដូចជាការប្រើប្រាស់ខុសនៃសត្វដំរីដែលត្រូវគេចាប់ដោយខុសច្បាប់នៅក្នុងប្រទេសផងដែរ។ នៅក្នុងសម័យកាលនេះ «សេដ្ឋកិច្ចសង្គ្រាម» រួមមានការធ្វើអាជីវកម្មដែលប៉ះពាល់ដល់ធនធានធម្មជាតិ ដូចជាការលក់ឈើនៅក្នុងព្រៃជាដើម។ ជាលទ្ធផល ការអនុវត្តបែបនេះបាននាំទៅរកការថយចុះនៃចំនួនសត្វដំរីព្រៃ និងសត្វផ្សេងៗទៀតនៅកម្ពុជា។ តាំងពីសន្តិភាពនៅឆ្នាំ1999 សម្ពាធនៃការអភិវឌ្ឍ និងការកាប់ព្រៃឈើបាននាំឱ្យមានការបាត់បង់ព្រៃឈើទំហំ២.២លានហិចតា ដែលធ្វើឱ្យជះឥទ្ធិពលដល់ការបាត់បង់ជម្រកសត្វព្រៃ។ ប្រភេទសត្វដែលស្ថិតក្នុងគ្រោះថ្នាក់ គឺកំពុងតែប្រឈមនឹងការថយចុះនៃចំនួនរបស់ពួកវា សូម្បីនៅក្នុងបរិវេណឧទ្យានដែលត្រូវបានការពារហើយក៏ដោយ។ ជាពិសេសសត្វដំរីបានរងគ្រោះនឹងការបាត់បង់ទីជម្រកកាន់តែខ្លាំង។អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិបានវាយតម្លៃថា ដំរីព្រៃនៅសល់តែពី៤០០-៦០០ក្បាលប៉ុណ្ណោះ (Maltby and Bourchier 2011)។
បញ្ហាប្រឈមនៅកម្ពុជាបង្ហាញទៀតថា បញ្ហាបរិស្ថានមិនអាចកាត់ផ្ដាច់បានពីបញ្ហាយុត្តិធម៌សង្គមនោះឡើយ។ សកម្មជនបរិស្ថាននៅកម្ពុជាបានប្រឈមនឹងការធ្វើបាប និងអំពើហិង្សាលើរាងកាយ។ សហគមន៍ជនជាតិដើមភាគតិចព្នងរងនូវការរើសអើង មិនទទួលបានភាពងាយស្រួលផ្សេងៗ ហើយកម្រិតនៃការមិនចេះអក្សរ និងការមិនទទួលបានការអប់រំក៏ខ្ពស់។ ក្នុងនាមជាសហគមន៍មួយពឹងផ្អែកលើព្រៃឈើដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រនឹងវប្បធម៌យ៉ាងជិតស្និទ្ធជាមួយដំរី ជនជាតិព្នងទទួលរងការប៉ះពាល់យ៉ាងខ្លាំងពីបញ្ហាសិទ្ធិកាន់កាប់ដីធ្លី ការកាប់បំផ្លាញព្រៃឈើនិងការបាត់បង់ជម្រកសត្វព្រៃ។ ដូចដែលខ្សែភាពយន្តរបស់យើងបង្ហាញ ការប៉ះពាល់ផ្នែកបរិស្ថានតែងតែទាក់ទងជាមួយទម្រង់ផ្សេងៗនៃវិសមភាពរបស់មនុស្ស។
«…ព្រៃឈើស្ថិតក្រោមសម្ពាធខ្លាំងនៅកម្ពុជា។ រដ្ឋាភិបាលបានរៀបចំតំបន់អភិរក្ស…ប៉ុន្តែបញ្ហាគឺនៅត្រង់ថាមនុស្សកំពុងតែកាប់ចូលទៅក្នុងតំបន់ការពារទាំងនេះ។ ហើយកត្តានេះមានផលប៉ះពាល់ខ្លាំងទៅលើព្រៃឈើ និងជីវិតសត្វព្រៃដែលកំពុងរស់នៅទីនោះ»។ (Jamma Bullock, EVP)
ចងក្រងឯកសារពីផលប៉ះពាល់នៃបរិស្ថាន និងបទពិសោធន៍របស់ជនជាតិដើមភាគតិច
អំឡុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ មជ្ឈមណ្ឌលបុប្ផាណាបានផ្ដល់ការបណ្ដុះបណ្ដាលផ្នែកការផលិត និងការដំឡើងខ្សែភាពយន្តដល់ក្រុមយុវជនខ្មែរ១២នាក់ដែលមានទាំងអ្នកនៅក្រុង អ្នកជនបទ និងជនជាតិភាគតិចផងដែរ។ អ្នកអង្កេតការណ៍ជនជាតិអង់គ្លេសបីរូបគឺ Manning, Cooke និង Killean បានផ្ដល់សិក្ខាសាលាអប់រំស្ដីពីបញ្ហាសង្គម នយោបាយ និងក្រមសីលធម៌ រួមទាំងបញ្ហាដែលតែងតែត្រូវបានលើកឡើងជុំវិញផលប៉ះពាល់នៃបរិស្ថាន។ បុគ្គលិកនៅELIE បានផ្ដល់ដល់សិស្សនូវព័ត៌មានពាក់ព័ន្ធនឹងការធ្វើការងារជាមួយសហគមន៍នានានៅក្នុងខេត្តមណ្ឌលគិរី ដើម្បីបញ្ជ្រាបព័ត៌មានដល់សិស្សពីបញ្ហាប្រឈមរបស់ជនជាតិព្នង ក៏ដូចជាការណែនាំផ្សេងៗពេលចុះទៅថតពីសត្វដំរី។ អំឡុងពេលទស្សនកិច្ចសិក្សានៅឧទ្យានអភិរក្សសត្វដំរី Elephant Valley Project នៅខេត្តមណ្ឌលគិរី សិស្សទាំងអស់បានរៀបចំគម្រោង និងថតជាខ្សែភាពយន្តឯកសារខ្នាតខ្លីចំនួនបីចំណងជើង។ អំឡុងពេលនៃទស្សនកិច្ចសិក្សាជាច្រើនលើក សិស្សអាចរិះគិត និងបង្កើតខ្សែភាពយន្តរបស់ពួកគេដោយសន្ទនាជាមួយសមាជិកសហគមន៍ព្នងនៅមូលដ្ឋាន អ្នកចូលរួម និងបុគ្គលិករបស់ ELIE។
«អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតគឺដំរីចាស់មួយក្បាល អាយុ៧០ឆ្នាំ។ ដំរីនេះបានឆ្លងកាត់ពេលវេលាជាច្រើនទសវត្ស។ ដំរីពិការភ្នែកនេះបានឆ្លងកាត់សង្គ្រាម វាបាក់ស្បាត ហើយខ្លាច។ នេះជាអ្វីដែលខ្ញុំទើបតែបានដឹង គឺមិនមែនមានតែមនុស្សទេដែលបាក់ស្បាតដោយសារសង្គ្រាម សូម្បីតែសត្វក៏ដូចគ្នាដែរ…» (ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន)។
ខ្សែភាពយន្តនេះឆ្លុះបញ្ចាំងពីទស្សនៈនៃការដឹកនាំនិងដុះខាត់យុវជន និងការចូលរួមរបស់ពួកគេជាមួយសហគមន៍ជនជាតិដើមភាគតិច និងជម្រកសត្វព្រៃនៅសេសសល់របស់ប្រទេសកម្ពុជា។ នៅក្នុងរឿង «ជម្រកខ្ញុំ» (ដឹកនាំដោយជួន សុភាណា , ម៉ិច ជូឡាយ , យ៉ាំ សុភ័ក្រ្ត , មាន សុចិត្រា , ឈាន ពិសេន) រឿងពិតរបស់ហ្មដំរី ធួក ឆឹល ត្រូវបានយកមកបង្ហាញដើម្បីឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃឈើទៅលើសហគមន៍ជនជាតិព្នង និងដំរី។
ការរួញតូចទៅៗនៃជម្រកធម្មជាតិរបស់សត្វដំរី ត្រូវបានយកមកបង្ហាញរួមគ្នានឹងបញ្ហាប្រឈម របស់ជនជាតិព្នងលើផ្នែកវប្បធម៌និងជីវិតរស់នៅ ដែលនេះជាការបញ្ជាក់ពីការពឹងផ្អែកគ្នាទៅវិញមករវាងពិភពរបស់មនុស្ស និងពិភពផ្សេងទៀតក្រៅពីមនុស្ស។ ខ្សែភាពយន្តនេះធ្វើឱ្យផ្លាស់ប្ដូរការយល់ដឹងរបស់យើងអំពី«មនុស្ស»និង«ធម្មជាតិ» ដោយហេតុថាម្ខាងៗគឺជាចំណែកបន្ថែមឱ្យម្ខាងទៀត។
រឿង«ដានស្រអាប់» (ដឹកនាំដោយជើយ រីកគីដេវីដ, ពៅ មនោ , ខុន រក្សា) គឺជារឿងរបស់ដំរីមេណាង។ ទោះបីពិការភ្នែកម្ខាង និងកើតជំងឺបាក់ស្បាតដោយសារសង្គ្រាមជាច្រើនឆ្នាំ និងការទម្លាក់គ្រាប់បែករបស់អាមេរិក ប៉ុន្តែដំរីមេណាងរៀនទទួលក្ដីស្រឡាញ់ពីហ្មដំរីដែលនៅមើលថែវា គឺច្រិត ដា។ ខ្សែភាពយន្តនេះទាញចំណាប់អារម្មណ៍លើការបាក់ស្បាតរបស់មេណាង និងផលប៉ះពាល់នៃសង្គ្រាមទៅលើពិភពផ្សេងមួយទៀតក្រៅពីមនុស្ស។ ខ្សែភាពយន្តនេះលើកឡើងនូវសំណួរដ៏សំខាន់មួយថាតើផលប៉ះពាល់ទាំងនេះអាចត្រូវដោះស្រាយយ៉ាងដូចម្ដេច ហើយថាតើយើងអាចភ្ជាប់ខ្លួនយើងទៅនឹងពិភពរបស់សត្វយ៉ាងដូចម្ដេច។
រឿង«មរតក» (ដឹកនាំដោយសួស សុណាន់, សាត ស្រីតូច, ពៅ ធាង) លើកឡើងពីបញ្ហាយែនឌ័រ និងបម្រែបម្រួលវប្បធម៌។ បើទោះតាមទម្លាប់របស់ជនជាតិព្នង ហ្មដំរីមិនមែនជាការងារមនុស្សស្រីក៏ដោយ ក៏អ្នកស្រីព្រេង ចាន់ធីព្យាយាមថែរក្សាប្រពៃណីរបស់សហគមន៍គាត់ដែរ។ អ្នកស្រីខិតខំទាំងការមើលថែដំរី បិតស្រាពាងថ្វាយព្រលឹងដូនតា និងផ្ទេរចំណេះដឹងរបស់គាត់ដល់ក្មេងជំនាន់ក្រោយ។ ដោយធ្វើដូច្នេះ ខ្សែភាពយន្តជួយបង្ហាញថាតើយែនឌ័រពាក់ព័ន្ធយ៉ាងដូចម្ដេចនៅក្នុងការសម្របនិងការប្រែប្រួលនៃវប្បធម៌ ជាពិសេសនៅក្នុងខណៈពេលដែលសហគមន៍ជនជាតិព្នងកំពុងប្រឈមនឹងការអភិវឌ្ឍបែបនេះ។
«អ្វីដែលគួរឱ្យរន្ធត់បំផុតគឺសត្វដំរី។ ដំរីខ្លះបាក់ស្បាត ខ្លះទៀតកើត PTSD ។ ដូច្នេះ វាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលពេលខ្លះ ខ្ញុំខ្លួនឯងក៏មានអារម្មណ៍បែបនេះដែរ នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង យើងគិតតែពីជីវិតរបស់យើងដូចជាទៅធ្វើការ ឬទៅរៀន យើងតែងតែភ្លេចថាមានសត្វព្រៃជាច្រើនដែលកំពុងរងគ្រោះនៅក្នុងព្រៃ… ខ្ញុំយល់ថា សូម្បីដំរីក៏មានជំងឺផ្លូវចិត្តដូចនឹងមនុស្សដែរ។» (ម៉ិច ជូឡាយ សិស្សរៀនផ្នែកផលិតភាពយន្ត)
ខ្សែភាពយន្តនីមួយៗប្រមូលយកផលប៉ះពាល់របស់សត្វដំរី (និងសត្វព្រៃផ្សេងៗទៀត) ដើម្បីបង្ហាញឱ្យឃើញច្បាស់ពីភាពងាយរងគ្រោះនៃព្រៃឈើនៅកម្ពុជា។ ខ្សែភាពយន្តទាំងនេះក៏បង្ហាញផងដែរពីទំនាក់ទំនងមិនអាចកាត់ផ្ដាច់បានរវាងជនជាតិដើមភាគតិច ជាមួយព្រៃឈើនិងជីវិតព្រៃឈើ តាមរយៈការបង្ហាញពីតួនាទីដ៏សំខាន់នៃព្រៃឈើសម្រាប់អត្តសញ្ញាណរបស់ជនជាតិព្នង និងមួយវិញទៀតពីឥទ្ធិពលរបស់មនុស្សទៅលើព្រៃឈើ និងលទ្ធភាពនៃការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព។ ខ្សែភាពយន្តទាំងនេះគឺជាមធ្យោបាយមួយក្នុងការតស៊ូមតិ ដើម្បីអំពាវនាវឱ្យមានការយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ផ្នែកបរិស្ថាន និងបញ្ហាប្រឈមរបស់ជនជាតិព្នង ។
មរកជនជាតិដើមភាគតិច
ខ្សែភាពយន្តត្រូវបានផលិតឡើងជាភាសាខ្មែរ និងភាសាព្នង ដើម្បីធានាថា ខ្សែភាពយន្តទាំងនេះអាចចូលទៅដល់ក្រុមជនជាតិដើមភាគតិចព្នង។ នៅពេលចាក់បញ្ចាំងនៅខេត្តមណ្ឌលគិរីនៅខែមករា ឆ្នាំ ២០២១ សមាជិកសហគមន៍ជនជាតិដើមភាគតិចព្នងបាននិយាយអំពីសារៈសំខាន់ដែលពួកគេបានមើលរឿងរ៉ាវ និងបញ្ហាដែលសហគមន៍របស់ពួកគេកំពុងប្រឈមមុខ ជាភាសាព្នង។ ទំនាក់ទំនងដែលសហគមន៍ព្នងមានជាមួយដំរី និងប្រព័ន្ធអេកូឡូស៊ីព្រៃឈើនៅកម្ពុជា គឺផ្អែកលើទស្សនៈវប្បធម៌ និងដួងព្រលឹងពិសេសមួយ ដែលត្រូវបានបញ្ជាក់ដោយភាពរស់រវើក និងជីវិតរបស់ព្រៃឈើ។ ខ្សែភាពយន្តទាំងនេះអាចបង្ហាញពីបទពិសោធន៍របស់ប្រជាជនព្នង ថាមានតម្លៃនិងត្រូវការការយកចិត្តទុកដាក់ខាងសង្គម និងនយោបាយ។ និយាយឱ្យជ្រៅជាងនេះទៀត ខ្សែភាពយន្តទាំងនេះអាចបើកលទ្ធភាពសម្រាប់ទស្សនិកជនទូទៅឱ្យចូលរួម និងស្រមៃមើលលទ្ធភាពនៃទំនាក់ទំនងតាមបែបផែនផ្សេងទៀតជាមួយព្រៃឈើនិងសត្វព្រៃ ដើម្បីឱ្យមានការបំផ្លាញតិចជាងមុន។
«ខ្ញុំគិតថា ខ្សែភាពយន្តបានបង្ហាញពីបញ្ហាធំៗ និងសំខាន់ៗមួយចំនួន ដោយរឿងទីមួយ ជាការក្រឡេកមើលពីចំណេះដឹងរបស់ជនជាតិដើមភាគតិច ហើយនិងទំនាក់ទំនងរបស់ពួកគេជាមួយដំរី។ អ្វីមួយដែលនឹងបញ្ចប់នៅថ្ងៃណាមួយ។ សំណាងល្អ ចំណេះដឹងទាំងនេះ យើងសង្ឃឹមថានឹងរក្សាទុកនៅក្នុងខ្សែភាពយន្ត។ រឿងដែលយើងបានឃើញនៅក្នុងខ្សែភាពយន្តនេះ យើងសង្ឃឹមថា នឹងការពារវាសម្រាប់មនុស្សជំនាន់ក្រោយ។» (Chris Iverson, ELIE)
ខ្សែភាពយន្តទាំងនេះក៏អាចចូលរួមចំណែកយ៉ាងទូលំទូលាយដល់ការអភិរក្សបេតិកភណ្ឌជនជាតិដើមនៅកម្ពុជាផងដែរ។ ការប្រើប្រាស់ភាសាជនជាតិដើមនៅកម្ពុជាកំពុងធ្លាក់ចុះ។ នេះ ជាការពិតដែលឆ្លុះបញ្ចាំងពីនិន្នាការនៅទូទាំងពិភពលោក (Walsh ២០០៥) ។ តាមរយៈការផលិតខ្សែភាពយន្តជាភាសាព្នង យើងសង្ឃឹមថា ខ្សែភាពយន្តទាំងនេះនឹងជួយដល់ការអភិរក្សបេតិកភណ្ឌ និងប្រពៃណីជនជាតិដើម។ នៅក្នុងការបញ្ចាំងនៅរាជធានីភ្នំពេញ ឯកឧត្ដមហាប់ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ បានកោតសរសើរចំពោះខ្សែភាពយន្តដែលផ្សព្វផ្សាយអំពីសិទ្ធិរបស់ជនជាតិដើម ៖«ពីឪពុកដល់ម្តាយ ពីជីតារហូតដល់ចៅប្រុស ខ្សែភាពយន្តនេះក៏នាំមកនូវការអភិរក្ស និងលើកកម្ពស់ការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌ និងប្រពៃណីល្អរបស់ជនជាតិដើមភាគតិច។»
កសាងទំនាក់ទំនង និងការយល់ចិត្តគ្នា
វិធីសាស្ត្រក្នុងការផលិតខ្សែភាពយន្តតាមបែបចូលរួម ដែលត្រូវបានអនុវត្តនៅក្នុងគម្រោងនេះ ផ្ដល់នូវមេរៀនដ៏សំខាន់មួយសម្រាប់ការដឹកនាំសកម្មភាពតាមបែបសិល្បៈជុំវិញបញ្ហាបរិស្ថាន។ ការជ្រើសរើសយុវជននៅទីក្រុង ទីជនបទ និងជនជាតិដើមភាគតិច ឱ្យចូលរួមក្នុងកម្មវិធីនេះ គឺមានគោលបំណងលុបបំបាត់ការបែងចែកគ្នារវាង« អ្នកនៅខាងក្នុង» និង«អ្នកខាងក្រៅ» នៅក្នុងប្រពៃណីនៃការចូលរួម (Pauwels 2015) ។ បើនិយាយម៉្យាងទៀត នៅក្នុងដំណាក់កាលដំឡើងគម្រោង យើងចង់រៀបចំគម្រោងដើម្បីប្រាប់រឿងរ៉ាវនៅក្នុងរង្វង់និងក្រៅរង្វង់ក្រុមជនជាតិភាគតិច ហើយនិងយុវជនកម្ពុជា។ ដោយប្រកាន់យកប្រពៃណីនៃការចូលរួម ដំណើរការនៃការផលិតខ្សែភាពយន្តបានជួយបង្កើតទំនាក់ទំនង និងការយល់ចិត្តគ្នារវាងអ្នកផលិតខ្សែភាពយន្ត និងសមាជិកសហគមន៍ព្នង ហើយទំនាក់ទំនងនេះបានរីកធំហួសពីការគ្រាន់តែផលិតភាពយន្ត។
«ខ្ញុំគិតថា នៅពេលយើងស្ថិតនៅឆ្ងាយ យើងមិនអាចឮសំលេងពួកគេទេ ដូច្នេះនៅពេលយើងធ្វើការជាមួយពួកគេ ពេលយើងស្ថិតនៅលើផ្លូវតែមួយ យើងស្ដាប់ពួកគេ ហើយពេលយើងឮសំលេងពួកគេ យើងនឹងដឹងច្រើនពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ។» (រក្សា)
ការជាប់ទាក់ទងគ្នារវាងបញ្ហាបរិស្ថាន និងយុត្តិធម៌សង្គមត្រូវបានបង្ហាញជាថ្មីម្តងទៀត។ សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាជារឿយៗទទួលរងនូវការរើសអើង និងការផាត់ចេញពីសហគមន៍ខ្មែរដទៃទៀតដោយសារតែពួកគេគិតថាជនជាតិដើមភាគតិចជាមនុស្ស«បុព្វកាល» និង« គ្មានអរិយ្យធម៌»។ ហេតុនេះ ការបំបាត់ការស្អប់ខ្ពើម ការធ្វើឱ្យងាយយល់ និងការស្គាល់ជិតដិតពីបទពិសោធន៍របស់សហគមន៍ជនជាតិដើមភាគតិច គឺជាការចាំបាច់ដើម្បីបង្កើនការយល់ដឹងអំពីបញ្ហាបរិស្ថានដែលសហគមន៍ជនជាតិដើមភាគតិចប្រឈមមុខ។ ស្រដៀងគ្នានេះដែរការបង្កើនសមានចិត្តចំពោះសត្វ គឺអាចជួយសម្របសម្រួលដល់មនោសញ្ចេតនា និងអាកប្បកិរិយាដែលគាំទ្រដល់បរិស្ថាន។ ការទទួលស្គាល់ថាបញ្ហាប្រឈមទាំងនេះមិនត្រឹមតែប៉ះពាល់ដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែការយកចិត្តទុកដាក់ក្នុងតំបន់និងអន្តរជាតិគឺជាជំហានសំខាន់មួយក្នុងការបណ្តុះស្មារតីទទួលខុសត្រូវរួមគ្នាចំពោះផលប៉ះពាល់ផ្នែកបរិស្ថាននៅក្នុងរង្វង់ និងក្រៅរង្វង់សហគមន៍។ ដំណើរការនៃការផលិតភាពយន្តដែលមានការចូលរួម គឺអាចបំពេញតាមកម្មវត្ថុទាំងអស់នេះបាន ដោយហេតុថាវាគឺជាឧបករណ៍សម្រាប់អ្នកអប់រំផង និងជាមធ្យោបាយសម្រាប់ការតស៊ូមតិផង។
សេចក្ដីសន្និដ្ឋាន ៖ ពិចារណាលើខ្សែភាពយន្តស្ដីពីបរិស្ថាន និងយុត្តិធម៌សង្គម
ខ្សែភាពយន្តបានក្លាយជាមធ្យោបាយលេចធ្លោជាងគេសម្រាប់ការដុះខាត់ និងបំផុសការស្រមើស្រមៃរបស់សាធារណជនអំពីបញ្ហាបរិស្ថាន ហើយថាតើពួកគេអាចសិក្សាពីវាយ៉ាងដូចម្ដេច ។ បញ្ហាប្រឈមសម្រាប់អ្នកផលិតខ្សែភាពយន្ត គឺការតភ្ជាប់បញ្ហាទាំងនេះទៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក ខណៈពេលដែលត្រូវរក្សានូវភាពរសើបនៃភាពប្រសព្វគ្នាដ៏ចាំបាច់រវាង«មនុស្ស»និងអយុត្តិធម៌បរិស្ថានដែលនៅជុំវិញខ្លួនពួកគេ។ គម្រោងរបស់យើងណែនាំថា ការចូលរួមយ៉ាងសកម្មពីយុវជននិងសហគមន៍ដែលរងផលប៉ះពាល់ (មនុស្សនិងផ្សេងទៀតក្រៅពីមនុស្ស) ក្នុងការផលិតខ្សែភាពយន្តអាចដើរតួយ៉ាងសំខាន់ក្នុងការជំរុញការចូលរួមនិយាយពីអយុត្តិធម៌ទាំងនេះ។ និយាយឱ្យជ្រៅជាងនេះទៀត ភារកិច្ចរបស់យើងគឺប្រមូលខ្សែភាពយន្តទាំងនេះធ្វើជាឧបករណ៍តស៊ូមតិ ដើម្បីបញ្ចូលទស្សនិកជននៅកម្ពុជាឱ្យចូលរួមក្នុងបញ្ហានេះ ក្នុងគោលបំណងបង្ហាញថា បញ្ហាដែលសហគមន៍ជនជាតិដើមនៅកម្ពុជាកំពុងប្រឈមមុខ គឺប៉ះពាល់ដល់ប្រជាជនកម្ពុជាទាំងអស់ ហើយជាលទ្ធផល យើងចង់គូសបញ្ជាក់ថាតើបញ្ហាដែលកើតឡើងក្នុងបរិបទប្រទេសកម្ពុជា មានសំលេងឮដល់ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិយ៉ាងដូចម្ដេច ហើយថាតើថ្នាក់តំបន់ និងអន្តរជាតិ ជាប់ពាក់ព័ន្ធយ៉ាងម៉េច។
«ខ្ញុំសង្ឃឹមថា ខ្សែភាពយន្តរបស់ខ្ញុំនឹងត្រូវបង្ហាញទូលំទូលាយ ហើយវាអាចជាសារមួយសម្រាប់ប្រទេសយើងស្វែងយល់បានកាន់តែច្រើនពីការងារអភិរក្ស ជាពិសេសខ្ញុំចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជាទស្សនាខ្សែភាពយន្តនេះផងដែរ ពីព្រោះនៅពេលពួកគេបានមើលហើយ ពួកគេនឹងចូលរួមជាមួយពួកយើង។» (ពៅ មនោ សិស្សផ្នែកផលិតភាពយន្ត)
របៀបវារៈនៃគោលនយោបាយថ្មីៗរបស់អង្គការសហប្រជាជាតិស្ដីពី«ការអប់រំភាពជាពលរដ្ឋសាកល» បង្ហាញពីការទទួលស្គាល់កាន់តែខ្លាំងឡើងនូវសារៈសំខាន់នៃការចូលរួមរបស់យុវជនក្នុងនាមជាអ្នកលើកកម្ពស់សន្តិភាព សិទ្ធិមនុស្ស និងនិរន្តរភាព។ យុវជនត្រូវបានគេដាក់ជាក្រុមសំខាន់នៃការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃបរិស្ថាន និងការប្រែប្រួលអាកាសធាតុនៅក្នុងពិភពលោក។ យើងគួរតែចងចាំជានិច្ចថាមានឧបទ្ទហេតុគួរឱ្យកត់សម្គាល់ជុំវិញនយោបាយអន្តរជំនាន់ ដែលដាក់ទំនួលខុសត្រូវនៃបញ្ហាប្រឈមទាំងនេះមកលើយុវជន។ ប៉ុន្តែការរកឃើញរបស់យើងពីកម្មវិធីនេះបង្ហាញពីតម្លៃនិងសក្តានុពលនៃសំលេងរបស់យុវជននៅពេលដែលពួកគេបានរ៉ាប់រងក្នុងការតែងនិពន្ធរឿងរ៉ាវពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន និងអយុត្តិធម៌សង្គម។
«នៅពេលយើងក្រលេកមើលគម្រោងនេះ ខ្ញុំមានអារម្មណ៍ថាសិស្សទាំងអស់មានការតាំងចិត្តនិងងប់ងុលខ្លាំងណាស់។ ពួកគេមានគោលដៅ និងចក្ខុវិស័យច្បាស់ អំពីអ្វីដែលពួកគេចង់ធ្វើ។ ពួកគេបានព្យាយាមលើកស្ទូយ និងចែករំលែកបញ្ហាប្រឈមទាំងឡាយទៅដល់មនុស្សឱ្យបានច្រើនបំផុត។ ខ្ញុំបានឃើញពីការតាំងចិត្តរបស់យុវជនកម្ពុជាជាច្រើន។» (Chris Iverson, ELIE)
– របាយការណ៍គម្រោងជាភាសាអង់គ្លេស: ទាញយក
– របាយការណ៍គម្រោងជាភាសាខ្មែរ: ទាញយក
ឯកសារយោង
Duvall, J.A., 2017. The environmental documentary: Cinema activism in the 21st century. Bloomsbury Publishing USA.
Maltby M. and Bourchier G. 2011. Current status of Asian elephant in Cambodia. Gajah 35: 36-42.
Pauwels, L., 2015. ‘Participatory’ visual research revisited: A critical-constructive assessment of epistemological, methodological and social activist tenets. Ethnography, 16(1): 95-117.
Walsh, M., 2005. Will Indigenous languages survive? Annual Review of Anthropology, 34: 293-315.
ឧបត្ថម្ភដោយ ៖
សហការដោយ ៖