ជំពូក ១. ការស្វែងរក «ភ្លយ» ដ៏លំបាក

កាលពី​ចុងឆ្នាំ ២០១៥ ក្រុម​ការងារ​របស់​យើង​បានឮ​ដំណឹង​ថា មាន​លោកតា​ម្នាក់​ចេះ​លេង​ឧបករណ៍​ភ្លយ​នៅ​តំបន់​អារ៉ែង ខេត្ត​កោះកុង។ ខ្ញុំ​ចេះតែ​ឮ​តាម​មិត្តភក្ដិ​ដែល​គេ​ប្រាប់។ ពេលនោះ យើង​ជឿជាក់​ថា​វាជា​រឿងពិត ពីព្រោះ​យើង​ចេះតែ​ឮ​គេ​និយាយ​តៗគ្នា​ពីរឿងនេះ​ជារឿយៗ។ ប្រហែលជា​បីថ្ងៃ​ក្រោយមក យើងក៏បាន​សម្រេចចិត្ត​ថានឹង​ចេញដំណើរ​ទៅរក​លោកតា​រូបនោះ​នៅឯ​តំបន់​អារ៉ែង​តែម្ដង។ គ្រានោះ ផ្លូវមាន​សភាព​យ៉ាប់យ៉ឺន​ណាស់ ហើយ​តំបន់​នោះ​ក៏មិនទាន់​មានការ​អភិវឌ្ឍ​អ្វី​នៅឡើយ។ ពួកយើង​មិនអាច​យកឡាន​ចូលទៅ​ក្នុង​តំបន់​អារ៉ែង​នោះ​បានទេ ព្រោះ​ផ្លូវ​រអិល និង​ជាប់ផុង​ខ្លាំង ជាហេតុ​ធ្វើឱ្យ​ឡានយើង​ខូច​ស្ទើរតែ​ទាំងស្រុង។ លុះពេល​យើង​ទៅដល់​ថ្មបាំង យើង​ក៏ប​ន្ដទៅមុខ​ដោយ​ជិះ​ម៉ូតូ​ឌុបក្នុង​សហគមន៍​នោះ ទាំងមាន​ភ្លៀងធ្លាក់​ផង តែ​យើង​នៅតែ​តស៊ូ​ដើម្បី​ទៅជួប​លោកតា​ឱ្យទាល់តែបាន។ តាមផ្លូវ​មានសភាព​គ្រោះថ្នាក់​ខ្លាំងណាស់ តែ​ទីបំផុត យើង​ក៏បាន​ទៅដល់ទីនោះ​នៅវេលា​ម៉ោង ៩ ឬ ៩ កន្លះយប់ ទាំងមិនបាន​ទទួលទានអាហារ​អ្វីទាំងអស់។

Phloy 1.1 Phloy 1.2 Phloy 1.3

ដំណើរ​របស់យើង​គ្រានោះ ហាក់​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​បំផុត ព្រោះយើង​មិនបាន​ដឹងជាមុន​អំពី​សភាពការណ៍​អ្វីឡើយ។ យើងបាន​ស៊ើបសួរ​អ្នកភូមិ​អំពី​លោកតា​ម្នាក់នោះ ហើយ​អ្នកភូមិ​ក៏តែងតែ​ប្រាប់យើង​វិញថា «ស្គាល់ ស្គាល់…»។ ចំណែក​ខ្ញុំ ខ្ញុំតែងតែ​ទន្ទឹង​រង់ចាំ​ជួបលោកតា តែក៏​ចម្លែក​ក្នុងចិត្ត​ព្រោះខ្ញុំ​ឃើញតែ​ឧបករណ៍​ស្គរដៃ និងទ្រសោ ដែលវា​មិនមែន​ជាឧបករណ៍​ដែលយើង​កំពុង​រុករក។

ខ្ញុំ​ទន្ទឹង​មួយយប់​ហើយ​មួយយប់​ទៀត អស់​រយៈពេល​២យប់ ៣ថ្ងៃ ខ្ញុំ​មិនដឹងថា តើ​ខ្ញុំត្រូវទៅ​ទីណា​បន្ដទៀត​នោះទេ ព្រោះ​ទីនោះ​សុទ្ធតែជា​ព្រៃ ហើយនៅ​ក្នុងព្រៃ ឮតែ​សំឡេង​សត្វយំ។ ម្យ៉ាង​ទៀត ពេលនោះ​គឺជា​រដូវ​ភ្លៀងធ្លាក់ និងមាន​សត្វទាក​ជាច្រើន។ ខ្ញុំ​នៅតែ​រកគាត់​មិនឃើញ។ ខ្ញុំ​អស់សង្ឃឹម និង​គិតថា​មិនអាច​រក​លោកតា​ម្នាក់នោះ​ឃើញទេ។ ខ្ញុំបាន​ប្រាប់​ក្រុមការងារ​ថា បើយប់នេះ ពួកយើង​នៅតែ​រកលោកតា​មិនឃើញ​ទៀត ហើយ​មិនមាន​អ្នកភូមិណា​អាចនាំគាត់​ឱ្យមក​ជួប​ពួកយើង ឬក៏នាំ​ពួកយើង​ឱ្យទៅ​ជួបគាត់​ទេនោះ ខ្ញុំនឹង​សម្រេចចិត្ត​មកភ្នំពេញ​វិញ​តែម្ដង ដោយ​មិននៅ​សម្រាក​មួយយប់​ថែមទៀត​នោះទេ។

ក៏ប៉ុន្ដែ វាហាក់​ដូចជា​រឿង​ចៃដន្យ​បំផុតមួយ នៅពេលដែល​ខ្ញុំ​ជិះម៉ូតូ​ត្រឡប់​មកវិញ ខ្ញុំ​ចេះតែ​និយាយ​ជាមួយនឹង​ពូម៉ូតូឌុប​ដែលជា​អ្នកភូមិ​នៅទីនោះ និង​បានសួរនាំ​គាត់​អំពីឧបករណ៍​ភ្លយនេះ។ គាត់​បានឆ្លើយ​ថា «ប្រហែលជា​ឧបករណ៍​មួយ​ដែល​គាត់ស្គាល់​នោះហើយ… បើអ៊ីចឹង ខ្ញុំនឹង​ជូនបង​ទៅកន្លែង​មួយនោះ។» ពេលនោះ ខ្ញុំ​គ្មាន​សង្ឃឹម​ក្នុងចិត្ត​សូម្បីតែបន្តិច ព្រោះវា​ជា​ពេល​ដែល​ពួកយើង​ស្ថិតនៅ​លើផ្លូវ​ត្រឡប់ទៅវិញ​ទៅហើយ។ ភូមិ​ដែលយើង​ស្នាក់នៅ​នោះ មាន​ចម្ងាយ​ប្រហែល​៣០​គីឡូម៉ែត្រ​ពី​ស្ទឹងអារ៉ែង។ ពេល​ត្រឡប់​មកដល់​ស្ទឹងអារ៉ែង យើង​ក៏បាន​សម្រេចចិត្ត​ឆ្លងស្ទឹង ហើយជិះទូក​ដែលគេអូស​តាម​ខ្សែពួរ។ ក្នុងចិត្ត​គ្មាន​សង្ឃឹមឡើយ តែបំណាច់​បាន​មកដល់​ទីនេះ​ហើយ ពួកយើង​ត្រូវតែ​បន្ដ​ទៅមុខ​ទៀត។

Phloy 1.4  Phloy 1.5

ទៅដល់ភ្លាម ខ្ញុំបាន​ជួប​ប្រពន្ធគាត់​មុនគេ។ ក្នុងចិត្ត​រឹតតែ​គ្មានសង្ឃឹម ព្រោះ​ពុំឃើញ​លោកតាឡើយ គឺឃើញតែ​ប្រពន្ធគាត់។ ប្រពន្ធគាត់​បាននិយាយ​ជា​ភាសាជនជាតិដើម (ជង) មកកាន់​ខ្ញុំ ដោយហៅខ្ញុំ​ឱ្យឡើងទៅលើផ្ទះ​គាត់។ ពេលនោះ ខ្ញុំនិយាយ​មួយៗជាមួយ​គាត់ថា ខ្ញុំជា​អ្នកសិល្បៈ ខ្ញុំចង់​ស្ដាប់ភ្លេង ខ្ញុំមកពី​ភ្នំពេញ…។ ភ្លាមនោះ លោកតា ឌួង ញឹក ក៏​ចេញមក ហើយប្រាប់ថា គាត់មិនដឹង មិនចេះនោះទេ ហើយក៏មិនស្គាល់ «ភ្លយ» ដែរ…។ គាត់​និយាយ​ល្វើយៗ មួយៗ ហើយខ្ញុំក៏និយាយ​ជាមួយគាត់​អំពី​ដើមហេតុ​ដែលពួកយើង​មកទីនេះ។ ខ្ញុំមើលឃើញថា គាត់​ហាក់​មិនទុកចិត្ត​យើងសោះតែម្ដង ពោលគឺ​កែវភ្នែក​គាត់មិនបាន​ទុកយើង​ជាអ្នកមកពី​ទីក្រុង​នោះឡើយ។ ក្នុងកាលៈទេសៈ​ដ៏គួរឱ្យ​អស់សង្ឃឹម​នេះ ស្រាប់តែ​លោកយាយ​បង្ហើប​ប្រាប់ខ្ញុំថា «បាន! ១ បទ ៥០០០ រៀល។» ខ្ញុំឮ​បែបនេះ ខ្ញុំស្រាប់តែ​មានសង្ឃឹម​វិញភ្លាម ហើយគិតថា​គាត់ប្រហែលជា​ចេះមែនហើយ។ មិនគិតយូរ ខ្ញុំក៏យល់ព្រម​នូវសំណើ​របស់​លោកយាយភ្លាម និង​និយាយថា «បើអ៊ីចឹង លេងឱ្យខ្ញុំស្ដាប់ ២ ឬ ៣ បទមក… ខ្ញុំនឹង​ជូនលុយ​លោកយាយ។» ពេលនោះ លោកតា​ក៏ដើរចូលទៅ​ក្នុងផ្ទះ រួចក៏​កាន់ឧបករណ៍​ម្យ៉ាង​ចេញមក។ ពេលនោះហើយ គ្រប់គ្នា​បានឃើញ​ដោយផ្ទាល់ភ្នែក​នូវ​ឧបករណ៍ «ភ្លយ»។

ពេលខ្ញុំដឹងថា​ជាភ្លយភ្លាម ខ្ញុំមានអារម្មណ៍​រំភើបណាស់ ស្ទើរតែ​ជើង​មិនជាប់ដី ពីព្រោះ​ពីរយប់​ទៅហើយ​ដែលយើង​នៅក្នុងព្រៃ ហើយក៏​គ្មានសង្ឃឹមថា​បានជួប​លោកតា​ឡើយ។ ជាពិសេស នៅពេល​ដែល​យើង​ឃើញ​ភ្លយ​នៅក្នុង​ខ្ទមគាត់​តាមប្រឡោះ​មាត់ទ្វារ… ខ្ញុំរំភើប​ណាស់។ លោកយាយ​បានប្រាប់​ឱ្យលោកតា​លេងឧបករណ៍នោះ​ឱ្យយើងស្ដាប់…។ គ្រានោះ ក្រុមការងារ​ទាំងអស់​សប្បាយចិត្ត​ខ្លាំងណាស់ ព្រោះនោះ​ជាថ្ងៃចុងក្រោយ​ហើយ​ដែលពួកយើង​ត្រូវត្រឡប់​ទៅវិញ តែយើងស្រាប់តែ​បាន​ជួបគាត់​នៅទីបំផុត។

Phloy 1.6

អារម្មណ៍​ពេលបាន​ឮសំឡេងភ្លយ​ដោយផ្ទាល់​ត្រចៀក​លើកដំបូង ហាក់ដូចជា​បានឱសថទិព្វ​មកព្យាបាល​ឱ្យរសាយបាត់​អស់នូវភាពនឿយហត់​ទាំងប៉ុន្មាន​ក្នុងរយៈពេល​ប៉ុន្មានថ្ងៃនេះ បូករួមទាំង​ធាតុអាកាស​នៅពេលនោះ ធ្វើឱ្យយើង​ចងចាំ​មិនភ្លេចនូវ​ស្នាមញញឹម ព្រមទាំង​សំឡេង​មួយនោះ។

ពេលគាត់​លេងឱ្យយើង​ស្ដាប់រួចហើយ គាត់ក៏​ប្រាប់យើងថា គាត់មិនចេះ​ធ្វើឧបករណ៍​ភ្លយនេះទេ។ តែពួកយើង​ក៏បាន​ប្រាប់ទៅ​គាត់វិញថា «លោកតា​ពិតជាអាច​លេង និងថែមទាំង​អាចធ្វើ​ឧបករណ៍​នេះបាន​ទៀតផង។» ចុងក្រោយ គាត់ក៏បាន​សារភាព​ប្រាប់យើងថា គាត់ពិតជា​ចេះលេង និងចេះ​ធ្វើឧបករណ៍​នេះមែន។ ពេលនោះ ខ្ញុំក៏បាន​ច្រៀងឱ្យគាត់​ស្ដាប់វិញដែរ ហើយគាត់​បាន​ញញឹម​ដាក់យើង…។

Phloy 1.7  Phloy 1.8

ដល់ពេល​ត្រូវត្រឡប់​ទៅវិញ យើងក៏បាន​លាគាត់​ដោយមិនភ្លេច​ផ្ដាំថា «ពួកយើងនឹង​ត្រឡប់មកជួប​លោកតា​វិញម្ដងទៀត។» តែលោកតា​គ្មានការជឿជាក់​នោះទេ ដោយគាត់​បានប្រាប់​ពួកយើង​វិញថា «ខ្ញុំមិនជឿ​អ្នកទីក្រុង​ទេ! ប្រាប់ថា​ត្រឡប់មកវិញ តែ​មិនដែលឃើញ​ត្រឡប់មកវិញ​សោះ។» ខ្ញុំក៏​ប្រាប់​លោកតា​ថា «ខ្ញុំមិនឱ្យ​លោកតាជឿខ្ញុំ​ក្នុងពេលនេះ​ទេ តែខ្ញុំនឹង​វិលត្រឡប់​មកជួប​លោកតា​ម្ដងទៀត…។»

ពួកយើង​លាគាត់ ដោយឆ្លង​ស្ទឹង​ត្រឡប់​មកវិញ។ តាមផ្លូវ ឡានយើង​ក៏ជាប់ផុង​ម្ដងទៀត ប្រហែលជា​១ម៉ោងទៀត ទើបទៅដល់​ផ្លូវជាតិ។ យើងត្រូវ​ជួយចុះរុញ អូសឡាន… រហូតទាល់តែ​ឡានរបស់យើង​ឆ្លងផុត។ ពេលត្រឡប់​មកវិញ ឡានយើង​ខូចខាត​ស្ទើរទាំងស្រុង​តែម្ដង។ កាលនោះ ពេលមកដល់​តំបន់​ដែលមាន​សេវា​ទូរស័ព្ទ​វិញភ្លាម ខ្ញុំក៏បាន​តេទូរស័ព្ទ​ទៅម្ដាយ​របស់ខ្ញុំ​ភ្លែត។ ម្ដាយ​របស់ខ្ញុំ​ខឹងខ្ញុំ​ខ្លាំងណាស់ ព្រោះបាត់​ខ្ញុំ២យប់៣ថ្ងៃ មិនដឹងជា​ទៅណា ហើយ​ទូរស័ព្ទ​ក៏តេមិនចូល។ តាមពិត ខ្ញុំមិនដឹងថា តំបន់នោះ​គ្មានសេវា​ទូរស័ព្ទ​នោះឡើយ ពោលគឺ​ដំណើរ​របស់ខ្ញុំ​គ្រានោះ​ពិតជា​ផ្សងនឹង​គ្រោះថ្នាក់​ខ្លាំងណាស់។

• ជំពូក ២. សកម្មភាពបើកថ្នាក់ “ភ្លយ” »
• ជំពូក ៣. សកម្មភាពជាមួយ “ភ្លយ” នៅក្នុងភូមិ »
• ជំពូក ៤. សកម្មភាពជាមួយ “ភ្លយ” ពេលចេញពីភូមិ »
• ជំពូក ៥. សំឡេង “ភ្លយ” »
• ត្រឡប់ទៅទំព័រដើមនៃពិព័រណ៍ “សំឡេងភ្លយ” »