«ប្រទេសកម្ពុជា គឺជាប្រទេសសម្បូរទៅដោយយុវជនវ័យក្មេង ដែលយើងត្រូវផ្ដល់ទស្សនវិស័យមួយដល់ពួកគេ។ អតីតកាលជាអ្នកប្រាប់ឲ្យយើងដឹងពីអ្វីដែលនឹងអាចកើតឡើងនៅថ្ងៃអនាគត ហើយរូបភាពអតីតកាលទាំងនោះ គឺនៅទីនេះ ដើម្បីឲ្យពួកគេត្រិះរិះពិចារណា និងគិតគូរ ដែលនោះគឺជាកម្លាំងចិត្ត ដើម្បីឈានទៅមុខ។ ការបណ្ដុះបណ្ដាលអាចធ្វើឲ្យចេះវិភាគរូបភាពទាំងនោះ និងគ្រប់គ្រងបច្ចេកទេស ហើយគំនិតច្នៃប្រតិដ្ឋ នាំឲ្យយើងអាចបញ្ចេញមតិ បង្ហាញពីការសម្លឹងមើលរបស់យើង និងបញ្ជាក់ពីអារម្មណ៍របស់យើង»។
— លោក ប៉ាន់ រិទ្ធី សហស្ថាបនិកនៃមជ្ឈមណ្ឌលបុប្ផាណា
"មជ្ឈមណ្ឌលបុប្ផាណា ប្រមូលឯកសារមកពីគ្រប់ទិសទីទាំងអស់នៅក្នុងពិភពលោក នូវបណ្ណសារភាពយន្ត ទូរទស្សន៍ រូបថត និងសំឡេងស្ដីពីប្រទេសកម្ពុជា ដើម្បីឲ្យសាធារណជនអាចចូលមកទស្សនាដោយសេរីចំពោះបេតិកភណ្ឌដ៏មានតម្លៃនេះ។ សម្រាប់ប្រជាជនខ្មែរ គឺជាទ្វារមួយបើកទៅកាន់ការចងចាំ។ ចាប់តាំងពីបើកដំណើរការពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០០៦ មក ប្រជាជនលើសពី ២៤ ម៉ីននាក់ បានស្វែងយល់ឡើងវិញនូវឯកសារទាំងអស់នេះនៅទីក្រុងភ្នំពេញ និងគ្រប់បណ្ដាខេត្តទាំងអស់នៅក្នុងប្រទេស។ ចំពោះគ្រូបង្រៀន សិស្ស-និស្សិត អ្នកស្រាវជ្រាវ ឬអ្នកកាសែត នេះគឺជាមូលដ្ឋានគ្រឹះដី៏ពិសេសនៃឯកសារ។ បច្ចុប្បន្ន បណ្ណសារវីដេអូប្រមាណ ៧០០ ម៉ោង បានដាក់ឲ្យសាធារណជនចូលទស្សនា ចាប់តាំងពីភាពយន្តដំបូងៗរបស់សមាគមហ្វ្រែរលុយមីញ៉ែ នៅចុងសតវត្សរ៍ទី ១៩ រហូតដល់យុគសម័យនៃភាពយន្តប្រតិដ្ឋថ្មីៗរបស់សមិទ្ធិករភាពយន្តខ្មែរ ដោយឆ្លងកាត់បទយកការណ៍ទូរទស្សន៍ ភាពយន្តពីអង្គការក្រៅរដ្ឋាភិបាលនានា ភាពយន្តឯកសារ ភាពយន្តរបស់សម្ដេច នរោត្តម សីហនុ... ជាដើម។ ស្របគ្នានេះដែរ បណ្ណសាររាប់រយទៀត កំពុងតែត្រូវបានធ្វើការលម្អិតព័ត៌មាន។
តាំងពីបង្កើតឡើងមក មជ្ឈមណ្ឌលបុប្ផាណា ការពារគោលបំណងចម្បងមួយផ្សេងទៀត គឺការបណ្ដុះបណ្ដាលយុវជនខ្មែរ តាមរយៈការអនុវត្ត និងតាមបែបវិជ្ជាជីវៈរយៈពេលវែង។ ក្នុងនោះមានដូចជា អ្នកវិភាគឯកសារ អ្នកបច្ចេកទេសភាពយន្ត អ្នកបច្ចេកទេសផ្នែកសោតទស្សន៍ និងសមិទ្ធិករភាពយន្តវ័យក្មេង ទទួលបានការបណ្ដុះបណ្ដាលពីមជ្ឈមណ្ឌលបុប្ផាណាយើង។ បច្ចុប្បន្ន មជ្ឈមណ្ឌលបើកទូលាយ តាមរយៈគម្រោងនានា និងការផ្ដល់ការបណ្ដុះបណ្ដាល ដែលកំពុងតែរៀបចំឡើង។ ទីធ្លាសម្រាប់ផ្លាស់ប្ដូរបទពិសោធន៍គ្នា បើកទូលាយចំពោះសិល្បករ មជ្ឈមណ្ឌលគាំទ្រគំនិតច្នៃប្រតិដ្ឋគ្រប់ទម្រង់ទាំងអស់ និងផលិតភាពយន្តឯកសារ និងខ្សែភាពយន្តប្រតិដ្ឋស្ដីពីប្រទេសកម្ពុជា ដែលទុកជាបណ្ណសារនៅពេលអនាគត។ ជាពិសេស ការផលិតភាពយន្តឯកសាររឿង «អាពាហ៍ពិពាហ៍ក្រហម» ត្រូវបានកត់សម្គាល់យ៉ាងខ្លាំងនៅក្នុងមហោស្រពធំៗ ដូចជាមហោស្រពភាពយន្តនៅស៊ូដង់ និងមហោស្រពភាពយន្តឯកសារអន្តរជាតិនៅទីក្រុង Armsterdam (IDFA)។ ភាពទូលំទូលាយនៃវិស័យភាពយន្ត និងសោតទស្សន៍ នៅក្នុងសកម្មភាពរបស់យើង ធ្វើឲ្យយើងមានស្វ័យភាពផ្នែកហិរញ្ញវត្ថុ និងពង្រីកមហិច្ឆតានៃការពង្រឹងវិស័យសោតទស្សន៍នេះនៅប្រទេសកម្ពុជា។"
បុប្ផាណា អាយុ ២៥ ឆ្នាំ នៅពេលដែលនាងត្រូវបានសម្លាប់ដោយខ្មែរក្រហម ហើយសាកសពរបស់នាងត្រូវបានយកទៅបោះចោលនៅរណ្ដៅជើងឯក ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧៧ ដែលជាថ្ងៃតែមួយជាមួយស្វាមីនាងឈ្មោះ លី ស៊ីថា។ រយៈពេល ៥ ខែមុននោះ នាងត្រូវបានគេធ្វើទារុណកម្ម និងបន្សល់ទុកនូវលិខិតសារភាពទោសកំហុសលើសពី ១ ពាន់ទំព័រ។ នៅក្នុងនោះ នាងបានសារភាពពីឪពុករបស់នាង ដែលជាគ្រូបង្រៀន និងជាមេស្រុក ដែលត្រូវបានគេសម្លាប់នៅក្នុងជំរំខ្មែរក្រហម។ នាងប្រាប់ពីការដែលនាងត្រូវភៀសខ្លួនចេញពីផ្ទះ និងទៅជ្រកកោននៅផ្ទះបងស្រីទាំងពីររបស់នាង ក្នុងទីរួមខេត្តកំពង់ធំ។
អានត »"ការចងចាំនៅកម្ពុជា ត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមអូសបន្លាយប្រមាណ ៣០ ឆ្នាំ។ ការប្រមូលបណ្ណសារភាពយន្ត និងសោតទស្សន៍ ធ្វើឲ្យយើងអាចបង្កើតឡើងវិញបន្តិចម្ដងៗ នូវបេតិកភណ្ឌដ៏មានតម្លៃនេះ ដែលអាចឲ្យប្រជាជនខ្មែរបានដឹងពីអតីតកាលរបស់ខ្លួន ស្ដារឡើងវិញនាពេលបច្ចុប្បន្ន និងបង្កើតជាថ្មីនៅពេលអនាគត។
ការប្រមូលបណ្ណសារនានា បានចាប់ផ្ដើមឡើងនៅប្រទេសបារាំង បន្ទាប់មកលាតសន្ធឹងទៅដល់ប្រទេសដទៃទៀត (សហរដ្ឋអាមេរិក ជាពិសេស) និងនៅកម្ពុជា។ ឯកសារដែលរកឃើញទាំងនោះ ដែលខ្លះមជ្ឈមណ្ឌលធ្វើការជួសជុលឡើងវិញ បានដាក់ឲ្យសាធារណជនចូលទស្សនានៅក្នុងមូលដ្ឋានទិន្នន័យហនុមានរបស់យើងជាបីភាសា គឺ បារាំង អង់គ្លេស និងខ្មែរ។ ការរៀបចំកម្មវិធី (បាឋកថា កិច្ចពិភាក្សា ពិព័រណ៍ សិក្ខាសាលា...) ធ្វើឱ្យបណ្ណសារមានជីវិតឡើងវិញ ដើម្បីបង្កើតជាជំនួបរវាងសាធារណជនផ្សេងៗ និងបំផុសឲ្យមានការផ្លាស់ប្ដូរ និងការឆ្លុះបញ្ចាំង។"
"នៅប្រទេសកម្ពុជា ៧០% នៃប្រជាជនទាំងអស់ មានអាយុក្រោម ៣០ ឆ្នាំ។ បណ្ដាញយុវជនទាំងនេះ មានការប្រើប្រាស់រូបភាព និងត្រូវការបញ្ចេញមតិដ៏ច្រើន។ ប៉ុន្តែគ្មានការបណ្ដុះ-បណ្ដាលអាជីពជំនាញពិតប្រាកដខាងការផលិតភាពយន្ត និងការផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា។
ដើម្បីបំផុសឲ្យមានគំនិតសំខាន់ និងផ្សព្វផ្សាយការផលិតរបស់យុវជនខ្មែរប្រកបដោយគុណភាព មជ្ឈមណ្ឌលបុប្ផាណាធ្វើការបណ្ដុះបណ្ដាលយុវជនទាំងនោះនៅក្នុងអាជីពផ្នែកសោត-ទស្សន៍។ នៅពេលចប់វគ្គបណ្ដុះបណ្ដាល ពួកគេអាចឆ្លើយតបទៅនឹងតម្រូវការថតភាពយន្ត របស់អ្នកដឹកនាំក្នុងស្រុក និងបរទេស។"
លោក ប៉ាន់ រិទ្ធី ជាសមិទ្ធិករភាពយន្ត ដែលបានផ្ដល់មកឲ្យប្រទេសកម្ពុជា ក្នុងការជាប់ឈ្មោះជាបេក្ខភាពពានរង្វាន់អូស្ការ តាមរយៈភាពយន្ត «កង្វះរូបភាព»។ គាត់បាននាំយកមកក្នុងឆ្នាំដដែលនោះដែរ នូវពានរង្វាន់អាជ្ញា-កណ្ដាល Un certain regard នៅក្នុងមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន។ លោកជាអ្នកដឹកនាំភាពយន្តឯកសារជាច្រើន ជាពិសេសរឿង «មន្ទីរ ស.២១ ៖ ម៉ាស៊ីនពិឃាដខ្មែរក្រហម» ដែលជាពានរង្វាន់ដ៏មានមហាកិត្តិយស Albert Londres ក្នុងឆ្នាំ ២០០៤។ គាត់ដើរតួយ៉ាងសំខាន់ក្នុងការបង្កើតមជ្ឈមណ្ឌលបុប្ផាណា ក្រោមការជ្រោមជ្រែងរបស់លោក អៀវ បណ្ណាការ សមាជិកព្រឹទ្ធសភា និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ គាត់បានចំណាយពេលវេលានៃជីវិតរបស់គាត់ដើម្បីវិស័យភាពយន្ត និងសោតទស្សន៍នៅកម្ពុជា។ ជាអតីតសិស្សចេញពីសាលា Ecole Vaugirard (ក្រោយមកក្លាយជាសាលា Ecole Louis Lumière) គាត់ទទួលបន្ទុកពីឆ្នាំ ១៩៥៥-១៩៧០ លើផ្នែកបម្រើឲ្យវិស័យភាពយន្ត រូបថត និងទូរទស្សន៍របស់រដ្ឋ ហើយគាត់បានបណ្ដុះបណ្ដាល ជាពិសេស អ្នកបច្ចេកទេសខ្មែរ។ នៅពេលដួលរលំរបបខ្មែរក្រហមក្នុងឆ្នាំ ១៩៧៩ គាត់បានចាប់យកអាជីពមួយ ដើម្បីបម្រើវិស័យសោតទស្សន៍នៅប្រទេសកម្ពុជាឲ្យរស់ឡើងវិញ។