• ភាពយន្ត​ថ្ងៃសៅរ៍​

    ភាពយន្តថ្ងៃសៅរ៍ គឺជា​​​កម្ម​​វិធី​​បញ្ចាំង​​ភាព​​យន្ត​​ប្រចាំ​​សប្ដាហ៍​ក្នុង​​គោល​​បំណង​ឱ្យ​​សាធារណ​ជន​បាន​​ស្គាល់​​ពី​​ភាព​​យន្ត​​នៅ​​​ក្នុង​មូល​​ដ្ឋាន​​​ទិន្ន​​ន័យ​​​ហនុ​មាន​​នៃ​​​ផ្នែក​​បណ្ណសារ​​របស់​​យើង ក៏​​ដូច​​ជា​​​សមុច្ច័យ​​​ឯក​​​ជន​​​មួយ​​​ចំនួន។ ការ​​​​​​បញ្ចាំង​​​​​ភាព​​​​យន្ត​គឺ​​​​​ដោយ​​​​ឥត​គិត​​​​​ថ្លៃ និង​​​​ប្រព្រឹត្ត​​​ទៅ​​ជា​​រៀង​​រាល់​​ថ្ងៃ​​សៅរ៍ ម៉ោង​​៥​​ល្ងាច ក្នុង​​​សាល​​​បញ្ចាំង​​​ភាព​​យន្ត​​​នៃ​​​មជ្ឈ​​​មណ្ឌល​​​បុប្ផាណា។ សមិទ្ធិករ​ភាព​យន្ត​​​នានា​តែង​​​ត្រូវ​​​បាន​​​អញ្ជើញ​​​មក​ដើម្បី​​​ជួប​​​ជា​​​មួយ​​​សាធារណជន។

  • Ciné-Weekday

    មិន​តែនៅ​ក្នុង​ថ្ងៃសៅរ៍​ទេ យើង​ក៏ចង់​ឱ្យ​លោកអ្នក​រីករាយ​នៅថ្ងៃ​ផ្សេងៗ​ទៀត​ដែរ! Ciné-Weekday នឹង​នាំ​លោកអ្នក​ទៅ​ទស្សនា​បណ្ណសារ​ភាពយន្ត​ដ៏​សម្បូរបែប​ក្នុង​សមុច្ច័យ​របស់យើង ជា​រៀងរាល់​ថ្ងៃ​អង្គារ និង​ព្រហស្បតិ៍ នៅលើ​ទំព័រ Facebook និង YouTube របស់​មជ្ឈមណ្ឌល​បុប្ផាណា។

  • អេប-ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម

    «អេប-ប្រវត្តិសាស្ត្រ​ខ្មែរក្រហម» ត្រូវ​បាន​បង្កើត​ឡើង​​​ដោយ​មជ្ឈមណ្ឌល​បុប្ផាណា ក្រោម​ការ​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប និង​មូលនិធិ​រៃ ក្នុង​ការអភិវឌ្ឍ​ឧបករណ៍ឆ្លាតវៃ​សម្រាប់​ការសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម។ ព័ត៌មានទាំង​​នេះ​មាន​ការ​ពិនិត្យ​ចាត់​ចែង​ពីអ្នក​ជំនាញ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​អន្តរជាតិ ដែលកម្មវិធី​អប់រំ​នេះ​មាន​ប្រវត្តិ​សាក្សី​ផ្ទាល់ និង​ការ​​ប្រមូលប្រវត្តិសាស្ត្រ​រួម​គ្នា​នៃ​របប​ខ្មែរក្រហម តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ រួម​មាន​ការរក​ឃើញ​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​​​ក្នុង​តុលាការ​កម្ពុជា (អវតក) និង​សំឡេង​អ្នករស់​រាន​ជីវិតពី​របប​ខ្មែរក្រហម​។​

  • បាឋកថា

    បាឋកថារបស់យើងធ្វើឡើង ផ្ដោតលើប្រធានប្រវត្តិសាស្ត្រ វប្បធម៌ ស្ថាបត្យកម្ម ប្រពៃណី និង​បញ្ហា​​​ប្រឈម​​​របស់​​​ប្រទេស​​​កម្ពុជា​នា​​​សម័យ​​បច្ចុប្បន្ន។ បាឋកថា ​ទាំង​​នេះ​​ក៏​​មាន​​​​រួម​​ទាំង​​​ការ​​​វិភាគ​​លើ​​​រូប​​ភាព និង​អាជីព​​​ផ្នែក​​​ភាព​​យន្ត​​​ផង​​ដែរ។

  • ក្លឹប​ភាពយន្ត​

    ក្លឹប​ភាព​យន្ត​ផ្ដល់​​ឱ្យ​​យុវ​​ជន​​ខ្មែរដែល​​មាន​​ចំណាប់​​អារម្មណ៍​​លើ​​វិស័យ​​ភាព​​យន្ត​ ដើម្បី​ស្វែង​យល់​ពី​ភាពយន្ត​​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ផលិត​នៅ​ជុំ​វិញ​ពិភព​លោក។ ក្រោម​ការ​ធ្វើ​បទ​បង្ហាញ​ដោយ​ភ្ញៀវ​កិត្តិ​យស ក្លឹប​ភាពយន្ត​គឺ​ជា​ឱកាស​នៃ​ការ​ពិភាក្សា និង​ផ្លាស់​ប្ដូរ​គំនិត​យោបល់។ ក្លឹប​ភាព​យន្ត​រៀប​ចំ​ផង​ដែរ​នូវ​ការ​អនុវត្ត​ការ​បណ្ដុះ​បណ្ដាល​ជាក់​ស្ដែងនៅ​ក្នុង​អាជីព​ភាព​យន្ត ឧទាហរណ៍​ដូចជា​ការ​សរ​សេរ​អត្ថ​បទ​ភាព​យន្ត​ ជា​ដើម។

  • ពិព័រណ៍​

    ពិព័រណ៍​របស់​យើង គឺ​ដក​ស្រង់​ចេញ​ពី​សមុច្ច័យ​របស់​យើង។ នោះ​ក៏​ជា​ឱកាស​ចែក​រំលែក​ការ​ឆ្លុះ បញ្ចាំង​លក្ខណៈ​សិល្បៈ​នូវ​អតីត​កាល​កាន់​តែ​ទូលំ​ទូលាយ​ អំពី​បញ្ហា​សង្គម និង​ប្រវត្តិ​សាស្ត្រ។ លើស​ពី​ការ​ធ្វើ​ពិព័រណ៍ យើង​តែង​រៀប​ចំ​ការ​​បញ្ចាំង​​ភាព​យន្ត និង​បាឋកថា​ពិសេសៗ​នានា។

  • រំឭក

    រំឭក ជាកម្មវិធីសហការដោយមជ្ឈមណ្ឌលធនធាន​សោតទស្សន៍​បុប្ផាណា និងអង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែល​នាំ​មក​ជូន​ដោយ មហោ​ស្រព​រដូវ​កាល​សិល្បៈ​ខ្មែរ (Season of Cambodia)។ ស្ថាប័ន​​សិល្បៈ​​ពីរដែល​​នាំ​​មុខ​​គេ​​នៅ​​ក្នុង​​ទី​​ក្រុង​​ភ្នំពេញ​​ បាន​សហ​ការ​​គ្នា​​ក្នុង​​គោល​បំណង​​រៀប​​ចំ​​កម្ម​​វិធី​​មនុស្ស​​ធម៌​ ដែល​​នឹង​​បង្កើត​​ជា​​ការ​​ត្រិះ​​រិះ​​ស្វែង​​យល់​​ពី​​ខួប​​ទី​​ ៤០ ​ឆ្នាំ​ នៃ​​ការ​​ដួល​​រលំ​ក្រុង​​ភ្នំពេញ​​ចូល​​ក្នុង​​ដៃ​​ខ្មែរ​ក្រហម។

  • ភាពយន្តពិសេស

    ក្រៅពីកម្មវិធីក្លឹប​ភាពយន្ត និង​ភាពយន្ត​ថ្ងៃ​សៅរ៍ មជ្ឈ​មណ្ឌល​បុប្ជាណាក៏​រៀប​ចំ​​នូវ​ការ​បញ្ចាំង​ភាព​យន្ត​​កម្ពុជា និង​ភាព​យន្ត​បរទេស ដែល​​ទាក់​ទង​នឹង​​ព្រឹត្តិការណ៍​​ពិសេសៗ ដូចជា​ដំណើរ​ទស្សន​កិច្ច​របស់​​សមិទ្ធិករ​ភាពយន្តមក​ពី​បរទេស ឬ​រដូវ​កាល​នៃ​មហោស្រព​នានា។ ការ​បញ្ចាំង​ភាពយន្តអម​ជា​មួយ​សំណួរ​ចម្លើយ ឬ​កិច្ច​​ពិភាក្សា​ ដើម្បី​​​ឱ្យ​​​​ទស្សនិក​ជនអាច​ចែក​​រំលែក​មតិ​យោបល់​របស់​ពួកគេ ក៏​ដូច​ជា​ការ​យល់​ឃើញ​បន្ថែម​ទៀត​ទៅ​លើ​​ខ្សែភាពយន្ត។

  • ការបញ្ចាំងភាពយន្តចល័ត

    យើងបានចាប់​ផ្ដើមបញ្ចាំងភាពយន្តចល័តនៅ​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជាក្នុងឆ្នាំ​ ២០០៨ ដើម្បី​​ធ្វើឱ្យ​​អ្នក​​ដែល​​មិន​ទាន់​​មាន​​ឱកាស​​ បាន​​ទស្សនា​​ឯក​សារ​ដ៏គួរឱ្យចង​ចាំ​​ទាំង​នេះ។ ការ​​បញ្ចាំង​​ភាព​យន្តត្រូវ​បាន​រៀប​ចំ​ឡើង​ជា​ទូ​ទៅ​នៅ​ក្នុង​ភូមិ ក្នុង​​ទី​ធ្លា​​សា​លា​រៀន ឬ​វត្ត​អារាម ដើម្បី​ទាក់​ទាញ​អ្នក​ភូមិ​គ្រប់​វ័យ​ទាំង​អស់។ ការ​ជ្រើស​រើស​ភាព​យន្ត​ធ្វើ​ឡើង​ដោយ​ដៃ​គូ​សហការ​របស់​យើង និង​​ជា​មួយ​សហគមន៍​ផ្ទាល់ ហើយ​ការ​បញ្ចាំង​ភាព​យន្ត គឺ​ធ្វើ​ឡើង​រយៈពេល​ច្រើន​ម៉ោង។ ក្នុង​ឆ្នាំ ​២០១៣ ប្រជា​ជន​​លើស​​ពី​​ ២៣​០០០​​ នាក់​ បាន​ចូល​រួម​ទស្សនា​ការ​បញ្ចាំង​ភាព​យន្ត​ចល័ត​នេះ។

  • មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា

    មហោស្រព​​​ភាពយន្ត​​​អន្តរជាតិ​​​កម្ពុជា​​​លើកទី ១០​ នឹង​​​ធ្វើការ​​​បញ្ចាំង​​​ខ្សែ​ភាពយន្ដដ៏​មាន​​​គុណភាព​​​រហូត​ដល់​ទៅ​ ១៥៧​ ចំណង​ជើង​មក​ពី ៤៤​ ប្រទេស​​​ជុំវិញ​​​ពិភពលោក​ ក្នុង​នោះ​​​រួម​មាន​​​ភាពយន្ដខ្នាតធំ​ ភាពយន្ដ​​ខ្នាតខ្លី​ ភាពយន្ត​​​ឯកសារ​ ព្រម​ទាំង​​​ភាពយន្ដ​​គំនូរ​ជីវចល។​ ពី​ថ្ងៃទី​ ១៣​ ដល់​ថ្ងៃ​ ២២​ ខែ​មីនា​ លោក​អ្នក​​​អាច​​រីករាយ​​​ទស្សនា​​​ខ្សែភាពយន្ត​​​ដែល​​លោក​អ្នក​​​ចាប់​អារម្មណ៍​​​នៅ​​​ទីតាំង​​​ចំនួន​ ១០​ ក្នុង​​រាជធានី​​​ភ្នំពេញ​ ក្នុង​នោះ​​​រួម​មាន​ រោងភាពយន្ដ​ Legend​ (Exchange Square,​ TK,​ Eden,​ City Mall),​ រោងភាពយន្ដ Major Cineplex​ (Aeon 1,​ Sorya),​ មជ្ឈមណ្ឌល​​បុប្ផាណា,​ សាលមហោស្រព​​ចតុម្មុខ,​ សណ្ឋាគារ​ Rosewood​ និង​ភូមិ​មហោស្រព​ CIFF Village​ by Cellcard​ នៅ​ផ្សារទំនើប​ Exchange Square។​ លោកអ្នក​​អាច​​​ទស្សនា​​​ដោយ​​សេរី។​ កម្មវិធី​​នេះ​រៀបចំ​ឡើង​​ដោយ​​មជ្ឈមណ្ឌល​​បណ្ដុះបណ្ដាល​​ជំនាញ​ និង​​ទទួល​​ការ​ថត​​ភាពយន្ត​​នៅ​កម្ពុជា និង​​មជ្ឈមណ្ឌល​​បុប្ផាណា ​គាំទ្រ​​ដោយ​​ក្រសួង​​វប្បធម៌ និង​​វិចិត្រ​​សិល្បៈ និង​នាំ​មក​ជូន​លោកអ្នក​ដោយ Cellcard។ គេហទំព័រផ្លូវការ […]

  • មហោស្រព “ការចងចាំ!”

    មហោស្រពបេតិកភណ្ឌ​ភាពយន្ត​អន្តរ​ជាតិ “ការចងចាំ!” គឺ​ជា​​​មហោ​ស្រពដែល​​បង្ហាញ​​ពី​​បេតិ​កភណ្ឌ​​ភាពយន្ត​​​សាកល​លោក​​ដំបូង​បង្អស់​​​ដែល​​ធ្វើ​​ឡើង​​នៅ​អាស៊ី។ គោលបំណងនៃ​មហោ​ស្រពគឺ​ថែ​រក្សា​ការ​ចង​ចាំ និង​ភាសា​សាកល​​របស់​​ភាព​យន្ត​ ព្រម​​ទាំង​​​អនុញ្ញាត​​ឲ្យ​​ទស្សនិក​ជន​បាន​​ចូល​​ទៅ​​កាន់​​បេតិក​ភណ្ឌ​​របស់​​មនុស្ស​​ជាតិ​​កាន់​​តែ​​ទូលំ​ទូលាយ​​ឡើង​ ខណៈ​ពេល​​ដែល​ ៩០%​​ នៃ​​ភាពយន្ត ​ដែល​​ត្រូវ​​បាន​​ផលិត​នៅ​ជុំវិញ​ពិភព​លោក​មុន​ឆ្នាំ ​១៩២៩ បាន​បាត់​បង់​​ទៅ​ហើយ​នោះ។ គោល​បំណង​របស់​មហោ​ស្រព “ការចងចាំ!” នេះ ក៏​ដើម្បីបង្ហាញ​ដល់​​សាធារណ​ជន​ ក៏​ដូច​ជា​អ្នក​ជំនាញ​​ផង​ដែរ​​ថា ឧស្សាហកម្ម​ភាពយន្ត​​មិន​អាច​​មាន​​ភាព​រស់​រវើក​បាន​​ទេ បើ​គ្មាន​បេតិកភណ្ឌ​ភាពយន្ត​​ចាស់ៗ​​ទេ​នោះ។ ជា​​ចុង​ក្រោយ​ បញ្ហា​​ប្រឈម​​​មួយ​ទៀត ​ដែល​​យើង​​ត្រូវ​​ប្រកួត​​ជា​មួយនោះ គឺ​ការ​បង្ហាញ​​​រូប​ភាព​នៅ​​លើ​​អេក្រង់​​ធំ​នៅ​​សម័យ​​កាល​ឌីជីថល​ដូច​សព្វ​ថ្ងៃ ដើម្បី​​ឱ្យ​​ទស្សនិក​ជន​​ទទួល​​បាន​​បទ​ពិសោធន៍​ផ្នែក​​​សោភណភាព​​សិល្បៈ​​ សំឡេង និង​​ពន្លឺ​​មួយ​​បែប​​ផ្សេង​​ទៀត ខុស​​ពី​​ការ​ទស្សនា​តាម​ទូរស័ព្ទ​ទំនើប ឬ​ Tablet។ គេហទំព័រ »

  • សប្តាហ៍នៃភាពយន្តឥណ្ឌា

    សប្តាហ៍នៃភាពយន្តឥណ្ឌា​លើក​ទី ​២ ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ភ្នំពេញ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃទី ២២ ខែមិថុនា រហូត​ដល់​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៦។ ជា​​​មួយ​​​​ភាព​យន្ត​​​ចំនួន ​១៤ ​​រឿង ដែល​​​រួម​​​មាន​​​រឿង​បែប​បុរាណ ​បែប​សម័យ​​ និង​ខ្សែ​ភាព​យន្ត ដែល​ឈ្នះ​ពាន​រង្វាន់​ឥណ្ឌា នឹង​ចាក់​បញ្ចាំង​នៅ​សាល​មហោ​ស្រព​ចតុម្មុខ។ រឿង​ដែល​បាន​ជ្រើស​រើសសុទ្ធតែជា​ភាព​យន្ត​គួរ​ជាទី​ពេញ​និយម​របស់​ទស្សនិក​ជន និង​មាន​ទំនាក់​ទំនង​ជា​មួយ​គ្រួសារ ដែល​មាន​លក្ខណៈ​ជា​ភាព​យន្ត​កំប្លែង​ ភាព​យន្ត​មនោសញ្ចេតនា និង​ភាព​យន្ត​បូលីវូដ។ មហោស្រព​ភាព​យន្ត​នេះ​ជា​គំនិត​ផ្តួច​ផ្តើម និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពីនាយក​ដ្ឋាន​វប្បធម៌​នៃ​ស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​ប្រទេស​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ និង​ទទួល​រៀប​ចំ​ដោយ​អង្គការ​ពីរ​​គឺមជ្ឈមណ្ឌល​បុប្ជាណា និង​មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​ជំនាញ និងទទួលការថតភាពយន្ត​នៅ​កម្ពុជា ​(CFC) ដែល​ជា​ស្ថាប័ន​គាំទ្រ​វិស័យ​ភាព​យន្ត​នៅកម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវ​បាន​គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា។ ចូលរួមទស្សនាដោយសេរី! ទាញយកកម្មវិធី  

  • European Film Festival Cambodia

    ភាពល្អឯកនិងគួរឱ្យទាក់ទាញនៃភាពយន្ដអឺរ៉ុប នឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះ។ ចាប់ពីថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 2023 តទៅ មហោស្រពភាពយន្តអឺរ៉ុបនឹងផ្តល់ជូនទស្សនិកជន នូវរសជាតិនៃវប្បធម៌ចម្រុះរបស់សហភាពអឺរ៉ុប ជាមួយការចាក់បញ្ចាំងរយៈពេល១០ថ្ងៃនៅទីតាំងរោងភាពយន្តនានាទូទាំងទីក្រុង។ មជ្ឈមណ្ឌលបុប្ផាណាគឺជាដៃគូមួយក្នុងចំណោមដៃគូជាច្រើនសម្រាប់មហោស្រពនេះ ដែលនឹងចាក់បង្ហាញខ្សែភាពយន្ត មនោសញ្ចេតនា ស្នេហា រហូតដល់កំប្លែង ភាពយន្តឯកសារ ភាពយន្តខ្លី ថ្នាក់សិក្សាពិសេសជាមួយអ្នកជំនាញក្នុងវិស័យឧស្សាហកម្មភាពយន្ដ និងមានសកម្មភាពជាច្រើនទៀត។     FACEBOOK PAGE OFFICIAL WEBSITE EUFF SCHEDULE