មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
នៅក្នុងផ្នែកបណ្ណសារ សាធារណជននឹងបានឃើញភាពយន្តដែលថតដោយលោក Gabriel Veyre សម្រាប់សមាគមហ្វ្រែរលុយមីញែរ នៅចុងសតវត្សរ៍ទី ១៩ បច្ចុប្បន្នភាពនៃប្រទេសកម្ពុជានាទសវត្សរ៍ឆ្នាំ ៩០ ខ្សែអាត់សំឡេងវិទ្យុនាសម័យនោះ ភាពយន្តឃោសនាខ្មែរក្រហម ឯកសារដ៏ច្រើនសន្ធឹកសន្ធាប់នៃវិទ្យាស្ថានជាតិសោតទស្សន៍បារាំង (INA) ស្ដីពីប្រទេសកម្ពុជា ភាពយន្តឯកសារ និងភាពយន្តអប់រំសម័យបច្ចុប្បន្ន ភាពយន្តប្រតិដ្ឋរបស់សម្ដេច នរោត្តម សីហនុ លោក អ៊ីវ៉ុង ហែម លោក លី ប៊ុនយីម កម្រងរូបថតពិសេសៗរបស់អ្នកស្រី អេលីហ្សាប៊ែត ប៊ែកគ័រ លោក កាត់ធ្លីន អ៊ុកគីវ លោក ចន វីង លោក ស្តេហ្វាន ហ្សាណាំង លោក ប៉ូល ខាំមីង ភាពយន្តរបស់លោក ប៉ាន់ រិទ្ធី ចម្រៀងផ្សេងៗ និងភ្លេងប្រពៃណី។
សាធារណជនអាចទស្សនាបណ្ណសាររបស់យើងបាន នៅក្នុងម៉ោងធ្វើការរបស់មជ្ឈមណ្ឌល។ សាធារណជនអាចជ្រើសរើសប្រធានបទណាមួយ ឬទុកឱ្យអ្នកវិភាគឯកសាររបស់យើងជាអ្នកណែនាំ។ ពួកគេនឹងបង្ហាញពីឯកសារណាដែលអាចឱ្យសាធារណជនចូលចិត្ត ឬឯកសារថ្មីៗដែលមជ្ឈមណ្ឌលទើបទទួលបាន។
ព័ត៌មានប្រតិបត្តិ »ក្រុមការងាររបស់យើងនឹងជួយរៀបចំការមកទស្សនា ឬការបញ្ចាំងភាពយន្តពិសេស ទទួលក្រុម ឬសិស្សានុសិស្ស ដឹកនាំធ្វើសិប្បសាលា ឬរៀបចំកម្មវិធីនានាទាក់ទងនឹងបណ្ណសាររបស់យើង។ សូមទំនាក់ទំនងមកកាន់យើងខ្ញុំ!
រៀបចំការមកទស្សនារបស់លោកអ្នក »បណ្ណសារទាំងអស់ បច្ចុប្បន្ននេះមិនទាន់អាចដាក់ឱ្យទស្សនាអស់នៅឡើយទេ ប៉ុន្តែការពិគ្រោះឯកសារតាមរយៈលេខសម្រង់ព័ត៌មាន ដែលជាបញ្ជីទាក់ទងនឹងរាល់ព័ត៌មានទាំងអស់ (ប្រភេទ និងខ្លឹមសារនៃឯកសារ) នឹងដាក់ជូនទស្សនានាពេលខាងមុខ។
ចុចដើម្បីទទួលបានព័ត៌មានថ្មី »សាធារណជនរបស់យើងភាគច្រើនជាជនជាតិខ្មែរ ដែលពួកគេចូលចិត្តទស្សនាភាពយន្តប្រតិដ្ឋនាទសវត្សរ៍ឆ្នាំ ៦០ ឬ ៩០។ យុវជនវ័យក្មេងក៏ចាប់អារម្មណ៍ខ្លាំងផងដែរទៅនឹងសម័យខ្មែរក្រហម ដោយទស្សនា ជាពិសេស ភាពយន្តរបស់លោក ប៉ាន់ រិទ្ធី វិទ្យាស្ថានជាតិសោតទស្សន៍បារាំង (INA) ជាដើម។
ក្រុមការងារផ្នែកបណ្ណសារ មានបេសកកម្មប្រមូលឯកសារទាំងអស់ ទាំងឯកសារជាសំឡេង រូបថត និងភាពយន្តដែលទាក់ទងនឹងប្រទេសកម្ពុជា។ ការប្រមូលឯកសារ គឺធ្វើឡើងទាំងនៅក្នុងប្រទេស និងទាំងអន្តរជាតិ។ អ្នកវិភាគឯកសារយើងនឹងបង្កើតជាលេខសម្រង់ព័ត៌មាន ដែលជួយសម្រួលដល់ការងារស្រាវជ្រាវនៅក្នុងមូលដ្ឋានទិន្នន័យរបស់យើង។
យើងអាចបម្លែងទៅជាប្រព័ន្ធឌីជីថលលើឯកសារទាំងនោះ ហើយភាពយន្តមួយចំនួនដែលចាំបាច់ត្រូវជួសជុល យើងនឹងស្វែងរកស្ថាប័នឯកសារនានា និងទម្រចាំបាច់ សម្រាប់ការអភិរក្សនេះ។ ជាក់ស្ដែង មុននឹងដាក់បង្ហាញបណ្ណសារទាំងនេះដល់សាធារណជន ឯកសារទាំងនោះនឹងត្រូវបានបកប្រែជាបីភាសា (ខ្មែរ អង់គ្លេស និងបារាំង) និងឯកសារខ្លះទៀតត្រូវបានបញ្ចូលសំឡេងជាភាសាខ្មែររួច។
បុគ្គលសំខាន់ៗកាន់តែច្រើននាំយកកម្រងរូបថត ភាពយន្ត ខ្សែអាត់សំឡេង ឬថាសខ្មៅផ្ដល់មកឱ្យមជ្ឈមណ្ឌល ដើម្បីឱ្យសមុច្ច័យរបស់យើងកាន់តែសម្បូរបែប។ យើងមិនរក្សាទុកឯកសារដើមទាំងអស់នេះទេ។ ម្ចាស់ឯកសារទាំងនេះនឹងយកត្រឡប់ទៅវិញ ក្រោយចប់ការបម្លែងឯកសារជាប្រព័ន្ធឌីជីថល លើកលែងតែពួកគាត់ផ្ដល់អាទិភាពឱ្យយើងរក្សាទុក ដែលយើងនឹងរក្សាទុកនៅក្នុងលក្ខខណ្ឌដ៏ប្រសើរ។
ផ្ដល់បណ្ណសាររបស់លោកអ្នក »បច្ចុប្បន្ននេះ មូលដ្ឋានទិន្នន័យរបស់យើង ប្រមូលបានឯកសារចំនួន ១៤២ ប្រភេទសមុច្ច័យផ្សេងៗគ្នា។ ក្នុងខែមិថុនា ២០២០ មជ្ឈមណ្ឌលបុប្ផាណាបានដាក់បង្ហាញជូនសាធារណជននូវវីដេអូចំនួន ២៣១៧ បណ្ណសារជាសំឡេងចំនួន ១៤៣៦ កម្រងរូបថតចំនួន ២១៦ (ដែលកម្រងនីមួយៗមានចន្លោះពី ២០ ទៅ ១០០ រូបថត) និងសៀវភៅចំនួន ៤៤៤។
សមុច្ច័យទាំងអស់មជ្ឈមណ្ឌលយើងអាចឱ្យសាធារណជនពិគ្រោះឯកសារ ដែលជាបណ្ណសារដ៏កម្រនៃភាពយន្តឃោសនាខ្មែរក្រហម។ ភាពយន្តទាំងនេះប្រមូលបានមកពីនាយកដ្ឋានភាពយន្តកម្ពុជាក្នុងឆ្នាំ ១៩៧៩ និងនៅក្នុងឆ្នាំបន្តបន្ទាប់មកទៀត។ ក្នុងឆ្នាំ ២០០៦ និង ២០០៧ ភាពយន្តទាំងនេះត្រូវបានជួសជុលឡើងវិញ បម្លែងជាប្រព័ន្ធឌីជីថល និងថតចម្លងជាថ្មី តាមរយៈវិទ្យាស្ថានជាតិសោតទស្សន៍បារាំង (INA) និងមូលនិធិថមស៊ុន (ក្លាយទៅជាមូលនិធិ Technicolor)។ ប្រតិបត្តិការនេះ គឺជាការជួយសង្រ្គោះភាពយន្តទាំងអស់នេះពីភាពខូចខាត។ ភាពយន្តដើមត្រូវបានបញ្ជូនត្រលប់មកប្រទេសកម្ពុជាវិញ។
ជំរំជនភៀសខ្លួនសាយធូ (១៩៨៩)
ស៊ូឡឺម៉ាន ស៊ីស៊េ (១៩៩០)
ប្រទេសកម្ពុជានៅចន្លោះសង្គ្រាម និងសន្តិភាព (១៩៩២)
អ្នកស្រែ (១៩៩៤)
គ្រួសារមីងតាន់ (១៩៩៥)
បុប្ផាណា រឿងសោកនាដកម្មនៃស្ត្រីខ្មែរម្នាក់ (១៩៩៦)
ពន្លឺនៃការសម្លាប់រង្គាល ៖ ភាពយន្ត ១០ រឿង ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន ១០០ លានគ្រាប់ (១៩៩៧)
រាត្រីមួយក្រោយសង្គ្រាម (១៩៩៧)
វ៉ាន់ ចាន់ ឬនៅឆ្នាំ ២០០០ នេះ ខ្ញុំមានអាយុ ៥០ ឆ្នាំ (១៩៩៨)
ដែនដីនៃព្រលឹងវិលវល់ (១៩៩៩)
Que la barque se brise, que la jonque s’entrouvre (២០០០)
មន្ទីរ ស-២១ ៖ ម៉ាស៊ីនពិឃាដខ្មែរក្រហម (២០០២)
អ្នកអង្គរ (២០០៣)
សិល្បៈនៅមហោស្រពឆេះ (២០០៥)
ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ (២០០៦)
សត្វប្រមាញ់ចិញ្ចឹម (២០១១)
ឌុច គ្រូលត់ដំនៅឋាននរក (២០១២)
កង្វះរូបភាព (២០១៣)
ប្រទេសបារាំងគឺជាមាតុភូមិរបស់យើង (២០១៤)
ផ្នូរគ្មានឈ្មោះ (២០១៨)
មជ្ឈមណ្ឌលបុប្ផាណាមិនមែនជាម្ចាស់កម្មសិទ្ធិរបស់សមុច្ច័យទាំងអស់ដែលដាក់ជូនទស្សនានៅសាលពិគ្រោះឯកសារទេ លើកលែងតែជាករណីការផ្ដល់ឱ្យជាក់លាក់។
ប្រសិនបើចង់បានសិទ្ធិផលិតឡើងវិញចំពោះរូបថត ភាពយន្ត និងខ្សែអាត់សំឡេង យើងអាចជួយទាក់ទងអ្នកដែលជាម្ចាស់កម្មសិទ្ធិជូន និងដោយផ្ដល់ជាតារាងតម្លៃ។
ក្នុងករណីខ្លះ និងដោយឡែក ប្រសិនបើមានការបង្ហាញកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងអ្នកស្នើសុំ និងម្ចាស់កម្មសិទ្ធិ មជ្ឈមណ្ឌលបុប្ផាណានឹងផ្ដល់ជូននូវសេចក្ដីចម្លងនៃបណ្ណសារនោះ។
ប្រភេទនៃសមុច្ច័យរបស់យើងទាំងអស់ គឺមាននៅក្នុងមូលដ្ឋានទិន្នន័យរបស់យើងដែលមានឈ្មោះថា មូលដ្ឋានទិន្នន័យហនុមាន ដែលមានជាបីភាសា ៖ ខ្មែរ អង់គ្លេស និងបារាំង។
ការស្រាវជ្រាវធ្វើឡើងតាមរយៈពាក្យគន្លឹះ ទៅតាមសមុច្ច័យ តាមប្រភេទឯកសារ ឬតាមសម័យកាល។ ការស្រាវជ្រាវបែបជំនាញនឹងអាចជួយសម្រួលដល់លោកអ្នកនូវអ្វីដែលលោកអ្នកចង់បានដូចជា ចំណងជើង ប្រធានបទ បុគ្គលភាព ទីកន្លែង កាលបរិច្ឆេទផលិត ឬកាលបរិច្ឆេទចេញផ្សព្វផ្សាយ...។
មូលដ្ឋានទិន្នន័យហនុមាន គឺជាកម្មវត្ថុដែលតែងត្រូវធ្វើឱ្យប្រសើរឡើងចាប់តាំងពីដាក់ឱ្យដំណើរការនាឆ្នាំ ២០០៦ មក ហើយបច្ចុប្បន្ននេះ យើងកំពុងប្រើប្រាស់ជាមូលដ្ឋានទិន្នន័យទី ៣។ ប្រទេសមួយចំនួន ដូចជាប្រទេសប៊ូគីណាហ្វាស្សូ ជាដើម បានមានចំណាប់អារម្មណ៍លើមូលដ្ឋានទិន្នន័យនេះ និងបានចែករំលែកចំណេះធ្វើជាមួយអ្នកបច្ចេកទេសជំនាញរបស់យើង ហើយមូលដ្ឋានទិន្នន័យនេះក៏ត្រូវបានកត់សម្គាល់ផងដែរដោយអ្នកជំនាញនៅអាស៊ីអាគ្នេយ៍យើងនេះ។