ការអភិរក្ស និងដាក់ឱ្យប្រើប្រាស់នូវបណ្ណសារសោតទស្សន៍របស់ប្រទេសកម្ពុជា

មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា ចាប់​បដិសន្ធិ​ឡើង​ក្នុង​ឆ្នាំ ២០០៥ ក្រោម​ឈ្មោះ​ជា​សមាគម​ផលិត​ស្រាវជ្រាវ​តម្កល់​ឯកសារ​សោតទស្សន៍ (ARPAA) ជា​មជ្ឈមណ្ឌល​បណ្ណសារ​ឈានមុខគេ​នៅ​កម្ពុជា ដែល​មិន​រក​ប្រាក់ចំណេញ និង​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល។ មជ្ឈមណ្ឌល​មាន​ឆន្ទៈ​ធ្វើឱ្យ​ការចងចាំ​ស្ដីពី​ប្រទេស​កម្ពុជា​មាន​ជីវិត​រស់រាន​ឡើងវិញ និង​លើកស្ទួយ​វប្បធម៌​ខ្មែរ​តាមរយៈ​សិល្បៈ និង​ពហុ​ប្រព័ន្ធផ្សព្វផ្សាយ ក្រោយការ​ចងចាំ និង​វប្បធម៌​របស់​ប្រទេស​កម្ពុជា​បាន​រង​ការ​បំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងស្រុង​ដោយសារ​សង្គ្រាម និង​អំពើ​ប្រល័យ​ពូជសាសន៍​អស់​រយៈកាល​៣​ទសវត្សរ៍។

ML 11

ក្រោម​ពាក្យស្លោក​ថា “សង្គ្រោះ និង​រំឭក​ឡើងវិញ​នូវ​អនុស្សាវរីយ៍​កាលពី​ម្សិលមិញ និង​ថ្ងៃនេះ” មជ្ឈមណ្ឌល​បុប្ផាណា​បាន​ប្រមូល និង​គាំពារ​នូវ​បណ្ណសារ​សោតទស្សន៍​ស្ដីពី​ប្រទេស​កម្ពុជា មាន​ដូចជា​ខ្សែភាពយន្ត រូបថត និង​បណ្ណសារ​សំឡេង ដែល​មាន​នៅ​គ្រប់​ទិសទី​ជុំវិញ​ពិភពលោក។ មជ្ឈមណ្ឌល​ស្វាគមន៍​សាធារណជន​ចូល​ទស្សនា និង​ស្រាវជ្រាវ​ពី​បេតិកភណ្ឌ​សោតទស្សន៍​ទាំងនោះ ព្រមទាំង​បណ្តុះបណ្តាល​យុវជន​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ ដើម្បី​ឱ្យ​សំឡេង និង​ការ​ច្នៃប្រតិដ្ឋ​ផ្នែក​សិល្បៈ​របស់​ប្រទេស​កម្ពុជា​កាន់តែ​រីក​ដុះដាល​ឡើង​ទាំង​គុណភាព និង​បរិមាណ។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​នឹង​ជួយ​ប្រជាជន​កម្ពុជា​ក្នុងការ​ស្តារ​នូវ​មរតក​ដ៏​មាន​តម្លៃ ព្រមទាំង​ជួយ​ឱ្យ​ពួកគេ​យល់ពី​អតីតកាល​ខ្លួនឯង កសាង​បច្ចុប្បន្ន និង​ច្នៃប្រតិដ្ឋ​អនាគត​ពួកគេ​តទៅ​មុខ​ទៀត។

ដោយ​មាន​ការគាំទ្រ​ពី​មូលនិធិ Andrew W. Mellon មជ្ឈមណ្ឌល​បុប្ផាណា​បាន​អនុវត្ត​នូវ​គម្រោង “ការ​អភិរក្ស និង​ដាក់ឱ្យ​ប្រើប្រាស់​នូវ​បណ្ណសារ​សោតទស្សន៍​របស់​ប្រទេស​កម្ពុជា” ដែល​ចាប់ផ្តើម​ពី​ឆ្នាំ២០២០ ដល់ឆ្នាំ​២០២១។ តាមរយៈ​គម្រោង​នេះ យើង​បាន​ធ្វើការ​បម្លែង​បណ្ណសារ​សោតទស្សន៍​ដែល​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ទៅជា​បណ្ណសារ​ឌីជីថល​ដែលមាន​រយៈពេល​សរុប​៣០០​ម៉ោង ក្នុង​ចំណោម​២០០០​ម៉ោង​ដែលនៅ​សេសសល់ និង​ដែលមាន​តម្រូវការ​ផ្នែក​គាំពារ​ជា​ចាំបាច់ ទាំង​ផ្នែក​រូបវន្ត​សម្រាប់​បម្លែង និង​ផ្នែក​ឌីជីថល​សម្រាប់​ការ​ប្រើប្រាស់។

ML 1  ML 3

យើង​បាន​ជ្រើសរើស និង​រៀបចំ​បញ្ជី​ឈ្មោះ​បណ្ណសារ​ជាក់លាក់​មួយ ដោយ​ផ្អែកលើ​ស្ថានភាព​រូបវន្ត​ជាក់ស្ដែង និង​មាតិកា ហើយ​បណ្ណសារ​ទាំងនោះ​រួមមាន ៖
– រូបភាព​ដ៏​កម្រ​នៃ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩០ និង​វីដេអូ​សម្ភាសន៍​របស់​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម ដែល​ដកស្រង់ពី​បណ្ណសារ​របស់​លោក ប៉ាន់ រិទ្ធី។
– ភាពយន្ត​ឯកសារ​ទាក់ទងនឹង​បញ្ហា​ប្រឈម​មួយចំនួន​ក្នុង​អំឡុង​ឆ្នាំ ១៩៩០ ដកស្រង់ពី​បណ្ណសារ​របស់​អង្គការ​យូនីសេហ្វ (តួយ៉ាង​ដូចជា សិទ្ធិ​កុមារ បញ្ហា​សុខភាព ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា ។ល។ ) បណ្ណសារ​ទាំងនេះ​ស្ថិតនៅ​ក្នុង​លក្ខខណ្ឌ​ដែល​ត្រូវការ​កិច្ចគាំពារ​ជាបន្ទាន់​ព្រោះ​ងាយ​នឹង​រង​ការ​ខូចខាត​យ៉ាង​ឆាប់រហ័ស។

ML 8

បន្ថែម​ពីលើ​ការ​បម្លែង​បណ្ណសារ​រយៈពេល​៣០០​ម៉ោង​នេះ គម្រោង​ក៏​បាន​ជួយ​គាំទ្រ​ដល់​ផ្នែក​សម្ភារៈ​សម្រាប់​បម្លែង​បណ្ណសារ​សោតទស្សន៍​ដ៏​សំខាន់​ទាំងអស់​នេះ​ផងដែរ រួមមាន​ម៉ាស៊ីនមេ (Server) ឃ្លាំង​ផ្ទុក​ទិន្នន័យ (Storage) ដើម្បី​រក្សាទុក​ទិន្នន័យ​ដែលបាន​បម្លែង​ចប់​រួចរាល់ ម៉ាស៊ីន​បម្លែង​ឯកសារ​ដើម្បី​ឱ្យ​ការ​បម្លែង​បណ្ណសារ​កាន់តែ​មាន​គុណភាព ព្រមទាំង​ប្រព័ន្ធ​បម្រុងទុក (back-up system) ដើម្បី​ការពារ​សមុច្ច័យ​បណ្ណសារ​ទាំងអស់​ដែល​បុប្ផាណា​មាន។

ML 12  ML 5  ML 13

ផ្ដល់មូលនិធិដោយ ៖

The-Andrew-W-Mellon-Foundation