មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
នៅពេលដែលលោក ប៉ាន់ រិទ្ធី ដឹកនាំផលិតភាពយន្តឯកសារដំបូងៗរបស់គាត់ ក្នុងនាមជាអ្នកផលិតខ្សែភាពយន្តមួយរូបនៅក្នុងប្រទេសកម្ពុជានាដើមទសវត្សរ៍ឆ្នាំ ៩០ លោកបានដឹងអំពីស្ថានភាពធ្ងន់ធ្ងរនៃមរតកសោតទស្សន៍ក្នុងប្រទេសកម្ពុជា។ ក្រោយឆ្លងកាត់នូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ដ៏គួរឱ្យរន្ធត់អស់ជាច្រើនទសវត្សរ៍រួចមក បណ្ណសារតិចតួចបំផុតត្រូវបានជួយសង្គ្រោះ ប៉ុន្តែវាមិនអាចឋិតថេរបានយូរឡើយ ដោយសារការបំផ្លាញពីធម្មជាតិនៃកម្ដៅ និងធូលី។ ក្នុងរយៈពេលត្រឹមតែមួយ ឬពីរទសវត្សរ៍ទៀតប៉ុណ្ណោះ បេតិកភណ្ឌសោតទស្សន៍របស់ប្រទេសកម្ពុជាទាំងនេះច្បាស់ជាត្រូវបាត់បង់។
ការព្រួយបារម្ភរបស់លោក ប៉ាន់ រិទ្ធី បានឆ្លើយតបទៅនឹងការមើលឃើញរបស់អ្នកផលិតខ្សែភាពយន្តមួយរូបទៀតគឺលោក អៀវ បណ្ណាការ ដែលគ្រានោះ លោកជាប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងប្រទេសកម្ពុជា។ អ្នកទាំងពីរចាប់ផ្តើមស្រមៃបង្កើតជាទីកន្លែងមួយដែលអាចរក្សាទុកបាននូវរាល់ការចងចាំ ព្រមទាំងបង្កើតសិល្បៈថ្មីផងដែរ។ កន្លែងនេះនឹងការពារ ព្រមទាំងបញ្ជាក់ពីសារសំខាន់នៃសម្បត្តិបេតិកភណ្ឌសោតទស្សន៍របស់ប្រទេសកម្ពុជា ហើយថែមទាំងចូលរួមចំណែកដល់ការបង្កើតសិល្បៈថ្មីទៀតផង។
ស្ថិតនៅក្រោមច្បាប់បារាំង អង្គភាពពិសេសមួយ ឬ "សមាគម" ដែលមានឈ្មោះថា AADAC (សមាគមជំនួយដល់ការអភិវឌ្ឍឯកសារសោតទស្សន៍នៅកម្ពុជា) ត្រូវបានបង្កើតឡើងដើម្បីទទួលបន្ទុកគម្រោងនេះ។ អង្គភាពមួយនេះពឹងផ្អែកលើការងាររបស់ស្ថាបនិក និងជាសមាជិកចំនួន ៤ រូប ដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសម្រេចឱ្យបាននូវគោលដៅទាំងនេះ។ អ្នកទាំង ៤ រួមមាន ៖ លីយ៉ាន វីលម៉ុង, អាញេស សេណេម៉ូ, ព្យែរ វ៉ាឡុង និង ហ្សង់ ដឺ កាឡង់។ អ្នកទាំង ៤ បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការបង្កើតមជ្ឈមណ្ឌលបុប្ផាណាជាលើកដំបូង។
វាត្រូវចំណាយពេលរហូតដល់ទៅ ១០ ឆ្នាំដើម្បីឱ្យគំនិតនេះក្លាយជាការពិត។ ក្នុងអំឡុងប៉ុន្មានឆ្នាំនេះ ពួកគេត្រូវបញ្ចុះបញ្ចូលឱ្យគ្រប់គ្នាបានដឹងអំពីសារសំខាន់នៃបណ្ណសារ និងវប្បធម៌ ក្នុងគោលដៅបង្ហាញពីអត្តសញ្ញាណជាតិ។ ប៉ុន្មានឆ្នាំនេះ ពួកគេបានព្យាយាមបង្ហាញថា តើការបង្កើត និងចូលទៅក្នុងសមុច្ច័យនៃបណ្ណសារទាំងអស់នេះមានសារសំខាន់ខ្លាំងប៉ុនណា។ គ្រានោះ ការទទួលស្គាល់ជាអន្តរជាតិអំពីហានិភ័យនៃការបាត់បង់ខ្សែភាពយន្តដែលខ្វះការថែរក្សាដិតដល់ បានធ្វើឱ្យគម្រោងមជ្ឈមណ្ឌលបុប្ផាណាកាន់តែរីកធំឡើង។
ក្រោយមក អាជ្ញាធរកម្ពុជាបានគាំទ្រគម្រោងនេះ និងផ្ដល់ឱ្យពួកគេនូវអគារចំណាស់មួយដែលសាងសង់ឡើងតាំងពីទសវត្សរ៍ឆ្នាំ ៦០ ដើម្បីបង្កើតជាមជ្ឈមណ្ឌលបុប្ផាណា។ នៅឆ្នាំ ២០០៦ អគារនេះត្រូវបានជួសជុលឡើងវិញដោយស្របទៅតាមទ្រង់ទ្រាយដើម។ ស្ថាប័នបារាំងជាច្រើនក៏បានផ្តល់នូវការគាំទ្របន្ថែមទៀត (កិច្ចសហប្រតិបត្តិការទ្វេភាគី, ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ, ការចូលទៅកាន់មជ្ឈមណ្ឌលផ្ទុកបណ្ណសារដ៏ធំ)។ នៅទីបំផុត ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ គម្រោងនេះក៏បានលេចចេញជារូបរាងឡើង!
នៅពេលដែលមជ្ឈមណ្ឌលនេះត្រូវបានបើកសម្ពោធកាលពីថ្ងៃចន្ទ ទី ៤ ខែធ្នូ ឆ្នាំ ២០០៦ វាត្រូវបានគេប្រសិទ្ធនាមថា "មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា"។ តាមរយៈការដាក់ឈ្មោះមជ្ឈមណ្ឌលនេះថា "បុប្ផាណា" ដែលជាឈ្មោះអ្នកទោសនារីវ័យក្មេងមួយរូបក្នុងរបបខ្មែរក្រហម ស្ថាបនិកមានបំណងចង់រំឭកពីការតស៊ូ ភាពក្លាហាន និងសេចក្តីថ្លៃថ្នូរ ដែលនាងបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយតាមរយៈសំបុត្រ និងរឿងរ៉ាវជីវិត។
ស្ថាបនិកនៃមជ្ឈមណ្ឌលបុប្ផាណាចង់សង្កត់ធ្ងន់ថា តើការចងចាំមានសារសំខាន់យ៉ាងណាដើម្បីកសាងឡើងវិញនូវប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា បើទោះជាខ្មែរក្រហមមានបំណងចង់លុបបំបាត់អតីតកាលយ៉ាងណាក្ដី។ លោក ប៉ាន់ រិទ្ធី អះអាងថា “យើងត្រូវតែគ្រប់គ្រង យល់ដឹង ហើយទទួលយកនូវប្រវត្តិសាស្រ្តផ្ទាល់ខ្លួនរបស់យើង” ដោយផ្សារភ្ជាប់ជាមួយអតីតកាល និងផ្តល់នូវធនធានសម្រាប់ការឆ្លុះបញ្ចាំង។
មជ្ឈមណ្ឌលបុប្ផាណាខិតខំផ្តល់ជូនសាធារណជនដោយឥតគិតថ្លៃនូវឯកសារបណ្ណសាររាប់ពាន់ស្តីពីប្រទេសកម្ពុជា។ ដើម្បីសម្រេចបាននូវបេសកកម្មនេះ ការពិគ្រោះបណ្ណសារបានដាក់ឱ្យស្ថិតនៅចំកណ្តាលរវាងសកម្មភាពនានារបស់មជ្ឈមណ្ឌល។ មជ្ឈមណ្ឌលបុប្ផាណាបានចាប់ផ្តើមផ្តល់នូវការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់សម្រាប់អ្នកវិភាគបណ្ណសារ ដូចជាការរៀបចំ និងធ្វើលិបិក្រមលើបណ្ណសារ, ការបញ្ចូលសំឡេងខ្សែភាពយន្តជាភាសាខ្មែរ, ការបង្កើតមូលដ្ឋានទិន្នន័យស្រាវជ្រាវ "ហនុមាន" និងការរៀបចំសកម្មភាពវប្បធម៌ស្តីពីភាពយន្ត និងបេតិកភណ្ឌសោតទស្សន៍។
លើសពីនេះ មជ្ឈមណ្ឌលក៏បើកចំហជូនសាធារណជនដោយរៀបចំការបញ្ចាំងភាពយន្តនៅទូទាំងប្រទេស ហើយយើងក៏ស្វាគមន៍ផងដែរនូវវត្តមានរបស់សិល្បករ ព្រមទាំងដៃគូសិក្សានានា សម្រាប់ជាផ្នែកមួយនៃគម្រោង “ការចងចាំ បណ្ណសារ និងការបង្កើត”។ មជ្ឈមណ្ឌលនេះក៏បានក្លាយជាសមាជិកនៃសហព័ន្ធបណ្ណសារភាពយន្តអន្តរជាតិ (FIAF) ហើយថែមទាំងបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការ South-South ជាមួយនឹង ប៊រគីណា ហ្វាសូ ទៀតផង។
ក្នុងឆ្នាំ ២០០៩ ភ្ញៀវទេសចរមកកាន់មជ្ឈមណ្ឌលបុប្ផាណាមានការកើនឡើងយ៉ាងខ្លាំង ខណៈមជ្ឈមណ្ឌលផ្តល់នូវសកម្មភាពកាន់តែច្រើនឡើង។ ការតាំងពិព័រណ៍ត្រូវបានរៀបចំ ក៏ដូចជាការប្រគំតន្ត្រី សិក្ខាសាលាសិល្បៈ សន្និសីទ ព្រមទាំងសិក្ខាសាលាអប់រំ។ ក្រុមការងារជនជាតិខ្មែរត្រូវបានបណ្តុះបណ្តាលយ៉ាងល្អិតល្អន់នៅពេលនោះ ហើយពួកគេក៏បានក្លាយជាផ្នែកមួយនៃគណៈគ្រប់គ្រងរបស់មជ្ឈមណ្ឌល។
សូមអរគុណដល់អ្នកបច្ចេកទេសជំនាញ។ ដោយសារពួកគេ មជ្ឈមណ្ឌលបុប្ផាណាអាចផលិតបានជាថាសចម្រៀង "កំណប់តន្ត្រីដូនតា" ព្រមទាំងខ្សែភាពយន្តបានចំនួន ២ រឿង។ ម្នាក់ក្នុងចំណោមពួកគេក៏ត្រូវបានជាប់ឈ្មោះក្នុងមហោស្រពអន្តរជាតិនៃកម្មវិធីសោតទស្សន៍ (FIPA)។ លទ្ធផលដ៏ល្អនេះបានលើកទឹកចិត្ត និងបានចាក់គ្រឹះយ៉ាងរឹងមាំក្នុងការបង្កើតជាយុទ្ធសាស្ត្រពង្រឹងផ្នែកហិរញ្ញវត្ថុ ដោយយើងបានបញ្ជូនអ្នកបច្ចេកទេស ព្រមទាំងឧបករណ៍ ចូលទៅក្នុងក្រុមអ្នកផលិតខ្សែភាពយន្តអាជីព។ គំនិតដ៏សាមញ្ញនេះអាចបង្កើតបានជាមូលនិធិផ្សេងៗជាច្រើន។
មជ្ឈមណ្ឌលបុប្ផាណាក៏បានពង្រីកបេសកកម្មរបស់ខ្លួនផងដែរ ហើយពួកយើងក៏អាចទទួលស្វាគមន៍ និងគាំទ្រដល់អ្នកដឹកនាំរឿងអន្តរជាតិដែលមកថតខ្សែភាពយន្តនៅកម្ពុជា។ ហេតុនេះហើយ មជ្ឈមណ្ឌលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា (CFC) ដែលបានសម្ពោធកាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០០៩ ដោយមានការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ព្រមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា។
ខណៈពេលដែលចំនួនភ្ញៀវទេសចរនៅតែបន្តកើនឡើង ដូច្នេះតម្រូវការអ្វីដែលថ្មីៗក៏ដូចគ្នា។ មជ្ឈមណ្ឌលបុប្ផាណាក៏បានបង្កើនល្បឿនក្នុងការប្រមូលឯកសាររបស់ខ្លួននៅទូទាំងប្រទេស។ លើសពីនេះទៅទៀត ដោយមានអ្នកបច្ចេកទេសខាងខ្សែភាពយន្ត និងចាក់ផ្សាយ ដែលទើបទទួលបានការបណ្តុះបណ្តាលយ៉ាងពេញលេញ មជ្ឈមណ្ឌលក៏អាចបំពេញនូវបេសកកម្មសិល្បៈរបស់ខ្លួនបាន។
ក្នុងរយៈពេល ៣ ឆ្នាំនេះ ខ្សែភាពយន្តជាច្រើនត្រូវបានដឹកនាំផលិតដោយផ្ទាល់ និងប្រកបដោយជោគជ័យ ដែលជំរុញឱ្យមជ្ឈមណ្ឌលបុប្ផាណាកាន់តែមានទឹកចិត្តបន្ថែមទៀតក្នុងការបង្កើតស្នាដៃសិល្បៈ និងជំរុញឱ្យមានការអភិវឌ្ឍលើទស្សនៈរបស់កម្ពុជាទៅលើពិភពលោក។ មជ្ឈមណ្ឌលបុប្ផាណាក៏បានសម្រេចផ្តល់ឱ្យយុវជនក្មេងៗនូវមធ្យោបាយក្នុងការប្រាស្រ័យទាក់ទងគ្នា និងការបញ្ចេញមតិ ដោយអនុញ្ញាតឱ្យពួកគេចូលរួមនៅក្នុងឧស្សាហកម្មនៃពហុប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោក។ ទីបំផុត ក្នុងឆ្នាំ ២០១២ មជ្ឈមណ្ឌលបុប្ផាណាក៏បានសម្រេចដំណើរការគម្រោងផលិតភាពយន្តឯកសារជាលើកដំបូងបង្អស់របស់ខ្លួន។
មជ្ឈមណ្ឌលបុប្ផាណាបានបង្ហាញនូវនិមិត្តសញ្ញាថ្មីរបស់ខ្លួនដែលត្រូវបានរចនាឡើងដោយលោក អេធ្យែន រ៉ូប្យាល ក្រោមការគាំទ្រ និងណែនាំពីមូលនិធិ Technicolor និងមូលនិធិ Groupama Gan។ ផ្នែកនៃការផ្លាស់ប្តូរសំខាន់ៗរួមមានគេហទំព័រថ្មីដែលត្រូវបានបង្កើតឡើងនៅក្នុងមូលដ្ឋានផ្ទាល់។ តាមរយៈនិមិត្តសញ្ញាថ្មីនេះ យើងក៏ចង់លើកកម្ពស់នូវសកម្មភាពនានារបស់មជ្ឈមណ្ឌល ព្រមទាំងបង្ហាញពីភាពជាប់ទាក់ទង និងបំពេញឱ្យគ្នាទៅវិញទៅមករវាងសកម្មភាពទាំងនោះផងដែរ។ នេះក៏ជាឱកាសដើម្បីលើកស្ទួយកេរ្តិ៍ឈ្មោះរបស់មជ្ឈមណ្ឌលបុប្ផាណាដែលមានអាយុកាល ៧ ឆ្នាំមកហើយ ព្រមទាំងលើកកម្ពស់នូវសកម្មភាពរបស់ខ្លួនទាំងនៅក្នុងស្រុក ក៏ដូចជានៅក្រៅស្រុកផងដែរ។