សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលបុប្ផាណា ស្តីពីការចោទប្រកាន់ពីទង្វើបៀតបៀនកេរខ្មាស

ថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២

សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលបុប្ផាណាស្តីពីការចោទប្រកាន់ពីទង្វើបៀតបៀនកេរខ្មាស

មជ្ឈមណ្ឌលបុប្ផាណា បានស៊ើបអង្កេតលើការចោទប្រកាន់ថ្មីៗនេះ អំពីការបៀតបៀនកេរខ្មាសដែលគេរាយការណ៍ថាបានប្រព្រឹត្តដោយបុគ្គលិកពីរនាក់របស់មជ្ឈមណ្ឌល ហើយមជ្ឈមណ្ឌលបុប្ផាណាបានបញ្ចប់កិច្ចសន្យារបស់បុគ្គលទាំងពីរនេះ។

លោក ជា សុភាព នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលបុប្ផាណា​ ​បាន​ថ្លែង​ថា​ «​មជ្ឈមណ្ឌល​បុប្ផាណា ​មិន​អត់ឱន​ចំពោះរាល់​ទម្រង់​នៃ​ការ​បៀតបៀន​កេរខ្មាស​ឬ​ការ​រើសអើង​ផ្សេង​ទៀត​ឡើយ។ យើង​សូមអរគុណ​ចំពោះ​ជន​រង​គ្រោះ​ដែល​មានភាព​ក្លាហាន​ ក្នុងការ​នាំ​យក​បញ្ហា​ទាំង​នេះ​មក​បំភ្លឺ។»

ដំបូងឡើយ មជ្ឈមណ្ឌលបុប្ផាណា បានដឹងអំពីការចោទប្រកាន់ពីទង្វើបៀតបៀនកេរខ្មាសលើសិក្ខាកាមនារីម្នាក់ផ្នែកផលិតភាពយន្ដ តាមរយៈអង្គការដៃគូ កាលពីថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ ហើយនៅថ្ងៃនោះ មជ្ឈមណ្ឌលបានបើកការស៊ើបអង្កេតភ្លាមៗលើករណីនេះ។ ករណីនេះ ត្រូវបានបន្តលើកឡើងដោយអ្នករាយកាណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយដែលបានទាក់ទងមកមជ្ឈមណ្ឌលបុប្ផាណា កាលថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលចោទប្រកាន់ថាមានការបៀតបៀនកេរខ្មាសលើសិក្ខាកាមនារីបីនាក់ ហើយមជ្ឈមណ្ឌលបានពង្រីកការស៊ើបអង្កេតរបស់ខ្លួនដើម្បីរួមបញ្ចូលការចោទប្រកាន់បន្ថែមទាំងនេះ។ ការស៊ើបអង្កេតបានបញ្ចប់នៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ការ​រក​ឃើញ​របស់​ការ​ស៊ើប​អង្កេត ​បាន​រក្សា​ការ​ចោទ​ប្រកាន់​របស់​សិក្ខាកាមទាំងបី​ ហើយមជ្ឈមណ្ឌល​បុប្ផាណា​ បាន​សម្រេចដក​បុគ្គលិក​ទាំង​ពីរ​នេះចេញពីការងាររបស់មជ្ឈមណ្ឌល ​នៅថ្ងៃ​ដដែល​នោះ។

មជ្ឈមណ្ឌលបុប្ផាណា សោកស្ដាយយ៉ាងខ្លាំងចំពោះការឈឺចាប់ដែលទទួលរងដោយសិក្ខាកាមទាំងនេះ និងសូមសម្តែងនូវការសុំទោសទៅដល់ពួកគេ។ ថ្នាក់ដឹកនាំរបស់មជ្ឈមណ្ឌលបុប្ផាណានិងបុគ្គលិកទាំងអស់ ទទួលស្គាល់បទពិសោធដ៏អាក្រក់នេះដែលទទួលរងដោយសិក្ខាកាមថា ជាការអំពាវនាវឱ្យស្ថាប័នចាត់វិធានការណ៍ ដើម្បីធានាថាស្ថាប័នបានលើកកម្ពស់តម្លៃនៃបរិយាបន្ននិងចម្រុះភាពរបស់ខ្លួន។ ទោះបីជាមានជំហានជាច្រើន ត្រូវបានអនុវត្តមុនគម្រោងជាមួយអង្គការដៃគូនិងម្ចាស់ជំនួយរបស់យើងដើម្បីទប់ស្កាត់ស្ថានភាពបែបនេះក៏ដោយ ក៏យើងនៅតែមើលឃើញថាយើងត្រូវតែពង្រឹងការត្រួតពិនិត្យតាមដានសកម្មភាពការងាររបស់យើង ឱ្យកាន់តែប្រសើរឡើង។

ឥឡូវនេះ មជ្ឈមណ្ឌលបុប្ផាណា កំពុងចាត់វិធានការជាបន្តបន្ទាប់ ដើម្បីពង្រឹងវប្បធម៌នៃការធ្វើការងាររបស់ខ្លួន ក៏ដូចជាដើម្បីធានាសុវត្ថិភាពនិងសុខុមាលភាពរបស់សិក្ខាកាម។ មជ្ឈមណ្ឌលនឹង៖

  • -​ ចាត់តាំងអ្នកវាយតម្លៃឯករាជ្យដែលជាភាគីទីបី ដើម្បីពិនិត្យមើលគោលនយោបាយនិងនីតិវិធីដែល​មានស្រាប់របស់ខ្លួន ដើម្បីប្រឆាំងនឹងការបៀតបៀនកេរខ្មាស និងដើម្បីវាយតម្លៃវប្បធម៌ការងារ​របស់ស្ថាប័ន។ ការវាយតម្លៃនេះ នឹងផ្តល់នូវអនុសាសន៍អំពីរបៀបពង្រឹងគោលនយោបាយ​ទាំងនោះ។
  • -​ បង្កើតគោលនយោបាយនិងពិធីសារថ្មីស្តីពីការការពារអ្នកជូនដំណឹងឬអ្នករាយការណ៍ ស្របតាម​​ការអនុវត្តល្អបំផុតជាលក្ខណៈអន្តរជាតិ ដើម្បីធានាដល់ការការពារសមាជិកនៃសហគមន៍ដែលផ្តល់ព័ត៌មានឬការចោទប្រកាន់ទាក់ទងនឹងការប្រព្រឹត្តទង្វើខុសឆ្គង។
  • -​ ដាក់ចេញនូវកម្មវិធីបណ្ដុះបណ្ដាលដែលបានធ្វើកំណែប្រែ សម្រាប់បុគ្គលិករបស់ខ្លួនលើការទប់ស្កាត់ការកេងប្រវញ្ចផ្លូវភេទ ការរំលោភបំពាន និងការបៀតបៀន និងដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលថ្មីស្តីពីបរិយាបន្ននៅក្នុងកន្លែងធ្វើការ។
  • -​ ពង្រីកនិងពង្រឹងផ្នែកធនធានមនុស្សរបស់ខ្លួន និងផ្តល់អាណត្តិច្បាស់លាស់ដល់ផ្នែកនេះ ដើម្បីដឹកនាំការអភិវឌ្ឍវប្បធម៌ការងាររបស់ស្ថាប័ន។
  • – បង្កើតការស្ទង់មតិពីបុគ្គលិកនិងសិក្ខាកាម ក៏ដូចជាអង្គការដៃគូ ដើម្បីបញ្ចេញមតិរិះគន់ដោយអនាមិកដើម្បីការស្ថាបនា ទៅលើបទពិសោធការងាររបស់បុគ្គលិកនិងការសិក្សារបស់សិក្ខាកាម នៅមជ្ឈមណ្ឌល។

លោក ជា សុភាព បានថ្លែងថា «មជ្ឈមណ្ឌលបុប្ផាណា ប្តេជ្ញាកសាងឧស្សាហកម្មភាពយន្តនៅប្រទេសកម្ពុជា ប្រកបដោយបរិយាបន្ននិងចម្រុះភាព។ យើងទទួលស្គាល់ថា យើងមានទំនួលខុសត្រូវក្នុងការផ្តល់នូវបរិយាកាសសុវត្ថិភាព សម្រាប់សមិទ្ធិករភាពយន្តខ្មែរជំនាន់ក្រោយ ដើម្បីអភិវឌ្ឍជំនាញនិងទេពកោសល្យរបស់ពួកគេ ព្រមទាំងដើម្បីជាការចូលរួមចំណែករបស់មជ្ឈមណ្ឌលក្នុងការផ្លាស់ប្តូរវប្បធម៌ការងារនៃវិស័យរបស់យើង។ នៅពេលជ្រើសរើសបេក្ខជនសម្រាប់វគ្គបណ្តុះបណ្តាលផ្នែកផលិតភាពយន្ត មជ្ឈមណ្ឌលបុប្ផាណា ប្តេជ្ញាបង្កើតឱ្យមាននូវក្រុមសំឡេងដែលមានតុល្យភាពមួយ អនុលោមតាមគោលការណ៍ចម្រុះភាពរបស់ដៃគូរបស់យើង ដើម្បីផ្តល់ឱកាសសម្រាប់ការបញ្ចេញមតិរបស់ស្ត្រី។»

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈសារអេឡិចត្រូនិក info@bophana.org