១០-មួយទសវត្សរ៍ជាមួយអង្គការយូនីសេហ្វ-កំណត់ត្រានៃរូបថតពីប្រទេសកម្ពុជា
ស្នាដៃរបស់លោកAntoine Raab
មជ្ឈមណ្ឌលបុប្ផាណា មានកិត្ដិយសសហការជាមួយអង្គការយូនីសេហ្វកម្ពុជា ក្នុងការរៀបចំពិព័រណ៍រូបថតក្រោមចំណងជើងថា«១០-មួយទសវត្សរ៍ជាមួយអង្គការយូនីសេហ្វ-កំណត់ត្រានៃរូបថតពីប្រទេសកម្ពុជា» ស្នាដៃរបស់លោកAntoine Raab ដែលនឹងបើកបង្ហាញចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីតាំងមជ្ឈមណ្ឌលបុប្ផាណា។
ពិព័រណ៍នេះនឹងនាំយកផ្ទាំងទស្សនីយភាពដ៏មានអត្ថន័យ អំពីដំណើរការអភិវឌ្ឍន៍ក្នុងរយៈពេលមួយទសវត្សរ៍ នៃសកម្មភាពការងាររបស់យូនីសេហ្វនៅកម្ពុជា។
រយៈពេលមួយទសវត្សរ៍មកហើយដែលលោក Antoine Raab បានថត និងផ្តិតយកទិដ្ឋភាពជាក់ស្តែង និងការវិវត្តជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា តាមរយៈការរួមការងារជាមួយយូនីសេហ្វ ជាអ្នកថតរូបម្នាក់។ លោកបានរក្សាទុកនូវរូបថតឯកសារនៃថ្នាក់រៀន មណ្ឌលសុខភាព ប្រព័ន្ធទឹកស្អាត អនាម័យ និងសេវាការពារកុមារ ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពពីដំណាក់កាលមួយទៅដំណាក់កាលមួយ។
ទន្ទឹមនឹងនោះដែរ ឯកសារទាំងនេះក៏បានចងក្រងអំពីអ្នកដែលនៅពីក្រោយកិច្ចការងារដើម្បីកុមារ រួមមាន លោកគ្រូ អ្នកគ្រូ បុគ្គលិកសុខាភិបាល និងអ្នកដែលរួមចំណែកអភិវឌ្ឍសហគមន៍ ដែលការលះបង់របស់ពួកគាត់ ពិតជាមានតម្លៃ។
យើងខ្ញុំសូមគោរពអញ្ជើញសាធារណជនចូលរួមកម្មវិធីបើកសម្ពោធនៅមជ្ឈមណ្ឌលបុប្ផាណា
![]()
ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា វេលាម៉ោង ៦:០០ ល្ងាច ។
រូបថតមួយចំនួននឹងត្រូវជ្រើសរើស ដើម្បីដាក់ដេញថ្លៃ ហើយថវិកាដែលប្រមូលបាននឹងយកទៅគាំទ្រដល់កម្មវិធីនានារបស់យូនីសេហ្វកម្ពុជា ដើម្បីជួយដល់កុមារដែលកំពុងត្រូវការជំនួយ។