រឿងរ៉ាវពីក្រោយរូបថត

ដោយ​លោក ប៉ូល ខាំមីង (Paul Cummings)

ខ្ញុំ​ប្រហែលជា​មិនដូច​សិល្បករ​ដទៃទៀត​ដែលមាន​ស្នាដៃ​នៅទីនេះ​ទេ ដ្បិត​ខ្ញុំ​មិនមែន​ជា​អ្នក​សារព័ត៌មាន ហើយក៏​មិនមែន​ជា​អ្នក​ថតរូប​ដែរ ប៉ុន្តែ​ខ្ញុំ​មាន​ជំនួញ​ផ្នែក​ទេសចរណ៍។ ខ្ញុំ​ទទួលបាន​សិទ្ធិ​ដ៏​កម្រ​ក្នុង​ការ​មក​ទស្សនា​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ពេលវេលា​ដ៏​សំខាន់​មួយ​នៃ​ប្រវត្តិសាស្រ្ត​ខ្មែរ នោះគឺ​ស្ថិតនៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ដំបូង​ៗ​ក្រោយ​ការ​ដួលរលំ​នៃ​របប ប៉ុល ពត។ ក្តីសង្ឃឹម​របស់​ខ្ញុំ​គឺ​ខ្ញុំ​អាចមាន​ឱកាស​ចងក្រង​ឯកសារ​ខ្លះៗ​អំពី​ជីវិត​នា​សម័យ​នោះ ហើយ​បើ​គិត​មកដល់​ឥឡូវ វា​មាន​រយៈពេល​៤០​ឆ្នាំ​ហើយ។

ខ្ញុំ​មាន​អាយុ​ច្រើន​ល្មម​គ្រប់គ្រាន់​ដើម្បី​ចងចាំ​អំពី​ប្រទេស​កម្ពុជា​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ខណៈដែល​ប្រទេស​នេះ​គឺជា​គោលដៅ​ទេសចរណ៍​ឈានមុខគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជាមួយនឹង​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ ព្រមទាំង​ប្រជាជន​ដ៏​រួសរាយ​រាក់ទាក់ និង​ស្រគត់ស្រគំ។ ឥស្សរជន​ល្បីៗ​ដូចជា Jackie Kennedy ក៏​ធ្លាប់​មក​ទស្សនា និង​ស្ងើច​សរសើរ​ពី​ប្រាសាទ​ក្នុង​តំបន់​អង្គរ​ដែរ។ ប៉ុន្តែ​រឿង​ទាំងអស់នេះ​បែរជា​រលត់​ទៅវិញ​យ៉ាង​ឆាប់រហ័ស​ក្នុង​ឆ្នាំ​១៩៧០ គឺ​នៅពេលដែល​ប្រទេស​កម្ពុជា​កំពុង​រង​ឥទ្ធិពល​ពី​សង្គ្រាម​វៀតណាម។ ភ្ញៀវ​ទេសចរ​ចុងក្រោយ​ជាច្រើន​នាក់​បាន​ភៀសខ្លួន​ចេញពី​តំបន់​អង្គរ ហើយ​ប្រទេស​នេះ​ក៏​ធ្លាក់​ចូលទៅ​ក្នុង​ភ្នក់ភ្លើង​សង្រ្គាម​ដ៏​ឃោរឃៅ និង​ការ​ប្រល័យ​ពូជសាសន៍។

ដូច​យើង​ទាំងអស់គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា នៅឆ្នាំ​១៩៧៥ ប្រទេស​កម្ពុជា​ត្រូវបាន​គ្រប់គ្រង​ដោយ​ខ្មែរក្រហម ហើយក៏​បាន​បាត់ខ្លួន​ពី​ផែនទី​ពិភពលោក។ អស់​រយៈពេល​៣​ឆ្នាំ​កន្លះ ទំនាក់ទំនង​អ្វី​ក៏​គ្មានដែរ សូម្បី​មកពី​ប្រទេស​លោក​ខាងលិច។ ព្រំដែន​ត្រូវបាន​បិទខ្ទប់ គ្មាន​ជើង​ហោះហើរ គ្មាន​ស្ថានទូត គ្មាន​ទូរស័ព្ទ គ្មាន​ទូរគមនាគមន៍ គ្មាន​អ៊ីមែល… ពោលគឺ​គ្មាន​ផ្លូវ​ណា​ដែល​អាច​ទាក់ទង​គ្នា​បាន​ទាល់តែសោះ។ សូម្បីតែ​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ធ្វើដំណើរ​តាម​ជើង​ហោះហើរ​ធម្មតា​នៅអាស៊ី​ក៏​ត្រូវ​ធ្វើដំណើរ​វាង​ចេញពី​ដែន​អាកាស​​របស់​កម្ពុជា​ដែរ។

ខ្ញុំ​តែងតែ​នឹកឃើញ​ដល់​ប្រទេស​កម្ពុជា​រាល់ពេល​ខ្ញុំ​ចុះចត​នៅឯ​អាកាសយានដ្ឋាន​បាងកក។ នៅលើ​ផ្លូវរត់​ដែល​ខាន​ប្រើ​អស់​រយៈពេល​ជា​យូរឆ្នាំ​មកនេះ មាន​យន្តហោះ​ជាច្រើន​គ្រឿង​ត្រូវបាន​គេ​ទុកចោល។ ទាំងនោះ​គឺជា​យន្តហោះ​ម៉ាក Caravelle ផលិត​នៅ​ប្រទេស​បារាំង​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា Royal Air Cambodge ដែលបាន​ចុះចត​កាលពី​ខែ​មេសា ឆ្នាំ​១៩៧៥ ស្របពេលដែល​ទីក្រុង​ភ្នំពេញ​កំពុង​ដួលរលំ ចំណែក​ក្រុមនាវិក​ក្នុង​យន្តហោះ​ទាំងនោះ​ក៏បាន​បដិសេធ​មិនព្រម​ត្រឡប់​ទៅវិញ។ គ្មាន​អ្នកណា​ជា​ម្ចាស់​យន្តហោះ​ទាំងនោះ​ទៀតទេ។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ ថ្នាំលាប​នៅលើ​យាន​ទាំងនោះ​ក៏​សឹករេចរឹល។ យើង​មិនអាច​អាន​អក្សរ​នៅលើ​យាន​ទាំងនោះ​បាន​ទៀតឡើយ។ សម្រាប់​ខ្ញុំ ភាព​សឹករេចរឹល​នេះ​ប្រៀបបាននឹង​វាសនា​ប្រទេស​កម្ពុជា​ដែលលែង​ដូចពីមុន។

បច្ចុប្បន្ន​យើង​កំពុង​រស់នៅ​ក្នុង​ពិភពលោក​ដែលពោរពេញ​ទៅដោយ​ទំនាក់ទំនង និង​សកលភាវូបនីយកម្ម។ វា​ងាយ​នឹង​បំភ្លេច​ដែរ​ពី​រឿង​កន្លងទៅ​ថ្មីៗនេះ​ដែល​ពិភពលោក​ត្រូវបាន​បែងចែក​ជា​ពីរ​សម្ព័ន្ធ​ទៅតាម​មនោគមវិជ្ជា​នយោបាយ ខណៈដែល​ទំនាក់ទំនង​ពាណិជ្ជកម្ម ឬ​ទេសចរណ៍​មាន​តិចតួច​បំផុត។ ខ្ញុំ​ក៏បាន​ចាប់យក​ឱកាស​អាជីវកម្ម​មួយ​ជាមួយនឹង​ក្ដី​ជឿជាក់ថា វិស័យ​ទេសចរណ៍​នឹងអាច​រួមចំណែក​នាំមក​នូវ​ទំនាក់ទំនង​ល្អ​ឡើងវិញ​រវាង​សម្ព័ន្ធ​ភាគី​ទាំងពីរ។ ជាមួយ​ផ្នត់គំនិត​នេះ ខ្ញុំ​ក៏បាន​បង្កើត​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ឈ្មោះថា Orbitours និង​ចាប់ផ្តើម​បម្រើ​សេវាកម្ម​នាំភ្ញៀវ​ទេសចរ​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម និង​ឡាវ ដែល​រួច​ចាកផុត​ពី​សង្គ្រាម។

ក្នុង​អំឡុង​ពេលនោះ រដ្ឋាភិបាល​ខ្មែរក្រហម​ត្រូវបាន​ផ្តួលរំលំ។ ព្រឹត្តិការណ៍​នោះ​បាន​ផ្តល់​ក្តីសង្ឃឹម​ខ្លះៗ​ដល់​ខ្ញុំ​ថា ខ្ញុំ​អាចនឹង​មាន​ឱកាស​នាំ​ភ្ញៀវ​របស់​ខ្ញុំ​ទៅដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃណាមួយ។ ខ្ញុំ​ក៏​បាន​ដាក់ពាក្យ​ស្នើសុំ​ទិដ្ឋាការ ប៉ុន្តែ​ខ្ញុំ​ត្រូវ​រង់ចាំ​ប្រហែល​ពីរ​ទៅ​បី​ឆ្នាំ​ទម្រាំ​ទិដ្ឋាការ​របស់​ខ្ញុំ​ត្រូវបាន​អនុញ្ញាត។

ទីបំផុត នៅឆ្នាំ​១៩៨៣ ខ្ញុំបាន​ឈានជើង​មកដល់​ភ្នំពេញ​ជាលើក​ដំបូង។ ប៉ុន្តែ​ទម្រាំ​ទៅដល់​ទីនោះ​គឺ​ពិបាក​ណាស់។ ពេលនោះ​សាធារណរដ្ឋប្រជាមានិតកម្ពុជា​កំពុងតែ​គិតគូរ​បើកផ្លូវ​ឱ្យ​អន្តរជាតិ​ចូលមកកាន់​ប្រទេស​នេះវិញ ប៉ុន្តែ​កម្ពុជា​ហាក់​នៅមាន​គម្លាត​ឆ្ងាយ​ពី​អន្តរជាតិ​នៅ​ឡើយ។ កាលនោះ​មិនទាន់​មាន​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​នៅឡើយ​ទេ ហើយក៏​ពុំទាន់​មាន​ច្រក​ណាមួយ​ពី​ប្រទេស​ថៃ​ចូលមកកាន់​ប្រទេស​កម្ពុជា​ដែរ។ តែ​ទោះជា​យ៉ាងនេះ​ក្ដី អាកាសយានដ្ឋាន​នៅ​ភ្នំពេញ​បាន​បើក​ដំណើរការ​ឡើងវិញ ដោយ​ទទួល​ជើង​ហោះហើរ​បន្ត​ពី​ទីក្រុង​ហូជីមិញ។ ដោយសារ​ខ្ញុំ​មាន​បទពិសោធ​ធ្វើការ​នៅឯ​ប្រទេស​វៀតណាម​ស្រាប់ ខ្ញុំក៏​យក​ឱកាស​នេះ​ដើម្បី​ចូលទៅ​កាន់​ទឹកដី​ប្រទេស​កម្ពុជា។

រាជធានី​ភ្នំពេញ​ត្រូវបាន​គេ​ទុក​ចោល ភាគច្រើន​គ្មាន​មនុស្ស​រស់នៅ និង​សឹករេចរឹល​ក្រោយពី​រយៈពេល​ជិត​៤​ឆ្នាំ​នៃ​របប​ខ្មែរក្រហម។ ប្រជាជន​កម្ពុជា​ក៏​មាន​សេរីភាព​ក្នុង​ការ​ធ្វើដំណើរ​ឡើងវិញ។ មនុស្ស​ជាច្រើន​ធ្វើដំណើរ​មកពី​ជនបទ​ដើម្បី​រក​កន្លែង​រស់នៅ និង​ស្វែងរក​គ្រួសារ។ មាន​ចរាចរណ៍​ម៉ូតូ​តិចតួច​ប៉ុណ្ណោះ ចំណែកឯ​ឡាន​ចាស់ៗ​ជាច្រើន​គ្រឿង​ត្រូវបាន​គេ​ទុកចោល។

Welcome to Cambodia 6

ក្រៅពីនេះ ខ្ញុំ​ឃើញតែ​រថយន្ត​រុស្ស៊ី​ដែល​ទើបតែ​នាំចូល​ថ្មីៗ និង​ជា​កម្មសិទ្ធិ​របស់​មន្ទីរ​រដ្ឋាភិបាល​ប៉ុណ្ណោះ។ ចំណែក​ស៊ីក្លូ​វិញ​គឺ​មាន​ច្រើន​សន្ធឹកសន្ធាប់។ យ៉ាងណាមិញ ការ​ធ្វើដំណើរ​ក្នុង​ទីក្រុង​នៅពេលនោះ​មានភាព​ងាយស្រួល​ជាង​សព្វថ្ងៃ។

ហាង និង​ភោជនីយដ្ឋាន​មួយចំនួន​តូច​បើក​ដំណើរការ។ សណ្ឋាគារ​ក៏​មានតែ​ពីរបី​កន្លែង​ប៉ុណ្ណោះ​ដែល​បើក។ ថាមពល​ប្រើប្រាស់​នៅទីនោះ​ក៏​មិន​ទៀងទាត់ ហើយ​ដើម្បី​ចូលទៅ​កាន់​បន្ទប់​នៅជាន់​ខាងលើ​បាន​គឺ​ទាល់តែ​ប្រើ​ជណ្ដើរ​បណ្ដោះអាសន្ន។ ភ្ញៀវ​ជាច្រើន​មកពី​បណ្តា​ប្រទេស​សង្គមនិយម អង្គការ​អន្តរជាតិ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​មាន​មួយចំនួន​ជា​អ្នកកាសែត​ដែរ។ ពេលនោះ​រូបិយបណ្ណ​ជាតិ​ទើបតែ​ចាប់ផ្ដើម​ដាក់ឱ្យ​ប្រើប្រាស់​ឡើងវិញ (មួយរៀល​មាន​តម្លៃ​ស្មើនឹង​បរិមាណ​អង្ករ​ជាក់លាក់) ដែល​នាំមកនូវ​ដង្ហើម​សម្រាប់ពាណិជ្ជកម្ម។ ទីផ្សារ​មាន​ដំណើរការ និង​មមាញឹក​ខ្លាំង​ទាំង​ទំនិញ​ក្នុង​ស្រុក និង​នាំចូល ហើយ​អ្វី​ដែល​គួរឱ្យ​ភ្ញាក់ផ្អើល​នោះ ទំនិញ​នៅទីនេះ​មាន​ច្រើន​ជាង​នៅ​វៀតណាម​ទៅទៀត។ មាន​ជំនួយ​គួរឱ្យ​កត់សម្គាល់​ខ្លះៗ​ដែរ​ពី​ប្រទេស​ក្នុង​សម្ព័ន្ធភាព​ជាមួយ​សហភាព​សូវៀត ជាក់ស្ដែង​ដូចជា​មណ្ឌល​កុមារ​កំព្រា​ដែល​ឧបត្ថម្ភ​ដោយ​ហុងគ្រី។

Welcome to Cambodia 19

ខ្ញុំ​ក៏​មាន​ឱកាស​បាន​ដើរ​ទស្សនា​តាម​សាលារៀន រោងចក្រ​ផលិត​សម្បក​កង់ឡាន​ធ្វើពី​កៅស៊ូ ព្រមទាំង​គ្រឹះស្ថាន​សិក្សា​ធំៗ​មួយចំនួន​ដូចជា​សាលា​វេជ្ជសាស្ត្រ​ជាដើម។

Welcome to Cambodia 9  Welcome to Cambodia 20

ចំណែក​សេវា​ទូរគមនាគមន៍​នៅ​មិនទាន់​ល្អ​ប្រសើរ​នៅឡើយ​ទេ។ ចំនួន​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ក្នុងស្រុក​ធ្លាក់ចុះ ខ្សែ​ទូរស័ព្ទ​ជាច្រើន​នៅ​ភ្នំពេញ​ខូចខាត​រាល់ថ្ងៃ ចំណែកឯ​សៀវភៅ​ទូរស័ព្ទ​ក្នុង​ទីក្រុង​ទាំងមូល​មានតែ​មួយ​ទំព័រ​គត់។ ជិះ​ស៊ីក្លូ​ឆ្លងកាត់​ទីក្រុង​ជំនាន់​នោះ​ងាយស្រួល​ជាង​ការ​ហៅ​ទូរស័ព្ទ​ទៅទៀត។ ចំណែក​សេវា​ទូរគមនាគមន៍​ទៅ​ក្រៅ​ប្រទេស​ស្ទើរតែ​គ្មាន។ ខ្ញុំ​មិនដឹង​ថា​ត្រូវ​ទាក់ទង​ទៅ​អ្នកផ្ទះ​ខ្ញុំ​តាម​វិធី​ណា​ទេ។ កាលនោះ ខ្ញុំ​មានតែ​កូនវិទ្យុ​តូច​មួយ ជា​មធ្យោបាយ​តែ​មួយគត់​ដើម្បី​តាមដាន​ព័ត៌មាន។

ប្រព័ន្ធ​សន្តិសុខ​សង្គម​នៅមាន​បញ្ហា។ មាន​បម្រាម​គោចរ​ចាប់ពី​ម៉ោង​៩​យប់​តទៅ​ក្នុង​ទីក្រុង។ ផ្លូវ​សំខាន់ៗ​ក៏​ខូចខាត ពិបាក​ធ្វើដំណើរ​ណាស់។ ចំណែក​យានយន្ត និង​សេវា​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ក៏​តិច ធ្វើឱ្យ​ចរាចរណ៍​ក្នុង​ទីក្រុង​មាន​ការ​លំបាក។

Welcome to Cambodia 14

សារមន្ទីរ​ទួលស្លែង និង “វាលពិឃាដ” ក៏​បើក​ដំណើរការ​ផងដែរ​ដែល​នាំមក​នូវ​បទពិសោធ​គួរឱ្យ​រន្ធត់ ហើយ​គ្រប់យ៉ាង​នៅតែ​បន្ត​រហូត​មកដល់​សព្វថ្ងៃ។

ក្នុង​ខែ​កុម្ភៈ ឆ្នាំ​១៩៨៤ យើង​ក៏បាន​នាំ​ភ្ញៀវ​ទេសចរ​ដំបូង​របស់​យើង​ដែលមាន​ជាតិសាសន៍​ចម្រុះ​ទៅកាន់​តំបន់​អង្គរ និង​ទីក្រុង​ភ្នំពេញ។ នេះ​គឺជា​លើក​ដំបូង​ដែល​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មកកាន់​ប្រទេស​កម្ពុជា បើគិតពី​ឆ្នាំ​១៩៧០​មក។ ភ្ញៀវ​ទេសចរ​ទាំងអស់​មិនត្រឹម​ចាប់អារម្មណ៍​ចំពោះ​ប្រាសាទ​បុរាណ​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចាប់អារម្មណ៍​ទៅលើ​ប្រជាជន​ខ្មែរ​ដែល​ពួកគេ​បាន​ជួប​ផ្ទាល់។ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​យ៉ាង​គគ្រឹកគគ្រេង​អំពី​ដំណើរ​កម្សាន្ត​នេះ​បាន​នាំ​មកនូវ​ការ​យកចិត្តទុកដាក់​ជាថ្មី​មកលើ​ប្រទេស​កម្ពុជា។

Welcome to Cambodia 23

ទីបំផុត នៅឆ្នាំ​១៩៩១ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវបាន​ចុះ​ហត្ថលេខា។ សម្ដេច​សីហនុ​បាន​វិលត្រឡប់​មកពី​បរទេស​វិញ។ ការ​បោះឆ្នោត​ក៏​គ្រោងនឹង​រៀបចំ ដោយមាន​វត្តមាន​កងកម្លាំង​អង្គការ​សហប្រជាជាតិ។ ទំព័រថ្មី​បាន​ចាប់ផ្តើម បើ​ទោះបី​ជា​វា​កើតឡើង​ប៉ុន្មាន​ឆ្នាំមុន​ពេល​ដែល​ខ្មែរក្រហម​ចុងក្រោយ​ទម្លាក់​អាវុធ​​ក៏ដោយ។

Welcome to Cambodia 25

• ជីវប្រវត្តិ​របស់​លោក ប៉ូល ខាំមីង (Paul K. Cummings) »
• ត្រឡប់ទៅ​ទំព័រដើម​នៃ​ពិព័រណ៍ “សូម​ស្វាគមន៍​មក​កម្ពុជា៖ ពី​តំបន់​សង្គ្រាម​មកជា​តំបន់​ទេសចរណ៍” »