រឿងរ៉ាវពីក្រោយរូបថត
ដោយលោក ប៉ូល ខាំមីង (Paul Cummings)
ខ្ញុំប្រហែលជាមិនដូចសិល្បករដទៃទៀតដែលមានស្នាដៃនៅទីនេះទេ ដ្បិតខ្ញុំមិនមែនជាអ្នកសារព័ត៌មាន ហើយក៏មិនមែនជាអ្នកថតរូបដែរ ប៉ុន្តែខ្ញុំមានជំនួញផ្នែកទេសចរណ៍។ ខ្ញុំទទួលបានសិទ្ធិដ៏កម្រក្នុងការមកទស្សនាប្រទេសកម្ពុជាក្នុងអំឡុងពេលវេលាដ៏សំខាន់មួយនៃប្រវត្តិសាស្រ្តខ្មែរ នោះគឺស្ថិតនៅក្នុងប៉ុន្មានឆ្នាំដំបូងៗក្រោយការដួលរលំនៃរបប ប៉ុល ពត។ ក្តីសង្ឃឹមរបស់ខ្ញុំគឺខ្ញុំអាចមានឱកាសចងក្រងឯកសារខ្លះៗអំពីជីវិតនាសម័យនោះ ហើយបើគិតមកដល់ឥឡូវ វាមានរយៈពេល៤០ឆ្នាំហើយ។
ខ្ញុំមានអាយុច្រើនល្មមគ្រប់គ្រាន់ដើម្បីចងចាំអំពីប្រទេសកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ខណៈដែលប្រទេសនេះគឺជាគោលដៅទេសចរណ៍ឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យ ព្រមទាំងប្រជាជនដ៏រួសរាយរាក់ទាក់ និងស្រគត់ស្រគំ។ ឥស្សរជនល្បីៗដូចជា Jackie Kennedy ក៏ធ្លាប់មកទស្សនា និងស្ងើចសរសើរពីប្រាសាទក្នុងតំបន់អង្គរដែរ។ ប៉ុន្តែរឿងទាំងអស់នេះបែរជារលត់ទៅវិញយ៉ាងឆាប់រហ័សក្នុងឆ្នាំ១៩៧០ គឺនៅពេលដែលប្រទេសកម្ពុជាកំពុងរងឥទ្ធិពលពីសង្គ្រាមវៀតណាម។ ភ្ញៀវទេសចរចុងក្រោយជាច្រើននាក់បានភៀសខ្លួនចេញពីតំបន់អង្គរ ហើយប្រទេសនេះក៏ធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាមដ៏ឃោរឃៅ និងការប្រល័យពូជសាសន៍។
ដូចយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា នៅឆ្នាំ១៩៧៥ ប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយខ្មែរក្រហម ហើយក៏បានបាត់ខ្លួនពីផែនទីពិភពលោក។ អស់រយៈពេល៣ឆ្នាំកន្លះ ទំនាក់ទំនងអ្វីក៏គ្មានដែរ សូម្បីមកពីប្រទេសលោកខាងលិច។ ព្រំដែនត្រូវបានបិទខ្ទប់ គ្មានជើងហោះហើរ គ្មានស្ថានទូត គ្មានទូរស័ព្ទ គ្មានទូរគមនាគមន៍ គ្មានអ៊ីមែល… ពោលគឺគ្មានផ្លូវណាដែលអាចទាក់ទងគ្នាបានទាល់តែសោះ។ សូម្បីតែក្រុមហ៊ុនអាកាសចរណ៍ដែលធ្វើដំណើរតាមជើងហោះហើរធម្មតានៅអាស៊ីក៏ត្រូវធ្វើដំណើរវាងចេញពីដែនអាកាសរបស់កម្ពុជាដែរ។
ខ្ញុំតែងតែនឹកឃើញដល់ប្រទេសកម្ពុជារាល់ពេលខ្ញុំចុះចតនៅឯអាកាសយានដ្ឋានបាងកក។ នៅលើផ្លូវរត់ដែលខានប្រើអស់រយៈពេលជាយូរឆ្នាំមកនេះ មានយន្តហោះជាច្រើនគ្រឿងត្រូវបានគេទុកចោល។ ទាំងនោះគឺជាយន្តហោះម៉ាក Caravelle ផលិតនៅប្រទេសបារាំងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Royal Air Cambodge ដែលបានចុះចតកាលពីខែមេសា ឆ្នាំ១៩៧៥ ស្របពេលដែលទីក្រុងភ្នំពេញកំពុងដួលរលំ ចំណែកក្រុមនាវិកក្នុងយន្តហោះទាំងនោះក៏បានបដិសេធមិនព្រមត្រឡប់ទៅវិញ។ គ្មានអ្នកណាជាម្ចាស់យន្តហោះទាំងនោះទៀតទេ។ អស់រយៈពេលជាច្រើនឆ្នាំ ថ្នាំលាបនៅលើយានទាំងនោះក៏សឹករេចរឹល។ យើងមិនអាចអានអក្សរនៅលើយានទាំងនោះបានទៀតឡើយ។ សម្រាប់ខ្ញុំ ភាពសឹករេចរឹលនេះប្រៀបបាននឹងវាសនាប្រទេសកម្ពុជាដែលលែងដូចពីមុន។
បច្ចុប្បន្នយើងកំពុងរស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយទំនាក់ទំនង និងសកលភាវូបនីយកម្ម។ វាងាយនឹងបំភ្លេចដែរពីរឿងកន្លងទៅថ្មីៗនេះដែលពិភពលោកត្រូវបានបែងចែកជាពីរសម្ព័ន្ធទៅតាមមនោគមវិជ្ជានយោបាយ ខណៈដែលទំនាក់ទំនងពាណិជ្ជកម្ម ឬទេសចរណ៍មានតិចតួចបំផុត។ ខ្ញុំក៏បានចាប់យកឱកាសអាជីវកម្មមួយជាមួយនឹងក្ដីជឿជាក់ថា វិស័យទេសចរណ៍នឹងអាចរួមចំណែកនាំមកនូវទំនាក់ទំនងល្អឡើងវិញរវាងសម្ព័ន្ធភាគីទាំងពីរ។ ជាមួយផ្នត់គំនិតនេះ ខ្ញុំក៏បានបង្កើតក្រុមហ៊ុនទេសចរណ៍មួយឈ្មោះថា Orbitours និងចាប់ផ្តើមបម្រើសេវាកម្មនាំភ្ញៀវទេសចរឆ្ពោះទៅកាន់ប្រទេសវៀតណាម និងឡាវ ដែលរួចចាកផុតពីសង្គ្រាម។
ក្នុងអំឡុងពេលនោះ រដ្ឋាភិបាលខ្មែរក្រហមត្រូវបានផ្តួលរំលំ។ ព្រឹត្តិការណ៍នោះបានផ្តល់ក្តីសង្ឃឹមខ្លះៗដល់ខ្ញុំថា ខ្ញុំអាចនឹងមានឱកាសនាំភ្ញៀវរបស់ខ្ញុំទៅដល់ប្រទេសកម្ពុជានៅថ្ងៃណាមួយ។ ខ្ញុំក៏បានដាក់ពាក្យស្នើសុំទិដ្ឋាការ ប៉ុន្តែខ្ញុំត្រូវរង់ចាំប្រហែលពីរទៅបីឆ្នាំទម្រាំទិដ្ឋាការរបស់ខ្ញុំត្រូវបានអនុញ្ញាត។
ទីបំផុត នៅឆ្នាំ១៩៨៣ ខ្ញុំបានឈានជើងមកដល់ភ្នំពេញជាលើកដំបូង។ ប៉ុន្តែទម្រាំទៅដល់ទីនោះគឺពិបាកណាស់។ ពេលនោះសាធារណរដ្ឋប្រជាមានិតកម្ពុជាកំពុងតែគិតគូរបើកផ្លូវឱ្យអន្តរជាតិចូលមកកាន់ប្រទេសនេះវិញ ប៉ុន្តែកម្ពុជាហាក់នៅមានគម្លាតឆ្ងាយពីអន្តរជាតិនៅឡើយ។ កាលនោះមិនទាន់មានស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកកនៅឡើយទេ ហើយក៏ពុំទាន់មានច្រកណាមួយពីប្រទេសថៃចូលមកកាន់ប្រទេសកម្ពុជាដែរ។ តែទោះជាយ៉ាងនេះក្ដី អាកាសយានដ្ឋាននៅភ្នំពេញបានបើកដំណើរការឡើងវិញ ដោយទទួលជើងហោះហើរបន្តពីទីក្រុងហូជីមិញ។ ដោយសារខ្ញុំមានបទពិសោធធ្វើការនៅឯប្រទេសវៀតណាមស្រាប់ ខ្ញុំក៏យកឱកាសនេះដើម្បីចូលទៅកាន់ទឹកដីប្រទេសកម្ពុជា។
រាជធានីភ្នំពេញត្រូវបានគេទុកចោល ភាគច្រើនគ្មានមនុស្សរស់នៅ និងសឹករេចរឹលក្រោយពីរយៈពេលជិត៤ឆ្នាំនៃរបបខ្មែរក្រហម។ ប្រជាជនកម្ពុជាក៏មានសេរីភាពក្នុងការធ្វើដំណើរឡើងវិញ។ មនុស្សជាច្រើនធ្វើដំណើរមកពីជនបទដើម្បីរកកន្លែងរស់នៅ និងស្វែងរកគ្រួសារ។ មានចរាចរណ៍ម៉ូតូតិចតួចប៉ុណ្ណោះ ចំណែកឯឡានចាស់ៗជាច្រើនគ្រឿងត្រូវបានគេទុកចោល។
ក្រៅពីនេះ ខ្ញុំឃើញតែរថយន្តរុស្ស៊ីដែលទើបតែនាំចូលថ្មីៗ និងជាកម្មសិទ្ធិរបស់មន្ទីររដ្ឋាភិបាលប៉ុណ្ណោះ។ ចំណែកស៊ីក្លូវិញគឺមានច្រើនសន្ធឹកសន្ធាប់។ យ៉ាងណាមិញ ការធ្វើដំណើរក្នុងទីក្រុងនៅពេលនោះមានភាពងាយស្រួលជាងសព្វថ្ងៃ។
ហាង និងភោជនីយដ្ឋានមួយចំនួនតូចបើកដំណើរការ។ សណ្ឋាគារក៏មានតែពីរបីកន្លែងប៉ុណ្ណោះដែលបើក។ ថាមពលប្រើប្រាស់នៅទីនោះក៏មិនទៀងទាត់ ហើយដើម្បីចូលទៅកាន់បន្ទប់នៅជាន់ខាងលើបានគឺទាល់តែប្រើជណ្ដើរបណ្ដោះអាសន្ន។ ភ្ញៀវជាច្រើនមកពីបណ្តាប្រទេសសង្គមនិយម អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងមានមួយចំនួនជាអ្នកកាសែតដែរ។ ពេលនោះរូបិយបណ្ណជាតិទើបតែចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ឡើងវិញ (មួយរៀលមានតម្លៃស្មើនឹងបរិមាណអង្ករជាក់លាក់) ដែលនាំមកនូវដង្ហើមសម្រាប់ពាណិជ្ជកម្ម។ ទីផ្សារមានដំណើរការ និងមមាញឹកខ្លាំងទាំងទំនិញក្នុងស្រុក និងនាំចូល ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ទំនិញនៅទីនេះមានច្រើនជាងនៅវៀតណាមទៅទៀត។ មានជំនួយគួរឱ្យកត់សម្គាល់ខ្លះៗដែរពីប្រទេសក្នុងសម្ព័ន្ធភាពជាមួយសហភាពសូវៀត ជាក់ស្ដែងដូចជាមណ្ឌលកុមារកំព្រាដែលឧបត្ថម្ភដោយហុងគ្រី។
ខ្ញុំក៏មានឱកាសបានដើរទស្សនាតាមសាលារៀន រោងចក្រផលិតសម្បកកង់ឡានធ្វើពីកៅស៊ូ ព្រមទាំងគ្រឹះស្ថានសិក្សាធំៗមួយចំនួនដូចជាសាលាវេជ្ជសាស្ត្រជាដើម។
ចំណែកសេវាទូរគមនាគមន៍នៅមិនទាន់ល្អប្រសើរនៅឡើយទេ។ ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទក្នុងស្រុកធ្លាក់ចុះ ខ្សែទូរស័ព្ទជាច្រើននៅភ្នំពេញខូចខាតរាល់ថ្ងៃ ចំណែកឯសៀវភៅទូរស័ព្ទក្នុងទីក្រុងទាំងមូលមានតែមួយទំព័រគត់។ ជិះស៊ីក្លូឆ្លងកាត់ទីក្រុងជំនាន់នោះងាយស្រួលជាងការហៅទូរស័ព្ទទៅទៀត។ ចំណែកសេវាទូរគមនាគមន៍ទៅក្រៅប្រទេសស្ទើរតែគ្មាន។ ខ្ញុំមិនដឹងថាត្រូវទាក់ទងទៅអ្នកផ្ទះខ្ញុំតាមវិធីណាទេ។ កាលនោះ ខ្ញុំមានតែកូនវិទ្យុតូចមួយ ជាមធ្យោបាយតែមួយគត់ដើម្បីតាមដានព័ត៌មាន។
ប្រព័ន្ធសន្តិសុខសង្គមនៅមានបញ្ហា។ មានបម្រាមគោចរចាប់ពីម៉ោង៩យប់តទៅក្នុងទីក្រុង។ ផ្លូវសំខាន់ៗក៏ខូចខាត ពិបាកធ្វើដំណើរណាស់។ ចំណែកយានយន្ត និងសេវាផ្គត់ផ្គង់ប្រេងឥន្ធនៈក៏តិច ធ្វើឱ្យចរាចរណ៍ក្នុងទីក្រុងមានការលំបាក។
សារមន្ទីរទួលស្លែង និង “វាលពិឃាដ” ក៏បើកដំណើរការផងដែរដែលនាំមកនូវបទពិសោធគួរឱ្យរន្ធត់ ហើយគ្រប់យ៉ាងនៅតែបន្តរហូតមកដល់សព្វថ្ងៃ។
ក្នុងខែកុម្ភៈ ឆ្នាំ១៩៨៤ យើងក៏បាននាំភ្ញៀវទេសចរដំបូងរបស់យើងដែលមានជាតិសាសន៍ចម្រុះទៅកាន់តំបន់អង្គរ និងទីក្រុងភ្នំពេញ។ នេះគឺជាលើកដំបូងដែលមានភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសកម្ពុជា បើគិតពីឆ្នាំ១៩៧០មក។ ភ្ញៀវទេសចរទាំងអស់មិនត្រឹមចាប់អារម្មណ៍ចំពោះប្រាសាទបុរាណខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចាប់អារម្មណ៍ទៅលើប្រជាជនខ្មែរដែលពួកគេបានជួបផ្ទាល់។ ការផ្សព្វផ្សាយព័ត៌មានយ៉ាងគគ្រឹកគគ្រេងអំពីដំណើរកម្សាន្តនេះបាននាំមកនូវការយកចិត្តទុកដាក់ជាថ្មីមកលើប្រទេសកម្ពុជា។
ទីបំផុត នៅឆ្នាំ១៩៩១ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា។ សម្ដេចសីហនុបានវិលត្រឡប់មកពីបរទេសវិញ។ ការបោះឆ្នោតក៏គ្រោងនឹងរៀបចំ ដោយមានវត្តមានកងកម្លាំងអង្គការសហប្រជាជាតិ។ ទំព័រថ្មីបានចាប់ផ្តើម បើទោះបីជាវាកើតឡើងប៉ុន្មានឆ្នាំមុនពេលដែលខ្មែរក្រហមចុងក្រោយទម្លាក់អាវុធក៏ដោយ។
• ជីវប្រវត្តិរបស់លោក ប៉ូល ខាំមីង (Paul K. Cummings) »
• ត្រឡប់ទៅទំព័រដើមនៃពិព័រណ៍ “សូមស្វាគមន៍មកកម្ពុជា៖ ពីតំបន់សង្គ្រាមមកជាតំបន់ទេសចរណ៍” »