សេចក្តីប្រកាសព័ត៌មានស្តីអំពីការអនុវត្តគម្រោង«កសាងសមត្ថភាព​យុវ​ជនជន​ជាតិ​ដើម​ភាគ​តិច និងបង្កើតបណ្ណសារសោតទស្សន៍ជនជាតិដើមភាគតិចនៅកម្ពុជា តាមរយៈវីគីមីឌៀ»

FILE 2x3 Poster2 (003)

មជ្ឈមណ្ឌល​ធនធានសោតទស្សន៍បុប្ផាណា​ និង​អង្គការយូណេស្កូ មានកិត្តិយសសូមជម្រាបជូនថា ស្ថាប័ន​ទាំងពីរនឹងអនុវត្តរួមគ្នា​នូវ​គម្រោង​ «ការ​កសាង​សមត្ថភាព​យុវជន​ជនជាតិ​ដើម​ភាគ​តិច​និង​បង្កើត​បណ្ណសារ​សោត​ទស្សន៍​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា តាម​រយៈ​វីគីមី​ឌៀ» ចាប់​ពី​ខែ​កក្កដា​ឆ្នាំ២០២១ ដល់​ខែ​មិថុនា​ឆ្នាំ២០២២ ក្រោម​ជំនួយ​ពី​មូល​និធី វីឌីមីឌៀ។

គម្រោងនេះ​នឹង​ប្រើប្រាស់​កម្មវិធី​ផ្សព្វ​ផ្សាយ​នៃ​វី​គីមី​ឌៀ ដើម្បី​ផ្តល់​ផ្សព្វ​ផ្សាយ​បណ្ណ​សារ​សោត​​ទស្សន៍​ជន​ជាតិ​ដើម​ភាគ​តិច ដើម្បី​ថែរក្សា ការពារ និង​លើក​ស្ទួយ​ភាសា​ជន​ជាតិ​ដើម​ភាគ​តិច នៅ​ក្នុង​ប្រទេស​កម្ពុជា។

គម្រោង​នេះ​នឹង​ផ្តល់​កម្ម​វិធី​បណ្តុះ​បណ្តាល និង​កសាង​សមត្ថភាព​យុវជន ដែល​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន​៣០​រូប មក​ពី​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតន​គីរី​ នូវ​ជំនាញ​ផលិត​ភាព​យន្ត​ឯក​សារ (ទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង)។ យុវជននឹងសិក្សាពីដំណើរការនៃការផលិតភាពយន្តតាំងពី ដំណាក់​កាល​ត្រៀម​ផលិត(Pre-Production) ដំណាក់​កាល​ផលិត​(Production) និងដំណាក់កាលក្រោយផលិត (Post-Production) ដើម្បីឱ្យយុវជនអាចផលិតភាពយន្ត​ជាភាសាដើមរបស់ពួកគាត់​ស្តី​អំពី​ជីវិតរស់នៅប្រចាំថ្ងៃនិងវប្បធម៌របស់សហគមជនជាតិដើមភាគតិច។

ដោយមានជំនួយបច្ចេកទេសពីអ្នកជំនាញទេសផ្នែកគេហទំព័រវីគីមីឌៀ យុវជនជនជាតិដើមភាគតិចនឹងទទួលបានការបណ្តុះ​បណ្តាលអំពីរបៀបប្រើប្រាស់​គេហទំព័រ​វីគីមីឌៀ​ក្នុងការផ្សព្វផ្សាយឯកសារ និងប្រើប្រាស់គេហទំព័រនេះ។ បណ្ណសារសោតទស្សន៍ដែលផលិតក្នុងគម្រោង នឹងត្រូវថែរក្សានៅក្នុងមូលដ្ឋានទិន្នន័យរបស់អង្គការយូណេស្កូ មជ្ឈ​មណ្ឌល​បុប្ផាណា និងដៃគូរផ្សេងៗទៀតរួមមាន MOWCAP និង ​Wikitongues ព្រមទាំងផ្សព្វផ្សាយយ៉ាងទូលាយតាមគេហទំព័រវីគីឌីមីឌៀខំមិន (Wikimedia Commons)​ផងដែរ។

គម្រោងនេះ នឹងផលិតឯកសារដែលមានខ្លឹមសារនិងគុណភាពខ្ពស់ជាភាសាជនជាតិដើមភាគតិច និងជាភាសាខ្មែរ ស្តីពីវប្បធម៌ជនជាតិដើមភាគតិចនៅកម្ពុជា និង​ចែក​រំលែក​ឯកសារទាំងនេះ​ក្នុងគេហទំព័រវីគីមីឌៀ។ ក្នុងក្របខណ្ឌនៃ ទស​វត្សអន្តរជាតិនៃ​ភាសាជនជាតិដើម​ភាគតិច របស់​អង្គការ​​យូណេស្កូ ២០២២​-២០៣២(IDIL) គម្រោង​នេះ​នឹងអាចជាគំរូឧទាហរណ៍សម្រាប់បណ្តាប្រទេសដែលជាសមាជិក ឬជាដៃគូរបស់អង្គការយូណេស្តូ ដើម្បីអនុវត្តគម្រោងស្រដៀងគ្នានេះដែរ ដោយ​សហ​ការ​ជា​មួយ​សហគមន៍វីគីមីឌៀ ក៏ដូចជាលើកទឹកចិត្តជនជាតិដើមភាគតិចក្នុងការប្រើប្រាស់គេហទំព័រវីគីមីឌៀ ដើម្បីចែករំលែកឯកសារស្តីពីភាសានិងវប្បធម៌ជនជាតិដើមភាគតិច ព្រមទាំងដើម្បីថែរក្សានិងលើកស្ទួយភាសារបស់ពួកគាត់។

ឧបត្ថម្ភដោយ

Wikimedia_Foundation_logo for website                LOGO-PNG

សហការដោយ

UNESCO_logo_hor_blue