គម្រោង «សិល្បៈភាពយន្តដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន»

មជ្ឈ​មណ្ឌល​ធន​ធាន​សោត​ទស្សន៍​បុប្ផា​ណា​(ARPAA)​ និង​អង្គ​ការ​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា​(CIPO)​ ​សហការ​​គ្នា​អនុវត្ត​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា​«​សិ​​​ល្បៈ​ភាព​យន្ត​ដើម្បី​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន​»​ (​The​ ​Arts​ ​of​ Visibility​ ​and​ ​Positive​ ​Social​ ​Change​)​ ​សម្រាប់​រយៈ​ពេល​២១​(​ម្ភៃ​មួយ​)​ខែ​ ​ដោយ​ចាប់​ផ្តើម​ពី​ខែ​មេសា​ ​ឆ្នាំ​២០២២​ ​និង​បញ្ចប់​នៅ​ខែ​ធ្នូ ​ឆ្នាំ​២០២៣​។​ ​គម្រោង​នេះ​ ​ទទួល​បាន​ការ​គាំទ្រ​ពីកម្ម​វិធី​VOICE​ ​តាម​រយៈ​អង្គ​ការ​អុក​ស្វាម​(​Oxfam​)​ ​មូល​និ​ធិ​ហ្វ​ដ​ ​និង​មូល​និ​ធិ​ហេន​រេច​បូល​។​

គោល​បំណង​នៃ​គម្រោង​នេះ​ ​គឺ​ដើម្បី​ផ្តល់​ឱ​កាស​ដល់​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​ ​ជា​ពិសេស​ស្ត្រី​ ​បង្ហាញ​នូវ​សំឡេង​របស់​ខ្លួន​ ​តាម​រយៈ​ចំណេះ​ដឹង​ប្រពៃណី​ជន​ជាតិ​ដើម​ភាគ​តិច​ ​សិល្បៈ​សកម្ម​ ​និ​ង​បច្ចេក​វិទ្យា​ផ្នែក​ពហុ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។​

គម្រោង​នេះ​ ​ផ្តល់​ជូន​អាហារូបករណ៍​ចំពោះ​សិក្ខាកាម​ជាជន​ជាតិ​ដើម​ភាគ​តិច​ ​ចំនួន​២៤​(​ម្ភៃបួន​)​រូប​មក​ពី​ខេត្ត​រតន​គិរី​និង​ខេត្ត​មណ្ឌល​គិរី​ដែល​មាន​អាយុ​ចន្លោះ​ពី​១៨​រហូត​ដល់​៣០​ឆ្នាំ​ ​ដើម្បី​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ផ្នែក​ផលិត​ភាព​យន្ត​ឯកសារ​និង​ពហុ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។​ ​លើស​ពី​នេះ​ទៅ​ទៀត​ ​គម្រោង​នឹង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​ពួក​គេ​អំពី​ចំណេះ​ដឹង​មូលដ្ឋាន​​ផ្នែក​ព័ត៌​មាន​វិទ្យា​។​

ដើម្បី​ធានា​នូវ​ការ​ចូល​រួម​របស់​យុវជន​ ​ជា​ពិសេស​ស្រ្ដី​ ​មក​ពី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​ផ្សេង​គ្នា​នៅ​ក្នុង​គម្រោង​នេះ​ ​មជ្ឈម​ណ្ឌល​បុប្ផា​ណា​ ​បាន​ផ្តល់​ការ​បណ្តុះ​បណ្តាល​នៅ​ក្រុង​បាន​លុង​ ​ខេ​ត្ត​រតន​គិរី​។​

លក្ខណៈ​ពិសេស​ថ្មី​នៃ​គម្រោង​នេះ​ ​រួម​មាន​(​១​)​ការ​ដាក់​បញ្ចូល​​សិក្ខា​កាម​របស់​គម្រោង​មុន​ ​ដើម្បី​ផ្តល់​ប្រឹក្សា​ដល់​សិក្ខា​កាម​នៅ​ក្នុង​គម្រោង​នេះ​ ​(​២​)​កា​រ​បង្កើត​សន្ទា​នុក្រម​បច្ចេក​ទេស​ផលិត​ភាព​យន្ត​ជា​ភាសា​ជន​ជាតិ​ដើម​ភាគ​តិច​ ​(​៣​)​​ការ​បង្រៀន​ពី​របៀប​រៀប​ចំ​ពិ​ព័រណ៍​រូប​ថត​និង​ព្រឹត្តិការណ៍​វប្បធម៌​ ​និង​(​៤​)​​ការ​សហការ​គ្នា​ទៅវិញ​ទៅ​មក​រវាង​យុវជន​​ក្នុង​ខេត្ត​រតន​គិរី​​និង​មណ្ឌល​គិរី​។​

តាម​រយៈ​គម្រោង​នេះ​ ​មជ្ឈមណ្ឌល​បុប្ផាណា​បន្ត​ចូល​រួម​ភ្ជាប់​ទំនាក់​ទំនង​រវាង​យុវជន​និង​សមា​ជិក​សហគមន៍​ ​ជា​ពិសេស​មនុស្ស​វ័យ​ចាស់​នៅ​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ ​តាម​រយៈ​ការ​ផ្ទេរ​ចំណេះ​ដឹង​ប្រពៃណី​ ការ​ចែក​រំលែក​​បទ​ពិសោធ​ជីវិត​ ​និង​បញ្ហា​ប្រឈម​នៅ​ក្នុង​សហគមន៍​ ​តាម​រ​យៈ​​ការ​ផលិត​ភាពយន្ត​ដែល​មាន​ការ​ចូល​រួម​។​ ​ភាព​យន្ត​ឯកសារ​ដែល​ផលិត​នៅ​ក្នុង​គម្រោង​នេះ​ ​នឹង​ធ្វើ​ឡើង​ជា​ភាសា​ជនជាតិ​ដើម​ភាគ​តិច​ ​ដើម្បី​ចូល​រួម​អភិ​រក្ស​ភាសា​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​។​

ភាព​យន្ត​ទាំង​នោះ​ ​នឹង​ចាក់​បញ្ចាំង​នៅ​កម្រិត​មូលដ្ឋាន​នៅ​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ ​ការ​ចាក់​បញ្ចាំង​នៅ​កម្រិត​ជាតិ​ ​និង​កម្រិត​អន្តរ​ជាតិ​។​

​   ​ អនុវត្ដដោយ                       សហការដោយ

King Sisowath’s dancers    ​​​​​​​​       

   ផ្ដល់មូលនិធិដោយ