ឧបករណ៍ភ្លេងខ្មែរ តាខេ ឬក្រពើ

នេះគឺជាភ្លេងតាខេ ប្រគំដោយលោកគ្រូ ហាង គីន ដែលត្រូវបានថត និងដឹកនាំការផលិតដោយ ហ្សាក់ ប្រ៊ុយណេ (Brunet Jacques) នៅឆ្នាំ ១៩៧២។ មជ្ឈមណ្ឌលបុប្ផាណាបានទទួលបណ្ណសារសំឡេងនេះពីលោក ពៅ ធនវឍ។

បានជាគេហៅឧបករណ៍ថាក្រពើ ព្រោះខ្មែរបុរាណធ្វើឧបករណ៍នេះមានរាងដូចសត្វក្រពើ។ ឧបករណ៍នេះក៏មានស្ថានភាពចូលក្នុងប្រភេទឧបករណ៍ខ្សែដែរ ព្រោះបច្ចុប្បន្ននេះគេនិយមហៅថា តៈខេ ឬ តាខេ ដែលជាភាសាសៀមប្រែមកថា ក្រពើ។ ខ្មែរបុរាណធ្វើឧបករណ៍នេះមានរាងដូចក្រពើណាស់ (មាននៅសេសសល់រហូតដល់អំឡុងទសវត្សរ៍ ១៩៦០) គឺក្រពើហាមាត់ មានធ្មេញ មានភ្នែក ហើយមានឆ្លាក់ក្បាច់នៅលើក្បាលយ៉ាងល្អ។

ការក្លាយមកមានរូបរាងដូចសព្វថ្ងៃនេះ គឺដោយសារស្ថានភាពនៃការរងគ្រោះដោយសង្រ្គាមរ៉ាំរ៉ៃ ដែលចេះតែកើតមានរាប់សតវត្សរ៍ជាបន្ដបន្ទាប់តាំងពីក្រោយសម័យអង្គរមក។

ឧបករណ៍នេះសម្រាប់លេងក្នុងវង់ភ្លេងមហោរី វង់ភ្លេងអាយ៉ៃ។ បច្ចុប្បន្នគេច្រើនយកមកលេងក្នុងវង់ភ្លេងការ ព្រោះវាងាយស្រួលដឹកជញ្ជូនជាងចាប៉ីដងវែង។

អត្ថបទនេះដកស្រង់ពីសៀវភៅ “មរតកតន្រ្ដីខ្មែរ” និពន្ធដោយអ្នកស្រី កែវ ណារុំ ឆ្នាំ ២០០៥។

#Archives #ArchivesPreservation

#BophanaCenter

avatar