ជីវប្រវត្តិរបស់លោក ប៉ូល ខាំមីង (Paul K. Cummings)

Bio of Paul Cummings (For Web)

លោក ប៉ូល កូមីណាតូស ខាំមីង (Paul Kominatos Cummings) កើត​នៅ​ទីក្រុង​ស៊ីដនី​ក្នុង​ឆ្នាំ​១៩៤៩។ ឪពុកម្តាយ​របស់​លោក​ជា​ជនជាតិ​ក្រិក​ដែល​ធ្លាប់​ធ្វើ​ពាណិជ្ជកម្ម​នាំចេញ​នាំចូល​ក្នុង​ប្រទេស​ចិន។ លោក​ស្ថិតនៅ​ក្នុង​ជំនាន់​ទី​៣​នៃ​គ្រួសារ​ដែល​មាន​ជំនួញ​នៅ​ទ្វីប​អាស៊ី និង​ទទួល​ឥទ្ធិពល​តាំងពី​នៅ​ក្មេង​ដោយសារ​ឪពុកម្តាយ​របស់​លោក​គោរព​វប្បធម៌​អាស៊ី។

បន្ទាប់ពី​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម និង​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ធុរកិច្ច លោក​បាន​ចាប់អារម្មណ៍​នឹង​ការ​ធ្វើដំណើរ​រយៈពេល​៣​ខែ​លើ​ផ្លូវគោក​ពី​ទ្វីបអឺរ៉ុប​ឆ្ពោះទៅ​ប្រទេស​ឥណ្ឌា ដោយ​ឆ្លងកាត់​ប្រទេស​តួកគី អ៊ីរ៉ង់ អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន។

ក្រោយពី​លោក​វិលត្រឡប់​ទៅ​ប្រទេស​អូស្រ្តាលី​វិញ លោក​បាន​ចូល​បម្រើ​ការងារ​នៅឯ R.C.A. Records ក្នុង​នាម​ជា​វិស្វករ​ជួយដល់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​សំឡេង​ពហុប៉ុស្តិ៍ (multi-channel audio) ដែល​កំពុង​រីកចម្រើន។

ក្នុង​គ្រា​អវសាន​នៃ​សង្គ្រាម​វៀតណាម​នា​ឆ្នាំ​១៩៧៥ លោក​មាន​ការ​ជឿជាក់ (ជា​ទស្សនៈ​ភាគតិច​បំផុត​មួយ​ក្នុង​ពេលនោះ) ថា​ប្រទេស​វៀតណាម កម្ពុជា និង​ឡាវ នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ថ្មី​ដ៏​អស្ចារ្យ​បន្ទាប់ ហើយ​លោក​ក៏​ចាប់ផ្ដើម​ធ្វើឱ្យ​ជំនឿ​ជាក់​មួយនេះ​ក្លាយជា​ការពិត។

លោក​ប៉ូល​បាន​បង្កើត​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ឈ្មោះថា Orbitours ដោយ​ផ្ដោតសំខាន់​លើ​ការ​ធ្វើដំណើរ​ក្នុង​តំបន់។ តាមរយៈ​ការ​នាំ​ភ្ញៀវ​ទេសចរ​ទៅកាន់​ប្រទេស​ឡាវ និង​វៀតណាម​ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៨០ Orbitours បាន​ក្លាយជា​ក្រុមហ៊ុន​ទេសចរណ៍​ឈាន​មុខ​គេ​របស់​ពិភពលោក​ដែល​នាំ​ភ្ញៀវ​ទេសចរ​ទៅកាន់​តំបន់​គោលដៅ​ទាំងនោះ។ ភ្ញៀវ​ទេសចរ​របស់​លោក​មកពី​ទ្វីប​អឺរ៉ុប អូស្ត្រាលី និង​អាមេរិក​ខាងជើង។ នៅឆ្នាំ​១៩៨៤ លោក​ក៏​បាន​នាំ​ភ្ញៀវ​ទេសចរ​ជា​ក្រុម​ដំបូងគេ​មកកាន់​រាជធានី​ភ្នំពេញ និង​ប្រាសាទ​អង្គរវត្ត ចាប់តាំងពី​មាន​ការ​ផ្ទុះ​សង្គ្រាម​នៅ​ឆ្នាំ​១៩៧០។

ក្នុង​ឆ្នាំ​១៩៩២ លោក​បាន​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ស្ថាបនិក និង​ជា​នាយក​ក្រុមហ៊ុន Diethlem Travel Cambodia (ដែល​បណ្តាក់​ទុន​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​ឈានមុខគេ​មួយ​ក្នុង​ប្រទេស​ថៃ) ហើយ​ក៏​បាន​ក្លាយជា​ក្រុមហ៊ុន​ទេសចរណ៍​ដ៏​លេចធ្លោ​មួយ​ក្នុង​ប្រទេស​កម្ពុជា។ ដោយ​សន្តិសុខ​ពេលនោះ​មាន​លក្ខណៈ​អំណោយផល​ដែរ លោក​ក៏​បាន​ត្រួសត្រាយ​ទិសដៅ​ទេសចរណ៍​ថ្មីៗ​បន្ថែម​ទៀត​ក្នុង​ប្រទេស​កម្ពុជា ដូចជា​នៅ​ខេត្ត​ព្រះវិហារ និង​អតីត​មូលដ្ឋាន​ខ្មែរក្រហម​នៅឯ​ស្រុក​អន្លង់វែង។

មិនតែ​ប៉ុណ្ណោះ ក្នុង​ប្រទេស​វៀតណាម និង​ឡាវ លោក​ក៏​បាន​អភិវឌ្ឍ​គម្រោង​ដំណើរកម្សាន្ត​ថ្មីៗ​បន្ថែមទៀត ដោយ​បើក​ឡើងវិញ​នូវ​តំបន់​ជាច្រើន​ដែល​បិទ​ជាយូរ​មកហើយ​សម្រាប់​ភ្ញៀវទេសចរ។ លោក​ក៏​ធ្លាប់​មាន​បទពិសោធ​រៀបចំ​ដំណើរ​សម្រាប់​ក្រុម​ពិសេសៗ​មួយចំនួន​ទៀត​ដូចជា ក្រុម​ទាហាន​អូស្រ្តាលី​ដែល​បាន​ធ្វើ​សង្គ្រាម​នៅឯ​ប្រទេស​វៀតណាម និង​ជនភៀសខ្លួន​ដែលមាន​បំណង​វិលត្រឡប់​ទៅលេង​ក្រុមគ្រួសារ​របស់​ពួកគេ​វិញ។ លោក​ក៏​មាន​មុខ​នៅលើ​ទំព័រ​កាសែត ទស្សនាវដ្ដី កម្មវិធី​វិទ្យុ ព្រមទាំង​បាន​ចូលរួម​ចំណែក​ក្នុង​សៀវភៅ​មគ្គុទេសក៍​ជាច្រើន ក្នុងនោះ​ក៏មាន Lonely Planet ផងដែរ។ លោក​ក៏ជា​អ្នក​ចូលរួម​វិភាគទាន​បង្កើត​វេទិកា​មេគង្គ (Mekong Forum) ដែលជា​ស្ថាប័ន​សម្របសម្រួល​ការផ្សព្វផ្សាយ​ឆ្លង​ប្រទេស​អំពី​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​ក្នុង​តំបន់​មេគង្គ។

នៅ​ឆ្នាំ​១៩៩៥ ខណៈ​ដែល​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង​នៅ​តានតឹង​នៅឡើយ លោក​បាននាំ​ភ្ញៀវ​ទេសចរ​អាមេរិក​ដំបូងគេ​មួយចំនួន​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​សម្រាប់​ពិធី​បុណ្យ​កីឡា​ដ៏ធំ​មួយ​ដែល​ព្រឹត្តិការណ៍ Mass Games ដ៏​ល្បីល្បាញ​ត្រូវបាន​សំដែង​នៅទីនោះ និង​មាន​វត្តមាន​កីឡាករ​អាមេរិក Muhammad Ali ចូលរួម​ជា​ភ្ញៀវកិត្តិយស​ទៀតផង។

ក្នុង​ចំណោម​ដំណើរ​ជាច្រើន លោក​មាន​បទពិសោធ​ធ្វើដំណើរ​ឆ្លងកាត់​វាលខ្សាច់​សាហារ៉ា​តាមរយៈ​ឡានធំ​ពី​ឆ្នេរ​អាល់ហ្សេរី​ឆ្ពោះទៅកាន់​ប្រទេស​នីហ្សេរ ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ឥណ្ឌូនេស៊ី​ពី​ប៉ែក​ខាងកើត​ទៅ​ប៉ែក​ខាងលិច ធ្វើដំណើរ​សសៀរ​តាម​ព្រំដែន​កូរ៉េ​ខាងជើង និង​ខាងត្បូង ចូលរួម​ពិធី Voodoo នៅ​ហៃទី និង​បាន​ចូលរួម​ដំណើរ​កម្សាន្ត​បោះជំរំ​នៅឯ​ប្រទេស​រុស្ស៊ី​ក្នុង​ឆ្នាំ​១៩៧០ ដែល​នៅ​ទីនោះ​លោក​បាន​ជួប និង​ស្គាល់​យុវជន​ក្មេងៗ​ជាច្រើន​មកពី​អឺរ៉ុប​ខាងកើត។ តែ​ទោះជា​យ៉ាងនេះ​ក្ដី ពេលវេលា​ដែល​លោក​ស្នាក់នៅ​ប្រទេស​កម្ពុជា​នៅតែ​ពិសេស​សម្រាប់​លោក​ដដែល។

បច្ចុប្បន្ន លោក​បាន​ចូលនិវត្តន៍​ហើយ និង​កំពុង​រស់នៅ​ឯ​ទីក្រុង​ស៊ីដនី​ជាមួយនឹង​ដៃគូ​របស់​លោក។ លោក​នៅតែ​ចាប់អារម្មណ៍​ជាមួយនឹង​បច្ចេកវិទ្យា ការ​ធ្វើដំណើរ និង​កិច្ចការ​អន្តរជាតិ។ ក្រៅពីនេះ លោកក៏​ចាប់អារម្មណ៍​ទៅលើ​អាហារ ស្រា មិត្តភក្តិ និង Samoyed (ឈ្មោះ​ពូជ​សុនខ)។

• ត្រឡប់ទៅ​ទំព័រដើម​នៃ​ពិព័រណ៍ “សូម​ស្វាគមន៍​មក​កម្ពុជា៖ ពី​តំបន់​សង្គ្រាម​មកជា​តំបន់​ទេសចរណ៍” »
• រឿងរ៉ាវពីក្រោយរូបថត »