ដានអនុស្សារ

ពិព័រណ៍រៀបចំដោយ វិចិត្រករ ស៊ួ គីមសាន

ចាប់ពីថ្ងៃទី ៥ មេសា ដល់ថ្ងៃទី ២៩ មេសា
សម្ពោធពិព័រណ៍នៅថ្ងៃទី ៥ មេសា វេលាម៉ោង ៥:៣០ ល្ងាច

ជា​ច្រើន​ពាន់ឆ្នាំ​មកហើយ​ ប្រទេស​កម្ពុជា​យើង​បាន​ឆ្លងកាត់​នូវ​សម័យកាល​ជា​ច្រើន​រាប់​តាំងពី​ការ​កកើត​ទឹកដី​មក​។ តាំង​ពី​សម័យ​បុរេប្រវត្តិ​ បន្ដ​មក​ដល់​សម័យ​ដែល​គេ​ស្គាល់​ថា​ជា​អាណាចក្រមួយ​ដែល​មាន​ភាព​រុងរឿង​ថ្កើនថ្កាន​គឺ សម័យអង្គរ​។ កង់​ប្រវត្តិសាស្ដ្រ​នេះ​នៅ​តែបន្ដ​វិល​រហូត​ដល់​សម័យ​ដែល​ប្រទេស​ធ្លាក់​ចុះ​ជា​លំដាប់​ចាប់​ពី​ក្រោយ​សម័យ​អង្គរ​មក​រហូត​ដល់​សម័យ​មួយ​ដែល​វាំងនន​ខ្មៅ​បាំង​កម្ពុជា​អោយ​ងងឹត​សូន្យ​គឺ​សម័យ​ ប៉ុល ពត​។ ក្រោយ​របប​នោះ​ផុត​រលត់​ទៅ កម្ពុជា​ខំប្រឹង​ទាំង​ត្រដាប​ត្រដួស​ក្នុង​ការកសាង​សេដ្ឋកិច្ច ហេដ្ឋា​​រចនា​សម័ន្ធ និង​ពង្រឹង​ទំនាក់ទំនង​អន្តរជាតិ​ឡើង​វិញ​រហូត​មាន​ស្ថេរភាព​ដូច​បច្ចុប្បន្ននេះ។ សង្រ្គាម​ឈ្លានពាន​ ការ​បាត់បង់​ទឹកដី​ គ្រួសារ​ ការ​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​ ទុរភិគ​ផ្សេងៗ​ជាដើម​។ ការ​ប្រទះ​នូវ​ភាព​រុងរឿង​សម្បូរ​សប្បាយ​ និង​ ភាព​ល្វីង​ជូរចត់​ក្នុង​ពី​ប្រវត្តិសាស្រ្ត​ដែល​អាច​ពួក​យើង​ជាន់​ក្រោយ​អាច​រៀន​សូត្រថា​តើ​អ្វី​ដែល​គួរ​ធ្វើ​ និង​មិន​គួរ​ដើម្បី​កសាង​ប្រទេស​យើង​ទាំង​អស់គ្នា​។ ទន្ទឹម​នឹង​ប្រវត្តិសាស្ដ្រមនុស្សជាតិ​ចេះ​តែ​រំកិល​តាម​សម័យ​កាល​នោះ​ ពួក​យើង​ម្នាក់ៗ​ក៏​មាន​រឿងរ៉ាវ​ប្រវត្តិ​ផ្ទាល់ខ្លួន​ដែល​រមៀល​តាម​សម័យ​ទាំង​នោះ​ដែរ​។ បទពិសោធន៍​ជីវិត​អតីតកាល​របស់​ ជីដូនជីតា​ ឪពុកម្តាយ​ មាមីង​ មិត្តភក្ដិ រួម​ទាំង​យើង​ខ្លួន​ផង​នោះ​ សុទ្ធ​សឹង​តែ​ជា​មេរៀន​ដ៍​ល្អ​ដែល​អាច​សិក្សា​ស្វែង​យល់​ពីគ្នា​បាន​ថា​គួរ​តែ​ប្រតិបត្តិ​ជីវិត​បែបណា​ដើម្បី​អោយ​មាន​គុណភាព​ ទាំង​ការ​ជួយ​ខ្លួនឯង​ គ្រួសារ​ និង​សង្គម​ជាតិ​អោយ​មាន​ភាព​ប្រសើរ​ឡើង​។

ទោះជាយ៉ាងណាក៏ដោយ វិស័យសិល្បៈបានដើរតួរនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅរបស់ខ្មែរតាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ស្នាដៃស្នាដៃសិល្បៈរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកមានភាពសម្បូរបែបប្រកបដោយទេពកោសល្យ។ ដោយសារតែប្រទេសកម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្រ្តជាច្រើនសម័យកាល និងបានជួបប្រទះនូវស្ថានភាពជាច្រើនរាប់មិនអស់ផងនោះរួមមានទាំងការរីកចម្រើនដល់កំពូលដែលក្លាយជាអរិយប្រទេស និងធ្លាក់ចូលក្នុងវិបត្តិដល់ចំណុចសូន្យ ដែលជាហេតុនាំអោយវិស័យសិល្បៈក៏មានដំណើរឡើងចុះទៅតាមនោះដែរ។ បន្ទាប់ពីសង្រ្គាមស៊ីវិលដែលបានអូសបន្លាយប៉ុន្មានសតវត្សចុងក្រោយនេះត្រូវបានបញ្ចប់ ទើបវិស័យនានាបានងើបឡើងវិញបន្តិចម្តងៗ ក្នុងនោះផ្នែកវិចិត្រសិល្បៈបានប្រឹងងើបបន្តដំណើរទៅមុខដូចគ្នា។ ក្នុងនាមជាបានសិក្សាផ្នែកវិចិត្រ និង អ្នកស្រឡាញ់សិល្បៈដូចគ្នា ពួកយើងបានចាប់ផ្តើមចងក្រងសិល្បករមួយចំនួនតូចនៅប្រទេសកម្ពុជាយើងដើម្បីធ្វើពិពណ៍រួមតំបូងនេះឡើង ។ ក្រុមរបស់ពួកយើងទៀតសោតមានទាំងសិល្បករខាងគំនូរពណ៍ប្រេង ពណ៍ទឹក ចម្លាក់ បោះពុម្ភ និងតម្លើង(Installation) ក្នុងវត្ថុបំណងចំបងធំគឺ ដើម្បីចូលរួមលើកស្ទួយ អភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈវប្បធម៌ជាតិដោយផ្សាភ្ជាប់នូវការចែករំលែកចំណេះដឹង ចំណងមិត្តភាព ភាតរភាព សាមគ្គីភាព និងសន្តិភាពពីបច្ចុប្បន្នទៅអនាគត។

“ដានអនុស្សារ” បានក្លាយជាសារក្នុងពិពណ៍រួមគ្នាតំបូងតាមរយៈស្នាដៃរបស់ពួកយើងដែលបានដាក់តាំងបង្ហាញនេះដោយបង្ហាញពីការរំលឹកនូវការចងចាំ អនុស្សាវរីយ៍អតីតកាល និងបទពសោធន៍នានាដែលយើងបានរៀន និងឆ្លងកាត់កន្លងមក។ ពួកយើងសង្ឃឹមថាវានឹងជាសារមួយដ៍មានសារសំខាន់ដែលអាចអោយពួកយើងស្វែងយល់ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកបាន រវាងសិល្បករ និងសិល្បករក៍ដូចជាសាធារណជនទូទៅដែរ។

ចូលរួមដោយសេរី

avatar
  • April 5, 2022 · 9:00 am
  • Bophana Center
  • Exhibitions