ពិព័រណ៍រូបភាព ៖ “កញ្ចក់ប្រែរូបៈ ការឆ្លុះបញ្ចាំងពីហ្គាតេម៉ាឡា និងកម្ពុជា”
រៀបចំបង្ហាញដោយលោក អេរិក ហ្គុងហ្សាលេ
រយៈពេល៖ ចាប់ពីថ្ងៃទី០១ មីនា – ៣០ មីនា ២០១៦
ពិធីបើកពិព័រណ៍៖ ម៉ោង៦ល្ងាច ថ្ងៃទី០២ ខែមីនា នៅមជ្ឈមណ្ឌលបុប្ផាណា
អធិប្បាយ ៖
អេរិក ហ្គុងហ្សាលេ ជាសិល្បករបារាំងហ្គាតេម៉ាឡាដ៏ល្បីល្បាញម្នាក់រស់នៅរាជធានីភ្នំពេញ នឹងបង្ហាញការបង្កើតថ្មីបំផុតរបស់គាត់ ដែលមាននៅក្នុងវត្ថុនានា ការដំឡើងរូប និងគំនូរជាច្រើននៅមជ្ឈមណ្ឌលបុប្ផាណា។
ចាប់តាំងពីឆ្នាំ២០០៦មក ស្នាដៃរបស់សិល្បករនេះ ត្រូវបានគេដាក់តាំងបង្ហាញជាលក្ខណៈអន្តរជាតិ នៅទីស្នាក់ការអង្គការយូណេស្កូនៅទីក្រុងប៉ារីស, ក្រុមប្រឹក្សាអឺរ៉ុប, ក្លឹបសិល្បៈនៅទីក្រុងឡុង សិល្បៈ Biennale នៃ Paiz និង Juannio នៅហ្គាតេម៉ាឡា និងនៅក្នុងប្រទេសអេស្ប៉ាញ ប៊ុលហ្គារី អាល្លឺម៉ង់ និង ន័រវែស។
អេរិក ហ្គុងហ្សាលេ រស់នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៥ ដោយការរកឃើញនូវវប្បធម៌ និងប្រវត្តិសាស្រ្តខ្មែរ បានធ្វើឲ្យគាត់ទទួលរងនូវឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងការបង្កើតគំនិតរបស់គាត់ ដោយមានចំណុចស្របជាគូរជាមួយនឹង ប្រវត្តិសាស្រ្តនៃហ្គាតេម៉ាឡា ជាប្រទេសកំណើតរបស់គាត់ ដែលធ្លាប់រងអំពើ ប្រល័យពូជសាសន៍ក្នុងទសវត្សទី៨០ ហើយបច្ចុប្បន្នកំពុងកសាងឡើងវិញ។
សិល្បកររូបនេះខិតខំ ដើម្បីនាំយកបទពិសោធន៍នៅកម្ពុជារបស់លោកទៅជា ទម្រង់រូបី ជាមួយនឹងរូបភាព។ សម្រាប់សិល្បកររូបនេះ ការបង្កើតស្នាដៃសិល្បៈ គឺប្រៀបដូចជាដំណើរការនៃការស្រាវជ្រាវលើប្រធានបទជាក់លាក់មួយ រីឯការតាំងពិព័រណ៍វិញ គឺជាវេទិកាសម្រាប់ចែករំលែកស្នាដៃទាំងនេះ។ ការស្រាវជ្រាវរបស់ អេរិក ហ្គុងហ្សាលេ នៅពេលនេះ គឺអំពីប្រទេសកម្ពុជា។ ទស្សនិកជននឹងបានមើលឃើញពីដំណើរផ្ទាល់ខ្លួនរបស់លោក ពីហ្គាតេម៉ាឡាមកប្រទេសកម្ពុជាតាមរយៈ “កញ្ចក់ប្រែរូប” ដែលបានឆ្លុះបញ្ចាំងពីការវិវត្តទេសភាពខាងក្នុងរវាងប្រទេសទាំងពីរដោយសិល្បកររូបនេះ។
សូមអញ្ជើញចូលទស្សនាដោយសេរី!