ភាពយន្តឯកសារ៖ ការអភិរក្ស​សត្វ​ដំរីក្នុងសហគមន៍ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា – Online

ដឹកនាំដោយសមិទ្ធិករភាពយន្តវ័យក្មេង១២រូប ឆ្នាំ២០២០ រយៈពេល៥៤នាទី ភាសាព្នង និងខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

នៅ​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២១ ខាងមុខ​នេះ ដែល​ត្រូវជា “ទិវាបរិស្ថានពិភពលោក” មជ្ឈមណ្ឌល​បុប្ផាណា​មាន​កិត្តិយស​សូមជូន​កម្មវិធី​បញ្ចាំង​ភាពយន្ត​តាម​ប្រព័ន្ធ​អនឡាញ (Online) ពិសេស​មួយ ដើម្បី​អបអរសាទរ​ទិវា​ដ៏មាន​អត្ថន័យ​នេះ។

១. ជម្រកខ្ញុំ
ដឹកនាំដោយ ជួន សុភាណា, ម៉ិច ជូឡាយ, យ៉ាំ សុភ័ក្ត្រ, មាន សុចិត្រា, ឈាន ពិសេន, ២០២០, ២៨​នាទី, ភាសាព្នង និងខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ធួក ឆឺល មិនដែល​ប្រាថ្នា​ចង់​ធ្វើអ្វី​ផ្សេង​ក្រៅពី​ហ្មដំរី​នោះទេ។ ជានិច្ចកាល គាត់​តែងតែ​ចូលទៅ​ក្នុង​ព្រៃ​ដើម្បី​ឃ្វាល​ដំរី។ ប៉ុន្តែ ជម្រក​ធម្មជាតិ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​ចាប់ផ្ដើម​រួមតូច​ទៅៗ​ដោយសារ​ការ​កាប់បំផ្លាញ ដែល​គំរាមកំហែង​យ៉ាងខ្លាំង​ទៅដល់​សត្វដំរី ប្រព័ន្ធ​អេកូឡូស៊ី និង​ឆាកជីវិត​របស់​ឆឺល​ផ្ទាល់។

២. ដានស្រអាប់
ដឹកនាំដោយ ខុន រក្សា, ពៅ មនោ, ជើយ រីកគីដេវីដ, ២០២០, ១១នាទី, ភាសាព្នង និងខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
បើទោះជា​ពិការ​ភ្នែកម្ខាង និង​មាន​របួស​ផ្លូវចិត្ត​ព្រោះតែ​សង្គ្រាម​រាប់ឆ្នាំ និង​ការទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋអាមេរិក​ក៏ដោយ ដំរី​មេណាង​នៅតែ​ព្យាយាម​រស់​បន្តទៀត​ដោយ​ទទួលបាន​ការ​អាណិត​ស្រលាញ់ និង​ថែទាំ​ពី ច្រិត ដា ដែលជា​ហ្មដំរី​ម្នាក់​ក្នុងខេត្ត​មណ្ឌលគិរី។

៣. មរតក
ដឹកនាំដោយ ពៅ ធាង, សាត ស្រីតូច, សួស សុណាន់, ២០២០, ១៤នាទី, ភាសាព្នង និងខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ក្នុងនាមជា​បង្គោល​គ្រួសារ​មួយ​រស់នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី អ្នកស្រី ព្រេង ចាន់ធី បាន​ខិតខំ​ថែរក្សា​ប្រពៃណី​ជនជាតិដើម​ភាគតិច​របស់​ខ្លួន មិនថាជា​ការមើលថែ​ដំរី ឬក៏​ការបិត​ស្រាពាង​ថ្វាយ​ព្រលឹង​ដូនតា​នោះឡើយ ដោយ​គាត់​បាន​ផ្ទេរ​មរតក​ទាំងអស់​នេះ​ទៅកាន់​កូនចៅ​គាត់​ជំនាន់​ក្រោយ​ទៀត។

ការបញ្ចាំង​ភាពយន្ត​នេះ​អមដោយ​កិច្ចពិភាក្សា​រវាង​សមិទ្ធិករ​ភាពយន្ត​វ័យក្មេង តំណាង​ម្ចាស់ជំនួយ និង​ដៃគូសហការ​នៃគម្រោង “ការអភិរក្ស​សត្វ​ដំរី និង​បទពិសោធ​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា”។ គម្រោង​ស្ថិតនៅ​ក្រោម​ការផ្ដល់​មូលនិធិ​ពី Arts and Humanities Research Council និង​កិច្ចសហការ​រវាង​សាកលវិទ្យាល័យ Bath, សាកលវិទ្យាល័យ Queen’s University Belfast, សាកលវិទ្យាល័យ Leeds, មជ្ឈមណ្ឌល​បុប្ផាណា និង​អង្គការ​ថែរក្សា​សត្វដំរី ជីវភាពរស់នៅ កិច្ចផ្ដួចផ្ដើម និង​បរិស្ថាន (ELIE)។

សូម​ចូលរួម​អបអរសាទរ​ទិវា​បរិស្ថាន​ពិភពលោក ៥ មិថុនា ទាំងអស់​គ្នា! និង​សូមជួយ​ចែករំលែក​ដំណឹង​នេះ​ទៅកាន់​មិត្តភក្ដិ​របស់អ្នក​ឱ្យបាន​ដឹងផង!

ថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២១ វេលា​ម៉ោង៥ល្ងាច នៅលើ​ទំព័រ Facebook (Bophana Center), YouTube channel (Bophana Center) និង​គេហទំព័រ​របស់​មជ្ឈមណ្ឌល​បុប្ផាណា។

avatar
  • June 5, 2021 · 5:00 pm
  • Bophana Center
  • Special Screening