ភាពយន្តឯកសារ៖ បញ្ហាក្នុងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា – Online

ដឹកនាំ​ដោយ ម៉ាំង លៀន, ឡេង វុនណេង, សេវ ប៉ៅ, ឆ្នាំ​២០១៩-២០២០, ២៦នាទី, ភាសា​ខ្មែរ ទំពួន និងចារ៉ាយ មាន​អក្សរ​ខ្មែរ​រត់ពីក្រោម

ទាំងនេះ​គឺជាភាពយន្ត​ឯកសារផលិតដោយ​សមិទ្ធិករ​ភាពយន្ត​វ័យក្មេង​នៃ​គម្រោង “ការបន្លឺ​សំឡេង​របស់​ស្ត្រី​ជនជាតិដើម​ភាគតិច និង​ក្រុម​ដែល​ត្រូវបាន​គេ​រើសអើង តាមរយៈ​ពហុ​ប្រព័ន្ធផ្សព្វផ្សាយ​ថ្មី” អនុវត្ត​ដោយ​មជ្ឈមណ្ឌល​បុប្ផាណា បង្ហាញពី​បញ្ហាប្រឈម​ដែល​កំពុង​កើតឡើង​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច តួយ៉ាង​ដូចជា អំពើហិង្សា ការ​រៀបការ​នៅ​វ័យក្មេង ពិការភាព ជាដើម។

១. ស៊ូទ្រាំ
ដឹកនាំ​ដោយ ម៉ាំង លៀន និង ឡេង វុនណេង, ២០១៩, ១១​នាទី, ភាសា​​ខ្មែរ និងទំពួន មាន​​អក្សរ​ខ្មែរ​រត់ពីក្រោម
ក្រោយពី​បែកបាក់​ប្ដី​ដែល​តែងតែ​ប្រើ​អំពើហិង្សា​ដាក់នាង និង​កូនៗ ហឿង ង៉ាស់ រស់នៅ​ក្នុង​ភាពក្រីក្រ​ទាំងស្រុង​នៅឯ​ខេត្ត​រតនគិរី​ជាមួយនឹង​កូនស្រី​ទាំង៣។ ម្នាក់​ក្នុងចំណោម​ពួកគេ​មាន​ជំងឺ ហើយ​ង៉ាស់​មិនមាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​នាំនាង​ទៅ​មណ្ឌលសុខភាព​ទេ។

២. កាណាប
ដឹកនាំ​ដោយ សេវ ប៉ៅ, ២០១៩, ៨នាទី, ភាសា​ខ្មែរ និងចារ៉ាយ មាន​អក្សរ​ខ្មែរ​រត់ពីក្រោម
កាល​រៀបការ រម៉ាម យេ មាន​អាយុ ១៥ ឆ្នាំ ចំណែក​ឯ រចំ កាន់ ជាប្ដី មាន​អាយុ ១៨ ឆ្នាំ។ មួយឆ្នាំ​ក្រោយ​រៀបការ យេ និង​កាន់​មាន​កូន ប៉ុន្តែ​កូននោះ​មាន​បញ្ហា​សុខភាព​តាំងពី​កើត​ដែល​ទាមទារ​ការវះកាត់​ជាចាំបាច់។ ប្តីប្រពន្ធ​វ័យក្មេង​ទាំងពីរនាក់​ត្រូវ​ខ្ចីប្រាក់​គេ​រហូតដល់ទៅ ២៥០ ដុល្លារ ហើយពួកគេ​កំពុងរក​វិធី​សងបំណុល​នោះ​វិញ​រហូតដល់​ពីរឆ្នាំ​ក្រោយ។

៣. ជម្នះ
ដឹកនាំ​ដោយ ឡេង វុនណេង, ២០២០, ៧នាទី, ភាសា​​ខ្មែរ និងទំពួន មាន​​អក្សរ​ខ្មែរ​រត់ពីក្រោម
នៅឯ​ទីជនបទ​មួយ​ក្នុង​ខេត្ត​រតនគិរី ក្រែក នេត បាន​បាត់បង់​ជើងម្ខាង​ដោយសារ​ពស់ចឹក។ ក្រោយមក ប្រពន្ធគាត់​បានរត់ចោល​គាត់​ដោយយក​កូន​ទៅជាមួយ​ទៀត។ សព្វថ្ងៃ គាត់​រស់នៅ​យ៉ាងឯកោ​ជាមួយ​ម្ដាយ និង​ធ្វើការ​នៅកន្លែង​ផ្សេងៗ​ជាច្រើន​ដើម្បី​រកលុយ​មក​ចិញ្ចឹម​ជីវិត។

ការបញ្ចាំង​ភាពយន្ត​នេះក៏នឹងមាន​អមដោយ​កិច្ចសំណេះសំណាល​ជាមួយ​សមិទ្ធិករ​ភាពយន្ត​វ័យក្មេងពីររូបគឺលោក ឡេង វុនណេង និងលោក ម៉ាំង លៀន ដែលនឹង​ធ្វើឡើង​ជា​ភាសា​ខ្មែរ។ វេទិកា​សំណួរ​ចម្លើយ​ក៏នឹង​បើក​សម្រាប់​ទស្សនិកជន​ផងដែរ។

ថ្ងៃ​ព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ​​២០២១ វេលាម៉ោង​​​៥​​ល្ងាច នៅលើទំព័រ Facebook (Bophana Center)។

avatar
  • July 1, 2021 · 5:00 pm
  • Bophana Center
  • Cine Weekday