ភាពយន្តឯកសារ៖ ជីវិតតស៊ូក្រោមសម្ពាធកូវីដ-១៩ – Online

ដឹកនាំ​ដោយ ឌិន រ៉ូដា, ព្រឹល ព្រីង, ឆ្នាំ​២០២០, ២៦នាទី, ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម

ទាំងនេះ​គឺជាភាពយន្ត​ឯកសារផលិតដោយ​សមិទ្ធិករ​ភាពយន្ត​វ័យក្មេង​នៃ​គម្រោង “ការបន្លឺ​សំឡេង​របស់​ស្ត្រី​ជនជាតិដើម​ភាគតិច និង​ក្រុម​ដែល​ត្រូវបាន​គេ​រើសអើង តាមរយៈ​ពហុ​ប្រព័ន្ធផ្សព្វផ្សាយ​ថ្មី” អនុវត្ត​ដោយ​មជ្ឈមណ្ឌល​បុប្ផាណា បង្ហាញពី​ការតស៊ូ​របស់​ប្រជាជន​ខ្មែរ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ក្នុងអំឡុង​វិបត្តិ​កូវីដ-១៩ និង​ការ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ។

១. គ្មានជម្រើស
ដឹកនាំ​ដោយ ឌិន រ៉ូដា, ២០២០, ១១​នាទី, ភាសា​​ខ្មែរ មាន​​អក្សរ​អង់គ្លេស​រត់ពីក្រោម
អ្នកស្រី រួម និង​គ្រួសារ​គាត់​កំពុង​ធ្វើការ​នៅឯ​ប្រទេស​ថៃ ប៉ុន្តែ​វិបត្តិ​កូវីដ-១៩ បានបង្ខំ​ឱ្យ​ពួកគេ​ត្រឡប់មក​ស្រុក​វិញ។ ទាំងពីរ​នាក់​ប្ដីប្រពន្ធ​បាន​ការងារ​ថ្មី​ធ្វើ​នៅឯ​ការដ្ឋាន​សំណង់​មួយកន្លែង​នៅម្ដុំ​ស្ពាន​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ហើយ​គ្រប់ពេល ពួកគេ​តែងតែ​យកកូន​ទាំងបី​នាក់ (អាយុ ៤, ១២, និង ១៤ឆ្នាំ) ទៅតាម​ជានិច្ច ដោយហេតុ​ពួកគេ​គ្មានលុយ​ឱ្យកូន​ទាំងបី​នាក់​ទៅ​សាលារៀន​ឡើយ។

២. ចំណាក
ដឹកនាំ​ដោយ ព្រឹល ព្រីង, ២០២០, ១៥នាទី, ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម
នាចុង​រដូវ​ភ្លៀងធ្លាក់​ម្ដងៗ នូ ភឺន និង ភីម សារុន តែង​ចេញទៅ​ប្រទេស​ថៃ​ដើម្បី​រក​ការងារ​ធ្វើ ប៉ុន្តែ​ឆ្នាំនេះ មានការ​រីករាលដាល​ជំងឺ​កូវីដ-១៩ ជាហេតុ​នាំឱ្យ​ច្រកទ្វារ​ព្រំដែន​ត្រូវបាន​បិទ។ បើទោះជា​មានការ​រឹតត្បិត​យ៉ាងម៉េច​ក្ដី ពួកគេ​បាន​ប្រថុយ​លួច​រត់ចេញ​ដោយខុសច្បាប់ ដោយ​យក​កូនប្រុស​អាយុ ១៨ ឆ្នាំ​ទៅ​ជាមួយ​ផង។

ការបញ្ចាំង​ភាពយន្ត​នេះក៏នឹងមាន​អមដោយ​កិច្ចសំណេះសំណាល​ជាមួយ​សមិទ្ធិករ​ភាពយន្ត​វ័យក្មេងគឺលោក ឌិន រ៉ូដា ស្ដីអំពី “ជីវិត​ក្រោម​សម្ពាធ​កូវីដ-១៩ និង​ការ​ចំណាក​ស្រុក” ដែលនឹង​ធ្វើឡើង​ជា​ភាសា​ខ្មែរ។ វេទិកា​សំណួរ​ចម្លើយ​ក៏នឹង​បើក​សម្រាប់​ទស្សនិកជន​ផងដែរ។

ថ្ងៃ​ព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ​​២០២១ វេលាម៉ោង​​​៥​​ល្ងាច នៅលើទំព័រ Facebook (Bophana Center)។

avatar
  • June 10, 2021 · 5:00 pm
  • Bophana Center
  • Cine Weekday