ការបញ្ចាំងភាពយន្តស្ដីពីការរៀបការដោយបង្ខំក្នុងសម័យខ្មែរក្រហម
សាលក្រមក្នុងសំណុំរឿង ០០២/០២ ដែលប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហម ២ រូប គឺ ខៀវ សំផន និង នួន ជា នឹងត្រូវប្រកាសនៅថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះហើយ។ ការរៀបការដោយបង្ខំក្នុងសម័យខ្មែរក្រហម គឺជាអង្គហេតុដ៏សំខាន់មួយនៅក្នុងសំណុំរឿងនេះ។ ដើម្បីជាការចូលរួមផ្សព្វផ្សាយអំពីការស្វែងរកយុត្ដិធម៌ជូនដល់ជនរងគ្រោះក្នុងសម័យនោះ មជ្ឈមណ្ឌលបុប្ផាណានឹងរៀបចំការបញ្ចាំងភាពយន្តចំនួន ២ រឿង ដែលមានខ្លឹមសារពាក់ព័ន្ធនឹងការរៀបការដោយបង្ខំក្នុងសម័យខ្មែរក្រហម ៖
១. «របាំផ្កាស្លា »
ផលិតដោយ មជ្ឈមណ្ឌលបុប្ផាណា ឆ្នាំ ២០១៧ រយៈពេល ៨២ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
អ្នករបាំ ១៦ នាក់ បានប្រើប្រាស់របាំបុរាណ ដើម្បីបង្ហាញពីភាពរន្ធត់ ក្រោមការបង្ខំឲ្យរៀបការក្នុងសម័យខ្មែរក្រហម ព្រមទាំងបង្ហាញពីភាពសាហាវឃោរឃៅនៃអំពើហឹង្សាលើរាងកាយ និងផ្លូវភេទ។ ស្នាដៃរបាំបុរាណបង្កើតថ្មីនេះ ត្រូវបាននិពន្ធរឿង បង្កើតក្បាច់រាំ និងដឹកនាំការសម្តែងដោយ លោកស្រី សុភីលីន ជាម ស្សាភីរ៉ូ។
២. «អាពាហ៍ពិពាហ៍ក្រហម»
ដឹកនាំដោយ ចាន់ លីដា និង ហ្គីយ៉ូម សួន ឆ្នាំ ២០១២ រយៈពេល ៥៨ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
សុខចាន់ មានអាយុ ១៦ ឆ្នាំ នៅពេលខ្មែរក្រហមបង្ខំឲ្យរៀបការជាមួយទាហានខ្មែរក្រហមម្នាក់។ ក្រោយពីស្ងៀមស្ងាត់អស់ ៣០ ឆ្នាំ គាត់បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅតុលាការខ្មែរក្រហម។ អាពាហ៍ពិពាហ៍ក្រហម បង្ហាញពីផ្លូវរបស់អ្នករួចជីវិត ដែលទាមទាររកមនុស្សធម៌ប្រឆាំងនឹងមនោគមន៍វិជ្ជា និងប្រព័ន្ធដែលបំផ្លាញឲ្យវិនាសសាបសូន្យ។
ទស្សនាដោយសេរី