ព្រលឹងស្រូវ

ដឹកនាំដោយ លៀន ចរិយា ឆ្នាំ២០២២​ រយៈ២៧:៤៥នាទី និយាយភាសាជនជាតិដើមភាគតិចគ្រឹង មានអក្សរអង់គ្លេសរត់ពីក្រោម។

នៅភូមិទៀមលើ ខេត្តរតនគិរី ជារៀងរាល់ឆ្នាំការងារកសិកម្មភាគច្រើនធ្វើឡើងក្នុងខែមិថុនា។ ជនជាតិដើមភាគតិច គ្រឹង ដែលរស់នៅតំបន់នោះតែធ្វើពិធីសែនព្រេនមួយ ដើម្បីឱ្យមានព្រលឹងតាមការពារថែរក្សាពួកគេ និងសមាជិកគ្រួសារពីជំងឺ និងការស្លាប់។ ពិធីសែននេះមានសារៈសំខាន់ខ្លាំងណាស់។ ប្រសិនបើកសិករមិនបានប្រារព្ធពិធីនេះទេ កូនៗ ឪពុកម្តាយ ឬសមាជិកគ្រួសារផ្សេងទៀត អាចប្រឈមនឹងគ្រោះថ្នាក់ ឬមានជម្ងឺដង្កាត់ជាដើម។ សូម្បីតែសត្វចិញ្ចឹមក៍អាចនឹងឈឺ ឬស្លាប់ផងដែរ។ នៅក្នុងភាពយន្ដ​ឯកសារនេះ អ្នកស្រី លៀង គី និងប្តីរបស់គាត់ឈ្មោះ ម៉ៅ សារ៉ាត់ មានកូនចំនួនបីនាក់ ហើយពួកគាត់ជាអ្នកប្រកបរបរកសិកម្ម។ ដើម្បីធានាថាគ្រួសារមានជីវភាពល្អ មានសេចក្ដីសុខ សុភមង្គល ពួកគាត់ត្រូវតែរៀបចំពិធីសែនព្រេននេះតាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិដើមភាគតិច។