អង្គឹះ 

សង្ខេបរឿង

លោកតាកាន សិត អាយុ៦៥ឆ្នាំជនជាតិប្រូវ រស់នៅស្រុកតាវែង ខេត្តរត្តនៈគិរី។​គាត់គឺជាចាស់ទុំតែម្នាក់គត់ដែលចេះត្បាញអង្គឹះ។ អង្គឹះធ្វើឡើងពីឬស្សីដែលដុះនៅលើភ្នំប៉ុណ្ណោះ ហើយក្រៅពីឬស្សីមានវល្លិ៍ ស្លឹកអន់ណង់និងស្លឹករ៉ង់(ជាភាសាព្រៅ)ដើម្បីត្បាញអង្គឹះនេះ។ វាត្រូវធ្វើឡើងជា២ស្រទាប់ គឺខាងក្នុងនិងខាងក្រៅដោយមានដាក់ស្លឹកនៅកណ្តាលដើម្បីកុំអោយទឹកភ្លៀងអាចជ្រាបចូលទៅក្នុងអង្គឹះបាន។ វាសំខាន់ណាស់សម្រាប់អ្នកដែលត្រូវចូលទៅក្នុងព្រៃព្រោះយើងអាចដាក់សម្លៀកបំពាក់និងរបស់របរផ្សេងៗនៅក្នុងអង្គឹះដោយមិនបារម្មណ៍ពីការទទឹក។

ប្រវត្តិរូបសង្ខេប

ខ្ញុំបាទឈ្មោះចាំ ស្កា CHAM SKA អាយុ២២ឆ្នាំជនជាតិព្រៅ សញ្ជាតិខ្មែរ ។ ទីកន្លែងកំណើតភូមិទំពួនរឺងធំ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ។ មុខរបរបច្ចុប្បន្ន​ ជាសិស្សថ្នាក់ទី១១(A)នៃវិទ្យាល័យតាវែង។

ធ្លាប់ចូលរួមក្រុមយុវជនជនជាតិដើមភាគតិចប្រូវ BIYG ធ្លាប់ចូលរួមសិក្ខាសាលាMover IPC ចូលរួមប្រជុំជាមួយយុវជនជាតិដើមភាគតិចកម្ពុជាIP Youth ចូលរួមយុទ្ធនាការប្រមូលកុមារចុះឈ្មោះចូលរៀន ធ្លាប់ជាក្រុមក្លឹមកុមារនៅក្នុងសាលា ធ្លាប់ចូលរួមការងារក្នុងសហគមន៍ដូចជា ចូលរួមក្នុងពិធីបុណ្យទានផ្សេងៗ

ចំណាប់អារម្មណ៍

មូលហេតុដែលធ្វើអោយខ្ញុំសម្រេចចិត្តជ្រើសរើសប្រធានបទ​​ ការតម្បាញអង្គឹះនេះមកថតព្រោះខ្ញុំចង់ឆ្លុះបញ្ចាំង បង្ហាញពីភាពប៉ិនប្រសព្វនូវការចេះច្នៃប្រឌិតរបស់ដូនតាយើងនៅសម័យមុនបង្ហាញពីភាពឆ្លាតវ័យរបស់ពួកគាត់ដែលចេះប្រើធនធានធម្មជាតិយកមកច្នៃធ្វើជាសម្ភារៈប្រើប្រាស់ ។ ម្យ៉ាងវិញទៀតគឺខ្ញុំចង់បង្ហាញពីវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី របស់ជនជាតិព្រៅទៅដល់សាធារណជនបានឃើញ បានដឹងបានស្គាល់ពីការរស់នៅ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់ជនជាតិព្រៅ។ មួយវិញទៀតខ្ញុំក៏ចង់បង្ហាញអោយពិភពលោកបានដឹងបានស្គាល់ ពីរបៀបរស់នៅ និងការប្រើប្រាស់ប្រចាំថ្ងៃ ស្ថានភាពរស់នៅនិងចង់បង្ហាញអោយគេដឹងថាជនជាតិព្រៅមានដើមកំណើតនៅណាៗហើយក៏មាននូវជំនឿ វប្បធម៌ប្រពៃណី របស់ខ្លួនដែរ ។