រដូវយាត្រាចរ

ដោយ John Bishop, ៥៦ នាទី, ២០០៥, ភាសាអង់គ្លេស

ភាពយន្តឯកសារនេះបង្ហាញពីសាច់រឿងជនជាតិខ្មែរ-អាមេរិកាំងដែលបានភៀសខ្លួនទៅរស់នៅក្នុងជំរំជនភៀសខ្លួននៅប្រទេសថៃក្រោយពេលការមកដល់នៃរបបខ្មែរក្រហមនៅប្រទេសកម្ពុជា ហើយដែលបានធ្វើអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិក។ ដូចជនអន្តោប្រវេសន៍ផ្សេងទៀតដែរ សុហ្វីលីន ជៀម សាពីរ៉ូ ធ្លាប់ឆ្លងកាត់ភាពរីករាយ និងភាពឈឺចាប់ទម្រាំអាចសម្របខ្លួនបាននឹងវប្បធម៌ថ្មីនៅក្នុងប្រទេសទី៣។ ដើម្បីបង្ហាញពីការផ្លាស់ប្តូរអត្តសញ្ញាណ សុហ្វីលីន ជៀម សាពីរ៉ូ ដែលជាអតីតអ្នករបាំព្រះរាជទ្រព្យម្នាក់ បានបង្កើតរបាំបុរាណខ្មែរមួយឈ្មោះថា «រដូវនិរប្រវេសន៍» ដែលនិយាយអំពីវិបត្តិនៃការប៉ះទង្គិចនឹងវប្បធម៌ថ្មី និងការខិតខំរបស់ជនអន្តោប្រវេ-សន៍ខ្មែរដើម្បីសម្របខ្លួននឹងជីវិតថ្មីរបស់ពួកគេ។ ភាពយន្តឯកសារនេះ តាមថតផ្នែកទាំង៤នៃការសម្តែងរបាំ«រដូវនិរប្រវេសន៍» ៖

-ផ្នែកទី១ «ទេវតាដើរទេស» និយាយពីសុខវេទន៍។ ក្រុមទេវតាចុះមកឋានកណ្តាល ហើយនៅលាយឡំជាមួយមនុស្សលោក។ គ្រប់យ៉ាងហាក់ប្លែកភ្នែក និងអស្ចារ្យសម្រាប់ព្រះអង្គ។

-ផ្នែកទី២ «នាងនាគ» និយាយពីការមានអារម្មណ៍ថាខ្លួនត្រូវសង្គមផាត់ចេញ។ បន្ទាប់ពីពេលវេលាដ៏រីករាយ ក្រុមទេវតាក៏មានអារម្មណ៍ថាខ្លួនជាមនុស្សចម្លែកនៅឋានមនុស្ស។

-ផ្នែកទី៣ «នាងអម្រី» និយាយពីការសម្របខ្លួន។ បន្តិចម្តងៗ ក្រុមទេវតា​អាច​ជម្នះ​បាន​នូវ​កំហឹង និង​ភាព​មិនយល់​គ្នា​ទាំងឡាយ​ ហើយ​ព្រះអង្គ​ក៏​មាន​អារម្មណ៍​ល្អប្រសើរ​ឡើង​ និង​ចាប់​ផ្តើម​មាន​ទម្លាប់​ជាមួយ​នឹង​បរិយាកាស​ថ្មី។​

-ផ្នែកទី៤ «ហរិហរៈ» និយាយពីការមានអារម្មណ៍មានលំនឹងរបស់ក្រុមទេវតានៅក្នុងកន្លែងថ្មី។

ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២, វេលាម៉ោង ៥:០០ល្ងាច នៅមជ្ឈមណ្ឌលបុប្ជាណា។

avatar
  • July 23, 2022 · 5:00 pm
  • Bophana Center
  • Cine Saturday