ការបើកពិព័រណ៍ ស្តីពី​ “ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆែក ”

រៀបចំដោយ ស្ថានទូតសាធារណរដ្ឋឆែក

ចាប់​ពីថ្ងៃទី​​​ ១៩​ខែ​កក្កដា​​​​​ ដល់​ថ្ងៃទី​​ ០១​ខែសីហា​ ឆ្នាំ២០២២​ នៅមជ្ឈមណ្ឌលបុប្ផាណា​

ពេល​ព្រឹក​ចាប់​ពី​ម៉ោង​ ៨:០០ព្រឹក​ ដល់​ ១២:០០រសៀល​​ និង​ពេល​រសៀល​ចាប់​ពីម៉ោង​ ២:០០រសៀល​ ដល់ ៦:០០ល្ងាច។​

សម្ពោធ​ពិព័រណ៍​នៅ​ថ្ងៃទី១៩​​​ ខែកក្កដា​

សាធារណរដ្ឋឆែក និងព្រះរាជាណាចក្រកម្ពុជា​​ បាន​រក្សា​ទំនាក់ទំនង​ការទូត​អស់រយៈពេល​ ៦៦ ឆ្នាំ​មកហើយ។​ ប្រទេសឆេកូស្លូវ៉ាគី​ ក្រោយ​មក​ជា​សាធារណរដ្ឋ​ឆែក​ បាន​ផ្តល់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ដល់​ប្រទេសកម្ពុជា​ ដែល​មួយ​ផ្នែក​ជា​អាហារូបករណ៍​របស់​រដ្ឋាភិបាល។​ និស្សិត​កម្ពុជា​ដំបូង​គេ​បាន​ទៅ​ដល់​ប្រទេស​ឆេកូស្លូវ៉ាគី​ក្នុងឆ្នាំ ១៩៨១។​ ក្នុងរយៈពេល​ជាង ៤ ទស្សវត្ស​ អតីត​និស្សិត​ជិត ៤០០ នាក់បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ឆេកូស្លូវ៉ាគី​ និងឆែក​ ហើយ​ជា​លទ្ធផល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ភាព​ទាន់​សម័យ និង​ជឿន​លឿន​។​ ទាំង​នេះ​ត្រូវ​បាន​លើក​ទឹក​ចិត្តដ៏មុតមាំ​ ដោយ​សារ​ការគង់​ និង​សិក្សា​ប្រកប​ដោយ​ជោគជ័យ​នៅ​ទីក្រុង​ប្រាក​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ព្រះបាទនរោត្តម​ សីហមុនី​ ជានិស្សិត​ “ឆែក” ដ៏​លេចធ្លោ​ទូទាំង​ពិភពលោក​ចន្លោះ​ឆ្នាំ ១៩៦២​ ដល់​ ១៩៧៥។

ក្នុងឆ្នាំ​ ​២០១០​ កម្ពុជា​ក្លាយ​ជា​ប្រទេស​ដៃគូ​មួយ​ក្នុង​ចំណោម​ប្រទេស​ដៃគូ​ទាំង ១០​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍដែល​ត្រូវ​បាន​ជ្រើស​ដោយ​រដ្ឋាភិបាលឆែក​ ហើយ​បាន​បង្កើត​ឱកាស​ថ្មី​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សុខា​ភិបាល​ និងអប់រំ។​ ភាព​ជា​ដៃគូ​ត្រូវបាន​ពង្រឹង​ដោយ​កម្មវិធី​ទ្វេភាគី​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ ពីឆ្នាំ​ ២០១៨​ ដល់ឆ្នាំ​ ២០២៣។​ កម្មវិធីថ្មីសម្រាប់​រយៈពេល​បន្ទាប់​គឺ​ស្ថិតនៅ​ក្រោម​ការ​រៀបចំ​រួចហើយ។​

នៅឆ្នាំ​ ២០០៤​ សាធារណរដ្ឋឆែក​បាន​ក្លាយ​ជា​សមាជិក​នៃ​សហភាពអឺរ៉ុប​ ដែល​អនុញ្ញាត​ឱ្យ​ខ្លួន​ចូលរួម​ក្នុង​យុទ្ធសាស្រ្ត​ទូលំទូលាយ​ និងធ្វើ​ការ​លើ​ចក្ខុវិស័យ​រួមគ្នា​ជា​មួយ​ដៃគូ​អភិវឌ្ឍន៍​អឺរ៉ុប។​ នៅ​ឆ្នាំនេះ​ សាធារណរដ្ឋឆែក​ មាន​កិត្តិយស​ក្នុង​ការ​ធ្វើ​ជា​ប្រធាន​លើក​ទីពីរ​នៃក្រុមប្រឹក្សា​​សហភាពអឺរ៉ុប​ ដែល​បាន​ចាប់ផ្តើម​កាល​ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២។​

តាមរយៈ​ការ​តាំង​ពិព័រណ៌​នាពេលនេះ​ ស្ថានទូត​សាធារណរដ្ឋឆែក​មាន​បំណង​រំលឹក​ដល់​កិច្ច​សហប្រតិបត្តិការ​ដ៏យូរអង្វែង​ជាមួយ​ប្រទេសកម្ពុជា​ និង​ចែក​រំលែក​ការ​អនុវត្ត​ល្អៗ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​សាធារណរដ្ឋឆែក។​ ផ្នែក​មួយ​នៃ​ការ​តាំង​ពិព័រណ៌​គឺ​ត្រូវ​បាន​ឧទ្ទិស​ដល់​ប្រវត្តិសាស្ដ្រ និង​ពេល​បច្ចុប្បន្ន​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​កំណត់​ដោយ​សក្តានុពលភាព​ និងមិត្តភាព​ដែល​អ្នក​ទស្សនា​នឹង​ទទួល​បាន​បទ​ពិសោធន៍​ពី​ទីតាំង​ពិព័រណ៌នេះ។​

ពិធី​បើក​ការ​តាំង​ពិព័រណ៌​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា​ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២​ វេលាម៉ោង​ ៥:៣០ ល្ងាច​ ក្រោមវត្តមាន​ ឯកឧត្តម​ យក់ ង៉ុយ​ រដ្ឋលេខាធិការក្រសួងអប់រំ​ យុវជន​ និងកីឡា​ នៃ​ព្រះរាជាណាចក្រកម្ពុជា។​ ពិព័រណ៌​នេះ​នឹង​បន្ត​ស្ថិត​នៅ​មជ្ឈមណ្ឌល​បុប្ផាណា​រហូត​ដល់​ថ្ងៃទី​ ១ ខែសីហា​ ឆ្នាំ ២០២២​ សម្រាប់​ការ​ចូល​ទស្សនា​ដោយសេរី៕​

 

ទំនាក់ទំនង

ស្ថានទូតសាធារណរដ្ឋឆែក

អ្នកនាង បាបូរ៉ា ចាចកូវ៉ា, ប្រធានផ្នែកអភិវឌ្ឍន៍

អ៊ីមែល៖ development_phnompenh@mzv.cz

ទូរស័ព្ទលេខ៖ ០២៣ ៧២៦​៦២៣

avatar
  • July 19, 2022 · 8:00 am
  • Bophana Center
  • Exhibitions