ភាពយន្តឯកសារ៖ ការអប់រំក្នុងសហគមន៍ជនជាតិដើមភាគតិច – Online

ដឹកនាំ​ដោយ ភោគ រ៉ានី, រ៉េត ស៊ីថត, ឆ្នាំ​២០១៩, ២៤នាទី, ភាសា​ខ្មែរ គ្រឹង និងព្នង មាន​អក្សរ​ខ្មែរ​រត់ពីក្រោម

ទាំងនេះ​គឺជាភាពយន្ត​ឯកសារផលិតដោយ​សមិទ្ធិករ​ភាពយន្ត​វ័យក្មេង​នៃ​គម្រោង “ការបន្លឺ​សំឡេង​របស់​ស្ត្រី​ជនជាតិដើម​ភាគតិច និង​ក្រុម​ដែល​ត្រូវបាន​គេ​រើសអើង តាមរយៈ​ពហុ​ប្រព័ន្ធផ្សព្វផ្សាយ​ថ្មី” អនុវត្ត​ដោយ​មជ្ឈមណ្ឌល​បុប្ផាណា បង្ហាញពី​ជីវិត​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​ក្នុង​ប្រទេស​កម្ពុជា និង​ផ្ដោតសំខាន់​ទៅលើ​ការអប់រំ​ក្នុង​សហគមន៍។

១. កុំបោះបង់
ដឹកនាំ​ដោយ ភោគ រ៉ានី, ឆ្នាំ​២០១៩, ១១នាទី, ភាសា​ខ្មែរ និងគ្រឹង មាន​អក្សរ​ខ្មែរ​រត់ពីក្រោម
នៅ​ខេត្ត​រតនគិរី ឆវី​បានព្យាយាម​យ៉ាងពេញទំហឹង​ដើម្បី​បង្រៀន​ភាសាគ្រឹង​ដល់​កុមារ​ក្នុងភូមិ។ ដោយមាន​ការគាំទ្រ​ពី​ឪពុកម្ដាយ​សិស្ស និង​ប្តី​របស់នាង​ដែល​ធ្វើការ​ឆ្ងាយពីផ្ទះ ឆវី​មិនបោះបង់​ការងារ​នេះ​ជាដាច់ខាត។ សម្រាប់នាង ការថែរក្សា​អត្តសញ្ញាណ​របស់​ពួកគេ​ជារឿង​សំខាន់​បំផុត។

២. សង្ឃឹមចុងក្រោយ
ដឹកនាំ​ដោយ រ៉េត ស៊ីថត, ២០១៩, ១៣នាទី, ភាសាខ្មែរ និង​ព្នង មាន​អក្សរ​ខ្មែរ​រត់ពីក្រោម
ម្លែក ផុន ប្រកប​របរ​ធ្វើស្រែ។ នាងបាន​ឈប់រៀន​ដើម្បី​ជួយ​ឪពុកម្តាយ​នាង។ ប្អូនប្រុស​បន្ទាប់​របស់នាង​ក៏បាន​ឈប់រៀន​ដូចគ្នា​ដើម្បី​ជួយនាង​បន្ថែម។ មានតែ​ប្អូនប្រុស​ទីពីរ និង​ប្អូនស្រី​របស់​នាងទេ​ដែលអាច​ទៅរៀន​បាន។ ប៉ុន្តែ​ប្អូនប្រុស​របស់​នាង​ចូលចិត្ត​លេង​ហ្គេម​ជាង​រៀនសូត្រ។ ក្តីសង្ឃឹម​ចុងក្រោយ​បង្អស់​របស់​គ្រួសារ​នាង គឺ​ប្អូនស្រី​តូច…។

ការបញ្ចាំង​​ភាពយន្ត​នេះ​ក៏នឹង​មាន​​អម​ដោយ​កិច្ច​សំណេះសំណាល​ជាមួយ​​សមិទ្ធិករ​ភាពយន្ត​វ័យក្មេង​ទាំងពីរ​ស្ដីអំពី “ការអប់រំ​ក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច” ដែល​នឹង​ធ្វើឡើង​ជា​ភាសា​ខ្មែរ។ វេទិកា​សំណួរ​ចម្លើយ​ក៏នឹង​បើក​សម្រាប់​ទស្សនិកជន​ផងដែរ។

ថ្ងៃ​ព្រហស្បតិ៍ ទី៣ ខែមិថុនា ឆ្នាំ​​២០២១ វេលាម៉ោង​​​៥​​ល្ងាច នៅលើទំព័រ Facebook (Bophana Center), YouTube (Bophana Center) និងគេហទំព័រមជ្ឈមណ្ឌលបុប្ផាណា។

avatar
  • June 3, 2021 · 5:00 pm
  • Bophana Center
  • Cine Weekday