អនុស្សាវរីយ៍នៅជំរំព្រំដែនខ្មែរ, ៤០ឆ្នាំក្រោយមក
រៀបចំដោយអ្នកស្រី ទ្រឿង អ៊ីដាង, រូបថតដោយលោក ខូលីន ក្រាហ្វថិន
សិល្បករ និងបញ្ញវន្តជំនាន់ថ្មីៗនេះបានចាប់ផ្តើមសិក្សាកាន់តែស៊ីជម្រៅទៅលើអត្ថន័យនៃប្រវត្តិសាស្ត្រខ្មែរក្រោយឆ្នាំ១៩៧៩ ពោលគឺនៅពេលដែលជនភៀសខ្លួនកម្ពុជាដ៏ច្រើនសន្ធឹកសន្ធាប់បានភៀសខ្លួននៅលើផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅកាន់ជំរំជនភៀសខ្លួននៅឯព្រំដែនកម្ពុជា-ថៃ។ ក្នុងចំណោមនោះ មានជំរំមួយដែលធំជាងគេមានឈ្មោះថា “ខៅអ៊ីដាង” (KID) មានទំហំប៉ុនទីក្រុងតូចមួយដែលមានប្រជាជនស្នាក់អាស្រ័យនៅដល់ទៅជាង១៣ម៉ឺននាក់ក្នុងឆ្នាំ១៩៨០។ នៅទីនោះ ក៏ដូចជានៅជំរំឯទៀតនៅតាមព្រំដែន ពួកគេបានរស់នៅក្នុងគំនាបរវាងការបាត់បង់ និងភាពរីករាយ ដោយរង់ចាំការតាំងទីលំនៅថ្មីនៅក្នុងបណ្តាប្រទេសជ្រកកោនឯលោកខាងលិច ឬបើមិនដូច្នោះ ពួកគេនឹងធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកប្រទេសកម្ពុជាវិញ។
ពិព័រណ៍នេះនឹងនាំសំឡេងរបស់សិល្បករ សកម្មជន ក៏ដូចជាសមាជិកនៅក្នុងសហគមន៍ ទៅកាន់កិច្ចសន្ទនារួមគ្នាមួយដោយផ្ដោតសំខាន់លើការរស់ឡើងវិញជាមួយនឹងសិល្បៈនៅកម្ពុជាសព្វថ្ងៃ ព្រមទាំងការចងចាំពីប្រវត្តិសាស្ត្រនៃជំរំព្រំដែនខ្មែរ។
ក្រៅពីពិព័រណ៍ Online ដែលលោកអ្នកកំពុងទស្សនា ពិព័រណ៍នេះក៏កំពុងដាក់បង្ហាញនៅឯមជ្ឈមណ្ឌលបុប្ផាណាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ សូមផ្ញើសារទៅទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលបុប្ផាណា (Bophana Center) ឬក៏ផ្ញើអ៊ីមែលទៅកាន់ communication@bophana.org ដើម្បីកក់កន្លែងមកទស្សនាពិព័រណ៍នេះ។ មជ្ឈមណ្ឌលអាចទទួលសាធារណជនបានត្រឹម១០នាក់ប៉ុណ្ណោះក្នុងមួយលើក។
ពិព័រណ៍នេះនឹងធ្វើឡើងអមជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀតដែលនឹងប្រព្រឹត្តទៅក្នុងខែកក្កដានេះ។ សូមតាមដានគេហទំព័រ ឬទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលបុប្ផាណា។
កម្មវិធីនេះគាំទ្រដោយ Interdisciplinary Histories Research Cluster នៃសាកលវិទ្យាល័យ British Columbia ក្រុង Vancouver ប្រទេសកាណាដា។