ជនភៀសខ្លួន – ៤០ឆ្នាំក្រោយមក

រូបថត​ពី​ព្រំដែន​កម្ពុជា-ថៃ ឆ្នាំ​១៩៨០

រូបថត​ក្នុង​ពិព័រណ៍​នេះ​ថត​នៅ​ចន្លោះ​ខែ​ឧសភា និង​ខែ​កញ្ញា ឆ្នាំ​១៩៨០ នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ ជុំវិញ​ក្រុង​អារញ្ញ​ប្រាថេត ប្រទេសថៃ។ រូប​ភាគច្រើន​ថត​នៅក្នុង “មជ្ឈមណ្ឌល​ទទួល​ជនភៀសខ្លួន” សំខាន់ៗ​ពីរ​គឺ​ខៅអ៊ីដាង (KID) និង​ស្រះកែវ។ រូប​ផ្សេងទៀត​គឺមកពី “ភូមិ​ជនភៀសខ្លួន​តូចៗ​តាមព្រំដែន” ដូចជា ណងចាន់ ណងសាមិត និងណងម៉ាក់មុន ដែលជា​ចំណុច​ឆ្លងកាត់ និង​ជា​ទី​ស្នាក់អាស្រ័យ​នៅ​របស់​ក្រុមតស៊ូ​មិនមែន​ខ្មែរក្រហម​ប្រឆាំង​នឹង​វៀតណាម។

ជំរំ​ស្រះកែវ​ត្រូវបាន​បើក​នៅ​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​១៩៧៩ ចំណែក​ខៅអ៊ីដាង​គឺ​នៅ​ថ្ងៃទី​២១ ខែ​វិច្ឆិកា។ ជន​ភៀសខ្លួន​ដែលបាន​ទៅដល់​ស្រះកែវ​ដំបូងគេ​គឺជា​សំណល់​នៃ​ពួក​ខ្មែរក្រហម​ដែលមាន​ស្ថានភាព​យ៉ាប់យ៉ឺន​បំផុត។ រូបថត​ក្នុង​អំឡុង​ពេលនោះ​ត្រូវបាន​ផ្សព្វផ្សាយ ហើយ​ទទួលបាន​ការ​ចាប់អារម្មណ៍​ជា​សកល​។ បើ​ទោះបីជា​ស្ថានភាព​ស្រដៀង​គ្នា​នេះ​អាចនឹង​កើតឡើង​នៅ​ជំរំ​ខៅអ៊ីដាង​ក៏ដោយ ប៉ុន្តែ​លំហូរ​ដំបូង​នៃ​ជនភៀសខ្លួន​ទៅកាន់​ទីនោះ​គឺ​តិចជាង​ការ​រំពឹងទុក ហើយ​ស្ថានភាព​រូបរាងកាយ​ពួកគេ​ជាទូទៅ​គឺ​មាន​ភាព​ល្អប្រសើរ​ច្រើន។

មកដល់​ខែ​ឧសភា ឆ្នាំ​១៩៨០ ស្ថានភាព​កាន់តែ​ល្អប្រសើរ​ឡើង ខណៈ​ជំងឺ​កង្វះ​អាហារូបត្ថម្ភ​រ៉ាំរ៉ៃ​បាន​ក្លាយជា​ករណី​កម្រ។ ប្រជាជន​នៅ​ខៅអ៊ីដាង​បាន​កើន​រហូតដល់​១៣ម៉ឺន​នាក់។ អនាគតទីក្រុង​ឫស្សី​នេះ​ក៏​កំពុង​ត្រូវបាន​សាងសង់​បណ្ដើរៗ។

Colin Grafton, Remembering Cambodian Border Camps 8

ទីនោះ​ក៏បាន​ក្លាយជា​គោលដៅ​សម្រាប់​អង្គការ​ជំនួយ​សំខាន់ៗ​ជាច្រើន​ដូចជា គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ (ICRC) និង​យូនីសេហ្វ រួមជាមួយ​អង្គការ​ក្រៅរដ្ឋាភិបាល​រាប់សិប​កន្លែង​ទៀត​មកពី​ប្រទេស​ជាច្រើន។ ជនភៀសខ្លួន​នៅ​ខៅអ៊ីដាង​ភាគច្រើន​មាន​កំណើត​ជា​អ្នក​ទីក្រុង ដូច្នេះ​ពួកគេ​បាន​រួមគ្នា​រៀបចំ​បរិយាកាស​នៅទីនោះ​ឱ្យ​មាន​ភាព​ស្រដៀងគ្នា​ទៅនឹង​ជីវិត​ទីក្រុង​ដែល​ពួកគេ​ធ្លាប់​បាត់បង់​ពីមុន​។ ពួកគេ​បាន​ផ្លាស់ចោល​អស់​នូវ​សម្លៀកបំពាក់​ខ្មៅ​នៃ​របប​កម្ពុជាប្រជាធិបតេយ្យ ហើយ​ជំនួស​មកវិញ​ដោយ​សារុង​ចម្រុះ​ពណ៌ ហាក់ដូចជា​ឆ្លើយតប​ទៅនឹង​ការ​អបអរ​សេរីភាព​ថ្មី។ បរិយាកាស​ពេលនោះ​បាន​បង្ហាញពី​ក្តីសង្ឃឹម និង​សុទិដ្ឋិនិយម​សម្រាប់​អនាគត។

Remembering Cambodian Border Camps (With Credit)

ផ្ទុយស្រឡះ​ពី​ស្រះកែវ​ដែលមាន​ប្រជាជន​តិចជាង​៣ម៉ឺន​នាក់។ ពួក​ខ្មែរក្រហម​នៅតែ​ជា​អ្នក​ត្រួតត្រា​ទីនោះ ហើយ​ថែមទាំង​រំពឹង​ថា​នឹង​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​ទៅបាន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វៀតណាម។

នៅ​ខែ​ឧសភានិង​មិថុនា ឆ្នាំ​១៩៨០ នៅឯ​ព្រំដែន​ភូមិ​ណងចាន់ កម្មវិធី​ចែកចាយ​ស្បៀង​អាហារ​មួយ​ឈ្មោះថា “Land Bridge” បាន​ចាប់ផ្តើម។ នោះ​គឺជា​ប្រតិបត្តិការ​ដ៏ធំ​មួយ​ដែល​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​កុះករ​បាន​ចេញមក​ប្រមូល​អង្ករ និង​ពូជស្រូវ។ រូបថត​នេះ​គួរ​ជាទី​ចាប់អារម្មណ៍​បំផុត​ក្នុង​ចំណោម​រូប​ថតទាំងអស់​នៅឯ​តំបន់​ព្រំដែន។

Colin Grafton, Remembering Cambodian Border Camps 6

• អំពី​អ្នក​ថតរូប៖ លោក ខូលីន ក្រាហ្វថិន »
• ត្រឡប់​ទៅកាន់​ពិព័រណ៍ “អនុស្សាវរីយ៍​នៅ​ជំរំ​ព្រំដែន​ខ្មែរ, ៤០​ឆ្នាំ​ក្រោយមក” »