២៦. កិច្ចសន្ទនារវាងកញ្ញា ដួង ផល្លា និងអ្នកស្រី រិន ព្រិច

រយៈពេល ៣៥’១៤ នាទី
ឆ្នាំ ២០១៨
ទីកន្លែង : ខេត្តសៀមរាប

អ្នកស្រី រិន ព្រិច មានទីលំនៅបច្ចុប្បន្ននៅភូមិភ្នំទ្រុងបាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។ មុនរបបខ្មែរក្រហម អ្នកស្រីត្រូវបានម្តាយបញ្ជូនឱ្យទៅធ្វើការស៊ីឈ្នួលគេនៅឯខេត្តបាត់ដំបង។ អ្នកស្រីមិនបានរៀនសូត្រអ្វីនោះទេ។ នៅអាយុ ១៣ ឆ្នាំ ខ្មែរក្រហមក៏បានចូលមកដល់ភូមិរបស់អ្នកស្រី ហើយក៏មានការទម្លាក់គ្រាប់បែកនៅក្នុងភូមិរបស់អ្នកស្រីយ៉ាងច្រើនសន្ធឹកសន្ធាប់។ ឪពុកម្តាយរបស់អ្នកស្រីក៏ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ ដោយខ្មែរក្រហមបានចោទពួកគេថាជាពូជខ្មែរសុរិន្ទ។