July 3, 2024

កម្មវិធីជុំវិញទន្លេមេគង្គ នៃព្រឹត្ដិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣

«ជុំវិញទន្លេមេគង្គ» ដែលជាកម្មវិធីដ៍សំខាន់នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ បានប្រារព្ធឡើងនៅថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ពិធីនេះត្រូវបានសម្ពោធដោយឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកម្មវិធីនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិរក្សបរិស្ថានតាមដងទន្លេមេគង្គ តំបន់ឆ្នេរ និងតំបន់នានាទូទាំងប្រទេសកម្ពុជា ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

កម្មវិធីពិសេសនេះបានបម្រើជាវេទិកាមួយដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួង អង្គការជាតិ និងអន្តរជាតិ និងបុគ្គលក្នុងការលើកកម្ពស់និរន្តរភាពបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ រួមមានការតាំងពិព័រណ៍ដ៏គួរឱ្យចាប់អារម្មណ៍អំពីប្រភេទសត្វស្លាបចម្រុះនៃប្រទេសកម្ពុជា ការធ្វើបទបង្ហាញប្រកបដោយការយល់ដឹង ការបញ្ចាំងវីដេអូខ្លីស្តីពីការការពារបរិស្ថាន និងការពិភាក្សាអន្តរកម្មរវាងអ្នកជំនាញ និងនិស្សិត។


ថ្ងៃទី១ នៃកម្មវិធីបានប្រមូលផ្តុំនូវអ្នកជំនាញផ្នែកបរិស្ថាន ដើម្បីធ្វើបទបង្ហាញនូវប្រធានបទផ្សេងៗគ្នា មានដូចជា៖

• បទបង្ហាញស្តីអំពី «ស្វែងយល់ពីជីវចម្រុះនៃសត្វស្លាបកម្ពុជា» ដោយលោក ស៊ុយ សេងលីម អ្នកថតរូបជីវចម្រុះ

• កិច្ចពិភាក្សាស្តីអំពី « តើការប្រែប្រួលអាកាសធាតុ ប៉ះពាល់ឱកាសការងាររបស់យុវជនបែបណាខ្លះ?» ដោយកញ្ញា អាត់ ឈុនមួយ អ្នកជំនាញផ្នែកទំនាក់ទំនង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) និងលោក ប៉ាច បញ្ញាវ័ន្ត សមាជិកនៃក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ


• បទបង្ហាញស្តីអំពី« ការពារធនធានសមុទ្រកម្ពុជា៖ ផ្កាថ្មប៉ប្រះទឹក និងអណ្តើកសមុទ្រ» ដោយ គង់ ម៉ាហ្សែល មន្ត្រីជំនាញស្រាវជ្រាវផ្នែកប្លាស្ទិកសមុទ្រ

• បទបង្ហាញស្តីអំពី « ការលើកកម្ពស់ជីវចម្រុះនៅកម្ពុជា៖ ការដាក់ពង្រាយជម្រកសិប្បនិម្មិតនៅកោអាចម៍សេះ» ដោយបណ្ឌិត ខូវ គួង អនុប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ថ្ងៃទី២ នៃកម្មវិធីបានផ្តោតបន្ថែមទៀតលើប្រធានបទទាក់ទងនឹងបរិស្ថាន ដោយអ្នកជំនាញមកពីស្ថាប័ននានាដូចជា៖

• កិច្ចពិភាក្សាស្តីអំពី « ការច្នៃប្រឌិតបែបអេកូឡូស៊ី៖ ការបំប្លែងកាកសំណល់ទីក្រុងទៅជាធនធាន» ដោយកញ្ញា ចៅ មនោរម្យ ស្ថាបនិកកំប៉ុសស៊ីធី កញ្ញា សុខ សុធារតន៍ ស្ថាបនិកជន្លេន និងកញ្ញា ហ៊ុល ហ៊ុនសុភារី សហស្ថាបនិក រុយរាជ សម្របសម្រួលកិច្ចពិភាក្សាដោយ កញ្ញា ឌុច សុធាវីន អ្នកសម្របសម្រួលកម្មវិធីនីមូលនិធិហេនរេចបូល

• កិច្ចពិភាក្សាស្តីអំពី « ការស្វែងយល់ពីទន្លេមេគង្គ៖ បទពិសោធជាអ្នកវិទ្យាសាស្ត្រវ័យក្មេង» សម្របសម្រួលដោយលោកស្រី ជា សិលា អ្នកសម្របសម្រួលគម្រោងអច្ឆរិយៈភាពនៃទន្លេមេគង្គ• បទបង្ហាញ «ការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្ររបស់កម្ពុជាក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» ដោយ លោកស្រី យែម សុភា អនុប្រធានសហគមន៍ព្រែកត្នោត កញ្ញា ថាប់ រចនា នាយិកាប្រតិបត្តិនៃអង្គការអភិរក្សសមុទ្រកម្ពុជា សម្របសម្រួលដោយ លោក រ័ត្ន វណ្ណាឆៃ អ្នកសម្របសម្រួលកម្មវិធីនីមូលនិធីហេនរិចបូល

• កិច្ចពិភាក្សា «ពីការថតរូបរហូតដល់ការអភិរក្ស៖ សិល្បៈនៃរូបភាពជីវៈចម្រុះ» ដោយ ម៉េង គីមឡុង អ្នកថតវីដេអូជីវចម្រុះ អ្នកស្រី ថោង រ៉េត ប្រធានគ្រប់គ្រងជីវចម្រុះ និងវិទ្យាសាស្រ្ត លោកស៊ុយ សេងលីម អ្នកថតរូបជីវចម្រុះ សម្របសម្រួលដោយ លោក យាន រស្មី គទានុរក្ស អ្នកសរសេរ និងអ្នកស្រាវជ្រាវ ពីសិល្បៈត្រជាក់ភ្នែក

កម្មវិធី «ជុំវិញទន្លេមេគង្គ» បានភ្ជាប់តួនាទីសិល្បៈដោយជោគជ័យជាមួយនឹងការយល់ដឹងអំពីបរិស្ថាន ដោយប្រើប្រាស់ភាពយន្ដ វីដេអូខ្លីៗសម្រាប់ការផ្សព្វផ្សាយ និងការអប់រំ។ ព្រឹត្តិការណ៍នេះមានគោលបំណងបន្តបេសកកម្មរបស់ខ្លួនជារៀងរាល់ឆ្នាំ ដោយជំរុញឱ្យមានសេចក្តីស្រឡាញ់ចំពោះបរិស្ថាន តាមរយៈមធ្យោបាយដ៏មានឥទ្ធិពលនៃខ្សែភាពយន្ត និងការនិទានរឿងបែបឌីជីថល។

យើងខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ជំនួយទាំងអស់សម្រាប់ការផ្តល់មូលនិធិ ក៏ដូចជាទីតាំងមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន ដើម្បីឱ្យកម្មវិធីមួយនេះទទួលបានជោគជ័យ និងប្រព្រឹត្តទៅយ៉ាងរលូន។ ហើយយើងខ្ញុំក៏សូមអរគុណដល់វាគ្មិន និងអ្នកសម្របសម្រួលកិច្ចពិភាក្សាសម្រាប់ការចែករំលែកនាថ្ងៃនេះដែលអញ្ជើញមកពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) ក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សិល្បៈត្រជាក់ភ្នែក អច្ឆរិយៈភាពនៃទន្លេមេគង្គ ការអភិរក្សសមុទ្រនៅកម្ពុជា កំប៉ុសស៊ីធី ជន្លេន រុយរាជ អង្គការអភិរក្សអន្តរជាតិកម្ពុជា សហគមន៍ព្រែកត្នោត ស៊ីណេហាប់ គម្រោងអប់រំនិងអភិរក្សសត្វស្លាបនៅកម្ពុជា និង មូលនិធិហេនរេចបូល ព្រមទាំងសិស្ស និងនិស្សិតមកពីសាលា និងសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ។