បួនឆ្នាំនៃការបណ្តុះបណ្តាលសមិទ្ធករភាពយន្តឯកសារជំនាន់ថ្មីរបស់កម្ពុជា

ការផលិតភាពយន្តឯកសារ ការអភិរក្សវប្បធម៌ និងកិច្ចសហការអន្តរជាតិ បង្កើតឱកាសថ្មីៗសម្រាប់​យុវជនកម្ពុជា

ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ(២០២២-២០២៦) មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា(ARPAA) ដោយមានការគាំទ្រដ៏ពីមូលនិធិហេនរីលូស៍ (The Henry Luce Foundation) តាមរយៈ Give2Asia និង Myriad USA បានអនុវត្តគម្រោង«ការបណ្តុះបណ្តាលជំនាញផលិតភាពយន្ត និងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សានិងការអភិវឌ្ឍផ្នែកបណ្ណសារ តាមរយៈការផលិតភាពយន្តនៅកម្ពុជា»ដោយជោគជ័យ។ គំនិតផ្តួចផ្តើមនេះបានផ្តល់នូវឱកាសនិងភាពអង់អាចដល់សមិទ្ធករភាពយន្តឯកសារកម្ពុជាជំនាន់ថ្មី ទន្ទឹមគ្នានឹងការលើកកម្ពស់ការប្រើប្រាស់បណ្ណសារសោតទស្សន៍ និងការលើកម្ពស់ការយល់ដឹងពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាតាមរយៈ ខ្សែភាពយន្ត។

គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសដល់យុវជនដែលចាប់អារម្មណ៍លើការផលិតភាពយន្តឯកសារ ជាពិសេសអ្នកដែលមកពីសហគមន៍ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។ តាមរយៈការរួមបញ្ចូលនូវការបណ្តុះបណ្តាលភាពយន្តប្រកបដោយវិជ្ជាជីវៈ ការអប់រំផ្នែកបណ្ណសារ ការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធជាលក្ខណៈអន្តរជាតិ និងការចាក់បញ្ចាំងភាពយន្តជាសាធារណៈ គម្រោងនេះបានត្រួសត្រាយផ្លូវដ៏មានអត្ថន័យសម្រាប់យុវជនក្នុងការរៀបរាប់រឿងរ៉ាវរបស់បុគ្គលនិងសហគមន៍ចម្រុះក្នុងប្រទេសកម្ពុជា និងក្នុងការរក្សាការចងចាំផ្នែកវប្បធម៌។

ការយល់ដឹងអំពីតម្រូវការក្នុងស្រុក

គម្រោងនេះបានចាប់ផ្តើមជាមួយនឹងការវាយតម្លៃតម្រូវការយ៉ាងទូលំទូលាយដែលធ្វើឡើងនៅក្នុងខេត្តជាច្រើនទូទាំងប្រទេសកម្ពុជា។ តាមរយៈការពិគ្រោះយោបល់ជាមួយយុវជន អាជ្ញាធរមូលដ្ឋាន អ្នកអប់រំ និងសង្គមស៊ីវិលដែលធ្វើការលើផ្នែកសង្គម វប្បធម៌ និងបរិស្ថាន មជ្ឈមណ្ឌលបុប្ផាណាបានរកឃើញនូវតម្រូវការនិងកត្តាប្រឈមរបស់យុវជនដែលចង់ក្លាយជាសមិទ្ធករភាពយន្តនៅតាមបណ្តាខេត្តនានាក្រៅទីក្រុងភ្នំពេញ។

ការសិក្សានិងវាយតម្លៃបានបង្ហាញថា យុវជនដែលមានទេពកោសល្យជាច្រើនខ្វះលទ្ធភាពទទួលបានការអប់រំផ្នែកផលិតភាពយន្តប្រកបដោយវិជ្ជាជីវៈ។ ពួកគេខ្វះខាតឧបករណ៍ប្រើប្រាស់និងឱកាសដើម្បីអភិវឌ្ឍគំនិតច្នៃប្រឌិតរបស់ពួកគេ។ យុវជនជនជាតិដើមភាគតិច មិនមានសូវមានច្រើននោះទេនៅក្នុងវិស័យសោតទស្សន៍របស់ប្រទេសកម្ពុជា ទោះបីជាពួកគេមានចំណេះដឹងផ្នែកវប្បធម៌ដ៏ពិសេស និងមានរឿងរ៉ាវសំខាន់ៗជាច្រើន ដែលសមនឹងទទួលបានការទទួលស្គាល់ឱ្យកាន់តែទូលំទូលាយក៏ដោយ។

ការរកឃើញនេះ បានជួយដល់ការរៀបចំកម្មវិធីបណ្តុះបណ្តាលមួយដែលរួមបញ្ចូលគ្នានូវជំនាញបច្ចេកទេស​ផលិតភាពយន្ត ជាមួយនឹងការនិទានរឿង ការធ្វើទំនាក់ទំនង ការស្រាវជ្រាវបណ្ណសារ និងការផលិតឯកសារផ្នែកវប្បធម៌។

ការបណ្តុះបណ្តាលសមិទ្ធករភាពយន្តឯកសារជំនាន់ក្រោយ

ក្នុងរយៈពេលបួនឆ្នាំ គម្រោងនេះបានបណ្តុះបណ្តាលសិក្ខាកាមចំនួន៤៤នាក់ ក្នុង៤ជំនាន់ផ្សេងគ្នា ប្រកបដោយជោគជ័យ  ហើយពួកគេមានមានបទពិសោធផ្នែកសង្គម វប្បធម៌ និងមកពីសហគមន៍ដែលមានជាតិពន្ធុផ្សេងៗគ្នា។ សិក្ខាកាមទាំងនេះ ជាអ្នករស់នៅរាជធានីភ្នំពេញ និងជាអ្នកមកពីបណ្តាខេត្តផ្សេងៗ រួមមានខេត្តកំពង់ធំ កំពង់ចាម រតនគីរី បាត់ដំបង សៀមរាប កណ្តាល កំពង់ស្ពឺ ក្រចេះ តាកែវ ព្រះវិហារ ត្បូងឃ្មុំ ពោធិ៍សាត់ ព្រៃវែង និងខេត្តមណ្ឌលគីរី។ មានសិក្ខាកាមជាច្រើន ដែលមកពីសហគមន៍ជនជាតិភាគតិចនិងសហគមន៍ជនជាតិដើមភាគតិច រួមទាំងជនជាតិកួយ ចារ៉ាយ កាវ៉េត ទំពួន និងចាម។ សិក្ខាកាម បានទទួលការបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅអំពីគោលគំនិតនៃការផលិតភាពយន្តឯកសារ ការថតភាពយន្ត ការថតសំឡេង ការដឹកនាំរឿង ការកែសម្រួលពណ៌ ការស្រាវជ្រាវបណ្ណសារ ការរចនាក្រាហ្វិក និងបច្ចេកវិទ្យាឌីជីថល។ ក្រៅពីជំនាញបច្ចេកទេស កម្មវិធីនេះបានផ្តោតជាសំខាន់លើការធ្វើការជាក្រុម ការធ្វើទំនាក់ទំនង ការគិតបែបស៊ីជម្រៅ ការនិទានរឿងប្រកបដោយសីលធម៌ និងភាពជាអ្នកដឹកនាំ។

ក្រៅពីការសិក្សានៅក្នងថ្នាក់ កម្មវិធីបណ្តុះបណ្តាលនេះ បានអនុញ្ញាតនិងផ្តល់ឱកាសឱ្យសិក្ខាកាម ចុះទៅផលិតភាពយន្តនៅតាមសហគមន៍នានាដោយផ្ទាល់ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តកែប ខេត្តកំពត និងខេត្តសៀមរាប ដើម្បីកត់ត្រារឿងរ៉ាវអំពីប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រ ការអភិរក្សបរិស្ថាន ជីវភាពរស់នៅបែបប្រពៃណី ជីវិតរបស់ជនមានពិការភាព ការផ្លាស់ប្តូរនៅក្នុងសង្គម និងជីវិតរស់នៅប្រចាំថ្ងៃ។

នៅក្នុងការអនុវត្តគម្រោងរយៈពេលបួនឆ្នាំនេះ សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៤៤នាក់ បានផលិតភាពយន្តឯកសារចំនួន៤៨ ដែលកត់ត្រាអំពីចម្រុះភាពនៅក្នុងប្រទេសកម្ពុជា។ ស្នាដៃភាពយន្តរបស់ពួកគេ ស្វែងយល់ពីចំណេះដឹងជនជាតិដើមភាគតិច ប្រពៃណីវប្បធម៌ ជីវភាពរស់នៅបែបប្រពៃណី ការប្រែប្រួលអាកាសធាតុ ការអភិរក្សបរិស្ថាន បេតិកភណ្ឌម្ហូបអាហារ និងប្រវត្តិសាស្ត្រកម្ពុជា ស្របពេលដែលភាពយន្តទាំងនេះជួយបន្លឺនូវសំឡេងដល់សហគមន៍និងរឿងរ៉ាវដែលយើងកម្រឃើញនៅលើផ្ទាំងទស្សនីយភាព។

ការពង្រឹងវិស័យបណ្ណសារសោតទស្សន៍របស់កម្ពុជាតាមរយៈការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធជាលក្ខណៈអន្តរជាតិ

ធាតុដ៏សំខាន់មួយនៃគម្រោងនេះ គឺកម្មវិធីផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធជាលក្ខណៈអន្តរជាតិ ដែលបានពង្រឹងសមត្ថភាពផ្នែកបណ្ណសាររបស់មជ្ឈមណ្ឌលបុប្ផាណា។ នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ បុគ្គលិករបស់មជ្ឈមណ្ឌលបុប្ផាណាចំនួន៣នាក់ បានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរវិជ្ជាជីវៈនៅ Berkeley Art Museum and Pacific Film Archive (BAMPFA) ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។ ក្នុងកំលុងពេលទស្សនកិច្ចរយៈពេលពីរសប្តាហ៍ ក្រុមការងារបានស្វែងយល់ពីវិធីសាស្រ្តអភិរក្សបណ្ណសារកម្រិតខ្ពស់ ការធ្វើឌីជីថលនីយកម្មនៃហ្វីលភាពយន្ត ការគ្រប់គ្រងសមុច្ច័យ ប្រព័ន្ធសុវត្ថិភាពបណ្ណសារ ការធ្វើបញ្ជីឯកសារភាពយន្ត និងវិធីសាស្រ្តច្នៃប្រឌិតក្នុងការអភិរក្សបេតិកភណ្ឌសោតទស្សន៍។

ការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធនេះ ក៏រួមបញ្ចូលទាំងដំណើរទស្សនកិច្ចទៅកាន់ស្ថាប័នដែលទទួលស្គាល់ជាអន្តរជាតិដូចជា Internet Archive, the C. V. Starr East Asian Library នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ប៊ើកលី និងនាយកដ្ឋានបណ្ណសាររបស់ផលិតកម្ម Lucasfilm។

នៅក្នុងខែមករា ឆ្នាំ២០២៤ បុគ្គលិកផ្នែកបណ្ណសារពីរនាក់មកពី BAMPFA ដែលជាស្ថាប័នដៃគូរបស់មជ្ឈមណ្ឌលបុប្ផាណា​ បានមកធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបុប្ផាណាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង។ តាមរយៈកិច្ចសហការនេះ BAMPFAបានចែករំលែកធនធានបណ្ណសារដ៏កម្រទាក់ទងនឹងប្រទេសកម្ពុជា ខណៈដែលមជ្ឈមណ្ឌលបុប្ផាណាបានផ្តល់ច្បាប់ចម្លងនៃភាពយន្តឯកសារដែលផលិតដោយសិក្ខាកាម នៃគម្រោងបណ្តុះបណ្តាលនេះ និងគម្រោងបណ្តុះបណ្តាលផ្សេងទៀត សម្រាប់ការដាក់បញ្ចូលក្នុងបណ្ណសារសាធារណៈរបស់BAMPFA។

ចំណេះដឹងដែលទទួលបានពីកម្មវិធីផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធនេះ បានពង្រឹងការអនុវត្តការងារផ្នែកបណ្ណសាររបស់មជ្ឈមណ្ឌលបុប្ផាណា និងពង្រឹងតួនាទីរបស់ខ្លួន ក្នុងនាមជាស្ថាប័នបណ្ណសារសោតទស្សន៍ឈានមុខគេរបស់កម្ពុជា។ ចំណេះដឹងទាំងនេះ ក៏បានបង្កើតនូវមូលដ្ឋានសម្រាប់ការដាក់បញ្ចូលបណ្ណសារទៅក្នុងការផលិតភាពយន្តឯកសារ ដែលអនុញ្ញាតឱ្យសមិទ្ធករភាពយន្តវ័យក្មេង ភ្ជាប់កំណត់ត្រាប្រវត្តិសាស្ត្រជាមួយនឹងការនិទានរឿងបែបសហសម័យ។

ការបង្ហាញរឿងរ៉ាវរបស់កម្ពុជាដល់ទស្សនិកជនជាតិនិងអន្តរជាតិ

សមិទ្ធផលដ៏អស្ចារ្យបំផុតមួយរបស់គម្រោងនេះ គឺការផ្តល់ឱកាសដល់សមិទ្ធករភាពយន្តវ័យក្មេងក្នុងការបង្ហាញស្នាដៃរបស់ពួកគេនៅលើវេទិកាវិជ្ជាជីវៈ។

ខ្សែភាពយន្តរបស់សិក្ខាកាម ត្រូវបានចាក់បញ្ចាំងនៅឯមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) មហោស្រពភាពយន្តទីក្រុងកម្ពុជានៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា មហោស្រពភាពយន្ត Si Loin, Si Proche នៅប្រទេសបារាំង ការបញ្ចាំងភាពយន្តនៅក្នុងសហគមន៍ និងព្រឹត្តិការណ៍វប្បធម៌នានា។

ការបញ្ចាំងភាពយន្តទាំងនេះ បានបង្ហាញទស្សនិកជនអំពីរឿងរ៉ាវដែលកម្រឃើញនៅលើផ្ទាំងទស្សនីយភាព ដែលមានដូចជាប្រពៃណីរបស់សហគមន៍កួយ ជីវិតរស់នៅលើបឹងទន្លេសាប សិប្បកម្មបែបប្រពៃណី វប្បធម៌ម្ហូបអាហារក្នុងស្រុក ជីវិតជនមានពិការភាព ការអភិរក្សបរិស្ថាន និងជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។

អ្វីដែលសំខាន់ដូចគ្នានោះ គឺការបញ្ចាំងភាពយន្តនៅតាមសហគមន៍ជនជាតិដើមភាគតិចកួយ នៅក្នុងខេត្តកំពង់ធំ ដែលសិក្ខាកាមបានផលិតភាពយន្តនៅទីនោះ។ មានទស្សនិកជនជាង៤០០នាក់ បានចូលរួមក្នុងការបញ្ចាំងភាពយន្ត និងការពិភាក្សាជាមួយសមិទ្ធករភាពយន្ត អាជ្ញាធរមូលដ្ឋាន និងមនុស្សវ័យចាស់។ កម្មវិធី បង្កើតឱកាសដើម្បីអបអរសាទរអត្តសញ្ញាណវប្បធម៌ និងលើកទឹកចិត្តដល់ការសន្ទនាអន្តរជំនាន់។

កំណើននៃការជ្រើសរើសភាពយន្តរបស់សិក្ខាកាម  នៅក្នុងមហោស្រពភាពយន្តជាតិនិងអន្តរជាតិ ក៏ឆ្លុះបញ្ចាំងពីគុណភាពរបស់សមិទ្ធករភាពយន្តឯកសារជំនាន់ថ្មីរបស់ប្រទេសកម្ពុជា និងធ្វើឱ្យស្គាល់សមិទ្ធករភាពយន្តវ័យក្មេងប្រកបដោយគុណតម្លៃ ដែលកំពុងចាប់ផ្តើមអាជីពការងាររបស់ពួកគេ។

ផលជះយូរអង្វែង

ក្រៅពីការផលិតខ្សែភាពយន្ត គម្រោងនេះបានបង្កើតផលជះផ្នែកសង្គមនិងវិជ្ជាជីវៈយូរអង្វែង។

សិក្ខាកាមដែលបញ្ចប់ការសិក្សាជាច្រើនទទួលបានការងារនៅក្នុងផលិតកម្ម ស្ថានីយ៍ទូរទស្សន៍ ស្ថាប័នរដ្ឋាភិបាល អង្គការវប្បធម៌ អង្គការមិនមែនរដ្ឋាភិបាល និងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយច្នៃប្រឌិត ខណៈពេលដែលអ្នកផ្សេងទៀតបានបង្កើតអាជីពជាសមិទ្ធករភាពយន្តឯករាជ្យ ជាអ្នកដំឡើងរូបភាព ជាអ្នកយកព័ត៌មាន និងជាអ្នកបង្កើតវីដេអូលើបណ្តាញសង្គម។ សិក្ខាកាមដែលបញ្ចប់ការសិក្សាជាច្រើន បន្តការសិក្សាកម្រិតខ្ពស់របស់ពួកគេក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនង ដោយពួកគេមានមូលដ្ឋានគ្រឹះលើជំនាញផលិតភាពយន្តនៅក្នុងគម្រោងនេះរួចជាស្រេច។

គំនិតផ្តួចផ្តើមនេះ ក៏បានបង្ហាញផងដែរថា ការផលិតភាពយន្តឯកសារ  គឺជាមធ្យោបាយដ៏មានឥទ្ធិពលសម្រាប់ការអភិរក្សវប្បធម៌ ការអប់រំ និងការសន្ទនាសង្គម។ តាមរយៈការលើកទឹកចិត្តយុវជនឱ្យប្រើប្រាស់ការផលិតភាពយន្តដើម្បីកត់ត្រារឿងរ៉ាវរបស់សហគមន៍របស់ខ្លួន គម្រោងនេះបានបន្លឺសំឡេងដែលជារឿយៗត្រូវបានគេមើលរំលង និងពង្រឹងការគោរពនិងផ្តល់តម្លៃចំពោះបេតិកភណ្ឌវប្បធម៌ចម្រុះរបស់ប្រទេសកម្ពុជា។ អ្វីដែលសំខាន់បំផុតនោះគឺ គម្រោងនេះបានជំរុញអ្នកនិទានរឿងជំនាន់ថ្មី ដែលមានជំនាញ ទំនុកចិត្ត និងចក្ខុវិស័យក្នុងការកត់ត្រាអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់ប្រទេសកម្ពុជា។ ការងាររបស់ពួកគេធានាថា ប្រវត្តិសាស្ត្រក្នុងស្រុក ចំណេះដឹងជនជាតិដើមភាគតិច និងបទពិសោធសហគមន៍ នឹងត្រូវបានថែរក្សានិងចែករំលែកជាមួយទស្សនិកជននៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សិក្ខាកាម គ្រូបណ្តុះបណ្តាល ដៃគូសហការ និងអ្នកគាំទ្រ គំនិតផ្តួចផ្តើមរយៈពេលបួនឆ្នាំនេះ បានបង្ហាញថាការផលិតភាពយន្តឯកសារ អាចក្លាយជាកាតាលីករសម្រាប់ការអប់រំ ការអភិរក្សវប្បធម៌ កិច្ចសហការអន្តរជាតិ និងការផ្លាស់ប្តូរសង្គមប្រកបដោយភាពវិជ្ជមាន។


ការ​ជ្រើស​រើស​សិស្ស​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ឌី​ជី​ថល​នីយកម្ម​ ​និង​ការ​គ្រប់​គ្រង​បណ្ណសារ​

ដោយ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​(AFD – Agence Française de Développement) មូល​និ​ធិ​ហេន​រីលូស៍​ (The Henry Luce Foundation) និង​មូល​និ​ធិ​រៃ​ (Rei Foundation Limited) មជ្ឈ​មណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា​(ARPAA) អនុវត្ត​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា​«​លើក​កម្ពស់​ការ​ថែរក្សា​ការ​ចង​ចាំ​ផ្នែក​សោត​ទស្សន៍​និង​ការ​ផ្តល់​ភាព​អង់​អាច​ដល់​យុវជន​»​ (Enhancing the Preservation of Audiovisual Memory and Youth Empowerment) សម្រាប់​រយៈ​ពេល​៣​(បី)​ឆ្នាំ​​ ​ចាប់​ពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៥​ ​រហូត​ដល់​ ​ខែ​តុលា​ ​ឆ្នាំ​២០២៨។

គម្រោង​​នេះ​​ ​នឹង​ផ្តល់​អាហារូបករណ៍​ជូន​យុវជន​កម្ពុជា​ចំនួន​៦​(ប្រាំមួយ)​នាក់​ ​ដើម្បី​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ផ្នែក​ឌីជីថល​នីយកម្ម​ ​និង​ការ​គ្រប់​គ្រង​បណ្ណសារ​ ​សម្រាប់​រយៈ​ពេល​៦​ខែ​។

លក្ខខណ្ឌនៃការជ្រើសរើស៖

  • ●​ ជា​ប្រជាជន​កម្ពុជា​ ​ដែល​មាន​អាយុ​ចាប់​ពី​១៨​ ​ដល់​៣០​ឆ្នាំ​
  • ● ជា​អ្នក​ដែល​មាន​កម្រិត​វប្បធម៌​យ៉ាង​តិច​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​(បាក់ឌុប)​
  • ●​ ជា​អ្នក​ដែល​មិន​មាន​ពិរុទ្ធ​ភាព​
  • ● ជាអ្នកដែលមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមគ្រប់វគ្គបណ្តុះបណ្តាលទាំងអស់។

អត្ថប្រយោជន៍ដែលសិក្ខាកាមនឹងទទួលបាន៖

  • ● ការ​សិក្សា​ ​និង​ការ​ប្រើ​ប្រាស់​សម្ភារៈ​ដោយ​ឥត​​បង់​ថ្លៃ
  • ​● ការ​ធានា​រ៉ាប់​រង​ផ្នែក​សុខភាព​ ​ក្នុង​កំលុង​ពេល​សិក្សា
  • ​● ផ្តល់​​កន្លែង​ស្នាក់​នៅ​ ​(​សម្រាប់​សិក្ខា​កាម​ដែល​មក​ពី​តាម​បណ្តា​ខេត្ត​នា​នា​)​
  • ● វិញ្ញា​បន​បត្រ​បញ្ជាក់​ការ​សិក្សា​។

🗓កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​ស្នើ​សុំ​ចូល​រៀន​:​ ​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​៣០​ ​ខែ​មិថុនា​ ​ឆ្នាំ​២០២៦​

🗓កាល​បរិច្ឆេទ​នៃ​ការ​បណ្តុះ​បណ្តាល​:​ ​ចាប់​ពី​ថ្ងៃ​ទី​១៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២០២៦​ ​ដល់​ថ្ងៃ​ទី​៣១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២០២៦​

ថ្ងៃ​សិក្សា​ ​:​ ​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​

ម៉ោង​សិក្សា​ ​:​ ​៨​ម៉ោង​ ​ក្នុង​មួយ​ថ្ងៃ​ ​(​ពេល​ព្រឹក​ពី​ម៉ោង​៨​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ ​និង​ពេល​រសៀល​ពី​ម៉ោង​២​ដល់​ម៉ោង​៦​ល្ងាច​)​

📍ទីតាំង​សម្រាប់​ការ​បណ្តុះ​បណ្តាល​:​ ​មជ្ឈ​មណ្ឌល​បុប្ផាណា​ ​(​រាជ​ធានី​ភ្នំ​ពេញ​)​

📞សម្រាប់​ព័ត៌​មាន​បន្ថែម​ ​សូម​ហៅ​ទូរ​សព្ទ​ទៅ​លេខ​ ​០​១​០​ ​៧​៧​៥​ ​១៥១​ ​ឬ​ ​០​១​៧​ ​៦​៧​ ​២​៩​ ​២​៦​

(​មជ្ឈ​មណ្ឌល​ធន​ធាន​សោតទស្សន៍​បុប្ផាណា​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​កម្ម​វិធី​ ​ក្នុង​ករណី​ចាំ​បាច់​)​

ប្រសិន​បើ​អ្នក​មាន​លក្ខណៈ​គ្រប់​គ្រាន់​ស្រប​តាម​លក្ខខណ្ឌ​ខាងលើ​ ​និង​មាន​បំណង​ចង់​ដាក់​ពាក្យ​សុំ​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​នេះ​ ​សូម​ចុះ​ឈ្មោះ​តាម​រយៈ​តំណរ​ភ្ជាប់​នេះ​

🔗 ( https://forms.gle/AvGajEAvyUZHsf5Z6 ​)


ការជ្រើសរើសសិស្សចូលរៀនវគ្គបណ្តុះបណ្តាល ផ្នែកផលិតភាពយន្តឯកសារនិងពហុប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ដោយ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ទី​ភ្នាក់​ងារ​បារាំង​សម្រាប់​អភិរឌ្ឍន៍​​ (AFD) មូលនិធិហេនរីលូស៍​​ (The Henry Luce Foundation) និងមូលនិធិរៃ​ (Rei Foundation Limited) មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផា ណា(ARPAA) អនុវត្តគម្រោងមួយដែលមានឈ្មោះថា «លើកកម្ពស់ការថែរក្សាការចងចាំផ្នែកសោតទស្សន៍និងការ ផ្តល់ភាពអង់អាចដល់យុវជន» (Enhancing the Preservation of Audiovisual Memory and Youth Empowerment) សម្រាប់រយៈពេល៣(បី)ឆ្នាំ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ ខែតុលា ឆ្នាំ២០២៨។

គម្រោង​នេះ​​​ នឹង​ផ្តល់​​អាហា​រូប​ករណ៍​ជូន​​យុវជន​ចំនួន​​១២​​(ដប់ពីរ)​នាក់​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ផ្នែក​ ​ផលិត​ភាពយន្ត​ឯកសារ​និង​ពហុ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។

☑️លក្ខខណ្ឌនៃការជ្រើសរើស៖

  • ● ជាប្រជាជនកម្ពុជា រួមមានជនជាតិខ្មែរ ជនជាតិភាគតិច និងជនជាតិដើមភាគតិច ដែលកំពុងរស់នៅប្រទេសកម្ពុជា
  • ● ជាអ្នកដែលមានអាយុចាប់ពី១៨ ដល់៣០ឆ្នាំ
  • ● ជាអ្នកដែលមិនមានពិរុទ្ធភាព
  • ● ជាអ្នកដែលស្រឡាញ់និងចង់ចងក្រងឯកសារស្តីពីប្រទេសកម្ពុជា
  • ● ជាអ្នកដែលមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមគ្រប់វគ្គបណ្តុះបណ្តាលទាំងអស់
  • ● ស្ត្រីនិងជនមានពិការភាព ត្រូវបានលើកទឹកចិត្ត

🎁អត្ថប្រយោជន៍ដែលសិក្ខាកាមនឹងទទួលបាន៖

  • ● ការសិក្សានិងការប្រើប្រាស់សម្ភារៈថត ដោយឥតបង់ថ្លៃ
  • ● ការធានារ៉ាប់រងផ្នែកសុខភាព ក្នុងកំលុងពេលសិក្សា
  • ● ផ្តល់កន្លែងស្នាក់នៅ សម្រាប់សិក្ខាកាមដែលមកពីតាមបណ្តាខេត្តនានា
  • ● វិញ្ញាបនបត្របញ្ជាក់ការសិក្សា
  • ● ឱកាសបង្ហាញស្នាដៃរបស់ខ្លួននៅក្នុងមហោស្រពភាពយន្តនៅក្នុងនិងក្រៅប្រទេស

📝សូម​បំពេញ​ទម្រង់​ពាក្យ​ស្នើសុំ​ចូល​រៀន​តាមរយៈ​តំណ​ភ្ជាប់​នេះ​:

https://forms.gle/USfTyjaG6xNoFDD59

ឬមកទទួលពាក្យដោយផ្ទាល់នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ឬស្គែនQR ក្នុងខិត្តបណ្ណខាងក្រោម

📅កាលបរិច្ឆេទឈប់ទទួលពាក្យសុំចូលរៀន : យូរបំផុតត្រឹម ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦

📅កាលបរិច្ឆេទនៃការបណ្តុះបណ្តាល : ចាប់ពីថ្លៃ ទី៩ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៧

⏱️ថ្ងៃនិងម៉ោងសិក្សា : ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (សិក្សា៨ម៉ោង ក្នុងមួយថ្ងៃ)

📍ទីតាំងសម្រាប់ការបណ្តុះបណ្តាល: មជ្ឈមណ្ឌលបុប្ផាណា (រាជធានីភ្នំពេញ)

📞សម្រាប់ព័ត៌មានបន្ថែម សូមហៅទូរសព្ទទៅលេខ ០១០ ៧៧៥ ១៥១ ឬ ០១៧ ៦៧២ ៩២៦ (មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា រក្សាសិទ្ធិក្នុងការកែប្រែកម្មវិធី ក្នុងករណីចាំបាច់)


ឱកាសអាហារូបករណ៍សិក្សជំនាញផលិតភាពយន្តឯកសារនិងពហុប្រព័ន្ធផ្សព្វផ្សាយ សម្រាប់យុវជនកម្ពុជា

ភ្នំពេញ កម្ពុជា – មជ្ឈមណ្ឌលបុប្ផាណា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជ្រើសរើសសិក្ខាកាមសម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ឆ្នាំសិក្សា២០២៥-២០២៦។

ដោយ​ទទួល​​បាន​ការឧបត្ថម្ភ​​ពីមូល​និធិ​ហេនរីលូស៍ (Henry Luce​ Foundation) មជ្ឈមណ្ឌល​ធនធានសោតទស្សន៍បុប្ផាណា(ARPAA) បានអនុវត្តគម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា​ «ការបណ្តុះបណ្តាលជំនាញផលិតភាពយន្តនិងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សានិងការអភិវឌ្ឍផ្នែកបណ្ណសារ តាមរយៈការផលិតភាពយន្តនៅកម្ពុជា»

កម្មវិធីនេះមានគោលបំណងកសាងសមត្ថភាពយុវជនកម្ពុជាឱ្យក្លាយជាអ្នកផលិតភាពយន្តនាពេលអនាគត គាំទ្រពួកគេក្នុងការផលិតភាពយន្តលើប្រធានបទដែលពួកគេចាប់អារម្មណ៍ និងលើកកម្ពស់ការអភិវឌ្ឍជំនាញក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈការពង្រឹងការចូលរួមរវាងស្ថាប័នកម្ពុជា និងអាមេរិក។

អាហារូបករណ៍ចំនួនដប់ពីរ(១២)កន្លែង នឹងត្រូវផ្តល់ដល់យុវជនខ្មែរ និងជនជាតិដើមភាគតិចមកពីសហគមន៍ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំសិក្សា ២០២៥~២០២៦។

លក្ខខណ្ឌនៃការជ្រើសរើស៖
១.ជាជនជាតិខ្មែរ ឬជនជាតិភាគតិច ឬជនជាតិដើមភាគតិច ដែលមាន​សញ្ជាតិ​ខ្មែរ​និង​កំពុង​រស់នៅប្រទេសកម្ពុជា (ផ្តល់អាទិភាពចំពោះស្ត្រីនិងជនជាតិដើមភាគតិច)
២.មានអាយុចាប់ពី១៨ឆ្នាំ ដល់ ៣០ឆ្នាំ
៣.ជាអ្នកដែលស្រឡាញ់និងចង់ចងក្រងឯកសារនៅក្នុងសហគមន៍របស់ខ្លួន
៤.ជាអ្នកដែលមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមគ្រប់វគ្គបណ្ដុះបណ្ដាលទាំងអស់

អត្ថប្រយោជន៍ដែលសិក្ខាកាមនឹងទទួលបាន៖
១.ការសិក្សានិងការប្រើប្រាស់សម្ភារៈថត ដោយឥតបង់ថ្លៃ
២.ការធានារ៉ាប់រងផ្នែកសុខភាព ក្នុងកំលុងពេលសិក្សា
៣.ផ្តល់កន្លែងស្នាក់នៅ សម្រាប់សិក្ខាកាមដែលមកពីតាមបណ្តាខេត្តនានា
៤.វិញ្ញាបនបត្របញ្ជាក់ការសិក្សា
៥.ឱកាសបង្ហាញស្នាដៃរបស់ខ្លួននៅក្នុងមហោស្រពភាពយន្តនៅក្នុងនិងក្រៅប្រទេស

កាលបរិច្ឆេទឈប់ទទួលពាក្យស្នើសុំចូលរៀន : យូរបំផុតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥
កាលបរិច្ឆេទនៃការបណ្តុះបណ្តាល : ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦
ទីតាំងសម្រាប់ការបណ្តុះបណ្តាល : មជ្ឈមណ្ឌលបុប្ផាណា (រាជធានីភ្នំពេញ)

សម្រាប់ព័ត៌មានបន្ថែម សូមហៅទូរសព្ទទៅលេខ ០១០ ៧៧៥ ១៥១ ឬ ០៩២ ៦០ ៥១ ២៧
(មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា រក្សាសិទ្ធិក្នុងការកែប្រែកម្មវិធី ក្នុងករណីចាំបាច់)

ប្រសិនបើអ្នកមានលក្ខណៈគ្រប់គ្រាន់ស្របតាមលក្ខខណ្ឌខាងលើ និងមានបំណងចង់ដាក់ពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលនេះ សូមស្កេន ឬចុចតាមតំណរភ្ជាប់នេះ [ពាក្យសុំអាហារូបករណ៍]


ពិព័រណ៍ “ស្វែងយល់ពីប្រទេសកម្ពុជាតាមរយៈរូបភាពរបស់លោក JEAN-MICHEL GALLET”

“ស្វែងយល់ពីប្រទេសកម្ពុជាតាមរយៈរូបភាពរបស់លោក JEAN-MICHEL GALLET”
ពិព័រណ៍អនឡាញដែលផ្ដិតយកនូវភាពរស់រវើករបស់ប្រទេសកម្ពុជានៅដើមទសវត្សទី ៩០

ភ្នំពេញ, ប្រទេសកម្ពុជា — [មេសា ២០២៥] — មជ្ឈមណ្ឌលបុប្ផាណាមានក្ដីសោមនស្សដាក់បង្ហាញពិព័រណ៍ “ស្វែងយល់ពីប្រទេសកម្ពុជាតាមរយៈរូបភាពរបស់លោក JEAN-MICHEL GALLET”… Continue reading…


ការចែករំលែក

កាលពីពេលថ្មីៗនេះ វិចិត្រករជនជាតិបារាំងឈ្មោះដានូ (Danhôo) បានបរិច្ចាគស្នាដៃមួយរបស់គាត់ដែលមានចំណងជើងថា «ការចែករំលែក» ដល់មជ្ឈមណ្ឌលបុប្ផាណា។ មជ្ឈមណ្ឌលបុប្ផាណា បង្កើតឡើងដោយសហស្ថាបនិកពីររូបគឺ លោក ប៉ាន់ រិទ្ធី និងព្រឹទ្ធាចារ្យ អៀវ បណ្ណការ ហើយមជ្ឈមណ្ឌលនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបណ្ណសារសោតទស្សន៍របស់ប្រទេសកម្ពុជា។ Continue reading…


មជ្ឈមណ្ឌលបុប្ផាណា នឹងប្រារព្ធទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤

ភ្នំពេញ, ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ – មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា រួមជាមួយសហគមន៍នានាលើពិភពលោក នឹងប្រារព្ធទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ។ ថ្ងៃដ៏សំខាន់នេះ ត្រូវបានកំណត់យកដោយអង្គការយូណេស្កូ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សបណ្ណសារសោតទស្សន៍សម្រាប់អ្នកជំនាន់ក្រោយ ។ ជាផ្នែកមួយនៃកិច្ចការដ៏សំខាន់នេះ មជ្ឈមណ្ឌលបុប្ផាណា សូមអញ្ជើញបុគ្គល ស្ថាប័ន និងសាធារណជនទូទៅនៅទូទាំងប្រទេសកម្ពុជា ឱ្យស្វែងយល់ពីតម្លៃនៃបណ្ដុំបណ្ណសារសោតទស្សន៍របស់ពួកគេ ដែលអាចត្រូវបានរក្សាទុកនៅក្នុងផ្ទះ ការិយាល័យ ឬឃ្លាំងជាដើម ។ Continue reading…


កម្មវិធីជុំវិញទន្លេមេគង្គ នៃព្រឹត្ដិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣

«ជុំវិញទន្លេមេគង្គ» ដែលជាកម្មវិធីដ៍សំខាន់នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ បានប្រារព្ធឡើងនៅថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ពិធីនេះត្រូវបានសម្ពោធដោយឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកម្មវិធីនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិរក្សបរិស្ថានតាមដងទន្លេមេគង្គ តំបន់ឆ្នេរ និងតំបន់នានាទូទាំងប្រទេសកម្ពុជា ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ Continue reading…


ព្រឹត្តិការណ៍បើកមហោស្រពអន្តរជាតិកម្ពុជាលើកទី១៣ នារាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤

កាលពីរាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ព្រឹត្តិការណ៍បើកមហោស្រពអន្តរជាតិកម្ពុជាលើកទី១៣ បានប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមអធិបតីភាពដ៍ខ្ពស់ខ្ពស់របស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងនាមជា «អភិបាលកិត្តិយស» នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ ដែលបានរៀបចំឡើងនៅសាលមហោស្រពចតុម្មុខ អមដោយការបញ្ចាំងភាពយន្តបើកមហោស្រពក្រោមចំណងជើងថា “Elvis of Cambodia”  ដែលដឹកនាំដោយសមិទ្ធករភាពយន្ត លោក គ្រីស្ត ផាកឃើស ដែលលោកបានពាំនាំនូវ…

Continue reading…


កិច្ចប្រជុំរវាង មូលនិធិរៃ មជ្ឈមណ្ឌលបុប្ផាណា សហគមន៍ខ្មែរនៅប្រទេសជប៉ុន និងសមាជិកក្រុម «រស់» (Alive Team) ដែលជាក្រុមយុវជនខ្មែររស់នៅប្រទេសជប៉ុន

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ មានការជួបជុំមួយរវាង មូលនិធិរៃ មជ្ឈមណ្ឌលបុប្ផាណា សហគមន៍ខ្មែរនៅប្រទេសជប៉ុន និងសមាជិកក្រុម «រស់» (Alive Team) ដែលជាក្រុមយុវជនខ្មែររស់នៅប្រទេសជប៉ុន នៅក្នុងគម្រោងមួយឈ្មោះថា «រំឭក»។…

Continue reading…