June 30, 2026

បួនឆ្នាំនៃការបណ្តុះបណ្តាលសមិទ្ធករភាពយន្តឯកសារជំនាន់ថ្មីរបស់កម្ពុជា

ការផលិតភាពយន្តឯកសារ ការអភិរក្សវប្បធម៌ និងកិច្ចសហការអន្តរជាតិ បង្កើតឱកាសថ្មីៗសម្រាប់​យុវជនកម្ពុជា

ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ(២០២២-២០២៦) មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា(ARPAA) ដោយមានការគាំទ្រដ៏ពីមូលនិធិហេនរីលូស៍ (The Henry Luce Foundation) តាមរយៈ Give2Asia និង Myriad USA បានអនុវត្តគម្រោង«ការបណ្តុះបណ្តាលជំនាញផលិតភាពយន្ត និងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សានិងការអភិវឌ្ឍផ្នែកបណ្ណសារ តាមរយៈការផលិតភាពយន្តនៅកម្ពុជា»ដោយជោគជ័យ។ គំនិតផ្តួចផ្តើមនេះបានផ្តល់នូវឱកាសនិងភាពអង់អាចដល់សមិទ្ធករភាពយន្តឯកសារកម្ពុជាជំនាន់ថ្មី ទន្ទឹមគ្នានឹងការលើកកម្ពស់ការប្រើប្រាស់បណ្ណសារសោតទស្សន៍ និងការលើកម្ពស់ការយល់ដឹងពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាតាមរយៈ ខ្សែភាពយន្ត។

គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសដល់យុវជនដែលចាប់អារម្មណ៍លើការផលិតភាពយន្តឯកសារ ជាពិសេសអ្នកដែលមកពីសហគមន៍ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។ តាមរយៈការរួមបញ្ចូលនូវការបណ្តុះបណ្តាលភាពយន្តប្រកបដោយវិជ្ជាជីវៈ ការអប់រំផ្នែកបណ្ណសារ ការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធជាលក្ខណៈអន្តរជាតិ និងការចាក់បញ្ចាំងភាពយន្តជាសាធារណៈ គម្រោងនេះបានត្រួសត្រាយផ្លូវដ៏មានអត្ថន័យសម្រាប់យុវជនក្នុងការរៀបរាប់រឿងរ៉ាវរបស់បុគ្គលនិងសហគមន៍ចម្រុះក្នុងប្រទេសកម្ពុជា និងក្នុងការរក្សាការចងចាំផ្នែកវប្បធម៌។

ការយល់ដឹងអំពីតម្រូវការក្នុងស្រុក

គម្រោងនេះបានចាប់ផ្តើមជាមួយនឹងការវាយតម្លៃតម្រូវការយ៉ាងទូលំទូលាយដែលធ្វើឡើងនៅក្នុងខេត្តជាច្រើនទូទាំងប្រទេសកម្ពុជា។ តាមរយៈការពិគ្រោះយោបល់ជាមួយយុវជន អាជ្ញាធរមូលដ្ឋាន អ្នកអប់រំ និងសង្គមស៊ីវិលដែលធ្វើការលើផ្នែកសង្គម វប្បធម៌ និងបរិស្ថាន មជ្ឈមណ្ឌលបុប្ផាណាបានរកឃើញនូវតម្រូវការនិងកត្តាប្រឈមរបស់យុវជនដែលចង់ក្លាយជាសមិទ្ធករភាពយន្តនៅតាមបណ្តាខេត្តនានាក្រៅទីក្រុងភ្នំពេញ។

ការសិក្សានិងវាយតម្លៃបានបង្ហាញថា យុវជនដែលមានទេពកោសល្យជាច្រើនខ្វះលទ្ធភាពទទួលបានការអប់រំផ្នែកផលិតភាពយន្តប្រកបដោយវិជ្ជាជីវៈ។ ពួកគេខ្វះខាតឧបករណ៍ប្រើប្រាស់និងឱកាសដើម្បីអភិវឌ្ឍគំនិតច្នៃប្រឌិតរបស់ពួកគេ។ យុវជនជនជាតិដើមភាគតិច មិនមានសូវមានច្រើននោះទេនៅក្នុងវិស័យសោតទស្សន៍របស់ប្រទេសកម្ពុជា ទោះបីជាពួកគេមានចំណេះដឹងផ្នែកវប្បធម៌ដ៏ពិសេស និងមានរឿងរ៉ាវសំខាន់ៗជាច្រើន ដែលសមនឹងទទួលបានការទទួលស្គាល់ឱ្យកាន់តែទូលំទូលាយក៏ដោយ។

ការរកឃើញនេះ បានជួយដល់ការរៀបចំកម្មវិធីបណ្តុះបណ្តាលមួយដែលរួមបញ្ចូលគ្នានូវជំនាញបច្ចេកទេស​ផលិតភាពយន្ត ជាមួយនឹងការនិទានរឿង ការធ្វើទំនាក់ទំនង ការស្រាវជ្រាវបណ្ណសារ និងការផលិតឯកសារផ្នែកវប្បធម៌។

ការបណ្តុះបណ្តាលសមិទ្ធករភាពយន្តឯកសារជំនាន់ក្រោយ

ក្នុងរយៈពេលបួនឆ្នាំ គម្រោងនេះបានបណ្តុះបណ្តាលសិក្ខាកាមចំនួន៤៤នាក់ ក្នុង៤ជំនាន់ផ្សេងគ្នា ប្រកបដោយជោគជ័យ  ហើយពួកគេមានមានបទពិសោធផ្នែកសង្គម វប្បធម៌ និងមកពីសហគមន៍ដែលមានជាតិពន្ធុផ្សេងៗគ្នា។ សិក្ខាកាមទាំងនេះ ជាអ្នករស់នៅរាជធានីភ្នំពេញ និងជាអ្នកមកពីបណ្តាខេត្តផ្សេងៗ រួមមានខេត្តកំពង់ធំ កំពង់ចាម រតនគីរី បាត់ដំបង សៀមរាប កណ្តាល កំពង់ស្ពឺ ក្រចេះ តាកែវ ព្រះវិហារ ត្បូងឃ្មុំ ពោធិ៍សាត់ ព្រៃវែង និងខេត្តមណ្ឌលគីរី។ មានសិក្ខាកាមជាច្រើន ដែលមកពីសហគមន៍ជនជាតិភាគតិចនិងសហគមន៍ជនជាតិដើមភាគតិច រួមទាំងជនជាតិកួយ ចារ៉ាយ កាវ៉េត ទំពួន និងចាម។ សិក្ខាកាម បានទទួលការបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅអំពីគោលគំនិតនៃការផលិតភាពយន្តឯកសារ ការថតភាពយន្ត ការថតសំឡេង ការដឹកនាំរឿង ការកែសម្រួលពណ៌ ការស្រាវជ្រាវបណ្ណសារ ការរចនាក្រាហ្វិក និងបច្ចេកវិទ្យាឌីជីថល។ ក្រៅពីជំនាញបច្ចេកទេស កម្មវិធីនេះបានផ្តោតជាសំខាន់លើការធ្វើការជាក្រុម ការធ្វើទំនាក់ទំនង ការគិតបែបស៊ីជម្រៅ ការនិទានរឿងប្រកបដោយសីលធម៌ និងភាពជាអ្នកដឹកនាំ។

ក្រៅពីការសិក្សានៅក្នងថ្នាក់ កម្មវិធីបណ្តុះបណ្តាលនេះ បានអនុញ្ញាតនិងផ្តល់ឱកាសឱ្យសិក្ខាកាម ចុះទៅផលិតភាពយន្តនៅតាមសហគមន៍នានាដោយផ្ទាល់ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តកែប ខេត្តកំពត និងខេត្តសៀមរាប ដើម្បីកត់ត្រារឿងរ៉ាវអំពីប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រ ការអភិរក្សបរិស្ថាន ជីវភាពរស់នៅបែបប្រពៃណី ជីវិតរបស់ជនមានពិការភាព ការផ្លាស់ប្តូរនៅក្នុងសង្គម និងជីវិតរស់នៅប្រចាំថ្ងៃ។

នៅក្នុងការអនុវត្តគម្រោងរយៈពេលបួនឆ្នាំនេះ សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៤៤នាក់ បានផលិតភាពយន្តឯកសារចំនួន៤៨ ដែលកត់ត្រាអំពីចម្រុះភាពនៅក្នុងប្រទេសកម្ពុជា។ ស្នាដៃភាពយន្តរបស់ពួកគេ ស្វែងយល់ពីចំណេះដឹងជនជាតិដើមភាគតិច ប្រពៃណីវប្បធម៌ ជីវភាពរស់នៅបែបប្រពៃណី ការប្រែប្រួលអាកាសធាតុ ការអភិរក្សបរិស្ថាន បេតិកភណ្ឌម្ហូបអាហារ និងប្រវត្តិសាស្ត្រកម្ពុជា ស្របពេលដែលភាពយន្តទាំងនេះជួយបន្លឺនូវសំឡេងដល់សហគមន៍និងរឿងរ៉ាវដែលយើងកម្រឃើញនៅលើផ្ទាំងទស្សនីយភាព។

ការពង្រឹងវិស័យបណ្ណសារសោតទស្សន៍របស់កម្ពុជាតាមរយៈការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធជាលក្ខណៈអន្តរជាតិ

ធាតុដ៏សំខាន់មួយនៃគម្រោងនេះ គឺកម្មវិធីផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធជាលក្ខណៈអន្តរជាតិ ដែលបានពង្រឹងសមត្ថភាពផ្នែកបណ្ណសាររបស់មជ្ឈមណ្ឌលបុប្ផាណា។ នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ បុគ្គលិករបស់មជ្ឈមណ្ឌលបុប្ផាណាចំនួន៣នាក់ បានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរវិជ្ជាជីវៈនៅ Berkeley Art Museum and Pacific Film Archive (BAMPFA) ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។ ក្នុងកំលុងពេលទស្សនកិច្ចរយៈពេលពីរសប្តាហ៍ ក្រុមការងារបានស្វែងយល់ពីវិធីសាស្រ្តអភិរក្សបណ្ណសារកម្រិតខ្ពស់ ការធ្វើឌីជីថលនីយកម្មនៃហ្វីលភាពយន្ត ការគ្រប់គ្រងសមុច្ច័យ ប្រព័ន្ធសុវត្ថិភាពបណ្ណសារ ការធ្វើបញ្ជីឯកសារភាពយន្ត និងវិធីសាស្រ្តច្នៃប្រឌិតក្នុងការអភិរក្សបេតិកភណ្ឌសោតទស្សន៍។

ការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធនេះ ក៏រួមបញ្ចូលទាំងដំណើរទស្សនកិច្ចទៅកាន់ស្ថាប័នដែលទទួលស្គាល់ជាអន្តរជាតិដូចជា Internet Archive, the C. V. Starr East Asian Library នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ប៊ើកលី និងនាយកដ្ឋានបណ្ណសាររបស់ផលិតកម្ម Lucasfilm។

នៅក្នុងខែមករា ឆ្នាំ២០២៤ បុគ្គលិកផ្នែកបណ្ណសារពីរនាក់មកពី BAMPFA ដែលជាស្ថាប័នដៃគូរបស់មជ្ឈមណ្ឌលបុប្ផាណា​ បានមកធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបុប្ផាណាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង។ តាមរយៈកិច្ចសហការនេះ BAMPFAបានចែករំលែកធនធានបណ្ណសារដ៏កម្រទាក់ទងនឹងប្រទេសកម្ពុជា ខណៈដែលមជ្ឈមណ្ឌលបុប្ផាណាបានផ្តល់ច្បាប់ចម្លងនៃភាពយន្តឯកសារដែលផលិតដោយសិក្ខាកាម នៃគម្រោងបណ្តុះបណ្តាលនេះ និងគម្រោងបណ្តុះបណ្តាលផ្សេងទៀត សម្រាប់ការដាក់បញ្ចូលក្នុងបណ្ណសារសាធារណៈរបស់BAMPFA។

ចំណេះដឹងដែលទទួលបានពីកម្មវិធីផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធនេះ បានពង្រឹងការអនុវត្តការងារផ្នែកបណ្ណសាររបស់មជ្ឈមណ្ឌលបុប្ផាណា និងពង្រឹងតួនាទីរបស់ខ្លួន ក្នុងនាមជាស្ថាប័នបណ្ណសារសោតទស្សន៍ឈានមុខគេរបស់កម្ពុជា។ ចំណេះដឹងទាំងនេះ ក៏បានបង្កើតនូវមូលដ្ឋានសម្រាប់ការដាក់បញ្ចូលបណ្ណសារទៅក្នុងការផលិតភាពយន្តឯកសារ ដែលអនុញ្ញាតឱ្យសមិទ្ធករភាពយន្តវ័យក្មេង ភ្ជាប់កំណត់ត្រាប្រវត្តិសាស្ត្រជាមួយនឹងការនិទានរឿងបែបសហសម័យ។

ការបង្ហាញរឿងរ៉ាវរបស់កម្ពុជាដល់ទស្សនិកជនជាតិនិងអន្តរជាតិ

សមិទ្ធផលដ៏អស្ចារ្យបំផុតមួយរបស់គម្រោងនេះ គឺការផ្តល់ឱកាសដល់សមិទ្ធករភាពយន្តវ័យក្មេងក្នុងការបង្ហាញស្នាដៃរបស់ពួកគេនៅលើវេទិកាវិជ្ជាជីវៈ។

ខ្សែភាពយន្តរបស់សិក្ខាកាម ត្រូវបានចាក់បញ្ចាំងនៅឯមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) មហោស្រពភាពយន្តទីក្រុងកម្ពុជានៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា មហោស្រពភាពយន្ត Si Loin, Si Proche នៅប្រទេសបារាំង ការបញ្ចាំងភាពយន្តនៅក្នុងសហគមន៍ និងព្រឹត្តិការណ៍វប្បធម៌នានា។

ការបញ្ចាំងភាពយន្តទាំងនេះ បានបង្ហាញទស្សនិកជនអំពីរឿងរ៉ាវដែលកម្រឃើញនៅលើផ្ទាំងទស្សនីយភាព ដែលមានដូចជាប្រពៃណីរបស់សហគមន៍កួយ ជីវិតរស់នៅលើបឹងទន្លេសាប សិប្បកម្មបែបប្រពៃណី វប្បធម៌ម្ហូបអាហារក្នុងស្រុក ជីវិតជនមានពិការភាព ការអភិរក្សបរិស្ថាន និងជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។

អ្វីដែលសំខាន់ដូចគ្នានោះ គឺការបញ្ចាំងភាពយន្តនៅតាមសហគមន៍ជនជាតិដើមភាគតិចកួយ នៅក្នុងខេត្តកំពង់ធំ ដែលសិក្ខាកាមបានផលិតភាពយន្តនៅទីនោះ។ មានទស្សនិកជនជាង៤០០នាក់ បានចូលរួមក្នុងការបញ្ចាំងភាពយន្ត និងការពិភាក្សាជាមួយសមិទ្ធករភាពយន្ត អាជ្ញាធរមូលដ្ឋាន និងមនុស្សវ័យចាស់។ កម្មវិធី បង្កើតឱកាសដើម្បីអបអរសាទរអត្តសញ្ញាណវប្បធម៌ និងលើកទឹកចិត្តដល់ការសន្ទនាអន្តរជំនាន់។

កំណើននៃការជ្រើសរើសភាពយន្តរបស់សិក្ខាកាម  នៅក្នុងមហោស្រពភាពយន្តជាតិនិងអន្តរជាតិ ក៏ឆ្លុះបញ្ចាំងពីគុណភាពរបស់សមិទ្ធករភាពយន្តឯកសារជំនាន់ថ្មីរបស់ប្រទេសកម្ពុជា និងធ្វើឱ្យស្គាល់សមិទ្ធករភាពយន្តវ័យក្មេងប្រកបដោយគុណតម្លៃ ដែលកំពុងចាប់ផ្តើមអាជីពការងាររបស់ពួកគេ។

ផលជះយូរអង្វែង

ក្រៅពីការផលិតខ្សែភាពយន្ត គម្រោងនេះបានបង្កើតផលជះផ្នែកសង្គមនិងវិជ្ជាជីវៈយូរអង្វែង។

សិក្ខាកាមដែលបញ្ចប់ការសិក្សាជាច្រើនទទួលបានការងារនៅក្នុងផលិតកម្ម ស្ថានីយ៍ទូរទស្សន៍ ស្ថាប័នរដ្ឋាភិបាល អង្គការវប្បធម៌ អង្គការមិនមែនរដ្ឋាភិបាល និងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយច្នៃប្រឌិត ខណៈពេលដែលអ្នកផ្សេងទៀតបានបង្កើតអាជីពជាសមិទ្ធករភាពយន្តឯករាជ្យ ជាអ្នកដំឡើងរូបភាព ជាអ្នកយកព័ត៌មាន និងជាអ្នកបង្កើតវីដេអូលើបណ្តាញសង្គម។ សិក្ខាកាមដែលបញ្ចប់ការសិក្សាជាច្រើន បន្តការសិក្សាកម្រិតខ្ពស់របស់ពួកគេក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនង ដោយពួកគេមានមូលដ្ឋានគ្រឹះលើជំនាញផលិតភាពយន្តនៅក្នុងគម្រោងនេះរួចជាស្រេច។

គំនិតផ្តួចផ្តើមនេះ ក៏បានបង្ហាញផងដែរថា ការផលិតភាពយន្តឯកសារ  គឺជាមធ្យោបាយដ៏មានឥទ្ធិពលសម្រាប់ការអភិរក្សវប្បធម៌ ការអប់រំ និងការសន្ទនាសង្គម។ តាមរយៈការលើកទឹកចិត្តយុវជនឱ្យប្រើប្រាស់ការផលិតភាពយន្តដើម្បីកត់ត្រារឿងរ៉ាវរបស់សហគមន៍របស់ខ្លួន គម្រោងនេះបានបន្លឺសំឡេងដែលជារឿយៗត្រូវបានគេមើលរំលង និងពង្រឹងការគោរពនិងផ្តល់តម្លៃចំពោះបេតិកភណ្ឌវប្បធម៌ចម្រុះរបស់ប្រទេសកម្ពុជា។ អ្វីដែលសំខាន់បំផុតនោះគឺ គម្រោងនេះបានជំរុញអ្នកនិទានរឿងជំនាន់ថ្មី ដែលមានជំនាញ ទំនុកចិត្ត និងចក្ខុវិស័យក្នុងការកត់ត្រាអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់ប្រទេសកម្ពុជា។ ការងាររបស់ពួកគេធានាថា ប្រវត្តិសាស្ត្រក្នុងស្រុក ចំណេះដឹងជនជាតិដើមភាគតិច និងបទពិសោធសហគមន៍ នឹងត្រូវបានថែរក្សានិងចែករំលែកជាមួយទស្សនិកជននៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សិក្ខាកាម គ្រូបណ្តុះបណ្តាល ដៃគូសហការ និងអ្នកគាំទ្រ គំនិតផ្តួចផ្តើមរយៈពេលបួនឆ្នាំនេះ បានបង្ហាញថាការផលិតភាពយន្តឯកសារ អាចក្លាយជាកាតាលីករសម្រាប់ការអប់រំ ការអភិរក្សវប្បធម៌ កិច្ចសហការអន្តរជាតិ និងការផ្លាស់ប្តូរសង្គមប្រកបដោយភាពវិជ្ជមាន។