April 29, 2025
ពិព័រណ៍ “ស្វែងយល់ពីប្រទេសកម្ពុជាតាមរយៈរូបភាពរបស់លោក JEAN-MICHEL GALLET”
“ស្វែងយល់ពីប្រទេសកម្ពុជាតាមរយៈរូបភាពរបស់លោក JEAN-MICHEL GALLET”
ពិព័រណ៍អនឡាញដែលផ្ដិតយកនូវភាពរស់រវើករបស់ប្រទេសកម្ពុជានៅដើមទសវត្សទី ៩០
ភ្នំពេញ, ប្រទេសកម្ពុជា — [មេសា ២០២៥] — មជ្ឈមណ្ឌលបុប្ផាណាមានក្ដីសោមនស្សដាក់បង្ហាញពិព័រណ៍ “ស្វែងយល់ពីប្រទេសកម្ពុជាតាមរយៈរូបភាពរបស់លោក JEAN-MICHEL GALLET”…ជាពិព័រណ៍អនឡាញដែលនឹងបង្ហាញឱ្យឃើញនូវទិដ្ឋភាពប្លែកៗ និងជ្រាលជ្រៅនៃប្រទេសកម្ពុជា តាមរយៈរូបភាពរបស់លោក Jean-Michel GALLET ជាជនជាតិបារាំងដែលបានមកដល់ប្រទេសកម្ពុជាកាលពីឆ្នាំ ១៩៩០ ។
លោក Jean-Michel GALLET បានមកដល់ប្រទេសកម្ពុជា មិនមែនក្នុងនាមជាអ្នកថតរូបឡើយ ប៉ុន្តែក្នុងនាមជាអ្នកតំណាងអង្គការក្រៅរដ្ឋាភិបាល ដែលផ្តោតលើការអភិវឌ្ឍន៍កសិកម្ម ។ ការងាររបស់គាត់ដែលលាតសន្ធឹងលើបណ្ដាប្រទេសជាច្រើនរួមមានវៀតណាម ឡាវ និងឥណ្ឌូនេស៊ី ហើយក៏បាននាំគាត់មកកម្ពុជានៅចន្លោះពេលដែលជម្លោះក្នុងស្រុកមិនទាន់បញ្ចប់នៅឡើយ និងការចាប់ផ្តើមកសាងប្រទេសជាតិឡើងវិញ ។ អ្វីដែលគាត់បានជួបគឺហួសពីបេសកកម្មដែលជាកិច្ចការងាររបស់គាត់ទៅទៀត ។
លោក Jean-Michel GALLET ចាប់ផ្ដើមថតរូបនៅពេលដែលគាត់ជាប់ចិត្តនឹងភាពតស៊ូអត់ធ្មត់របស់ប្រជាជនកម្ពុជា និងភាពរឹងមាំដែលបង្ហាញចេញមកតាមរយៈជីវិតប្រចាំថ្ងៃរបស់ពួកគេ ជាពិសេសតាមរយៈកែវភ្នែក និងស្នាមញញឹមរបស់កុមារ ។ ត្បិតមិនទទួលបានការបណ្ដុះបណ្ដាលផ្នែកថតរូបក្ដី លោកបានប្រើកាមេរ៉ារបស់លោកកត់ត្រានូវរឿងរ៉ាវដែលលោកបានឃើញ គឺភាពរឹងមាំនៃវប្បធម៌ខ្មែរដ៏យូរលង់ ភាពស្រស់ស្អាតនៃទឹកដីកម្ពុជា និងក្តីសង្ឃឹមដែលតស៊ូទោះបីជាមានការលំបាកក៏ដោយ ។
ពិព័រណ៍នេះនឹងមិនពិពណ៌នាពីបច្ចេកទេសនៃការថតរូបឡើយ តែនឹងបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនដែលនឹងនាំយើងគ្រប់គ្នាទៅទស្សនាប្រទេសកម្ពុជា តាមរយៈការមើលឃើញរបស់ជនជាតិបារាំងម្នាក់ដែលកោតសរសើរចំពោះការតស៊ូប្រឹងប្រែងរបស់ប្រជាជាតិកម្ពុជា ។ រូបភាពទាំងអស់នៃពិព័រណ៍នេះ កើតឡើងតាមរយៈការសង្កេត ការគោរព និងការផ្សាភ្ជាប់ ដែលបង្ហាញពីការឈឺចាប់ និងការប្រឹងប្រែងតស៊ូលើមាគ៌ានៃការកសាងប្រទេសឡើងវិញ ។
ពិព័រណនេះនឹងបើកជាផ្លូវការនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៥ ដោយអនុញ្ញាតឱ្យសាធារណជនអាចទស្សនារូបភាពជាច្រើនតាមរយៈទម្រង់ជាឌីជីថលនៅលើគេហទំព័រផ្លូវការរបស់មជ្ឈមណ្ឌលបុប្ផាណា ហើយក៏ជាការបង្ហាញផងដែរថា ទោះបីជាក្នុងពេលវេលាដ៏លំបាកបំផុតយ៉ាងណាក្ដី ភាពអំណត់តស៊ូប្រឹងប្រែងរបស់មនុស្ស ក៏ដូចជាភាពអំណត់តស៊ូប្រឹងប្រែងរបស់ជាតិ នៅតែអាចបញ្ចេញពន្លឺជាដរាប ។
សម្រាប់ការសាកសួរព័ត៌មានបន្ថែម សូមទាក់ទង៖
មជ្ឈមណ្ឌលបុប្ផាណា
ទូរស័ព្ទ៖ +៨៥៥ ២៣ ៩៩ ២១ ៧៤
អ៊ីម៉ែល៖ info@bophana.org
គេហទំព័រ៖ bophana.org