June 29, 2024

ព្រឹត្តិការណ៍បើកមហោស្រពអន្តរជាតិកម្ពុជាលើកទី១៣ នារាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤

កាលពីរាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ព្រឹត្តិការណ៍បើកមហោស្រពអន្តរជាតិកម្ពុជាលើកទី១៣ បានប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមអធិបតីភាពដ៍ខ្ពស់ខ្ពស់របស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងនាមជា «អភិបាលកិត្តិយស» នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ ដែលបានរៀបចំឡើងនៅសាលមហោស្រពចតុម្មុខ អមដោយការបញ្ចាំងភាពយន្តបើកមហោស្រពក្រោមចំណងជើងថា “Elvis of Cambodia”  ដែលដឹកនាំដោយសមិទ្ធករភាពយន្ត លោក គ្រីស្ត ផាកឃើស ដែលលោកបានពាំនាំនូវ…

ភាពយន្តជាលើកដំបូងស្តីអំពីកំពូលតារាចម្រៀងកម្ពុជា លោក ស៊ីន ស៊ីសាមុត ជាមួយនឹងវត្តមានចូលរួមរបស់ក្រុមគ្រួសាររបស់លោក ព្រមទាំងការច្រៀងនូវចម្រៀងមរតកដើមរបស់លោកពីរបទដោយកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជាចៅស្រីរបស់លោក ស៊ីន ស៊ីសាមុត បានញុំាងឱ្យកម្មវិធីទាំងមូលនឹករលឹកពីមរតកសំលេងអធិរាជគ្មានពីររបស់លោក។

 

មជ្ឈមណ្ឌលបុប្ផាណា ក៏ដូចជាក្រុមការងាររបស់មហោស្រពភាពយន្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិត អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ម្ចាស់ជំនួយ ឯកអគ្គរដ្ឋទូត អង្គការជាតិ និងអន្តរជាតិ ក្រុមគ្រួសាររបស់លោក ស៊ីន ស៊ីសាមុត សិល្បករ សិល្បការី ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់សម្រាប់ការចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំមួយនេះ។

នៅឆ្នាំនេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ បានពាំនាំនូវខ្សែភាពយន្តចំនួន ១៥៣ រឿង ដែលក្នុងនោះមានភាពយន្តខ្មែរចំនួន ៤៨ រឿង មានទាំងភាពយន្តខ្នាតខ្លី និងវែង មកពី៤១ ប្រទេសជុំវិញពិភពលោក។ សូមគោរពអញ្ជើញទស្សនាខ្សែភាពយន្តនេះដោយសេរីចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ៣០ ខែមិថុនា នៅតាមរោងភាពយន្តនានានៅក្នុងរាជធានីភ្នំពេញ ដោយសេចក្តីសោមនស្ស និងរីករាយ។